អាកាសធាតុ និងបរិយាកាសពិភពលោកបច្ចុប្បន្ន គឺជាសមាសធាតុដ៏សំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិ និងជាបញ្ហាអាទិភាពខ្ពស់បំផុតនៅក្នុងបរិបទការទូត។ វាជាហានិភ័យនិងរឿងគួរឱ្យភ្ញាក់ផ្អើលបំផុតបើសិនជាយើងបានដឹង តែមិនអើពើអំពីស្ថានភាពនៃការផ្លាស់ប្តូរដ៏អាក្រក់បំផុតរបស់អាកាសធាតុពិភពលោកនៅក្នុងប្រមាណ ២ ទស្សវត្សចុងក្រោយនេះ។ បញ្ហាបម្រែបម្រួលអាកាសធាតុបានកំពុងធ្វើឱ្យពិភពលោកទាំងមូលរងគ្រោះ និងខូចខាតប្រយោជន៍ជាច្រើនជាពិសេសគឺការស្លាប់បាត់បង់ជីវិតមនុស្ស សត្វ និងការប្រើប្រាស់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការដោះស្រាយនូវបញ្ហានេះ។ បម្រែបម្រួលអាកាសធាតុគឺជាការព្រួយបារម្ភសកលមួយដែលពិភពលោកត្រូវតែយកចិត្តទុកដាក់ជាដាច់ខាតមិនថាប្រទេសមហាអំណាច ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ក្តី។ ហើយការពិតនោះគឺមនុស្សកំពុងតែដើរយឺតជាងការប្រែប្រួលនៃអាកាសធាតុ ដែលធ្វើឱ្យការបម្រែបម្រួលអាកាសធាតុក្លាយជាការគំរាមកំហែងយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល ដូចជា ការកើនឡើងនៃនីវ៉ូទឹកសមុទ្រដែលបណ្តាលមកពីការរលាយទឹកកកដោយសាររងើកភ្លើងនៃព្រះអាទិត្យ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ ជាដើម។
ជានិច្ចជាកាលការអនុវត្តគោលនយោបាយជាតិ ផ្សារភ្ជាប់ជាមួយនឹងយន្តការការពារបរិស្ថានរបស់ប្រទេស តែងតែត្រូវបានគេលើកឡើងនៅជាពិសេសបណ្តាប្រទេសអ៊ឺរ៉ុប និងប្រទេសមហាអំណាច ហើយក្រៅពីនេះការប្រែប្រួលអាកាសធាតុកំពុងក្លាយជាយុទ្ធនាការស្នូលរបស់អង្គការសហប្រជាជាតិផងដែរ។ ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ចិនបានគូសវាសផែនការ និងបញ្ចេញគោលនយោបាយរបស់ខ្លួនដែលបានផ្តល់អាទិភាពចម្បងដល់ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងការកើនឡើងកម្តៅផែនដី។ សម្រាប់សហរដ្ឋអាមេរិកបានប្រើពេលប្រមាណជិត ១៥០ ឆ្នាំ ក្នុងការយកចិត្តទុកដាក់លើបរិស្ថាននិងបរិយាកាសពិភពលោក ហើយបញ្ហានេះតែងតែស្ថិតនៅក្នុងផ្នែកមួយនៃរបៀបវារៈនយោបាយរបស់សហរដ្ឋអាមេរិកជានិច្ច។ តែថ្មីៗនេះ ប្លែកត្រង់ថាមហាអំណាចមួយនេះក្នុងថ្ងៃទី០៤ ខែវិច្ឆិកា បានចាកចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុជាផ្លូវការក្រោមហេតុផលកិច្ចព្រមព្រៀងនេះប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ដែលធ្វើឱ្យប្រទេសហត្ថលេខីទាំង ១៩៥ ជាពិសេស សហភាពអ៊ឺរ៉ុបមានការហួសចិត្តជាខ្លាំង។ តែយ៉ាងណាក៏ដោយ អាមេរិកក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក ចូ បៃដិន អាចនឹងដាក់អាមេរិកចូលក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុវិញ ប្រសិនបើយើងក្រឡេកទៅមើលយុទ្ធនាការបោះឆ្នោតរបស់លោកដែលទទួលស្គាល់ពីស្ថានភាពបម្រែបម្រួលអាកាសធាតុលើសាកលលោក ហើយព្រមទាំងបង្កើតគោលនយោបាយដែលយកចិត្ដទុកដាក់លើបញ្ហាអាកាសធាតុនិងបរិស្ថានប្រសិនបើលោកជាប់ជាប្រធានាធិតីទី៤៦របស់អាមេរិក។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ត្រូវបានអនុម័ត នាចុងខែធ្នូ ឆ្នាំ២០១៥ ដែលកំណត់ឱ្យគ្រប់ប្រទេសលើពិភពលោក ជាពិសេសប្រទេសហត្ថលេខីទាំងអស់រួមគ្នាទប់ស្កាត់ការកើនឡើងកម្តៅពិភពលោក។
