"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិវាទចាស់វស្សារវាងអ៊ីស្រាអែល–ប៉ាលេស្ទីន

គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

ជម្លោះអន្តរជាតិដែលអូសបន្លាយពេលវេលាច្រើនឆ្នាំ ច្រើនជំនាន់ ច្រើនទសវត្សរ៍ ហើយដែលពិបាករកដំណោះស្រាយបាននឹងកំពុងមានវត្តមានឡើងច្រើនគួរកត់សម្គាល់រហូតមកទល់ពេលបច្ចុប្បន្ន។ បញ្ហានេះអាចនឹងរីករាលដាលក្នុងចំណោមប្រទេសដែលជាប់ពាក់ព័ន្ធបន្តិចម្ដងៗ ហើយបង្ករឱ្យកើតមានអស្ថេរភាព និងអសន្តិសុខពិភពលោកទាំងមូល។ ជាក់ស្ដែង ​ជម្លោះរយៈពេលវែងមួយចំនួនដែលមិនទាន់អាចដោះស្រាយបានដូចជា សង្រ្គាមស៊ីវិលនៅ​អាហ្វហ្កានិស្ថាន ស៊ីរី ស៊ូដង់ខាងត្បូង លីប៊ី វិវាទព្រំដែនរវាងអាមេនីនិងអាស៊ែបៃហ្សង់ អ៊ុយក្រែន តួកគី អ៊ីស្រាអែលនិងប៉ាលេស្ទីន សមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត កងជីវពលអ៊ីស្លាមនៅប៉ាគីស្ថាន​ ជម្លោះនៅអេត្យូពី​ ហិង្សាឧក្រិដ្ឋកម្មនៅប្រទេសម៉ិកស៊ិក ទំនាស់អធិបតេយ្យភាពរវាងតៃវ៉ាន់និងចិន ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ និងមានជម្លោះនៅតំបន់ជាច្រើនទៀត។ បើយើងក្រឡេកទៅមើលសង្គ្រាមរវាងអ៊ីស្រាអែល–ប៉ាលេស្ទីនដែលបានកើតមានឡើងថ្មីៗនេះក៏ជាជម្លោះមួយដែលបានកើតឡើងតាំងពីជាង៧ទសវត្សរ៍មកហើយចាប់តាំងពីឆ្នាំ១៩៤៨ ប៉ុន្តែភាគីទាំងពីរនៅមិនទាន់អាចស្វែងរកដំណោះស្រាយរួមណាមួយសមស្របដើម្បីបញ្ចប់ជម្លោះមួយនេះឡើយ។ ជាដំបូង យើងគួរទទួលស្គាល់ថាជម្លោះរវាងភាគីទាំងពីរគឺពិតជាមានភាពស្មុគស្មាញខ្លាំងក្នុងការពន្យល់បកស្រាយឱ្យបានគ្រប់ជ្រុងនិងប្រកបដោយអព្យាក្រឹតភាព ដោយសារមើលទៅភាគីទាំងពីរត្រូវរៀងៗខ្លួន។

