សង្គមនិយមនិងកុម្មុយនីស្ដនិយម គឺជាទស្សនៈវិជ្ជាឬក៏ទ្រឹស្តីសេដ្ឋកិច្ចនិងនយោបាយមួយយ៉ាងសំខាន់ដែលទ្រឹស្តីទាំងពីរនេះផ្តោតជាសំខាន់ទៅលើសមូហភាពនិយមជាជាងឯកជនភាពនិយម ជាពិសេសពាក់ព័ន្ធជាមួយមធ្យោបាយនៃផលិតកម្ម វិភាគទាននិងការដោះដូរទំនិញផ្សេងៗជាដើមនៅក្នុងសង្គម។ លើសពីនេះ សង្គមនិយមនិងកុម្មុយនីស្ដនិយមទាំងពីរនេះគឺមានសារជាតិប្រឆាំងជាមួយទ្រឹស្តីនៃប្រព័ន្ធមូលធននិយម ដែលទ្រឹស្តីទាំងពីរនេះចាត់ទុកទ្រឹស្តីមូលធននិយមថា ជាទ្រឹស្តីដែលកេងប្រវ័ញ្ច ជិះជាន់ទៅលើវណ្ណៈកម្មករ ជាពិសេសធ្វើឱ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងឡើង។ ទោះបីជា សង្គមនិយមនិងកុម្មុយនីស្ដនិយម មានភាពស្រដៀងគ្នាខ្លះនៅក្នុងផ្នែកមួយចំនួនក៏ដោយ ក៏ប៉ុន្តែនៅក្នុងនោះទ្រឹស្តីទាំងពីរនេះក៏មានភាពផ្សេងគ្នាទៅលើចំណុចមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ។ នៅក្នុងអត្ថបទមួយនេះយើងនឹងធ្វើការបកស្រាយទៅលើសំណួរដែលថាតើសង្គមនិយមនិងកុម្មុយនីស្ដនិយមខុសគ្នាយ៉ាងណាដែរ?
តើអ្វីទៅគឺជាសង្គមនិយម?
សង្គមនិយមសុទ្ធសាធ(Pure Socialism)គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលផលិតកម្មសេដ្ឋកិច្ចសំខាន់ៗមានដូចជា កម្លាំងពលិកម្ម សហគ្រិនភាព ទំនិញមូលធន(Capital goods)ហើយនិងធនធានធម្មជាតិ ត្រូវបានផ្តល់ឱ្យស្មើរៗគ្នាទៅដល់បុគ្គលម្នាក់ៗនៅក្នុងសង្គមតាមរយៈរដ្ឋាភិបាលដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ។ នៅពាក់កណ្តាលទី១នៃសតវត្សរ៍ទី ១៩ អ្នកគិតពីសង្គមនិយមដំបូងដូចជាHenri de Saint-Simon, Robert Owe និង Charles Fourier បានបង្ហាញគំរូផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ការរៀបចំសង្គមឡើងវិញតាមរយៈកិច្ចសហប្រតិបត្តិការនិងសហគមន៍ជាជាងការប្រកួតប្រជែងនៅក្នុងមូលធននិយមដែលទីផ្សារសេរីបានគ្រប់គ្រងការផ្គត់ផ្គង់និងតំរូវការទំនិញជាដើម។ ទន្ទឹមគ្នានេះ នៅក្នុងសង្គមនិយម បុគ្គលម្នាក់ៗអាចមាននូវទ្រព្យសម្បត្តិជាឯកជនភាពបាន ក៏ប៉ុន្តែសម្រាប់ឧស្សាហកម្ម និងសមត្ថភាពនៃផលិតកម្ម(Production Capacity) ផ្សេងៗដែលជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចជាតិគឺត្រូវតែជារបស់សមូហភាព ហើយត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលដែលបានជ្រើសតាំងតាមបែបប្រជាធិបតេយ្យ។ លើសពីនេះ រាល់ផលិតផល(Production) មានគោលបំណងគឺធ្វើយ៉ាងណាដើម្បីបំពេញនូវតម្រូវការរបស់មនុស្សម្នាក់ៗនិងសង្គមទាំងមូលដែលនេះអាចប្រព្រឹត្តិទៅបានដោយយោងទៅតាមសមត្ថភាពនិងការវិភាគទានរបស់បុគ្គលបុគ្គលម្នាក់ៗផងដែរ។ បន្ថែមពីនេះ យោងទៅតាមគេហទំព័រ ThoughtCo. បញ្ជាក់ថា នៅក្នុងសង្គមនិយម វណ្ណៈផ្សេងៗគ្នា(Classes)គឺអាចមានបាន ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ឬក៏ផ្សេងគ្នានោះវាត្រូវបានគេកាត់បន្ថយ(Diminished)។ ហើយជាពិសេសនោះ ការដែលមនុស្សមួយចំនួនរកបានច្រើនជាងមនុស្សមួយចំនួនទៀតគឺជារឿងដែលមិនអាចចៀសបានទេនៅក្នុងសង្គមនិយម។ សង្គមនិយមគឺជាទ្រឹស្តីដែលមិនតឹងខ្លាំងពេកនោះទេ ងាយបត់បែនដែលអាចធ្វើការសហការគ្នាជាមួយប្រព័ន្ធមូលធននិយមបាន។ អ្នកដែលជឿលើទ្រឹស្តីនេះស្វែងការផ្លាស់ប្តូរនិងកំណែទម្រង់ប៉ុន្តែទទូចឱ្យធ្វើការទាំងនេះតាមរយៈដំណើរការប្រធិជាធិតេយ្យនៅក្នុងរចនាសម្ព័ន្ធសង្គមនិងនយោបាយដែលមានស្រាប់មិនមែនផ្តូលរំលំរចនាសម្ព័ន្ធនោះទេ។ នៅក្នុងឆ្នាំ១៩៨០ អ្នកនិពន្ធនិងអ្នកជំនាញសង្គមវិទ្យា ជនជាតិអាមេរិក លោក ហ្គ្រេហ្គោរីប៉ូល(Gregory Paul)បានប្រារព្ធដល់ម៉ាក្សនៅក្នុងការសរសេរឃ្លាដែលត្រូវបានប្រើជាទូទៅដើម្បីពិពណ៌នាអំពីសង្គមនិយមថា«ចាប់ពីសមត្ថភាពបុគ្គលម្នាក់ បានទៅតាមតាមការចូលរួមចំណែករបស់គាត់»(From each according to his ability, to each according to his contribution)ផងដែរ។
តើកម្មុយនីស្ដនិយមខុសគ្នាពីសង្គមនិយមដោយរបៀបណា?
