នៅដើមខែមេសា ឆ្នាំ២០២១នេះ រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសអាល្លឺម៉ង់លោក Jens Spahn បានចេញសេចក្តីថ្លែងការណ៍ថាប្រទេសអាល្លឺម៉ង់កំពុងតែនៅក្នុងដំណាក់ការពិភាក្សាជាមួយនឹងភាគីប្រទេសរុស្ស៊ីក្នុងការទិញដូសវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ី។ ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា លោកកំពុងតែរងចាំការចេញសេចក្តីប្រកាសទទួលស្គាល់ពីខាងភាគីសហភាពអឺរ៉ុប។ គួរបញ្ជាក់ផងដែរថា ប្រទេសដែលជាសមាជិកនៃសហភាពអឺរ៉ុបមានទស្សនៈផ្សេងៗគ្នាទៅលើវ៉ាក់សាំងSputnik Vលើការទិញឬមិនទិញវ៉ាក់សាំងរុស្ស៊ី។ ជាក់ស្ដែង ប្រទេសហុងគ្រីនិងប្រទេសស្លូវ៉ាគី(Slovakia Republic) បានទិញវ៉ាក់សាំងនេះរួចហើយ ចំណែកឯប្រទេសអូទ្រីសនិងប្រទេសអាល្លឺម៉ង់កំពុងតែនៅក្នុងដំណាក់ការចរចារជាមួយភាគីរុស្ស៉ីដើម្បីបញ្ជាទិញវ៉ាក់សាំង។ ហើយក្នុងនោះក៏មានប្រទេសដែលដាច់ខាតមិនទិញវាក់សាំងរបស់រុស្ស៊ីទេ ដែលភាគច្រើនជាប្រទេសនៅអឺរ៉ុបប៉ែកខាងកើត។ ដូចនេះ តើការសម្រេចចិត្តទាំងនេះមានឥទ្ធិពលយ៉ាងណាដល់ទំនាក់ទំនងរុស្ស៊ីនិងបណ្តាប្រទេសសហភាពអឺរ៉ុប?
រុស្ស៊ីក្នុងនយោយបាយការទូតវ៉ាក់សាំង
រុស្ស៊ីក៏ជាភ្នាក់ងារសំខាន់មួយផងដែរនៅក្នុងឆាកនយោបាយការទូតមួយដែលគេឱ្យឈ្មោះថា ជានយោបាយការទូតវ៉ាក់សាំង(Vaccine Diplomacy)។ ចាប់តាំងពីដើមឆ្នាំ២០២០ នៅពេលដែលជំងឺកូវីដ១៩បានរីកដុះដាលជុំវិញពិភពលោក ប្រទេសមានអំណាចជាច្រើនបានប្រកួតប្រជែងគ្នាដើម្បីឱ្យផលិតបានវ៉ាក់សាំងមុនគេ។ ជាក់ស្ដែង នៅក្នុងខែឧសភាឆ្នាំ២០២០ រដ្ឋាភិបាលរុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំង Sputnik V ដោយក្រសួងសុខាភិបាលរបស់ប្រទេសរុស្ស៊ី។ តាមពិតទៅឈ្មោះ Sputnik V នេះគឺជាឈ្មោះផ្កាយរណបដែលបានបង្ហោះទៅក្នុងយានអវកាសមុនដំបូងគេលើពិភពលោក និងបានឆ្លុះបញ្ចាំងពីសក្តានុពលលើវិស័យស្រាវជ្រាវនិងបច្ចេកវិទ្យាដ៏ខ្លាំងក្លារបស់សហភាពសូវៀតក្នុងសម័យសង្គ្រាមត្រជាក់។ ស្ថាប័ន Gamaleya Research Institute of Epidemiology and Microbiology ក៏បានអះអាងថាវ៉ាក់សាំងនេះត្រូវបានឆ្លងការពិសោធន៍ដោយជោគជ័យដោយមិនបង្កឱ្យមានផលប៉ះពាល់អ្វីឡើយ។ ជាមួយគ្នានេះដែរ The Gamaleya National Research Center of Epidemiology and Microbiology and the Russian Direct Investment Fund (RDIF) បានរាយការណ៍ថាវាក់សាំងរបស់រុស្ស៊ីមួយនេះមានប្រសិទ្ធិភាពរហូតដល់ ៩៧.៦%។ ដើម្បីផ្ដល់ទំនុកចិត្ដបន្ថែមទៅលើវាក់សាំងនេះ លោកវ្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរបស់ប្រទេសរូស្សុីក៏បានអះអាងថាកូនស្រីម្នាក់របស់លោកក៏ទទួលបានវ៉ាក់សាំង Sputnik V ផងដែរ។ ការអះអាងរបស់លោកនេះគឺធ្វើឡើងដើម្បីចង់បង្ហាញទៅដល់មហាជននិងឆាកអន្តរជាតិថាវ៉ាក់សាំង Sputnik V គឺពិតជាមានប្រសិទ្ធភាពមែន។