ចំណុចចាប់ផ្ដើមនៃវិវាទ

មុនសង្គ្រាមលោកលើកទី១ ជនជាតិជ្វីហ្វដែលជាម្ចាស់ប្រទេសអ៊ីស្រាអែលបច្ចុប្បន្នត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភព អូតូម៉ង់​ (១២៩៩–១៩២២) ដែលកាលនោះតំបន់នេះមានឈ្មោះថា ប៉ាលេស្ទីន។ គួររំលឹកដែរថា ជនជាតិជ្វីហ្វមុនពេលនិងអំឡុងពេលស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអូតូម៉ង់ ត្រូវបានបង្ខំឱ្យភៀសខ្លួននិងចំណាកស្រុកទៅកាន់ប្រទេសផ្សេងៗ ជាពិសេសប្រទេសក្នុងទ្វីបអឺរ៉ុប។ ដោយទទួលរងការគាបសង្កត់ពីបណ្ដាប្រទេសទាំងអស់នោះ ពួកគេក៏ចាប់ផ្ដើមវិលត្រឡប់មកកាន់ទឹកដីកំណើតរបស់ខ្លួននៅចុងទសវត្សរ៍ទី១៩។ ការវិលត្រឡប់ចូលស្រុករបស់ជនជាតិជ្វីហ្វបានធ្វើឱ្យស្ថានភាពប៉ះទង្គិចគ្នាជាមួយនឹងពលរដ្ឋប៉ាលេស្ទីនដែលមានលំនៅទីនោះស្រាប់កាន់តែធ្ងន់ធ្ងរ។ ក្រោយការដួលរលំចក្រភពអូតូម៉ង់នៅដើមសតវត្សរ៍ទី២០ តំបន់រស់នៅរបស់ជនជាតិជ្វីហ្វនិងប៉ាលេស្ទីនទាំងមូលត្រូវបានស្ថិតក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស។ ក្រោយសង្គ្រាមលោកលើកទី២នៅឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិបានសម្រេចបែងចែកទឹកដីប៉ាលេស្ទីនជាពីរគឺ ប្រទេសអ៊ីស្រាអែលនៃជនជាតិជ្វីហ្វ និង ប្រទេសប៉ាលេស្ទីននៃពលរដ្ឋអារ៉ាប់ ពេលនោះចក្រភពអង់គ្លេសក៏បានដកអាណានិគមចេញផងដែរ។ អ៊ីស្រាអែលបានយល់ព្រមនឹងដំណោះស្រាយមួយនេះដោយធ្វើការប្រកាសឯករាជ្យនៅថ្ងៃទី១៤ ឧសភា ១៩៤៨ ប៉ុន្តែពលរដ្ឋប៉ាលេស្ទីនមិនបានយល់ព្រមនោះទេ ដោយយល់ថាវាមានភាពអយុត្តិធម៌សម្រាប់ប្រទេសខ្លួន និងបានចោទប្រកាន់ថានេះគ្រាន់តែជាទម្រង់មួយថ្មីនៃការដាក់អាណានិគមរបស់ពួកអឺរ៉ុបក្នុងការលួចយកទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ។

វិវាទដែលឈានមកដល់ការបង្ហូរឈាម

ក្រោយមក សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងអារ៉ាប់ប៉ាលេស្ទីនក៏បានចាប់ផ្ដើមផ្ទុះឡើងនៅឆ្នាំ១៩៤៨ ដោយប្រទេសសម្ព័ន្ធអារ៉ាប់ដែលសុទ្ធសឹងតែជាប្រទេសស្ថិតនៅជុំវិញអ៊ីស្រាអែលរួមមាន អេហ្ស៊ីប លីបង់ អ៊ីរ៉ាក់ ស៊ីរី និងអារ៉ាប៊ីសាអូឌីត បានរួមគ្នាប្រកាសសង្គ្រាមជាមួយនឹងប្រទេសដែលទើបនឹងប្រកាសឯករាជថ្មីថ្មោងមួយនេះ។ ទោះជាការប្រឈមនឹងសត្រូវជុំទិសយ៉ាងណា អ៊ីស្រាអែលនៅតែអាចទទួលបានជ័យជំនេះក្នុងសមរភូមិមួយនេះ ប៉ុន្តែភាពតានតឹង និងការប៉ះទង្គិចគ្នាក៏នៅតែបន្តរហូតដល់ឆ្នាំ១៩៦៧ អ៊ីស្រាអែលក៏បានទទួលជ័យជំនះលើសង្រ្គាមប្រាំមួយថ្ងៃជាមួយនឹង អេហ្ស៊ីប ហ្ស៊កដានី និងស៊ីរីបន្ថែមទៀត។ ចាប់តាំងពីឈ្នះសង្គ្រាមមក រដ្ឋាភិបាលអ៊ីស្រាអែលបានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ អគារ សាលារៀន និងមន្ទីពេទ្យ រោងចក្រ ជាពិសេសបានអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនពង្រីកការសាងសង់លំឋានក្នុងតំបន់ West Bank​ ដែលតំបន់នេះជាផ្នែកមួយដែលធ្លាប់ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថាជារដ្ឋប៉ាលេស្ទីនកាលពីឆ្នាំ១៩៤៧។ ការបរាជ័យច្រើនដងរបស់ប៉ាលេស្ទីនក្នុងការប្រឆាំងទាមទារនិងផ្ដួលរំលំអ៊ីស្រាអែលបានធ្វើឱ្យពលរដ្ឋរបស់ខ្លួនរស់នៅលើទឹកដីដែលត្រូវបានបែកចែកជាបួនតំបន់​រហូតមកដល់សព្វថ្ងៃដូចជា តំបន់ហ្កាហ្សា (Gaza) ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស (Hamas) តំបន់ West Bank​​ ស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល តំបន់ហ្ស៊េរុយសាឡិមខាងកើតស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល និងរស់នៅក្នុងប្រទេសអ៊ីស្រាអែលតែម្ដង។ លើសពីនេះ ពលរដ្ឋប៉ាលេស្ទីនដែលរស់នៅក្នុងតំបន់ទាំងបួនផ្សេងគ្នានេះមិនមានសិទ្ធិស្មើគ្នានឹងពលរដ្ឋអ៊ីស្រាអែលឡើយ ព្រមទាំងទទួលរងការគាបសង្កត់និងដាក់កំហិតពីអាជ្ញាធរអ៊ីស្រាអែលជាញឹកញាប់។