ជារួមទៅ នៅប្រមាណ២០ឆ្នាំចុងក្រោយនេះ គេឃើញមានគ្រោះមហន្តរាយធំៗប្រមាណ ៧.៣៨៨ លើក ដែលក្នុងនោះបានសម្លាប់មនុស្សប្រមាណជាង ១ លាន ២ សែន នាក់ និងប៉ះពាល់មនុស្សជាង ៤ ពាន់លាន នាក់ ប្រើប្រាស់ថវិកាប្រមាណ ៣០០ ទ្រីលានដុល្លារអាមេរិក បើយោងតាមកំណត់ត្រារបស់អង្គការសហប្រជាជាតិ។ ការពិតមួយនៃគ្រោះមហន្តរាយរបស់មនុស្សជាតិគឺកាលពីឆ្នាំ២០០៤ រលកយក្សស៊ូណាម៊ិបានសម្លាប់មនុស្សប្រមាណជាង ២ សែន ៥ ម៉ឺន នាក់។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺឆ្នាំ២០១៩ និងឈានចូលឆ្នាំ២០២០ ដែលមនុស្សជឿថាជាឆ្នាំនៃការជួបហានិភ័យច្រើនបំផុតមួយនៅក្នុងពិភពលោកសម័យទំនើបនេះ។ ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន ក្នុងនោះរួមមាន ឆ្នាំ២០១៩ រាប់ជាឆ្នាំក្តៅបំផុតទី២ (ទី១ ឆ្នាំ២០១៦) ភ្លើងឆេះព្រៃនៅអូស្ត្រាលី ការរលាយទឹកកកនៅប៉ូលទឹកកកអាក់ទិច ភ្លើងឆេះព្រៃនៅព្រៃអាម៉ាស្សូនប្រទេសប្រេស៊ីល ភ្លើងឆេះព្រៃនៅកាលីហ្វញ៉ាសហរដ្ឋអាមេរិក ព្យុះសង្ឃរាអ៊ីដាយ វិបត្តខ្យល់ពុលនៅអ៊ឺរ៉ុប ការរលាយទឹកកកនៅជិតហ្គ្រីនលែនដែលអាចធ្វើអោយមានការឡើងកម្ពស់ទឹកសមុទ្រពិភពលោកប្រមាណ២០% ខ្យល់ព្យុះអាត្លង់ទិកខ្លាំងបំផុតលំដាប់ទី២ ព្យុះស៊ីក្លូនត្រូពិច និងជាពិសេសគឺវិបត្តិថង់ប្លាស្ទិកក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ល។
ទាំងនេះអាចគ្រាន់តែជាការចាប់ផ្តើមនៃការគំរាមគំហែងដំណាក់កាលធ្ងន់ធ្ងរនៃគ្រោះធម្មជាតិប៉ុណ្ណោះទេ តែការប្រែប្រួលអាកាសធាតុអាចឈានទៅកាន់ដំណាក់កាលអាក្រក់បំផុតមួយ បើសិនជាសកម្មភាពបំផ្លាញផែនដី និងធម្មជាតិនៅតែបន្ត។ គ្រោះធម្មជាតិពិតជាបានផ្តល់បញ្ហាច្រើនណាស់ដល់ពិភពលោក និងការរស់នៅរបស់ភាវៈរស់ ដូចនេះ បញ្ហាទាំងអស់នេះចាំបាច់ណាស់ត្រូវតែលើកយកមកពិនិត្យឡើងវិញបន្ថែមទៀតនៅលើឆាកអន្តរជាតិ ការពិភាក្សាអំពីអាកាសធាតុ និងការរួមចំណែកក្នុងនាមជាប្រជាជនមួយរបស់ប្រទេសជាតិនិងជាចំណែកមួយនៃភពផែនដី។ ហើយបើសិនជាបញ្ហាអាកាសធាតុមិនមានការដោះស្រាយឱ្យបានទាន់ពេលទេ នោះបញ្ហាបន្តបន្ទាប់នឹងកើតមាន ជាពិសេស បញ្ហាសុខភាព ភាពអត់ឃ្លាន និងភាពក្រីក្រ ដែលនឹងក្លាយជាបន្ទុកថ្មីសម្រាប់សង្គម និងពិភពលោកទាំងមូល។ ធម្មជាតិអាចផ្តល់នូវកាដូដ៏ច្រើនសម្បូរបែបជូនមនុស្សជាតិ តែប្រសិនបើមនុស្សមិនល្អជាមួយធម្មជាតិទេ នោះកាដូអាចនឹងប្រែក្លាយជាទណ្ឌកម្មដ៏ព្រៃផ្សៃរបស់មនុស្សជាតិវិញ។
អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED