"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើអ្វីជាវិបត្ដិហិរញ្ញវត្ថុអាស៊ីនៅឆ្នាំ១៩៩៧?

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា គង់ រដ្ធាវី

វិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ​១៩៩៧ ឬ Asian financial crisis ត្រូវបានកត់ត្រាជាពេលដែលតំបន់អាស៊ីបានជួបនូវបញ្ហាសេដ្ឋកិច្ចនិងបានក្លាយជាប្រធានបទសិក្សារបស់សេដ្ឋវិទូរហូតមក។ ធនាគារឯកជនជាច្រើនបានប្រកាសក្ស័យធនដោយសារតែកម្ចីអសកម្ម non-performance loan (ឥណទានមិនដំណើរការ) ហើយតម្លៃរូបិយប័ណ្ណបាតរបស់ថៃបានធ្លាក់ចុះជាអតិបរមានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩៧  ខណៈដែលធនាគារកណ្ដាលថៃប្រកាសពីទុនបម្រុងជារូបិយប័ណ្ណបរទេសតម្កល់បានអស់ស្ទើរតែ១០០%។ ផលប៉ះពាល់ធ្ងន់ធ្ងរនៃវិបត្តិហិរញ្ញវត្ថុអាស៊ីបានធ្វើឱ្យ​ផលិតផលក្នុងស្រុកសរុប (GDP)​ បន្តធ្លាក់ចុះចន្លោះពី ៥,៨% ទៅ ១៣,៧% នៅឆ្នាំ១៩៩៨ នៅអាស៊ី។ យោងតាមរបាយការណ៍របស់កិច្ចប្រជុំកំពូលស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ UNCTAD ឬ United Nations Conference on Trade and Development បង្ហាញថា លក្ខណៈពិសេសមួយចំនួនដែលកត់សម្គាល់បាននៅពេលមានវិបត្តិនេះកើតឡើង​រួមមានដូចជាវិបត្តិហិរញ្ញវត្ថុដែលចេញមកពីកម្ចីធនាគារ​ក្នុងតំបន់ និងអស្ថិរភាពរូបិយវត្ថុជាតិជះឥទ្ធិពលឈានដល់មានអតិផរណា។

វិបត្តិហិរញ្ញវត្ថុប្រទេសថៃឆ្នាំ​១៩៩៧ជាដើមចមនាំឱ្យមានវិបត្តិសេដ្ឋកិច្ចនៅអាស៊ី

ថៃជាប្រទេសដែលមានសន្ទុះអភិវឌ្ឍគួរឱ្យកត់សម្គាល់នៅទស្សវត្សន៍ឆ្នាំ ១៩៩០ ដោយប្រសិទ្ធិភាពនៃគោលនយោបាយសេដ្ឋកិច្ចទីផ្សារសេរី។ នយោបាយហិរញ្ញវត្ថុរបស់ថៃពីមុនឆ្នាំ១៩៩៧ គឺការកម្រិតអត្រាប្តូរប្រាក់និងរក្សាតម្លៃរូបិយប័ណ្ណបាតថៃឱ្យនៅថេរ (currency peg) ដោយនាពេលនោះ ១ដុល្លារអាមេរិកមានតម្លៃចន្លោះពី២០បាតទៅ២៥បាត  ខណៈដែលប្រាក់ដុល្លារអាមេរិកចុះថោកដោយសារតែវិបត្ដិនៅសេដ្ឋកិច្ចនៅអាមេរិកកាលពីឆ្នាំ១៩៩១។  ចន្លោះឆ្នាំ ១៩៩៣ និង ១៩៩៥ ថៃបន្តរក្សាតម្លៃលុយបាតបែបនេះនិង បានដំឡើងអត្រាការប្រាក់ដើម្បីទាក់ទាញលំហូរចូលនៃមូលធន Capital inflow ច្រើន ប៉ុន្តែគោលការណ៍នេះមានប្រសិទ្ធភាពធានាក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ តាមរយៈការសិក្សាម៉ាក្រូសេដ្ឋកិច្ច ដើម្បីទាក់ទាញលំហូរចូលនៃមូលធន (Capital inflow) គេត្រូវដំឡើងអត្រាការប្រាក់ពិតប្រាកដ តែបើគេទម្លាក់អត្រានោះវានឹងមានលំហូរចេញមូលធន (Capital outflow)។ ការកើនឡើងនៃអត្រាការប្រាក់ពិតប្រាកដបានប៉ះពាល់ដល់តុល្យភាពនៃការទូទាត់អត្រាប្តូរប្រាក់ក្នុងទីផ្សារជាពិសេសលើទំហំកញ្ចប់ឥណទានឬកម្ចី (loanable fund)។  ខណៈដែលប្រាក់បាតថៃស្ថិតនៅតម្លៃថ្លៃ ប្រទេសថៃមានក៏កំណើនតម្រូវការសាច់ប្រាក់ដុល្លារអាមេរិក ហើយធនាគារក្នុងស្រុកបានបើកឱ្យមានឥណទានប្រាក់ដុល្លារអាមេរិកច្រើនឡើង។ នៅឆ្នាំ១៩៩៦ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចប្រទេសថៃបានធ្លាក់ចុះដុនដាបទៅៗដោយសាររដ្ឋាភិបាលថៃអស់រូបិយប័ណ្ណបរទេសក្នុងការទូទាត់ បន្ទាប់មកក៏សម្រេចដំឡើងថ្លៃលុយបាត​តាមគោលការណ៍ អត្រាប្តូរប្រាក់អណ្តែត (floating exchange rate)  ប៉ុន្តែតម្លៃលុយបាតក្រោយមកបានដួលរលំទៅវិញនិងឈានទៅរកអតិផរណាកម្រិតខ្ពស់។ គោលការណ៍អត្រាប្តូរប្រាក់អណ្តែត គឺជាការកំណត់មួយដែលតម្លៃរូបិយវត្ថុជាតិរបស់ប្រទេសមួយត្រូវបានកំណត់ដោយ ទីផ្សាររូបិយប័ណ្ណបរទេស (Forex)។ ក្នុងការកំណត់ គេមើលទៅលើការផ្គត់ផ្គង់និងតម្រូវការដែលទូទាត់ជាមួយនឹងរូបិយប័ណ្ណបរទេសដទៃទៀតក្នុងលក្ខខ័ណ្ឌទីផ្សារ ហើយការកំណត់តម្លៃនេះមិនមានលក្ខណៈថេរដូចជាការកំណត់របស់រដ្ឋទេ។ ប៉ុន្តែការផ្លាស់ប្តូរមិនបានជោគជ័យទេ ព្រោះលុយបាតបានរងអតិផរណាខ្ពស់និងមានអត្រាប្តូរធ្លាក់ចុះដល់ ៤០,២% ហើយក៏បានជះផលប៉ះពាល់ទៅប្រទេសដទៃក្នុងតំបន់ផងដែរ។ ក្នុងតំបន់អាស៊ាន ប្រទេសដែលរងគ្រោះពីអតិផរណានេះមានដូចជាលុយរីងហ្គីតរបស់ម៉ាឡេស៊ី រូពីរបស់ឥណ្ឌូនេស៊ី និងពេសូរបស់ហ្វីលីពីនផងដែរ។ បន្ទាប់មកប្រទេសកូរ៉េខាងត្បូងដែលជាខ្លាសេដ្ឋកិច្ចអាស៊ីបានជួបបញ្ហាដូចគ្នានេះដែរ ក្រោយពេលលុយបាតថៃចុះថោក លុយវុនកូរ៉េក៏ធ្លាក់ជាសញ្ញាណវិបត្តិសេដ្ឋកិច្ចដំណាក់កាលទី២។ ក្នុងខណៈនេះ លុយដុល្លារតៃវ៉ាន់ និង ដុល្លារហុងកុងបានធ្លាក់ចុះ ជាមួយស្ថានភាពលុយរូពីរបស់ឥណ្ឌូនេស៊ីធ្លាក់ចុះមិនចាញ់គ្នាជាមួយថៃ។

បញ្ហាចម្បងៗដែលចោទឡើងនៅពេលវិបត្តិសេដ្ឋកិច្ចផ្ទុះឡើង

ក្នុងរបាយការណ៍សិក្សាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF សេដ្ឋវិទូបានមើលឃើញពីចន្លោះប្រហោងនៃគោលការណ៍សេដ្ឋកិច្ច និងបញ្ហាគោលមួយចំនួនទៀតដែលមូលដ្ឋានគ្រឹះនៃវិបត្តិនេះដែលមានដូចជា៖

