"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិសមភាពសេដ្ឋកិច្ចពិភពលោកដោយសារវ៉ាក់សាំងកូវីដ១៩

កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានលើកឡើងពីភាពមិន​ស្មើគ្នា និងអយុត្ដិធម៌លើការចែកចាយវ៉ាក់សំាង ដែលមានប្រទេសធំៗចំនួន ១០ មានវ៉ាក់សាំងកូវីដ១៩ក្នុងដៃចំនួន ៧៥% នៃចំនួនវ៉ាក់សាំងសរុបក្នុងពិភពលោក ខណៈប្រទេសចំនួន ១៣០ មិនមានវ៉ាក់សាំងសូម្បីតែមួយដូស។ នេះសរបញ្ជាក់ពីគម្លាតវិសមភាពនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលបណ្ដាលមកពីកត្ដាសេដ្ឋកិច្ចនិងឥទ្ធិពលនយោបាយការបរទេស។ ទោះបីវ៉ាក់សាំងជាក្ដីសង្ឃឹមក្នុងការបើកសេដ្ឋកិច្ចឡើងវិញក៏ពិតមែន ប៉ុន្តែវិសមភាពនៃការទទួលបានវ៉ាក់សាំងនេះនឹងអាចផ្ដល់បន្ទុកបន្ថែមលើគម្លាតសេដ្ឋកិច្ចនិងការអភិវឌ្ឍរវាងប្រទេសក្រីក្រនិងប្រទេសអ្នកមាន។

ចំពោះការអនុម័តគោលនយោបាយអំឡុងពេលនៃការផលិតវ៉ាក់សាំងកូវីដ១៩ ប្រទេសធំៗបានកំណត់ជំហរខ្លួនក្នុងការស្តុកទុកវ៉ាក់សាំង ដោយមើលឃើញពីវិធីសាស្រ្តនៅក្នុងការឆ្មក់យកឱកាសសេដ្ឋកិច្ចនិងលើកមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិនាថ្ងៃខាងមុខ។ យោងតាមក្រុមយុទ្ធនាការ Oxfam វ៉ាក់សាំងកូវីដ១៩ដែលមានប្រសិទ្ធភាពជាងគេនៅលើពិភពលោក ត្រូវបានប្រទេសធំៗទិញអស់ ៥៤% នៃចំនួនសរុប ដើម្បីស្តុកទុកក្នុងបរិមាណលើសពី៣ដងនៃចំនួនប្រជាជនរបស់ប្រទេសទាំងនោះ។ នាបច្ចុប្បន្ន បើយោងទៅតាមការចេញផ្សាយរបស់ The New York Time សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានស្តុកវ៉ាក់សាំងកូវីដ១៩ចំនួន ១ ប៊ីលាន ទៅ ២ ប៊ីលាន ដូស សម្រាប់ប្រជាជនរបស់ពួកគេ ដែលនេះនឹងធ្វើឱ្យប្រទេសទាំងនោះ អាចចាប់ដំណើរការសេដ្ឋកិច្ចបន្ទាប់ពីវិបត្ដិកូវីដ១៩ លឿនជាងប្រទេសដ៏ទៃទៀតដែលមិនទទួលបានវ៉ាក់សាំង។ ជាមួយគ្នានេះប្រទេសក្រីក្រនឹងអាចរង់ចាំរហូតដល់ឆ្នាំ២០២៤ដើម្បីទទួលបានវ៉ាក់សាំងកូវីដ១៩ ដោយសារមានបន្ទុកបំណុលខ្ពស់ ដែលកត្តានេះបានកម្រិតសមត្ថភាពក្នុងការចំណាយទិញវ៉ាក់សាំង បើយោងតាមការចេញផ្សាយរបស់ Los Angeles Times។ ម៉្យាងវិញទៀត ដោយសារតែការផលិតវ៉ាក់សាំងពីស្ថាប័នឱសថធំៗបាននាំចេញទៅឱ្យតែប្រទេសអ្នកមាន ដែលធ្វើឱ្យប្រទេសដែលមានប្រាក់ចំណូលមធ្យមនឹងអាចងាកទៅរកវ៉ាក់សាំងរបស់រដ្ឋាភិបាលចិននិងរុស្សី។ អ្នកជំនាញជាច្រើនបានយល់ឃើញថា យុទ្ធនាការចែកចាយវាក់សាំងនេះគឺជាល្បែងនយោបាយមួយដែលអាចផ្តល់អំណាចទៅដល់ប្រទេសមានចំណូលខ្ពស់ ក្នុងកំណត់នូវការចែកចាយវ៉ាក់សាំងទៅដល់ប្រទេសដែលគ្មានសមត្ថភាពក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ក្រោមការសម្លឹងមើលប្រយោជន៍សេដ្ឋកិច្ច និងការកេងចំណេញផ្នែកនយោបាយ។

វិសមភាពមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារវិសមភាពតែងតែកើតឡើងរវាងប្រទេសខ្លាំងនិងប្រទេសទន់ខ្សោយ។ យោងតាមអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ពីវិសមភាពនៃការចែកចាយវ៉ាក់សាំងកូវីដ១៩នៅជុំវិញសាកលលោក ដែលបង្ហាញឱ្យឃើញនូវពីបញ្ហាសីលធម៌នៃសហគមន៍ដែលយើងរស់នៅមួយនេះ។ លោកក៏បានជំរុញ ឱ្យប្រទេសដ៏ទៃដែលមានបចេ្ចកវិទ្យានិងសមត្ថភាពខ្ពស់ក្នុងផលិតវ៉ាក់សាំងនេះដើម្បីផ្តល់ជំនួយទៅដល់ប្រទេសដែលកំពុងខ្វះខាតផងដែរ។ ជាមួយគ្នានេះ ប្រទេសឥណ្ឌានិងប្រទេសអាហ្វ្រិកខាងត្បូងក៏បានចូលរួមដោះស្រាយបញ្ហានេះដោយមានការស្នើសុំឱ្យអង្គការពាណិជ្ជកម្មពិភពលោកលើកលែងការការពារកម្មសិទ្ធិបញ្ញា ដើម្បីអនុញ្ញាតឱ្យស្ថាប័នឱសថឈានមុខគេក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ ចែករំលែកនូវបច្ចេកវិទ្យាឱ្យប្រទេសដ៏ទៃទៀតក្នុងការផលិតវ៉ាក់សាំងក្នុងតម្លៃសមរម្យកាលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ។ ប៉ុន្តែ សំណើនេះត្រូវបានរារាំងដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ដោយសារប្រទេសទាំងនេះបានការពារកម្មសិទ្ធិបញ្ញា និងការពារប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មផលិតវ៉ាក់សាំងរបស់ពួកគេ ក្រោមហេតុផលថាជាតម្រូវការចាំបាច់របស់គ្រឹះស្ថានផលិតវ៉ាក់សាំងសម្រាប់បន្តបង្កើតវ៉ាក់សាំងកូវីដ១៩នេះតទៅថ្ងៃខាងមុខ។