នយោបាយការទូតវ៉ាក់សាំងរបស់រុស្ស៊ីគឺជាយន្តការមួយដែលរដ្ឋភិបាលរុស្ស៊ីបានប្រើប្រាស់ដើម្បីបញ្ជ្រាបអំណាចទន់ (Soft Power)របស់ខ្លួនទៅលើឆាកអន្តរជាតិ។ នយោបាយការទូតវ៉ាក់សាំងនេះ ប្រព្រឹត្តទៅដោយការផលិតនិងចែកចាយ និងលក់ដូរវ៉ាក់សាំងទៅកាន់ប្រទេសដទៃទៀត។ បើយោងតាមទិន្នន័យពី Direct Investment Fund ប្រទេសរុស្ស៊ីបានទទួលការបញ្ជាទិញយកវ៉ាក់សាំងSputnik V ចំនួនលើសពី ១.២ ប៊ីលានដូសពីសំណាក់៥០ប្រទេសរួចទៅហើយ បើគិតមកទល់ចុងឆ្នាំ២០២០ដែលនៅក្នុងចំណោមប្រទេសទាំងនោះក៏បានប្រទេសខ្លះជាសមាជិករបស់សហភាពអឺរ៉ុបផងដែរ។
នៅខែមករា ឆ្នាំ២០២១ ប្រទេសហុងគ្រីក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលបានទិញយកវ៉ាក់សាំងSputnik V ពីប្រទេសរុស្ស៊ីដោយអនុម័តឱ្យប្រើប្រាស់វ៉ា់ក់សាំងនេះក្នុងគ្រាអាសន្ន។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលហុងគ្រីនេះបានធ្វើឡើង ដោយវ៉ាក់សាំងSputnik V មិនទាន់បានការទទួលស្គាល់ពីខាងភាគីសហភាពអឺរ៉ុបនៅឡើយទេ។ មួយវិញទៀត ប្រទេសអុីតាលីនិងប្រទេសរុស្ស៊ីវិញបានចុះកិច្ចព្រមព្រៀងដើម្បីឱ្យអុីតាលីអាចផលិតវ៉ាក់សាំងនៅក្នុងប្រទេសរបស់ខ្លួន។ បណ្តាប្រទេសជាច្រើនក៏បានបើកជំហររបស់ខ្លួន ថានឹងទទួលយកវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ី ប្រសិនបើមានការទទួលស្គាល់ពីភាគីមានអំណាចរបស់សហភាពអឺរ៉ុប។ នៅដើមខែ៣ ឆ្នាំ២០២១នេះ European Medicines Agency (EMA) បានចាប់ផ្តើមដំណើរការក្នុងការពិនិត្យវិនិច្ឆ័យវ៉ាក់សាំងSputnik V។
សហភាពអ៊ឺរ៉ុបដល់ផ្លូវទាល់ច្រក
ការងាកមករកវ៉ាក់សាំងSputnik V ពីសំណាក់សមាជិកអឺរ៉ុបមួយចំនួនគឺដោយសារតែកត្តាជាច្រើនយ៉ាង។ កត្តាទីមួយគឺដោយសារតែកត្តាសុខាភិបាលរបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួន គឺមិនអាចទ្រាំទ្រនឹងអត្រាឆ្លងរោគ និងអត្រាមរណៈដោយសារជំងឺកូវីដ១៩បានឡើយ។ យោងតាមរបាយការណ៍របស់ Statista មកដល់ខែមេសា ឆ្នាំ២០២១ សាធារណរដ្ឋឆែក (Czech Republic) និងប្រទេសហុងគ្រី (Hungary)ឈរនៅលើលំដាប់ទីមួយនិងទីពីរ បើគិតពីអត្រាមរណៈមនុស្សមួយក្នុងចំណោម១០ម៉ឺននាក់ ដោយសាធារណរដ្ឋឆែកមានអត្រាស្លាប់ដល់ទៅ២៦២,១៥នាក់ រីឯប្រទេសហុងគ្រីវិញ មានអត្រាមរណៈ២៤២,៥៩ នាក់។ ចំណែកឯប្រទេសស្លូវ៉ាគី និងប្រទេសអុីតាលីក៏ជាប្រទេសដែលមានអត្រាមរណៈខ្ពស់ផងដែរ បើយោងតាមទិន្នន័យនៅក្នុងរបាយការណ៍ដដែលនោះ។ កត្តាទីពីរ បន្ថែមពីលើកំណើននៃអត្រាមរណៈខ្ពស់នេះ សហភាពអឺរ៉ុបក៏បានជួយប្រទះនូវបញ្ហាកកស្ទះនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួនទៀតផង។ បញ្ហានេះគឺបង្កឡើងដោយសារការយឺតយ៉ាវនៃការផលិតវ៉ាក់សាំងPfizer