ប្រេងគឺជាថាមពលមួយយ៉ាងសំខាន់ហើយវាក៏មានឥទ្ធិពលលើវិស័យពាណិជ្ជកម្ម វិស័យហិរញ្ញវត្ថុ ក៏ដូចជាវិស័យផ្សេងៗទៀតនៃសេដ្ឋកិច្ចពិភពលោកផងដែរ។ ការប្រែប្រួលនៃតម្លៃប្រេងឆៅអាចធ្វើឱ្យមានផលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចនៃប្រទេសដែលនាំចេញនិងនាំចូលប្រេង ដោយផ្អែកលើនិន្នាការបម្រែបម្រួលតម្លៃប្រេង ឬ Oil price volatility។ Oil price volatility ជាភាពប្រែប្រួលនៃតម្លៃប្រេងនៅលើទីផ្សារក្នុងរយៈពេលកំណត់មួយ។ យោងតាមរបាយការណ៍វិទ្យាស្ថានថាមពលពិភពលោក Price volatility សំដៅលើភាពប្រែប្រួលនៃតម្លៃរបស់ទំនិញ ហើយនៅពេលដែលតម្លៃមានការឡើងចុះច្រើននៅក្នុងរយៈពេលខ្លីមួយ គេចាត់ទុកស្ថានភាពនេះថាមានលក្ខណៈប្រែប្រួលខ្លាំង ឬ High volatility។ ប្រសិនបើតម្លៃមិនសូវប្រែប្រួលខ្លាំង ឬមានភាពនឹងនរនៅលើទីផ្សារ នោះគេចាត់ទុកស្ថានភាពថា Low volatility។ ប៉ុន្តែជាធម្មតា តម្លៃប្រេងពុំសូវឡើងចុះខ្លាំងដូចទំនិញមួយចំនួននោះទេ ហើយភាគច្រើនតម្លៃប្រេងតែងតែមានលំនឹងនឹងនរលើទីផ្សារ។ នៅលើទីផ្សារថាមពលរបស់ពិភពលោក ប្រេងជាពាណិជ្ជកម្មដ៏ធំ ព្រោះវាជាថាមពលដ៏សំខាន់និងត្រូវបានប្រើប្រាស់នៅក្នុងវិស័យដទៃទៀតជាច្រើន ហេតុដូចនេះ ការឡើងចុះតម្លៃប្រេងអាចធ្វើឱ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មនៃវិស័យទាំងនោះ និងអាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ច។ យោងតាមរបាយការណ៍វិទ្យាស្ថានដដែលបានឱ្យដឹងថា នៅឆ្នាំ២០០៦ ទឹកប្រាក់លើស ១,១ ទ្រីលានដុល្លារអាមេរិក ត្រូវបានចំណាយទៅលើការប្រើប្រាស់ថាមពលប្រេងលើវិស័យសំខាន់ៗជាច្រើនដូចជា វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម ការប្រើប្រាស់តាមផ្ទះរបស់ពលរដ្ឋ និងវិស័យដឹកជញ្ជូនទៀតផង។
រីឯមាសវិញគឺជាលោហធាតុដែលមានប្រយោជន៍ក្នុងការកំណត់តម្លៃទំនិញ និងជាទ្រព្យសកម្មរបស់រូបិយប័ណ្ណដោយសារតម្លៃរបស់វាមានភាពនឹងនរ និងមិនសូវមានការប្រែប្រួលចុះឡើងខ្លាំងនោះទេ។ ម្យ៉ាងវិញទៀតនោះ មាសមានសារៈសំខាន់ដោយសារវាជាប្រភពនៃទ្រព្យវិនិយោគ និងជាតម្លៃឯកតាក្នុងការកំណត់តម្លៃជួញដូរ ETFs (Exchange Traded Fund) នៅក្នុងទីផ្សារ។ យោងតាមគេហទំព័រ Investor.gov បានបង្ហាញថា ETFs (Exchange Traded Fund) គឺជាប្រភេទកញ្ចប់ថវិកា Fund ដែលគេយកមកជួញដូរដូចជាមូលបត្រដែរ ដែលប្រើសម្រាប់តាមដានសន្ទស្សន៍វិស័យទំនិញឬទ្រព្យសម្បត្តិផ្សេងទៀតនិងតាមដានការវិនិយោគ ប៉ុន្តែវាមិនអាចទិញឬលក់ដូចជាមូលបត្រឬភាគហ៊ុនធម្មតានោះទេ។ ETFs មានច្រើនប្រភេទដែលក្នុងនោះមានដូចជាកញ្ចប់កម្ចីរដ្ឋ រូបិយប័ណ្ណ និង ទំនិញធំៗ រួមមានប្រេងនិងមាសជាដើម។ ដោយហេតុនេះការស្វែងយល់ពីទំនាក់ទំនងរបស់មាសនិងប្រេងមានសារៈសំខាន់ក្នុងការសង្កេតមើលពីស្ថានភាពសេដ្ឋកិច្ចសាកលផងដែរ។
