"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ស្រដៀងគ្នា តែមិនដូចគ្នា

លទ្ធផលបោះឆ្នោតនៅឆ្នាំ២០២០ ដូចជាទឹកដែលបានជះឱ្យក្រុមយោធាមីយ៉ាន់ម៉ាស្វាងថាអំណាចរបស់ខ្លួនបានបាត់បង់បន្តិចម្ដងៗ ដែលនេះផ្ទុយពីគោលបំណងដំបូងរបស់ខ្លួននៅពេលបើកឱកាសផ្ដល់អំណាចខ្លះឱ្យក្រុមលោកស្រី អ៊ុង សាន ស៊ូជី មកដឹកនាំប្រទេសកាលពីឆ្នាំ២០១៥។ រដ្ឋប្រហារយោធានៅថ្ងៃទី១ កុម្ភៈកន្លងទៅនេះ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនិងព្រួយបារម្ភពីលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ាដែលទើបមានពន្លកបន្តិច ទោះបីជាព្រឹត្តិការណ៍រដ្ឋប្រហារយោធាមិនមែនកើតឡើងលើកទីមួយនៅក្នុងប្រទេសនេះ និងនៅក្នុងតំបន់អាស៊ានក៏ដោយ។ ដោយឡែក នៅក្នុងបរិបទអាស៊ាននាកន្លះទសវត្សរ៍កន្លងទៅនេះ  ត្បិតតែរាជរដ្ឋាភិបាលប្រទេសថៃសព្វថៃ្ង​បានកើតចេញពីការបោះឆ្នោតកាលពីឆ្នាំ២០១៩ក៏ដោយក្ដី មូលហេតុចម្បងនៃការបង្កើតរាជរដ្ឋាភិបាលនេះក៏ជាប់ទាក់ទិននឹងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ផងដែរ។ ចំណែកឯព្រឹត្តិការណ៍រដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្នដែលពិភពលោកកំពុងតាមដាន ក៏ប្រហែលជានឹងបានមេរៀនមកពីប្រទេសថៃដែលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ប្រើប្រាស់យុទ្ធសាស្ត្រជោគជ័យដោយអង្គុយតំណែងនាយករដ្ឋមន្ត្រីដោយស្របច្បាប់ និងកាន់អំណាចអស់រយៈពេលជាង៧ឆ្នាំ។

អំឡុងឆ្នាំ២០១៣ទៅឆ្នាំ២០១៤ គឺជាឆ្នាំដែលប្រទេសថៃជួបគ្រោះធំរហូតដល់មានចំហាយសង្រ្គាមស៊ីវិលផងដែរ។ កាលនោះ ការប្រទាញប្រទង់អំណាចរវាងក្រុមអាវក្រហមដែលគាំទ្រគ្រួសារស៊ីណាវ៉ាត់ត្រា និងក្រុមអាវលឿងដែលគាំទ្រព្រះមហាក្សត្រ និងលោក ស៊ូថេប បានធ្វើឱ្យប្រទេសបែកខ្ញែកគ្នា និងធ្វើឱ្យសេដ្ឋកិច្ចថៃដាំក្បាលចុះដោយសារតែអ្នកវិនិយោគបានបាត់បង់ភាពជឿជាក់ទៅលើការវិនិយោគនិងការដាក់ទុននៅក្នុងប្រទេសថៃ​ រួមជាមួយនឹងភាពភ័យខ្លាចរបស់អ្នកទេសចរណ៍ផងដែរ។ គ្រានោះ លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើរដ្ឋប្រហារក្រោមរូបភាពចាំបាច់ ដោយលោកបានបង្ហាញពីឆន្ទៈក្នុងការបង្រួបបង្រួមនិងដោះស្រាយវិបត្ដិជាតិ។ ក្នុងន័យនេះ​ ស្ថានការណ៍ប្រទេសថៃមុននឹងការធ្វើរដ្ឋប្រហារគឺប្រទេសថៃបានជាប់គាំងផ្នែកនយោបាយជាយូរខែ មានអំពើហិង្សាក្នុងបាតុកម្មរហូតដល់មានមនុស្សស្លាប់និងរបួសជាច្រើននិងលុយបាតធ្លាក់ថ្លៃ។ គួររំលឹកបន្តិចថា លោក ប្រាយុទ្ធ ចាន់អូចារ បានព្យាយាមធ្វើអាជ្ញាកណ្ដាលដើម្បីសម្របសម្រួលរវាងក្រុមអាវក្រហមនិងក្រុមអាវលឿងម្ដងជាពីរដង ប៉ុន្តែនៅមិនអាចឈានទៅដល់ការផ្សះផ្សាជាតិបាន ដែលជាហេតុនាំឱ្យលោកធ្វើរដ្ឋប្រហារយោធាក្រោមហេតុផលដោះស្រាយវិបត្ដិនយោបាយ និងស្អំស្ថានភាពដែលក្ដៅគគុកជាច្រើនខែ។

