"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កិច្ចការដែលនាយករដ្ឋមន្ត្រីជប៉ុនថ្មីត្រូវដោះស្រាយ

រដ្ឋការដែលបានកាន់អំណាចយូរជាងគេនៅក្នុងប្រវត្តិសាស្រ្ដជប៉ុនមានអាយុកាលចំនួនជាង ២៨០០ ថ្ងៃ ត្រូវបានបញ្ចប់នៅពេលលោក ស្ហីនហ្សូ អាបេ (Shinzō Abe) បានសម្រេចលាលែងពីតំណែងជាលើកទី២ដោយសារតែជំងឺប្រចាំកាយ។ នៅថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះ លោក យូស្ហីស៊ីដេ ស៊ូហ្កា (Yoshihide Suga) ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ដ្រីថ្មីដើម្បីជំនួសមិត្តរួមបក្សរបស់លោក។ នាយករដ្ឋមន្ត្រីទី៩៩ រូបនេះបានឡើងកាន់អំណាចចំពេលដែលពិភពលោកកំពុងតែហែលឆ្លងវិបត្តិកូវីដ១៩ និងត្រូវដោះស្រាយបញ្ហាដែលសល់ពីរដ្ឋការរបស់លោក អាបេ។ បញ្ហាធំៗចំនួនពីរដែលនាយករដ្ឋមន្ត្រីថ្មីត្រូវយកចិត្តទុកដាក់នោះគឺបញ្ហាសេដ្ឋកិច្ចនិងការទូត។

ត្បិតតែលោក អាបេ និងលោក ស៊ូហ្កា បានជិះលើទូកតែមួយក្នុងការបម្រើរាស្ត្រក្ដី ប៉ុន្តែគំនិតរបស់អ្នកទាំងពីរមិនបានឯកភាពគ្នាទាំងស្រុងនោះទេ។ គំនិតរបស់លោក ស៊ូហ្កា ហាក់ផ្តោតទៅខាងសេដ្ឋកិច្ចជាង លោក អាបេ ទោះបីជា លោក អាបេ បានបង្កើតគោលនយោបាយសេដ្ឋកិច្ចដែលមានឈ្មោះថា “Abenomics”។ ការណ៍ដែលសេដ្ឋកិច្ចជប៉ុនបានល្អប្រសើរចាប់តាំងពីសេដ្ឋកិច្ចដើរចេញពីវិបត្ដិផ្ទុះនុយក្លែអ៊ែរកាលពីឆ្នាំ២០១២ គឺដោយសារតែ លោក អាបេ ប៉ុន្តែលោកក៏មិនបានជោគជ័យនូវអ្វីដែលលោកបានប្ដេជ្ញាថានឹងធ្វើឱ្យសេដ្ឋកិច្ចជប៉ុនកើនកម្រិតអតិផរណាដល់ ២% កាលពីឆ្នាំ២០១៣ នោះទេ។ យោងតាមអត្ថបទរបស់ The Economist លោក ស៊ូហ្កា បានធ្លាប់បានទទូចឱ្យ លោក អាបេ ផ្ដោតអារម្មណ៍លើការអភិវឌ្ឍសេដ្ឋកិច្ចជាជាងទៅលើវិហារយ៉ាស៊ូគូនីដើម្បីគោរពនៅវិញ្ញាណក្ខន្ធឥស្សរជនដែលបានស្លាប់ក្នុងសម័យសង្គ្រាម។ បន្ទាប់ពីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីដោយព្រះរាជាជប៉ុនភ្លាម លោក ស៊ូហ្កា បានសន្យាថា រដ្ឋការរបស់លោកនឹងផ្ដោតសំខាន់ទៅខាងសេដ្ឋកិច្ច ហើយទោះបីជាលោកនៅតែបន្តគោលនយោបាយ ”Abenomics” ក្ដី ក៏លោកនឹងធ្វើការកែលម្អចំនុចមួយចំនួនរបស់គោលនយោបាយនេះផងដែរ។