ប្រេងនិងមាសត្រូវបានចាត់ទុកថាជាទំនិញយុទ្ធសាស្ត្រសំខាន់នៅក្នុងទីផ្សារពិភពលោក ជាពិសេសនៅអាមេរិក ហើយការកើនឡើងតម្លៃរបស់ទំនិញទាំងពីរនេះអាចនឹងមានឥទ្ធិពលដល់ដំណើរការសេដ្ឋកិច្ច។ មានការសិក្សាច្រើនពីទំនាក់ទំនងរវាងតម្លៃប្រេងនិងតម្លៃមាសនេះ តែភាគច្រើនជាការសិក្សាផ្តោតទៅលើស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកព្រោះប្រទេសនេះមានសេដ្ឋកិច្ចឈានមុខ និងមានឥទ្ធិពលលើសេដ្ឋកិច្ចពិភពលោក។ ម្យ៉ាងវិញទៀត ដោយសារតែតម្លៃប្រេងមានមូលដ្ឋានសំខាន់នៅក្នុងសេដ្ឋកិច្ចអាមេរិក ជាពិសេសក្នុងការកំណត់ស្ថិរភាពទីផ្សារភាគហ៊ុន ដូច្នេះការប្រែប្រួលតម្លៃប្រេងអាចប៉ះពាល់ដល់តម្លៃទ្រព្យសកម្មផ្សេងទៀត ដូចជាតម្លៃភាគហ៊ុនឬមូលបត្រ និងតម្លៃមាស (Volatility indexes for gold) ជាដើម។ ឧទាហរណ៍ប្រសិនបើតម្លៃប្រេងកើនឡើង នោះវានឹងធ្វើឱ្យមានការប៉ះពាល់ដល់ចំណូលរបស់សហគ្រាសធំៗទាំងនោះ។ យោងតាមរបាយការណ៍ប្រចាំខែនៃ Economic and Monetary Developments របស់សហគមន៍អ៊ឺរ៉ុបបានឱ្យដឹងថា ទំនាក់ទំនងរវាងតម្លៃប្រេងនិងតម្លៃទូទៅនៃមូលបត្រមានលក្ខណៈអវិជ្ជមាន ដោយសារនៅពេលដែលប្រេងឡើងថ្លៃធ្វើឱ្យមានភាពអវិជ្ជមានលើទស្សនវិស័យប្រាក់ចំណូលរបស់ក្រុមហ៊ុន និងជះឥទ្ថិពលលើតម្លៃមូលបត្ររបស់ក្រុមហ៊ុននោះ។ ដូចនេះ នៅពេលចំណូលទាប តម្លៃមូលបត្រធ្លាក់ចុះ និងតម្រូវឱ្យមានកំណើនប្រើប្រាស់មាសជាទ្រព្យសកម្មបម្រុងក្នុងការសង្គ្រោះក្រុមហ៊ុនពីការក្ស័យធន។
នៅពេលវិភាគទំនាក់ទំនងរវាងវត្ថុទាំងពីរ យើងនឹងឃើញពាក្យសំដៅលើសមាមាត្រប្រេងនិងមាស (Gold-Oil Ratio) ហើយសមាមាត្រប្រេងនិងមាសនេះអាចពន្យល់បានតាមលក្ខណៈគណិតវិទ្យាដោយយើងយកតម្លៃមាសក្នុងមួយអោន (ounce) ចែកនឹងថ្លៃប្រេងឆៅក្នុងមួយធុង (barrel) ហើយសមាមាត្រនឹងប្រាប់យើងពីចំនួនប្រេងដែលអាចទិញបានក្នុងមួយអោននៃមាស។ ខណៈនេះ សមាមាត្រប្រេងនិងមាសអាចនាំឱ្យយើងយល់ពីសេដ្ឋកិច្ចបានត្រង់ថា ប្រេងច្រើនឡើងថ្លៃនៅពេលដែល GDP កើនឡើង ហើយមាសប្រែជាមានការកើនឡើងនៅពេលប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ។