ការរើសអើងនិងការធ្វើទុក្ខបុកម្នេញរបស់អ៊ីស្រាអែលទៅលើពលរដ្ឋប៉ាលេស្ទីន

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន AJ+ ពលរដ្ឋប៉ាលេស្ទីនដែលកំពុងរស់នៅតំបន់ខុសគ្នាទាំងបួននេះមានសិទ្ធិសេរីភាពខុសគ្នាពីតំបន់មួយទៅតំបន់មួយ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណខុសគ្នា។ ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណខុសគ្នានេះបានកំណត់សិទ្ធិសេរីភាពរបស់ពលរដ្ឋប៉ាលេស្ទីនជាស្រេចមិនថានៅកន្លែងរស់នៅ នៅកន្លែងធ្វើការ នៅសាលា និងគ្រប់ទីកន្លែងដែលពួកគេមានវត្តមាន។ ការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀតត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹង ហើយការប្រើប្រាស់សិទ្ធិភាគច្រើនត្រូវបានកំណត់ដោយរដ្ឋាភិបាលអ៊ីស្រាអែល សូម្បីតែការជ្រើសរើសដៃគូរជីវិតក៏ដោយ។ ចំណែកឯការសាងសង់ផ្ទះសម្បែង ឬក៏អគារអ្វីមួយ ត្រូវសុំការអនុញ្ញាតពីមន្ត្រីមូលដ្ឋានអ៊ីស្រាអែលជាមុនសិន បើមិនដូច្នេះទេ ផ្ទះដែលសាងសង់ដោយគ្មានការអនុញ្ញាតនឹងត្រូវបានរុះរើ ឬត្រូវបានបំផ្លាញចោល បើទោះបីជាពលរដ្ឋប៉ាលេស្ទីនដែលរស់នៅក្នុងតំបន់ West Bank ដែលជាក់ស្ដែងវាជាទឹកដីរបស់ខ្លួនក៏ដោយ។ និយាយរួម វាប្រៀបបានទៅនឹងជនជាតិពីរផ្សេងគ្នាដែលរស់នៅក្នុងប្រទេសតែមួយតែមានសិទ្ធិរស់នៅប្រចាំថ្ងៃមិនស្មើគ្នា ហើយគ្រប់គ្រងដោយរដ្ឋាភិបាលតែមួយ។ ការធ្វើទុកបុកម្នេញទាំងអស់នេះបានបណ្ដាលឱ្យពលរដ្ឋប៉ាលេស្ទីនមានការខឹងសម្បារយ៉ាងខ្លាំងដែលបង្ករជាការប្រើប្រាស់ហិង្សាតាមរយៈរូបភាពកុបកម្មជារឿយៗ ហើយសម្រាប់អ្នកខ្លះដែលពិបាកទ្រាំនឹងស្ថានភាពបែបនេះក៏សម្រេចចិត្តភៀសខ្លួនទៅរស់នៅក្រៅប្រទេស។

តើអ៊ីស្រាអែលក៏ជានជនរងគ្រោះដែរ?