ក.​ ភាពទន់ខ្សោយនៃការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច

ចំណុចចន្លោះប្រហោងដែលសេដ្ឋកិច្ចទីផ្សារសេរីងាយរងគ្រោះនិងជួបប្រទះវិបត្តិហិរញ្ញវត្ថុបណ្តាលមកពីកត្តាម៉ាក្រូសេដ្ឋកិច្ច (macroeconomic factor)។ កត្តាម៉ាក្រូសេដ្ឋកិច្ចគឺជាការសិក្សាទាក់ទងនឹងបាតុភូតឬទិដ្ឋភាពធំនៃសេដ្ឋកិច្ចរបស់ប្រទេសណាមួយ។  ក្នុងនោះអតិផរណា ផលិតផលក្នុងស្រុកសរុប (GDP) ប្រាក់ចំណូលជាតិ និងកម្រិតអ្នកអត់ការងារធ្វើគឺជាឧទាហរណ៍នៃកត្តាម៉ាក្រូសេដ្ឋកិច្ច។ លក្ខខ័ណ្ឌកង្វះការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចជាបញ្ហាសំខាន់និងចម្បងនៃវិបត្តិឆ្នាំ១៩៩៧នេះ វាមានលក្ខណៈជាប្រព័ន្ធដែលចាប់ផ្តើមពីការរៀបចំគោលការណ៍រូបិយវត្ថុជាតិនិងសារពើពន្ធតឹងរ៉ឹងដើម្បីទប់ទល់នឹងលំហូរលុយដុល្លារអាមេរិក បន្ទាប់មកឈានដល់មានឱនភាពគណនីចរន្តឬ current account deficiency។ ប្រទេសមួយចំនួនបានធ្វើការកម្រិតតម្លៃរូបិយវត្ថុ​ថេរឬ currency peg ដែលការកម្រិតនេះជាការកំណត់របស់រដ្ឋាភិបាលលើអត្រាប្តូរប្រាក់រវាងរូបិយវត្ថុជាតិនិងបរទេសឱ្យនៅថេរ (fixed currency rate)។ ការកំណត់អត្រាថេរបានក្លាយជាទំនោរយន្តការសេដ្ឋកិច្ចដែលបានកំណត់ក្នុងគោលការណ៍រូបិយវត្ថុនៃប្រទេសអាស៊ីមួយចំនួនរួមមានរូបិយប័ណ្ណបាតប្រទេសថៃ និងរូបិយប័ណ្ណពេសូប្រទេសហ្វីលីពីន ក្នុងគោលបំណងរក្សាអត្រាប្តូរប្រាក់ឱ្យនៅនឹងនរ​នៅក្នុងរយៈពេលវែង។ ការកម្រិតអត្រាប្តូរប្រាក់ មានសារប្រយោជន៍ជំរុញដល់សាជីវកម្ម​ ការវិនិយោគក្នុងស្រុក និងធានាបាននូវការប៉ាន់ប្រមាណទុកមុននៃស្ថិរភាពរូបិយវត្ថុ (long-term predictability of exchange rates) ប៉ុន្តែវាក៏បានធ្វើឱ្យមានតម្រូវការសាច់ប្រាក់ដុល្លារលើទីផ្សារកើនឡើង។ ជាទូទៅការកម្រិតអត្រាប្តូរប្រាក់ថេរធ្វើឡើងដោយធនាគារកណ្តាល ហើយនាពេលនោះតម្លៃលុយបាតថៃមានតម្លៃខ្ពស់ជាងបច្ចុប្បន្ន ដែលពីមុនឆ្នាំ១៩៩៧ ១ដុល្លារអាមេរិកដូរបានពី ២០បាត​ទៅ២៥បាត រី​​ឯពេលសព្វថ្ងៃ ១ដុល្លារអាមេរិកស្មើនឹងប្រមាណ ៣០បាត។ ការកើនឡើងតម្រូវការសាច់ប្រាក់នៅក្នុងប្រទេសថៃចាប់ផ្តើមពីមុនឆ្នាំ១៩៩៧ទៅទៀត វាបណ្តាលមកពីការរីកដុះដាលការវិនិយោគថ្មីៗក្នុងស្រុកដែលត្រូវការឱ្យមានទ្រព្យមូលធនជាទុន “capital​ in Thai Baht” ជាហេតុនាំឱ្យមានការកើនឡើងនៃលំហូរចេញលុយ ក៏ដូចជាកំណើនកម្ចីប្រាក់ពីធនាគារ និងការធ្លាក់ចុះនៃអត្រាប្រាក់សន្សំ។ ការធ្លាក់ចុះនៃប្រាក់សន្សំ និងកំណើនកម្ចីឯកជនបានធ្វើ​​​​​​​​​​​​​​​​​​ឱ្យប្រទេសថៃប្រទះសញ្ញាណនៃការកើនឡើងនៃបំណុល និងឱនភាពគណនីចរន្ត។ ផ្ទុយពីថៃ ប្រទេសហ្វីលីពីនបានប្រទះនឹងឱនភាពដោយសារការផ្ទុះឡើងនៃកំណើនវិនិយោគទៅវិញ មិនមែនមកពីឱនភាពគណនីចរន្តនោះទេ។