លើសពីនេះ ទំនាក់ទំនងរវាងប្រេងនិងមាសក៏មានទំនាក់ទំនងជាមួយរូបិយប័ណ្ណដុល្លារអាមេរិកដែរ។ នៅពេលដែលតម្លៃលុយដុល្លារអាមេរិកឡើងថ្លៃ នោះតម្លៃផលិតផលដែលជួញដូរដោយលុយដុល្លារអាមេរិកក៏ឡើងតាមហ្នឹងដែរ។ ប៉ុន្តែតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី តម្លៃរបស់ប្រេងប្រែប្រួលទៅតាមនិន្នាការតម្រូវការទីផ្សារ។ ទោះជាយ៉ាងណា ឥទ្ធិពលរូបិយប័ណ្ណដុល្លារអាមេរិកក៏មានលើតម្លៃប្រេងខ្លះដែរជាពិសេសមូលបត្រដាក់បង្ហាញនៅលើ Typical price trend ដែលជួញដូរដោយប្រាក់ដុល្លារអាមេរិក។ Typical price trend ជាការវិភាគបច្ចេកទេសមួយដែលមានទិន្នន័យជាសូចនាករតម្លៃមធ្យមនៃតម្លៃទីផ្សារ ហើយសូចនាករតម្លៃនេះត្រូវធ្វើបច្ចុប្បន្នភាពជានិច្ច។
នៅពេលមានភាពប្រែប្រួលនៃតម្លៃប្រាក់ដុល្លារអាមេរិក នោះក៏មានការប៉ះពាល់ដល់តម្លៃប្រេងឆៅនិងមាសអន្តរជាតិបានដែរ ព្រោះវត្ថុទាំងពីរនេះមានទំនាក់ទំនងជាមួយរូបិយប័ណ្ណនេះ។ កាលពីអំឡុងឆ្នាំ១៩៧៥ ប្រេងនិងមាសត្រូវបានកំណត់តម្លៃជាដុល្លារអាមេរិកដោយសារអង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានយល់ព្រមលក់ប្រេងរបស់ពួកគេទាំងស្រុងក្នុងតម្លៃដុល្លារអាមេរិក។ នៅពេលដែលតម្លៃប្រាក់ដុល្លារអាមេរិកប្រែប្រួល នោះទ្រព្យដែលត្រូវបានទិញដូរគិតជាដុល្លារ (dollar-denominated assets) ច្រើនតែប្រែប្រួល។ គួរកត់សម្គាល់ថា ពាណិជ្ជកម្មពិភពលោក ទីផ្សារមូលបត្រធំៗ ការជួញដូរទំនិញមួយភាគធំស្ទើរគ្រប់វិស័យប្រើប្រាស់រូបិយប័ណ្ណដុល្លារអាមេរិក ដូចនេះប្រសិនបើសេដ្ឋកិច្ចអាមេរិកមានការប្រែប្រួល ឬតម្លៃលុយដុល្លារអាមេរិកប្រែប្រួលនោះតម្លៃទំនិញក៏មានការប្រែប្រួលដែរ។ ក្នុងន័យនេះ dollar-denominated assets រួមមានមូលបត្រ ប្រាក់កម្ចី ឥណទាន ឬទ្រព្យសម្បត្តិផ្សេងៗទៀតដែលទិញដូរដោយដុល្លារនឹងទទួលរងបម្រែបម្រួលតម្លៃនៅពេលតម្លៃរូបិយប័ណ្ណដុល្លារអាមេរិកប្រែប្រួល។ល់មានលក្ខណៈខុសគ្នាបន្តិចបន្តួច។ក់ចុះនោះទេ។ យោងតាម ETFs តម្លៃដុល្លារអាមេរិកនិងតម្លៃប្រេងមានទំនាក់ទំនងបញ្ច្រាសគ្នាទៅវិញ នៅពេលដែលតម្លៃប្រាក់ដុល្លារធ្លាក់ចុះ តម្លៃនៃប្រេងនិងទំនិញគិតជាប្រាក់ដុល្លារអាមេរិកទាំងនេះត្រូវតែថ្លៃជាងមុនដើម្បីរក្សាសជ្ឈន្តិកៈតម្លៃ (intrinsic value) ដែលមិនផ្លាស់ប្តូរ។ សជ្ឈន្តិកៈតម្លៃប្រៀបដូចជាគុណតម្លៃនៃផ្នែកក្នុងរបស់វត្ថុអ្វីមួយ គុណតម្លៃរបស់ប្រេងមិនមែនជាការកំណត់ដោយក្រុមហ៊ុនមួយឬពីរទេ ប៉ុន្តែការកំណត់នេះមានមូលដ្ឋានរួមរវាងក្រុមហ៊ុននិងភាគីច្រើន ហេតុនេះតម្លៃប្រេងមិនសូវមានការប្រែប្រួលខ្លាំង ឬមិនប្រែប្រួលតែម្តង។