ត្បិតតែអន្តរជាតិនិងរាស្ត្រហាក់មិនពេញចិត្ដនឹងការធ្វើរដ្ឋប្រហារនេះ ដូចជាសហភាពអ៊ឺរ៉ុបសម្រេចព្យួរកិច្ចសហប្រតិបត្ដិការជាមួយប្រទេសនេះមួយរយៈជាដើម ប៉ុន្តែលោក ប្រាយុទ្ធ ចាន់អូចា បានប្រើប្រាស់រយៈពេលអន្តរកាលនោះយ៉ាងមានន័យ។ ក្នុងអំឡុងពេលកាន់អំណាច លោក ប្រាយុទ្ធ  ចាន់អូចា បានព្យាយាមរកឱកាសល្អដើម្បីបង្កើនប្រូបាបឈ្នះឆ្នោត តាមរយៈការពន្យារពេលបោះឆ្នោតម្ដងហើយម្ដងទៀត​ និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថៃដូចជាតំណែងជានាយករដ្ឋមន្ត្រីត្រូវឡើងកាន់អំណាចដោយរដ្ឋសភានិងព្រឹទ្ធសភា (គ្រប់សមាជិកព្រឹទ្ធសភាគឺជាសមាជិកក្រុមយោធា)។ របបយោធាក៏បានយកចិត្ដប្រជារាស្ត្រតាមរយៈការជួយគាំទ្រប្រជាកសិករដែលរងគ្រោះដោយ​សា​រ​តម្លៃអង្ករធ្លាក់ចុះ និងរៀបចំការបោះឆ្នោត ដែលលោក ប្រាយុទ្ធ ចាន់អូចា ត្រូវការអាសនៈត្រឹមតែចំនួន១២៦ដើម្បីឈ្នះ រីឯគូប្រកួតត្រូវការអាសនៈចំនួន៣៧៦។

បើក្រឡេកមកមើលព្រឹត្តិការណ៍នៅក្នុងឆ្នាំ២០២១នេះវិញ រដ្ឋប្រហារយោធារបស់ប្រទេសមីយ៉ាន់ម៉ាធ្វើឡើងក្រោមការចោទប្រកាន់លើភាពមិនប្រក្រតីនៃការបោះឆ្នោតឆ្នាំ២០២០។ ក្រុមយោធាប្រទេសមីយ៉ាន់ម៉ាក៏ទំនងភ្ញាក់ខ្លួនថាក្រឡាអុករបស់ខ្លួនប្រៀបបានជាចំណេះជិះកឯង ដែលជាហេតុធ្វើឱ្យក្រុមយោធារបស់លោកឧត្តមសេនីយ៍​ ​មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារដើម្បីការពារនិងក្រសោបអំណាចរបស់ក្រុមខ្លួនដែលបាត់មកវិញ នៅចំពេលពិភពលោក ជាពិសេសប្រទេសដែលគាំទ្រប្រជាធិបតេយ្យកំពុងវក់វីនឹងការទប់ស្កាត់វិបត្ដិកូវីដ១៩។

ត្បិតតែការបើកប្រទេសឱ្យមានលទ្ធិប្រជាធិបតេយ្យគឺដើម្បីពង្រីកទីផ្សារសេដ្ឋកិច្ច ប៉ុន្តែកាលនោះ ក្រុមយោធាបើកដៃផ្ដល់អំណាចឱ្យក្រុមលោកស្រី អ៊ុង សាន ស៊ូជី នៅឆ្នាំ២០១៥ ក៏ដោយសារតែមិននឹកស្មានដល់ការរីកធំធាត់នូវអំណាចរបស់លោកស្រី អ៊ុង សាន ស៊ូជី អំឡុងរយៈកាលសហគ្រប់គ្រងជាតិរវាងក្រុមរបស់លោកស្រីនិងក្រុមយោធា។ សហគ្រប់គ្រងជាតិគឺដោយសារតែទោះបីជាគណបក្សលោកស្រី អ៊ុង សាន ស៊ូជី ឈ្នះឆ្នោតក្ដី ប៉ុន្តែរដ្ឋធម្មនុញ្ញប្រទេសនេះបានចែងឱ្យមានសមាជិកក្រុមយោធា២៥%នៅក្នុងសភា ដែលសមាជិក២៥%នេះគឺគ្រប់គ្រាន់អាចច្រានចោលនូវគោលនយោបាយដែលក្រុមខ្លួនមិនពេញចិត្ដ។ ​ ជាមួយគ្នានេះដែរ  ក្រុមយោធាក៏មានសិទ្ធិអំណាចលើក្រសួងសំខាន់ៗ ដូចជា ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការព្រំដែនជាដើម។