ខ. ភាពទន់ខ្សោយនៃវិស័យហិរញ្ញវត្ថុក្នុងស្រុក និងបញ្ហាអតិផរណា

ដូចបានសិក្សាត្រួសៗពីខាងលើមកហើយ តម្រូវការសាច់ប្រាក់ដុល្លារបានធ្វើឱ្យរដ្ឋាភិបាលថៃជួបកង្វះរូបិយប័ណ្ណបរទេសក្នុងការរក្សាតម្លៃលុយបាតឱ្យនៅថេរ ជាហេតុនាំមានកំណើនអត្រាអតិផរណាហើយស្ថានភាពលុយបាតថៃចុះថោកជាគំហុក ដែលមានអត្រាធ្លាក់ចុះដល់ ៤០.២% រាប់ពីខែមិថុនាឆ្នាំ១៩៩៧ (២៤.៥បាត/ដុល្លារ) ដល់ខែកក្កដាឆ្នាំ១៩៩៨​ (៤១បាត/ដុល្លារ)។ ជាមួយគ្នានេះថៃបានចេញយន្តការហិរញ្ញវត្ថុដែលអនុញ្ញាតឱ្យមានឥណទានរយៈពេលខ្លីពីធនាគារ ហើយយន្តការណ៍នេះបានក្លាយជាកត្តាមួយអូសទាញឱ្យមានកម្ចីជាលុយដុល្លារអាមេរិកច្រើន។ គោលការណ៍ហិរញ្ញវត្ថុនេះមិនត្រឹមតែអូសទាញឱ្យមានកម្ចីជាលុយដុល្លារអាមេរិកច្រើន ប៉ុន្តែតាមរបាយការណ៍ពីធនាគារឯកជនក្នុងស្រុកថៃ ជិត៥០%នៃកម្ចីឯកជនរយៈពេលខ្លីនេះជាកម្ចីឥតដំណើរការ ធនាគារនាពេលនោះទទួលបានត្រឹមតែលុយអត្រាការប្រាក់ត្រលប់មកវិញ តែពុំមានសំណងបង្វិល។ ដោយសារមានតែលុយការប្រាក់តែគ្មានសំណងបង្វិល ការកើនឡើងនៃកម្ចីបែបនេះបានបណ្តោយឱ្យមានលំហូរលុយក្តៅ (លុយក្ដៅ (Hot money) គឺជាលុយដែលបានមកពីការប្រាក់ឥណទានរយៈពេលខ្លីនោះឯង) ដែលក្រោយមកវាបានចោទជាបញ្ហាដល់ធនាគាររហូតឈានដល់ការប្រកាសក្ស័យធនរបស់ធនាគារថៃក្នុងស្រុកជាច្រើន។

គ.​ ផលប៉ះពាល់នៃកង្វះទ្រព្យតម្កល់បរទេសដុល

ផលប៉ះពាល់នេះកើតឡើងពីការផ្តល់ឥណទានរយៈពេលខ្លី ជាពិសេសឥណទានបរទេសឬ cross border loan ច្រើននៅពេលទ្រព្យតម្កល់បរទេសមានទំហំប្រហាក់ប្រហែលនឹងបំណុល។ អំឡុងពេលនោះ ធនាគារកណ្តាលថៃបានប្រកាសពីការអស់នូវទ្រព្យតម្កល់បរទេសស្ទើរតែ១០០%។ ប្រទេសដែលបានចេញគោលការណ៍កម្ចីរយៈពេលខ្លីរួមមានថៃ កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងហ្វីលីពីន។ នៅពេលនោះ ប្រព័ន្ធធនាគារក្នុងប្រទេសថៃជាពិសេស Bangkok International Banking Facility (BIBF) បានបើកឱ្យមានការខ្ចីពីធនាគារបរទេសនៅឆ្នាំ១៩៩៣ដែលបានធ្វើឱ្យបំណុលកម្រិតមធ្យមកើនឡើង។ ការរៀបចំប្រព័ន្ធធនាគារ និងស្ថាប័នហិរញ្ញវត្ថុឯកជនមានសភាពទន់ខ្សោយ រី​​​ឯអត្រាការប្រាក់កាន់តែឡើងថ្លៃ ជាហេតុបណ្តាល​ឱ្យធ្វើឱ្យលំហូរចេញមូលធនច្រើន (Capital outflow) និងកំណើនឥណទានច្រើនជាងសំណង។ ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅសំរាប់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុថៃរហូតចន្លោះឆ្នាំ១៩៩៦ និង ១៩៩៧ និងបានបង្ហាញពីសញ្ញាក្ស័យធនច្រើនឡើង។ ក្នុងស្ថានភាពដែលមានវិបត្តិធនាគារក្ស័យធននេះ ធនាគារជាតិថៃមិនមានលទ្ធភាពក្នុងការស្រោចស្រង់ស្ថាប័ន​ឯកជនទាំងអស់នោះបានឡើយ។