នៅក្នុងកុម្មុនីសនិយមសុទ្ធសាធ(Pure Communism) រាល់ធនធានសេដ្ឋកិច្ច(Economic Resources)ទាំងអស់គឺជាកម្មសិទ្ធិរបស់មនុស្សគ្រប់គ្នានៅក្នុងសង្គម ក៏ប៉ុន្តែវាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ដែលជាទូទៅរដ្ឋាភិបាលនោះគឺដឹកនាំដោយគណបក្សកុម្មុនីស្ត។ ជាពិសេសនោះ បុគ្គលម្នាក់ៗមិនអាចមាននូវទ្រព្យសម្បត្តិផ្សេងៗជាឯកជនភាពបានទេ ពីព្រោះកុម្មុយនីស្តជឿយ៉ាងមុតមាំថា ការដែលបណ្តោយឱ្យមាននូវកម្មសិទ្ធិឯកជនគឺជាកាតាលីកជំរុញឱ្យមាននូវវិសមភាពសង្គម។ បើយោងទៅតាមទ្រឹស្តីដែលបង្កើតឡើងដោយទស្សនវិទូជនជាតិអាល្លឺម៉ង់ លោក កាល ម៉ាក្ស លទ្ធិកុម្មុយនីស្តសុទ្ធសាធគឺលទ្ធិមួយដែលនាំឱ្យសង្គមមានភាពស្មើរគ្នា ហើយដោយមិនចាំបាច់មានលុយឬក៏ទ្រព្យសម្បត្តិឯកជននោះទេ។ ការមិនមានកម្មសិទ្ធិឯកជននៃធនធានសេដ្ឋកិច្ច ដោយរដ្ឋាភិបាលជាអ្នកគ្រប់គ្រងគ្រប់ផ្នែកផលិតកម្មទាំងអស់។ ទិន្នផលសេដ្ឋកិច្ចត្រូវបានចែកចាយទៅតាមតំរូវការរបស់ប្រជាជន។ ការទាស់ទែងគ្នាក្នុងសង្គមរវាងកម្មករអាវស និងអាវលឿង(White and blue collar worker) រវាងវប្បធម៌ជនបទនិងទីក្រុងនឹងត្រូវបានលុបចោលដោយដោះលែងមនុស្សម្នាក់ៗឱ្យសម្រេចបាននូវសក្តានុពលមនុស្សខ្ពស់បំផុត។ លើសពីនេះ ផលិតកម្មផ្សេងៗគឺបម្រើតែអ្វីដែលជាតម្រូវការចាំបាច់របស់មនុស្ស(Human basic need)ប៉ុណ្ណោះ ហើយមជ្ឈិមរដ្ឋាភិបាលគឺជាអ្នកផ្តល់ឱ្យនូវតម្រូវការចាំបាច់ទាំងអស់នោះមានដូចជា ម្ហូបអាហារ ផ្ទះ ការអប់រំ និងការថែទាំសុខភាពជាដើម។ ទន្ទឹមគ្នានេះ វណ្ណៈគឺត្រូវបានវិទ្ធង្សនាចោលទាំងអស់ដោយមិនមានបន្សល់ទុកតិចតួចនោះទេ ហើយជាពិសេសនោះ ការរកបានច្រើនតិចដែលជាហេតុនាំឱ្យមានភាពផ្សេងពីគ្នាក៏មិនមានដែរ។ គួរឱ្យកត់សម្គាល់នោះ យោងទៅតាមម៉ាក្ស បដិវត្តន៍ហិង្សា ដែលវណ្ណៈកម្មករងើបឡើងបះបោរ ប្រឆាំងជាមួយវណ្ណៈមូលធននិយមគឺជារឿងចៀសមិនរួចនោះទេដើម្បីសម្រេចបាននូវរដ្ឋកុម្មុយនីសនិយមសុទ្ធសាធមួយ។ នៅឆ្នាំ១៨៧៥ ម៉ាក្សបានសរសេរនៅឃ្លាមួយដើម្បីសង្ខេបពីកុម្មុយនីសនិយមថា«ពីម្នាក់ទៅតាមសមត្ថភាពរបស់គាត់ ពីម្នាក់ទៅតាមតម្រូវការរបស់គាត់»( From each according to his ability, to each according to his need)។