ក្នុងបញ្ហាសេដ្ឋកិច្ចរបស់ជប៉ុន ដែលជាទូទៅប្រទេសនៅក្នុងពិភពលោកតែងតែយកចិត្ដទុកដាក់លើអតិផរណាដែលប្រាក់ចំណូលរបស់ប្រជាជនទាបជាងប្រាក់ដែលត្រូវចំណាយ ក៏ប៉ុន្តែប្រទេសជប៉ុនបែរជាឈឺក្បាលជាមួយបរិត្តផរណាទៅវិញដោយហេតុតែទំនិញធ្លាក់ថ្លៃខ្លាំងពេក។ យោងតាមរបាយការណ៍របស់ក្រសួងកិច្ចការផ្ទៃក្នុងជប៉ុនកាលពីខែកញ្ញាកន្លងទៅនេះ សន្ទស្សន៍ថ្លៃទំនិញបានធ្លាក់មកនៅ ០,៤% និងដោយហេតុតែគោលនយោបាយ “Go To Travel” ដែលមានបំណងចង់ឱ្យមានកំណើនទេសចរណ៍ក្នុងស្រុកក្នុងសម័យកូវីដ១៩ ហើយដែលបានធ្វើឱ្យតម្លៃសណ្ឋាគារធ្លាក់ជាង ៣២%។ កត្តាបញ្ហាសេដ្ឋកិច្ចមួយវិញទៀតគឺ ថ្វីបើប្រជាជនជប៉ុនប្រៀបបានជាម៉ាស៊ីនធ្វើការយ៉ាងសកម្មរហូតដល់មានវប្បធម៌ធ្វើការហួសម៉ោងចេញទៅផ្ទះក្ដី ប៉ុន្តែបរិមាណផលិតកម្មរបស់ប្រទេសចម្លែកមួយនេះគឺស្ថិតនៅទាប។ ផ្អែកតាមទិន្នន័យរបស់ OECD បរិមាណផលិតកម្មរបស់ជប៉ុនបានកើនឡើងបន្តិចចាប់តាំងពីឆ្នាំ២០១២ ប៉ុន្តែកាលពីឆ្នាំ២០១៨ បរិមាណផលិកម្មរបស់ជប៉ុនស្ថិតនៅក្នុងបាតតារាងនៃសមាជិក G7 និងស្ថិតនៅលេខរៀងទី២១នៅក្នុងសមាជិក OECD។

លោកសូហ្គា នឹងត្រូវទទួលថ្មបាក់មួយទៀតគឺបញ្ហាបំណុលសាធារណៈដែលបានកើនដូចភ្នំចាប់តាំងពីឆ្នាំ១៩៩០។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃជប៉ុន (Bank of Japan) បំណុលសាធារណៈជប៉ុនបានកើនឡើងដល់ ១២,២ ទ្រ៊ីលានដុល្លារអាមេរិក ដែលស្មើនឹង ២៤០% នៃ ផលិតផលក្នុងស្រុកសរុប (GDP)។ ជាមួយគ្នានេះដែរ កាលពីដើមឆ្នាំ ២០២០ រដ្ឋការរបស់លោក អាបេ ក៏បានបន្ថែមបំណុលចំនួន ២ ទ្រីលានដុល្លារអាមេរិក ដើម្បីជួយសេដ្ឋកិច្ចជប៉ុនដើម្បីហែលឆ្លងវិបត្ដិកូវីដ ១៩។ បន្ថែមលើនេះ មុននឹងមានវត្ដមានកូវីដ ១៩ GDP របស់ជប៉ុនបានដាំក្បាលចុះតាំងពីត្រីមាសទី៤ នៅឆ្នាំ២០១៩ ហើយបើយោងតាមទិន្នន័យរបស់ Bloomberg កាលពីត្រីមាសទី២ ឆ្នាំ២០២០ GDP របស់ជប៉ុនបានរួញរហូតដល់ -២៧,៨%។