ដើម្បីកាត់បន្ថយវិសមភាពក្នុងការចែកចាយវ៉ាក់សាំង ពិភពលោកក៏បានបង្កើតយុទ្ធនាការ COVAX ដែលជាក្ដីសង្ឃឹមរបស់ប្រទេសក្រីក្រ។ COVAX ត្រូវបានបង្កើតដោយអង្គការសុខភាពពិភពលោក គណៈកម្មការអឺរ៉ុប និងរដ្ឋាភិបាលនៃប្រទេសបារាំង ក្នុងគោលបំណងសម្របសម្រួលការទិញវ៉ាក់សាំងកូវីដ១៩ជូនទៅឱ្យប្រទេសក្រីក្រនៅទូទាំងពិភពលោក។ យោងតាមការចេញផ្សាយរបស់ BBC COVAXបានចាប់ផ្តើមរៀបចំការផលិតវ៉ាក់សាំងទៅច្រើនជាង ១៨០ ប្រទេស ចាប់ពីខែមេសា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន និងមានគម្រោងក្នុងការចែកចាយវ៉ាក់សាំងចំនួន ៣៣០ លាន ដូសនៅចុងឆ្នាំ២០២១នេះ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើឱ្យក្រុមប្រទេស G២០ និងក្រុមប្រទេសអ្នមានក្នុងការបង្កើតក្រុមកម្លាំងបន្ទាន់ (Emergency Task Force) ដើម្បីរៀបចំផែនការចាក់វ៉ាក់សាំងជាសកល និងសម្របសម្រួលការអនុវត្ដផែនការនេះ និងផ្នែកហិរញ្ញវត្ថុផងដែរ។ ប៉ុន្តែ អ្វីដែលជាសំនួរនោះគឺ តើយុទ្ធនាការ COVAX អាចនឹងចែកចាយវ៉ាក់សាំងទៅដល់ប្រទេសដែលខ្វះខាតគ្រប់គ្រាន់និងទាន់ពេលវេលាឬទេ នៅពេលដែលស្ថាប័ននេះនៅតែពឹងផ្អែកលើក្រុមហ៊ុនឱសថធំៗដែលគិតពីប្រាក់ចំណេញរបស់ពួកគេ? ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនឱសថធំៗមួយចំនួនក៏បានជួបប្រទះនូវកង្វះខាតវ៉ាក់សាំង ដែលមានការពន្យារពេលក្នុងការចែកចាយវ៉ាក់សាំងទៅឱ្យយុទ្ធនាការ COVAX  និងជាពិសេសប្រទេសធំៗនៅអឺរ៉ុបជាដើម បើយោងតាម The New York Time។ ម៉្យាងវិញទៀត ដោយយោងតាមអ្នកជំនាញលើច្បាប់អន្តរជាតិនិងជំងឺឆ្លងពីសាកលវិទ្យាល័យ Keele នៃចក្រភពអង់គ្លេស លោកបានមានប្រសាសន៍ថា “មនុស្សគ្រប់រូបរស់នៅក្នុងប្រទេសដែលពឹងផ្អែកយុទ្ធនាការ COVAX ដើម្បីទទួលវ៉ាក់សាំង ប៉ុន្តែនេះគឺជាទីផ្សាបរាជ័យមួយ។ វ៉ាក់សាំងមិនមែនទទួលបានដោយសារកត្តាតម្រូវការទេ ប៉ុន្តែវាពឹងផ្អែកលើសមត្ថភាពក្នុងការទិញ ហើយ COVAX មិនអាចដោះស្រាយវិបត្ដិនោះទេ។”

ជារួម វិសមភាពសេដ្ឋកិច្ចនៅតែបន្តនៅអនាគត ប្រសិនបើប្រទេសនីមួយៗគិតពីផលប្រយោជន៍ជាតិរបស់ខ្លួនក្នុងរយៈពេលរាតត្បាតនៃជំងឺកូវីដ១៩នេះ។ ដើម្បីឱ្យសេដ្ឋកិច្ចពិភពលោកត្រលប់មកសភាពដើមឆាប់រហ័សវិញ មនុស្សគ្រប់ប្រទេសទាំងអស់ត្រូវចាក់វ៉ាក់សាំងនេះ មិនមែនតែប្រទេសដែលមានសមត្ថភាពផលិត ឬទិញវានោះទេ។ ម៉្យាងវិញទៀត ដោយយោងតាមការសិក្សារបស់កិច្ចសហប្រតិបត្តិការនៃការស្រាវជ្រាវនិងការអភិវឌ្ឍន៍ RAND ប្រសិនប្រទេសក្រីក្រមិនទទួលបានវ៉ាក់សាំងគ្រប់គ្រាន់នោះទេ ជាលទ្ធផល សេដ្ឋកិច្ចពិភពលោកនឹងអាចបោះចោលនូវប្រាក់ចំនួន ១៥៣ លានដុល្លារអាមេរិក​ ក្នុងមួយឆ្នាំ។ ដូចនេះ ការចែកចាយវ៉ាក់សាំងគឺជាការចាំបាច់មួយ មិនត្រឹមតែសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចនោះទេ ប៉ុន្តែក៏ដើម្បីប្រយោជន៍អន្តរជាតិទាំងមូលផងដែរ។

អ្នកអាចចូល subscribe Telegram ផ្លូវការរបស់ The SEED តាមរយៈ https://t.me/TheSEED
អត្ថបទវិភាគដោយ៖ លោក ឡេង ហ៊ត​
គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហ៊ត​
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