ម្យ៉ាងវិញទៀត ក្រុមយោធាក៏ប្រហែលរំពឹងថា ប្រជាប្រិយភាពរបស់លោកស្រីនឹងធ្លាក់ចុះដោយសារកេរ្ដិ៍ឈ្មោះខាងប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សាន ស៊ូជី ត្រូវបានអាប់អោននៅលើបញ្ហាធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ហើយត្រូវបានថ្កោលទោសដោយ លោកខាងលិច និងការតតាំងរបស់លោកស្រីជាមួយប្រទេសទាំងនោះ។ ការបង្រ្កាបក្រុមរ៉ូហ៊ីងយ៉ាគឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ ដែលក្រុមយោធាអាចយកចិត្ដប្រជាជនដែលនិយមកាន់សាសនាព្រះពុទ្ធនិងពន្លិចកេរ្តិ៍ឈ្មោះលោកស្រី អ៊ុង សាន ស៊ូជី នៅលើឆាកអន្តរជាតិ។ មួយវិញទៀត ក្រុមយោធាក៏រំពឹងថាប្រជាប្រិយភាពរបស់លោកស្រី អ៊ុង សាន ស៊ូជី អាចនឹងធ្លាក់ចុះដោយសារកំណើនសេដ្ឋកិច្ចទាបនៅក្នុងអំឡុងពេលលោកស្រីកាន់អំណាច ដែលមានត្រឹមតែ ៦,៥% នៅឆ្នាំ២០១៨-២០១៩ ធៀបនឹង ៨,៥% ឆ្នាំ២០១៤-២០១៥ បើយោងតាមធនាគារពិភពលោក។ ក៏ប៉ុន្តែខុសពីការរំពឹងទុក លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០បានបង្ហាញថា គណបក្សរបស់លោកស្រី អ៊ុង សាន ស៊ូជី ឈ្នះភ្លូកទឹកភ្លូកដី ហើយសម្លេងឆ្នោតបានកើនឡើងច្រើនជាងអាណត្ដិមុនទៀត។

ក្រឡាអុកដែលលោក ឧត្តមសេនីយ៍ មីន អ៊ុងឡាំង គ្រោងនឹងដើរក៏ប្រហែលជាមិនខុសដានចាស់របស់លោក ប្រាយុទ្ធ ចានអូចា ប៉ុន្មានទេ ដោយនឹងប្រើប្រាស់រយៈពេលកាន់អំណាចបណ្ដោះអាសន្ននេះឱ្យមានផ្លែផ្កាបំផុត។ លោកនឹងរកកាលៈទេសៈមួយដែលក្រុមរបស់លោកអាចមានប្រូបាបខ្ពស់ក្នុងការឈ្នះឆ្នោតហើយឡើងកាន់តំណែងប្រធានាធិបតីដោយការបោះឆ្នោត តាមគន្លងប្រជាធិបតេយ្យ។ ក្នុងសេណារីយ៉ូនោះ លោកអាចព្យាយាមពន្លត់កំហឹងបាតុករទោះបីជាត្រូវប្រើធម៌ក្ដៅ ពន្យារពេលរៀបចំការបោះឆ្នោតឡើងវិញ ឃុំខ្លួននិងចោទប្រកាន់បទឧក្រឹដ្ឋព្រហ្មទណ្ឌដើម្បីជម្រុះដៃគូប្រកួតខ្លាំងៗដូចជាក្រុមរបស់លោកស្រី អ៊ុង សាន ស៊ូជី និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញម្ដងទៀត ដើម្បីផ្លាស់ប្ដូររូបមន្ដគណនាលើជ័យជំនះបេក្ខភាពប្រធានាធិបតី។

ប៉ុន្តែសំនួរត្រូវសួរថា តើលោក មីន អ៊ុងឡាំង អាចស៊ូបានរហូតឈានដល់ចំណុចនៃការបង្កើនប្រូបាបដើម្បីឡើងកាន់អំណាចតាមរយៈការបោះឆ្នោតនេះទេ ប្រសិនបើបច្ចុប្បន្នអន្តរជាតិនិងរាស្រ្តបញ្ចេញប្រតិកម្មយ៉ាងនេះ?

