ក្រោយឆ្នាំ១៩៤៥ រលកនៃការបិទបញ្ចប់នៃអាណានិគមកិច្ចបានបោកបក់យ៉ាងចាស់ដៃមកកាន់ប្រទេសនៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ (Southeast Asia) ពួករដ្ឋតូចៗដែលធ្លាប់តែស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសមហាអំណាចទាំងឡាយ ជាពិសេសពួកមហាអំណាចដែលស្ថិតនៅក្នុងទ្វីបអ៊ឺរ៉ុបទាំងមូលបានប្រកាសនូវឯករាជ្យភាពនិងស្វ័យភាពរបស់ខ្លួន។ នៅក្នុងអំឡុងឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៦៦ គឺជាអន្តរកាលមួយដែលត្រូវបានគេកត់សម្គាល់ថាជារបត់ដ៏សំខាន់នៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ដោយសារតែសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ ហើយបារាំងបានត្រឡប់មកកាន់ឥណ្ឌូចិនវិញ។ ជាមួយគ្នានេះក៏មានការលូកដៃចូលក្នុងតំបន់នេះរបស់ក្រុមប្រទេសមហាអំណាច ក្នុងនោះមានសហរដ្ឋអាមេរិកនិងរុស្ស៊ីដែលបានយកទឹកដីឥណ្ឌូចិននេះធ្វើជាទីលានប្រកួតប្រជែងមនោគមន៍វិជ្ជារបស់ពួកខ្លួន ដែលបានបង្កឱ្យមានសង្គ្រាមឥណ្ឌូចិនរហូតដល់ទៅបីលើក។ ក្នុងអន្តរកាលនៃសង្គ្រាមលោកលើកទី២ មហាអំណាចជប៉ុនបានចូលខ្លួនមកដល់ក្នុងតំបន់ឥណ្ឌូចិនហើយក៏បានបំផ្លាញរបៀបរបបនៃការគ្រប់គ្រងបែបអាណានិគមនិយមរបស់បារាំង។ ផ្ទុយពីឥណ្ឌាដែលត្រូវបានអង់គ្លេសប្រគល់ឯករាជ្យឱ្យវិញតាមរយៈការចរចាដោយសន្តិវិធីក្រោយការបញ្ចប់នៃសង្គ្រាមលោកលើកទី២ ប្រទេសដែលស្ថិតនៅក្នុងតំបន់ឥណ្ឌូចិនដែលមានដូចជា កម្ពុជា ឡាវ និងវៀតណាម គឺមិនត្រូវបានរំសាយនូវអាណានិគមកិច្ចដោយស្រួលៗពីប្រទេសបារាំងនោះទេ ប៉ុន្តែត្រូវលះបង់នូវសាច់ស្រស់និងឈាមស្រស់ដើម្បីប្តូរនូវឯករាជ្យភាពមកវិញ។ ចាប់ពីឆ្នាំ១៩៤៥មក ប្រទេសបារាំងនៅតែទទូចចង់ស្តារសណ្តាប់ធ្នាប់និងដាក់ការគ្រប់គ្រងទៅលើបណ្តាប្រទេសតូចៗដែលស្ថិតក្នុងតំបន់ឥណ្ឌូចិនដដែល។ ក៏ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋភាគច្រើនគឺបាននាំគ្នាងើបឡើងតស៊ូប្រឆាំង និងដេញពួកអាណានិគមនិយមបារាំងចេញពីឥណ្ឌូចិន។ ហេតុដូច្នេះហើយ ទោះចង់មិនចង់ ការប៉ះទង្គិចគ្នារវាងកងទ័ពបារាំងនិងពួកប្រទេសនៅក្នុងតំបន់ឥណ្ឌូចិនគឺចៀសមិនផុតនោះទេ ហើយនេះក៏បានក្លាយជាមូលហេតុចម្បងនាំឱ្យមានសង្គ្រាមឥណ្ឌូចិនទី១កើតឡើងផងដែរ។
តើអ្វីទៅគឺជាសង្គ្រាមឥណ្ឌូចិនទី១?
សង្គ្រាមឥណ្ឌូចិនទី១ត្រូវបានគេស្គាល់ជាទូទៅថាជាសង្គ្រាមប្រឆាំងជាមួយនឹងអាណានិគមបារាំងរវាងកងទ័ពវៀតមិញដែលដឹកនាំដោយលោក ហ៊ូ ជីមិញ និងកងទ័ពបារាំងនៅក្នុងប្រទេសវៀតណាម ដែលនេះបានចាប់ផ្តើមផ្ទុះឡើងក្នុងទឹកដីបារាំងឥណ្ឌូចិន (French Indochina) ដែលបានបន្តអូសបន្លាយអស់រយៈពេលជិតមួយទសវត្សរ៍គឺចាប់ពីថ្ងៃទី១៩ធ្នូ ឆ្នាំ១៩៤៦ ដល់ ថ្ងៃទី២០ ខែកកក្តដា ឆ្នាំ១៩៥៤។ ជម្លោះនេះបានក្លាយជាកាតាលីករជំរុញឱ្យមានកងកម្លាំងជាច្រើនដែលមកពីភាគី ឬក៏អង្គភាពផ្សេងៗគ្នាមកចូលពាក់ព័ន្ធ។ នៅក្នុងនោះមានដូចជាអង្គភាពបេសកកម្មចុងបូព៌ារបស់សហភាពឥណ្ឌូចិន (French Far East Expeditionary Corps) របស់សហភាពបារាំងដឹកនាំដោយរដ្ឋាភិបាលបារាំងនិងគាំទ្រដោយអតីតកងទ័ពជាតិវៀតណាមរបស់អតីតអធិរាជបាវ-ដាយ (Bao Dai) ប្រឆាំងនឹងកងទ័ពប្រជាជនវៀតណាមនិងវៀតមិញ (កុម្មុយនីស្ត) ដឹកនាំដោយលោក វ៉ូ ង្វៀន ជីប (Vo Nguyen Giap) និង ហ៊ូ ជីមិញ (Ho Chi Minh)។ ការប្រយុទ្ធភាគច្រើនបានកើតឡើងនៅតុងកឹង (Tonkin) នៅភាគខាងជើងនៃប្រទេសវៀតណាម។ ទន្ទឹមគ្នានេះផងដែរ ជម្លោះបានសាយភាយទៅកាន់ផ្ទៃប្រទេសទាំងមូល ហើយក៏បានពង្រីកខ្លួនចូលទៅដល់ប្រទេសដែលមានព្រំប្រទល់ជាប់គ្នាផងដែរមានដូចជាប្រទេស ឡាវ និងកម្ពុជាជាដើម។
តើសង្គ្រាមនេះបានចាប់ផ្តើមដោយរបៀបណា?
នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បារាំងត្រូវបានអាលឺ្លម៉ង់វាយបំបាក់យ៉ាងចាស់ដៃហើយជាមួយគ្នានោះ ឥទ្ធិពលរបស់ខ្លួននៅឥណ្ឌូចិនក៏បានថមថយចុះផងដែរ។ ដែលនេះជាហេតុរុញច្រានឱ្យមហាអំណាចជប៉ុនដែលត្រូវជាសម្ព័ន្ធមិត្តរបស់អាល្លឺម៉ង់មានឱកាសចូលខ្លួនមកក្នុងតំបន់ឥណ្ឌូចិនហើយក៏បានវាយបណ្តេញកងទ័ពបារាំងដែលមានចំនួនតិចតួចចេញពីតំបន់កាន់កាប់របស់ខ្លួននេះទៅ។ ទន្ទឹមគ្នានោះ ការចូលមកដល់របស់ជប៉ុនអាចជាកាតាលីករញាំងឱ្យប្រទេសនៅតំបន់ឥណ្ឌូចិនហ៊ានប្រកាសឯករាជ្យភាពនិងស្វ័យភាពរបស់ខ្លួនពីអាណានិគមនិយមបារាំង។ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៤៥ វៀតមិញឬក៏គណបក្សកុម្មុយនីស៍ឥណ្ឌូចិន (ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ១៩៤១) ដឹកនាំដោយ ហ៊ូ ជីមិញ បានប្រកាសនូវឯករាជភាពនៃប្រទេសវៀតណាម ហើយជាមួយគ្នានេះ អធិរាជ បាវ-ដាយ បានដាក់រាជ្យចុះហើយក៏បានប្រគល់អំណាចស្របច្បាប់របស់ខ្លួនទៅឱ្យរដ្ឋាភិបាលថ្មីកាន់កាប់ម្តង។ លទ្ធផលនៃសង្គ្រាមលោកលើកទី២បានបង្ហាញថា បារាំងជាអ្នកឈ្នះសង្គ្រាម រីឯជប៉ុនគឺជាអ្នកដែលចាញ់សង្គ្រាម។ ហេតុដូច្នេះហើយ ក្រោយសង្គ្រាមលោកលើកទី២ បារាំងបានវិលត្រឡប់មកកាន់ឥណ្ឌូចិនដែលជារដ្ឋបាលអាណានិគមរបស់ខ្លួនវិញ។ ហើយទន្ទឹមគ្នានោះ ក៏បានប្រើកងកម្លាំងដើម្បីបណ្តេញរដ្ឋាភិបាលអ្នកជាតិនិយមចេញពីសង្វៀនអំណាច។ ទោះបីយ៉ាងណាក៏ដោយ វៀតមិញមិនបណ្តោយឱ្យបារាំងធ្វើអ្វីតាមតែទំនើងចិត្តរបស់ខ្លួននោះទេ ហើយក៏បានវាយតបតមកជាមួយវិញដោយការវាយប្រហារនៅឯ Cite Herault ដែលជាហេតុបណ្តាលឱ្យកងទ័ពបារាំងស្លាប់និងរបួសជាច្រើននាក់។ ចាប់ពីពេលនេះមក ការប៉ះទង្គិចគ្នារវាងកងទ័ពបារាំងនិងវៀតមិញចេះតែបន្តកើតមានឡើងជាហូរហែរ ហើយមិនត្រឹមតែប៉ុណ្ណោះ មានភាគីផ្សេងៗទៀតក៏បានចូលរួមនៅក្នុងជម្លោះនេះផងដែរមានដូចជាប្រទេសចិននិងសហរដ្ឋអាមេរិកជាដើម។ នៅឆ្នាំ១៩៤៦ សង្គ្រាមក៏ចាប់ផ្តើមផ្ទុះឡើងពាសពេញវៀតណាមខាងត្បូង ហើយនេះក៏ជាចំណុចចាប់ផ្តើមនៃសង្គ្រាមដោយពេញលេញផងដែរ។
តើសង្គ្រាមនេះត្រូវបានបញ្ចប់ដោយរបៀបណា?
ទោះបីភាគីទាំងពីរបានមកអង្គុយនៅក្នុងកិច្ចចរចាជាមួយគ្នាក៏ដោយ ប៉ុន្តែការចរចានេះគឺគ្មានភាពច្បាស់លាស់និងប្រាកដប្រជានោះទេ ដោយហេតុតែគ្មានចំណុចរួមណាមួយត្រូវបានកើតឡើងនោះទេហើយភាគីទាំងពីរក៏បានប្រុងប្រៀបកងកម្លាំងរួចជាស្រេចដើម្បីជួបមុខគ្នានៅសមរភូមិហើយដែរ។ដំបូងឡើយ ពួកវៀតមិញគឺមិនហ៊ានតទល់គ្នាដោយចំពោះមុខជាមួយកងទ័ពបារាំងនោះទេ គឺបានត្រឹមតែប្រើតាក់ទិកបែបទ័ពព្រៃវាយឆ្មក់ប៉ុណ្ណោះ ពីព្រោះថាកងទ័ពបារាំងគឺមានលក្ខណៈខ្លាំងក្លាជាង។ នៅក្នុងអំឡុងឆ្នាំ១៩៤៨ គឺជាការមកដល់នៃរបត់ដ៏សំខាន់មួយពីព្រោះថាកងទ័ពបក្សកុម្មុយនីស្តរបស់ ម៉ៅ សេទុង បានវាយឈ្នះទៅលើចិនដីគោកទាំងមូល ហើយបានបណ្តេញរដ្ឋាភិបាលរបស់លោក ចាង កៃចៀក ឱ្យនិរទេសទៅកាន់កោះតៃវ៉ាន់។ សាធាររដ្ឋប្រជាមានិតចិនក៏បានក្លាយជាខ្នងបង្អែកយ៉ាងធំមួយដែលបានផ្តល់ជំនួយសព្វបែបយ៉ាងទៅដល់ពួកវៀតមិញដើម្បីច្បាំងតទល់ជាមួយទាហ៊ានបារាំង។ ចំណែកឯសហរដ្ឋអាមេរិកវិញ ក៏បានសម្រេចគាំទ្របារាំងនៅក្នុងការធ្វើសង្គ្រាមមួយផងដែរ។ តាមពិតទៅ សហរដ្ឋអាមេរិកគឺជាអ្នកដែលប្រឆាំងនឹងអាណានិគមនិយម ក៏ប៉ុន្តែនៅបរិបទនេះ សហរដ្ឋអាមេរិកភ័យខ្លាចថាប្រសិនបើពួកកុម្មុយនីស្តវៀតមិញឈ្នះសង្គ្រាម វានឹងអាចក្លាយជាកាតាលីករនាំឱ្យមនោគមន៍វិជ្ជាកុម្មុយនីសន្តហូរចូលទៅក្នុងតំបន់ឥណ្ឌូចិនទាំងមូល។ វៀតមិញបានឈ្លានពានប្រទេសឡាវនៅឆ្នាំ១៩៥២ ជាហេតុដែលធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែភ័យឡើងៗ ហើយក៏បានជំរុញបារាំងធ្វើសង្គ្រាមជាដំណោះស្រាយជាជាងការចរចាជាមួយនឹងពួកវៀតកុង។ បារាំងចូលកាន់តែជ្រៅទៅក្នុងភាគខាងជើងនៃប្រទេសហើយក៏បានកំណត់ទីតាំងនៅ ឌៀនបៀនភូ ថាជាចំណុចស្លាប់រស់របស់ខ្លួន។ កងទ័ពវៀតមិញបានធ្វើការវាយប្រហារយ៉ាងចាស់ដៃទៅលើបារាំងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៥៤។ ទោះបីកងទ័ពវៀតមិញទទួលរងរបួសយ៉ាងដំណំយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេនៅតែអាចធ្វើបានដោយបានវាយឈ្នះកងទ័ពបារាំងនៅឯឌៀនបៀនភូ។ ជារួមមក ការចាញ់សង្គ្រាមនៅឌៀនបៀនភូរបស់កងទ័ពបារាំងគឺជារឿងមួយដ៏គួរឱ្យអាម៉ាស់ និងវិនាសកម្មដ៏ធំមួយសម្រាប់ប្រជាជាតិបារាំង។ យោងទៅតាមរបាយការណ៍ដែលចេញផ្សាយដោយ World Peace Foundation បានលើកឡើងថា កងទ័ពបារាំងបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះប្រមាណជា ១.៥០០ នាក់ បន្សល់ទុកនូវកងទ័ពដែលមានរបួសចំនួនពី ៣.០០០ ទៅ ៤.០០០ នាក់ និងកងទ័ពចំនួន ១០.០០០ នាក់ ត្រូវបានជាប់គុក ក្នុងនោះមានតែកងទ័ពចំនួន ១.៩០០ នាក់ប៉ុណ្ណោះដែលត្រូវបានប្រគល់ទៅឱ្យបារាំងវិញនៅឆ្នាំ១៩៥៥។ ទោះបីជាសហរដ្ឋអាមេរិកបានផ្តល់ជំនួយជាច្រើនទៅដល់រដ្ឋាភិបាលបារាំងយ៉ាងណាក៏ដោយ ក៏សង្គ្រាមឥណ្ឌូចិនត្រូវបានបញ្ចប់នៅពេលដែលកងទ័ពវៀតណាមបានវាយបំបាក់និងឈ្នះបារាំងនៅឌៀនបៀនភូនេះ។ លើសពីនេះ បន្ទាប់ពីចាញ់សង្គ្រាមនៅឌៀនបៀនភូហើយ បារាំងបានដកខ្លួនចេញពីទឹកដីឥណ្ឌូចិនដែលខ្លួនបានកាន់កាប់ស្ទើរតែជិតមួយសតវត្សន៍។ ទន្ទឹមគ្នានេះ ជ័យជម្នះដ៏ធំនេះក៏បានក្លាយជាចលករជាសារវន្តជំរុញឱ្យមានការចរចានៅទីក្រុង Geneva កើតឡើងដែលគោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី «បញ្ឈប់នូវសង្គ្រាម និងកសាងសន្តិភាពឡើងវិញនៅឥណ្ឌូចិន ប្រកបដោយការធានាខុសត្រូវ» ។ គួររំលឹកផងដែរថា នៅក្នុងសន្និសីទនេះមានសមាសភាពចូលរួមដូចជាតំណាងនៃរដ្ឋាភិបាលបាវដាយ មេដឹកនាំវៀតមិញ សហភាពសូវៀត ចិន បារាំង អង់គ្លេស និងសហរដ្ឋអាមេរិកជាដើម។