ឃ. ភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ជាប្រព័ន្ធ

នៅពេលដែលមានវិបត្តិហិរញ្ញវត្ថុនិងធនាគារក្នុងស្រុកកើតឡើង វាបានប៉ះពាល់ទៅដល់ចង្វាក់ផលិតកម្មនៅវិស័យដទៃទៀតដូចជាសហគ្រាសនិងឧស្សាហកម្មនាំឱ្យការនាំចេញធ្លាក់ចុះ ជាហេតុធ្វើឱ្យប្រទេសនៅអាស៊ីមួយចំនួនដែលកំពុងរីកចម្រើននិងពឹងផ្អែកលើការនាំចេញមានសេដ្ឋកិច្ចធ្លាក់ចុះ។ នៅចន្លោះឆ្នាំ១៩៩៦និង ១៩៩៧​ GDP ឥណ្ឌូនេស៊ីបានធ្លាក់ ៤៣,២% ប្រទេសថៃ ២១,២% ប្រទេសម៉ាឡេស៊ី ១៩% កូរ៉េខាងត្បូង ១៨,៥% និង ហ្វីលីពីន ១២,៥%។ ចំណែកឯស្ថានភាពប្រទេសថៃវិញ ការចំណាយឯកជនបានថយចុះនៅឆ្នាំ ១៩៩៧ ដោយសារប្រាក់ខែតិចតួច និងការបាត់បង់ការងារធ្វើ។ ការនាំចូលទំនិញក៏បានថយចុះ ១% ក្នុងរយៈពេលដូចគ្នា។  រីឯការវិនិយោគឯកជនក៏បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ជាមួយនឹងសន្ទស្សន៍វិនិយោគឯកជនធ្លាក់ចុះពី ១០០,១% ក្នុងឆ្នាំ ១៩៩៦ ចុះទៅ ៨៣,៥% ក្នុងឆ្នាំ ១៩៩៧ ។ សន្ទស្សន៍ផលិតកម្មបានថយចុះប្រមាណ ៥,១% ក្នុងខែសីហាឆ្នាំ ១៩៩៧ ។ ប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់ប្រទេសទាំងអស់នេះជាពិសេសប្រទេសថៃក៏ទទួលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចនេះដែរ ហើយវាក៏បង្ហាញពីផលប៉ះពាល់ដែលជះឥទ្ធិពលជាប្រព័ន្ធ។​

ពាក្យគន្លឹះ

-​ ឱនភាពគណនីចរន្ត៖ ឱនភាពក្នុងផ្នែកគណនី នៃជញ្ជីងទូទាត់របស់ប្រទេសមួយ។
-​​ រចនាសម្ព័ន្ធមូលធន , រចនាសម្ព័ន្ធទុន៖ ១-សមាសភាពនៃបំណុល និង​ទ្រព្យរបស់ម្ចាស់(មូលធន)របស់ក្រុមហ៊ុនអាជីវកម្មមួយ។ ២-អនុបាតនៃកម្ចី និងហ៊ុនជាមូលធនលើមូលធនសរុបនៃក្រុមហ៊ុនមួយ។
-​ អនុបាតនៃលទ្ធភាពទូទាត់សងបំណុល៖ ការវាស់វែងនៃលទ្ធភាពរបស់ក្រុមហ៊ុនដើម្បីឆ្លើយតបកាតព្វកិច្ចរយៈពេលខ្លីដល់កំណត់ ដូចជាអនុបាតនៃលទ្ធភាពទូទាត់រហ័សនៃបំណុល។
– កញ្ចប់ឥណទាន៖ loanable fund គឺជាកញ្ចប់ប្រាក់ឬ fund ដែលអាចដាក់ឱ្យខ្ចីបាន កញ្ចប់នេះរួមបញ្ចូលប្រាក់សន្សំក្នុងគ្រួសារដែលអាចធ្វើកម្ចី ឬក៏ប្រាក់កម្ចីរបស់ធនាគារ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ស្រង់ ខាដាណេ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