ក្រៅពីបញ្ហាសេដ្ឋកិច្ច នៅក្នុងរដ្ឋការរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មីអាយុ៧១ឆ្នាំរូបនេះ ប្រហែលអាចនឹងត្រូវបន្តដើរគោលនយោបាយការបរទេសចំនួន ២ គឺ (១) ការពង្រឹងភាពជិតស្និទ្ធជាមួយប្រទេសសម្ព័ន្ធមិត្ដ និង (២) ព្យាយាមចងស្ពានមេត្រីជាមួយប្រទេសចិន។ ប្រទេសសម្ព័ន្ធមិត្តរបស់ជប៉ុនតែងមានទស្សនៈរួមលើប្រទេសកូរ៉េខាងជើងនិងប្រទេសចិន ហើយអាចយកអាសារគ្នាទៅវិញទៅមកនៅពេលបញ្ហាសន្តិសុខជាតិផ្ទុះឡើង។ យ៉ាងណាមិញ ប្រទេសសម្ព័ន្ធមិត្តធំៗរបស់ជប៉ុនមួយចំនួនដូចជា អាមេរិក កូរ៉េខាងត្បូងជាដើម បានមានភាពល្អក់កករកាលពីរដ្ឋការរបស់លោក អាបេ។ ប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូងនៅតែមានគំនិតខុសគ្នាលើវិធានការទទួលខុសត្រូវនូវកំហុសដែលជប៉ុនបានសាងកាលពីសម័យសង្គ្រាម និងជាពិសេសប្រទេសទាំងពីរនេះនៅយល់ឃើញខុសគ្នាលើសន្ធិសញ្ញាឆ្នាំ១៩៦៥។ ជាមួយគ្នានេះដែរ ការទៅគោរពវិញ្ញាណក្ខន្ធឥស្សរជននៅវិហារយ៉ាស៊ូគូនីរបស់ថ្នាក់ដឹកនាំជប៉ុន គឺដូចរុកដំបៅប្រវត្តិសាស្ត្រឱ្យលាប់ឡើងវិញអញ្ចឹង ដោយសារតែកូរ៉េខាងត្បូងចោទប្រកាន់ថារដ្ឋាភិបាលជប៉ុនទទួលស្គាល់កំហុសតែមាត់ ប៉ុន្តែនៅតែបន្តគោរពឧក្រឹទ្ធកម្មសង្គ្រាមទៅវិញ។ រីឯទំនាក់ទំនងជាមួយអាមេរិកវិញ ត្បិតតែលោក ដូណាល់ ត្រាំ និងលោក អាបេ មានទំនាក់ទំនងជិតស្និទ្ធ ប៉ុន្តែនយោបាយការបរទេសរវាងអាមេរិកនិងជប៉ុនមានភាពល្អក់កករលើបញ្ហាពាណិជ្ជកម្មកាលពីឆ្នាំ ២០១៩។ កាលនោះ ប្រទេសអាមេរិកហាក់បានយកការតម្លើងពន្ធនាំចូលរថយន្ដជប៉ុនជាចំណាប់ខ្មាំង ដើម្បីឱ្យជប៉ុនយល់ព្រមលើព្រមព្រៀងពាណិជ្ជកម្មដែលទម្លាក់ពន្ធនាំចូលផលិតផលកសិកម្មរបស់អាមេរិក។ ក្រឡេកមើលការប្រឈមមុខជាមួយចិនវិញ ត្បិតតែរដ្ឋការលោក អាបេ បង្កើតក្រុមក្រៅផ្លូវការ Quad (ដែលមានសមាជិកដូចជា អាមេរិក ឥណ្ឌា អូស្ត្រាលី ជប៉ុន) ឬការផ្ដួចផ្ដើមបង្កើតឥណ្ឌូប៉ាស៊ីហ្វិកជាដើម លោកអា បេ ក៏បានដើរនយោបាយសុខសាន្ដបង្កើនទ្រព្យជាមួយចិនដែរ។ កាលពីឆ្នាំមុន លោកប្រធានាធិបតី ស៊ី ជីនពីង បានយល់ព្រមតាមការអញ្ជើញរបស់លោក អាបេ ហើយក៏បានជិតឈានជើងចូលប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេលជាងមួយទស្សវត្សន៍ដែរ ប៉ុន្តែទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះត្រូវបានរំសាយវិញដោយសារវិបត្ដិកូវីដ១៩។

ជារួម ត្បិតតែជប៉ុនសឹងតែត្រូវបានប្រទេសក្នុងអាស៊ីចាត់ទុកជារៀមច្បងបច្ចេកវិទ្យា និងជាប្រទេសអភិវឌ្ឍន៍ដ៏ទំនើបក៏ដោយ ប៉ុន្តែបញ្ហាសេដ្ឋកិច្ច និងគោលនយោបាយការបរទេសគឺជាមុខព្រួញដែលនាយករដ្ឋមន្ត្រីថ្មីត្រូវយកចិត្ដទុកដាក់។ ក្រៅពីឧបសគ្គសេដ្ឋកិច្ច បរិត្តផរណា បរិមាណផលិតកម្មទាប បំណុលសាធារណៈដ៏សែនធំ ការដាំក្បាលចុះនៃGDP ជប៉ុនក៏មានវិបត្ដិចំនួនប្រជាជន និងការផ្ដល់ឱកាសឱ្យនារីក្នុងវិស័យការងារជាដើម។ ចំពោះនយោបាយការបរទេសវិញ ជប៉ុនត្រូវអ៊ុតមើលលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិក និងត្រូវថ្នមចិត្ដប្រធានាធិបតី ដូណាល់ ត្រាំ ដែលចូលចិត្តដើរនយោបាយចម្លែក និងធ្លាប់អាងអំណាចកៀបពាណិជ្ជកម្មជប៉ុនម្ដងទៅហើយ។ ជាមួយគ្នានឹងការខ្ទប់ឥទ្ធិពលរបស់ចិនក្នុងតំបន់ ជប៉ុនក៏ត្រូវបង្កើនភាពល្អូកល្អិនជាមួយចិនបន្ថែម ប៉ុន្តែក៏ត្រូវធានាថាភាពល្អូកល្អិននោះមិនត្រូវហួសបន្ទាត់ក្រហមរបស់ប្រទេសសម្ព័ន្ធមិត្តផងដែរ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED

អត្ថបទដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
រូបគំនូរដោយ៖ លោក ហ៊ី សុជាតិ

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