BioNTech និង Moderna ដែលជាវ៉ាក់សាំងទទួលស្គាល់ដោយ EMA។ លើសពីនេះទៅទៀតបញ្ហាកកស្ទះនៃការចែកចាយវ៉ាក់សាំងក៏បង្កដោយសារតែវ៉ាក់សាំង Astra Zeneca បានទទួលរបាយការណ៍ថាអ្នកដែលទទួលបានវ៉ាក់សាំងនេះមួយចំនួនមានបញ្ហាកំណកឈាម។ ប្រទេសមួយចំនួនដូចជាប្រទេសដាណឺម៉ាក (Danmark) បានបញ្ឈប់ការចាក់វ៉ាក់សាំង Astra Zeneca នេះទៅឱ្យប្រជាជនរបស់ពួកគេ ចំណែកឯប្រទេសបារាំង អាល្លឺម៉ង់ និងអ៉ីតាលីកំណត់ឱ្យចាក់តែក្រុមមនុស្សចាស់តែប៉ុណ្ណោះ ក្រោយពេលដែលប្រទេសទាំងនេះធ្លាប់ផ្អាកការចាក់វ៉ាក់សាំងនេះនៅដើមឆ្នាំ២០២១។
គំនិតអវិជ្ជមានរបស់ប្រទេសក្នុងសហភាពមួយចំនួនទៅលើវាក់សាំង
ប្រទេសជាច្រើននៅក្នុងសហភាពអឺរ៉ុបជាពិសេសបណ្តាប្រទេសអឺរ៉ុបភាគខាងលិចនិងខាងជើង បានបកស្រាយថាពួកគេកំពុងតែរងចាំការសិក្សាស្រាវជ្រាវពីខាងភាគីEMA។ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមានប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុបសម្តែងទស្សនៈអវិជ្ជមានទៅលើវ៉ាក់សាំងរបស់រុស្ស៊ី។ ប្រធានាធិបតីប្រទេសលីទុយអានី(Lithunie) លោក Gitanas Nausėda បានចេញសេចក្តីប្រកាសថាប្រទេសរបស់លោកនឹងមិនប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសរុស្ស៊ីឡើយបើទោះបីជាមានការទទួលស្គាល់ពី EMA ក៏ដោយ។ ជំនួយការរបស់ប្រធានាធិបតីប៉ូឡូញក៏បានមកស្រាយថាប្រទេសប៉ូឡូញក៏មិនមានគម្រោងនឹងទិញយកវ៉ាក់សាំងSputnik V នេះទេ។ ប្រទេសទាំងពីរតែងតែចាត់ទុកប្រទេសរុស្ស៊ីជាការគម្រាមកំហែងមកដល់សាមគ្គីភាពរបស់សហភាពអឺរ៉ុប ដោយសារតែប្រទេសទាំងពីរធ្លាប់មានប្រវតិ្តសាស្ត្រឈ្លានពានពីប្រទេសរុស្ស៊ីមកហើយ។ ជារួម ប្រទេសអឺរ៉ុបខាងកើតទាំងនេះភាគច្រើនតែមានជំហរប្រឆាំងនឹងរុស្ស៊ីខ្លាំងក្លាជាងសមាជិកអឺរ៉ុបផ្នែកខាងលិចដោយសារតែកត្តាប្រវត្តិសាស្ត្រនិងនយោបាយ។ ជាមួយគ្នានេះដែរ លោក Nausėda ក៏បាននិយាយថាវ៉ាក់សាំងSputnik V គឺជាអាវុធដែលរដ្ឋាភិបាលក្រឹមឡាំង(Kremlin)ប្រើដើម្បីធ្វើការបំបែកបំបាក់និងគ្រប់គ្រងអឺរ៉ុប។
សរុបមក ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ បានក្លាយទៅជាដំណាក់កាលក្នុងការតេស្តពិសោធន៏នៃភាពរឹងមាំនៃសាមគ្គីភាព និងសមូហភាពរបស់សហភាពអឺរ៉ុប ទន្ទឹមនឹងនេះដែរ នេះក៏ជាឱកាសដ៏ល្អផងដែរសម្រាប់រុស្ស៊ីក្នុងការបញ្ជ្រាបឥទ្ធិពលរបស់ខ្លួនទៅលើទ្វីបអឺរ៉ុប។ គោលនយោបាយចម្បងរបស់ប្រទេសរុស្ស៊ីគឺចង់រក្សានិងការពារជំហរឥទ្ធិពលរបស់ខ្លួន ដែលភាគច្រើនជាអតីតរដ្ឋរបស់សហភាពសូវៀត។ លើសពីនេះ គោលនយោបាយវ៉ាក់សាំងនេះ អាចជាឈ្នាន់ដែលរុស្ស៊ីអាចប្រើប្រាស់ទៅថ្ងៃក្រោយដើម្បីបង្កើតសម្ព័ន្ធមិត្តជាមួយបណ្តាប្រទេសនានាក្នុងសហភាពអឺរ៉ុប និងធ្វើយ៉ាងណាឱ្យខ្លួនឯងមានឥទ្ធិពលដល់គោលនយោបាយសហភាពអឺរ៉ុបទៅថ្ងៃក្រោយ។