ក្រៅពីនេះ បញ្ហាអតិផរណាជាអំណះអំណាងមួយទៀតដែលបង្ហាញពីទំនាក់ទំនងរវាងតម្លៃប្រេងនិងមាសផងដែរ។ ក្នុងករណីនេះ អតិផរណាមានឥទ្ធិពលទៅលើការប្រែប្រួលតម្លៃប្រេងនិងតម្លៃមាស ហើយការប៉ះពាល់មានលក្ខណៈខុសគ្នាបន្តិចបន្តួច។ នៅពេលមានអតិផរណាកើតឡើង ទំនិញឡើងថ្លៃនិងប្រេងក្នុងទីផ្សារមានកំនើនតម្លៃដូចទំនិញទូទៅដែរ។ ស្របពេលជាមួយគ្នានេះ តម្លៃមាសដែលជាទំនិញនៅលើទីផ្សារក៏ឡើងថ្លៃដូចគ្នា ប៉ុន្តែតម្លៃនេះមិនបានសំដៅទៅលើមាសដែលស្ថិតនៅជាទ្រព្យសកម្ម ឬទ្រព្យវិនិយោគនោះទេ។ ចំណែកដែលជាទ្រព្យសកម្មវិញ ក្នុងពេលប្រទះបញ្ហាបែបនេះ វាមានសារៈសំខាន់ក្នុងការរក្សាលំនឹងអត្រាអតិផរណាព្រោះវាមាននាទីជាមាសបម្រុង។ យោងតាម ETFs (Exchange Traded Fund) ដដែលបង្ហាញឱ្យដឹងថា ក្រៅពីបញ្ហាអតិផរណា តម្លៃមាសអាចឡើងថ្លៃខ្ពស់បំផុតនៅពេលដែលវិនិយោគិនប្រឈមមុខនឹងការអន់ថយសេដ្ឋកិច្ច ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ និងការក្ស័យធនរបស់ធនាគារជាដើម។ ចំណែកឯតម្លៃប្រេងនៅលើទីផ្សារវិញ វាអាចធ្លាក់ចុះនៅពេលដែលសកម្មភាពសេដ្ឋកិច្ចនិងទីផ្សារសាកលធ្លាក់ចុះឬជួបប្រទះវិបត្តិ។
សរុបមក ការសិក្សាពីប្រេងនិងមាសគឺជាកត្តាមួយផ្នែកដែលអាចឱ្យយើងដឹងពីការវិវត្តនៃទីផ្សារនិង ទំនាក់ទំនងរវាងវត្ថុទាំងពីរជាមួយនឹងសេដ្ឋកិច្ចសាកលក៏ដូចជាសេដ្ឋកិច្ចប្រទេសដែលឈានមុខដូចជាសហរដ្ឋអាមេរិក ទំនាក់ទំនងរបស់វាទៅលើតម្លៃទីផ្សារមូលបត្រ និងការប្រើប្រាស់សមាមាត្រមាសប្រេងក្នុងផ្នែកហិរញ្ញវត្ថុ។ ក្រៅពីនេះ ការសិក្សាពីប្រេងនិងមាសអាចឱ្យយើងដឹងពីទំនាក់ទំនងរបស់វាជាមួយនឹងរូបិយប័ណ្ណដុល្លារអាមេរិក រួមទាំងឥទ្ធិពលនៃអតិផរណាទៅលើតម្លៃវត្ថុទាំងពីរផងដែរ៕
ពាក្យគន្លឹះ
Typical Price Trend / The Typical Price indicator: នៅក្នុងវិស័យហិរញ្ញវត្ថុ វាជាសូចនាករ (trend) ប្រាប់តម្លៃ ឬហៅថា សូចនាករតម្លៃ (Price trend / Price indicator) ហើយតម្លៃដែលបង្ហាញនៅលើនោះជាតម្លៃមធ្យមនៃតម្លៃមូលបត្រប្រចាំថ្ងៃ។
Intrinsic value: គឺជាតម្លៃនៃវត្ថុមួយដែលកំណត់ដោយលក្ខខណ្ឌទស្សនវិទ្យា ហើយជាមូលដ្ឋានគ្រឹះក្នុងការកំណត់តម្លៃវត្ថុ ទ្រព្យសម្បត្តិផ្សេងៗរួមមានតម្លៃមូលបត្រ និង កម្មវត្ថុកុងត្រាហិរញ្ញវត្ថុ។ តម្លៃនេះមានសារៈសំខាន់ក្នុងការប្រមើលមើលតម្លៃទីផ្សារថាទំនិញឬទ្រព្យនេះមានតម្លៃបែបណាបើមានការជួញដូរនៅលើទីផ្សារ។ នៅពេលវិនិយោគិនចង់វិនិយោគទៅលើអ្វីមួយ សជ្ឈន្តិកៈតម្លៃអាចឱ្យគេប៉ាន់ប្រមាណនូវប្រយោជន៍ដែលគេនឹងទទួលបានបន្ទាប់ពីដាក់ទុនវិនិយោគ។