ជាក់ស្តែង ប្រទេសប្រ៊ុយណេ ប្រទេសម៉ាឡេស៊ី និង​ប្រទេសឥណ្ឌូនេស៊ី បានអំពាវនាវឱ្យភាគីជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្តការចចារគ្នាដើម្បីស្វែងរកនៅចំណុចរួមមួយក្នុងគោលបំណងឱ្យប្រទេសនេះត្រលប់ទៅរកសភាពធម្មតាវិញ ហើយគោរពទៅតាមគោលការណ៍ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលរួមមាន​ ការគោរពលទ្ធិប្រជាធិបតេយ្យ ការប្រកាន់ភ្ជាប់នូវនីតិរដ្ឋ និង​អភិបាលកិច្ចល្អ។ លោក​​ ចូ បៃដិន ក៏បានសម្តែងការថ្កោលទោសយ៉ាងខ្លាំងទៅលើរដ្ឋប្រហារនេះ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមីយ៉ាន់ម៉ា។ ក្រៅពីនេះ  ប្រទេសអង់គ្លេស អូស្ត្រាលីជាដើម ក៏កំពុងពិចារណាចេញវិធានការផ្នែកសេដ្ឋកិច្ចលើរដ្ឋប្រហារនេះដែរ។ អ្វីដែលសំខាន់ជាងការដោះស្រាយជាមួយអន្តរជាតិទៀតនោះគឺសេដ្ឋកិច្ចនិងសេវារដ្ឋបាលសាធារណៈនឹងអាចជាប់គាំងដោយសារការធ្វើបាតុកម្មនិងពហីការរបស់ប្រជាពលរដ្ឋទាំងក្នុងវិស័យឯកជននិងរដ្ឋ។

សរុបមក ត្បិតតែជារដ្ឋប្រហារយោធាដូចគ្នាក៏ពិតមែន ប៉ុន្តែស្ថានការណ៍មុននិងក្រោយរដ្ឋប្រហារនៃប្រទេសទាំងពីរនេះគឺខុសគ្នាស្ទើរទាំងស្រុង។ ស្ថានភាពប្រទេសថៃមុនរដ្ឋប្រហារគឺវឹកវរនិងស្ថិតនៅបន្ទាត់គ្រោះថ្នាក់ ប៉ុន្តែស្ថានភាពប្រទេសមីយ៉ាន់ម៉ាមុនរដ្ឋប្រហារគឺពន្លកលទ្ធិប្រជាធិបតេយ្យដែលសឹងតែជាគំរូឱ្យប្រទេសក្នុងតំបន់យកជាមេរៀន។ ត្បិតតែប្រទេសថៃមានរដ្ឋប្រហារច្រើនដងក៏ពិតមែន ប៉ុន្តែអំណាចនិងការគោរពស្រលាញ់របស់ប្រជាជនថៃនៅតែជារបស់ព្រះរាជា។ ក្នុងន័យនេះ ទោះបីស្ថានភាពរដ្ឋប្រហារយ៉ាងណាក៏នៅមានព្រះរាជា ដែលជាម្លប់មកចេញមុខដោះស្រាយបានដែរ។ ចំណែកក្នុងកែវភ្នែកប្រជាជនមីយ៉ាន់ម៉ា ក្រុមយោធាគឺជាក្រុមផ្ដាច់ការនិងជាសត្រូវនៃសិទ្ធិសេរីភាព ហេតុដូចនេះ ទើបប្រជាជនមីយ៉ាន់ម៉ាយ៉ាងច្រើនត្រូវធ្វើបាតុកម្មដោយខានមិនបាន ដើម្បីរារាំងអំណាចផ្ដាច់ការនិងចង់ឱ្យអន្តរជាតិបានដឹងពីស្ថានភាពបច្ចុប្បន្ននិងចេញវិធានការដើម្បីជួយលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។ ប្រសិនបើស្ថានភាពនេះបន្តវិវដ្ដទៅដល់វិបត្ដិធ្ងន់ធ្ងរ​ជាងនេះ មីយ៉ាន់ម៉ាអាចនឹងជួបប្រទះព្រឹត្ដិការណ៍ ៨៨៨៨ (8888 Uprising) ម្ដងទៀត ដែលជាព្រឹត្ដិការណ៍កើតឡើងរវាងថ្ងៃទី៨ ខែ៨ ឆ្នាំ១៩៨៨ និងជាព្រឹត្តិការណ៍បង្ហូរឈាមរវាងក្រុមបាតុករប្ដូរជីវិតរបស់ខ្លួនដើម្បីសិទ្ធិសេរីភាព និងក្រុមទាហានដែលព្យាយាមការពារអំណាច។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