ការលើកឡើងបែបនេះហាក់បីដូចជាប្រទេសអ៊ីស្រាអែលជាភាគីឈ្លានពាន និងជាតួអង្គអាក្រក់។ ប៉ុន្តែ រដ្ឋាភិបាលអ៊ីស្រាអែលវិញតែងតែធ្វើការបដិសេដចំពោះការចោទប្រកាន់ខាងលើថាខ្លួនគ្រាន់តែធ្វើការគ្រប់គ្រងបណ្ដោះអាសន្នដើម្បីរក្សាស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់ និងជៀសវាងភាពចលាចលដោយប្រើហិង្សាកើតមានឡើង។ បើយោងតាមការចេញផ្សាយរបស់គេហទំព័រ​ក្រសួងកិច្ចការបរទេសអ៊ីស្រាអែល ពលរដ្ឋអ៊ីស្រាអែលចំនួន ១,៣៧៥ នាក់ត្រូវបានសម្លាប់ដោយអំពើហិង្សានិងភេរវកម្មរបស់ពួកប៉ាឡេស្ទីនចាប់តាំងពីខែកញ្ញាឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ន។ ដូច្នេះ ពលរដ្ឋប៉ាលេស្ទីនភាគច្រើនត្រូវបានគេ ជាពិសេសជនជាតិអ៊ីស្រាអែលចាត់ទុកថាជាពួកភេរវជន ដោយមានឧទាហរណ៍ស្រាប់នោះគឺក្រុមហាម៉ាស ឬជាចលនាតស៊ូអ៊ីស្លាមដែលជាក្រុមជ្រុលនិយមនិកាយស៊ុននី និងជាអង្គការជាតិនិយមដែលកំពុងគ្រប់គ្រងតំបន់ហ្កាហ្សា។ ដំណោះស្រាយតាមរយៈការចចារដោយសន្តិវិធីជាច្រើនលើកត្រូវបានធ្វើឡើង ប៉ុន្តែភាគីប៉ាលេស្ទីនតែងតែបដិសេដមិនព្រមទទួលយក ឬក៏ពេលខ្លះភាគីទាំងពីរមិនបានអនុវត្តតាមដូចជាកិច្ចព្រមព្រៀងបទឈប់បាញ់ជាដើម។ ដំណោះស្រាយដោយសន្តិវិធីចំនួនពីរសំខាន់ៗមកហើយដែលប៉ាលេស្ទីនមិនព្រមទទួលយកនោះគឺទីមួយ នៅឆ្នាំ១៩៤៧ ការសម្រេចបែកចែកព្រំដែននៃទឹកដីប៉ាលេស្ទីនជាពីរដោយអង្គការសហប្រជាជាតិ និងលើកទី២ នៅឆ្នាំ១៩៩៣ កិច្ចព្រមព្រៀងអូស្លូ ឬជាសេចក្តីប្រកាសគោលការណ៍ស្តីពីការរៀបចំរដ្ឋាភិបាលបណ្តោះអាសន្នដោយខ្លួនឯង ដោយមានអាមេរិកក្រោមរដ្ឋការលោក Bill Clinton ជាអ្នករៀបចំឡើង។

ទោះជាយ៉ាងណា មូលហេតុនៃការផ្ទុះសង្គ្រាមឡើងសារជាថ្មីក្នុងខែ ឧសភា ឆ្នាំ២០២១ថ្មីៗនេះក៏មិនខុសពីមូលហេតុមុនៗប៉ុន្មានដែរ គឺផ្ដើមចេញពីការបណ្ដេញចេញនូវគ្រួសារប៉ាឡេស្ទីនចំនួន ៦ គ្រួសារ​នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Deutsche Welle។ រហូតដល់ថ្ងៃទី៧ ខែឧសភា ការប៉ះទង្គិចគ្នារវាងប៉ាឡេស្ទីននិងប៉ូលីសអ៊ីស្រាអែលបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនរាប់រយនាក់និងប៉ូលីសប្រហែល ២០ នាក់រងរបួសនៅវិហារ Al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡិម។ ភាពតានតឹងកាន់តែធ្ងន់ធ្ងរជាបន្តបន្ទាប់ រហូតដល់មានការបាញ់គ្រាប់រ៉ុកកែតពីតំបន់ហ្កាហ្សារបស់ក្រុមហាម៉ាសជាលើកដំបូងនៅថ្ងៃទី១០ ឧសភា ហើយបើគិតត្រឹមថ្ងៃទី២០ ឧសភាក្រុមហាម៉ាសបានបាញ់គ្រាប់រ៉ុកកែតសរុបជាង ៤០០០គ្រាប់ ទៅលើអ៊ីស្រាអែល ប៉ុន្តែ៩០%ត្រូវបានប្រព័ន្ធការពារកាំជ្រួចមីស៊ីល Iron Dome របស់អ៊ីស្រាអែលបាញ់ស្ទាក់ការពារ នេះបើយោងតាម Los Angeles Times។ ជាការឆ្លើយតប អ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សាវិញផងដែរ។ ជុំវិញការប្រយុទ្ធគ្នាលើកនេះបានបណ្ដាលឱ្យភាគីប៉ាលេស្ទីនស្លាប់ចំនួន ២៨០នាក់ របួស ៨,៧៨៤នាក់ និងអ៊ីស្រាអែលស្លាប់ ១១នាក់ របួស៥៧នាក់គិតត្រឹមថ្ងៃទី២៨ ឧសភា នេះបើយោងតាមរបាយការណ៍ ACAPS។

ចំពោះសហគមន៍អន្តរជាតិក៏បានបញ្ចេញនូវការព្រួយបារម្ភចំពោះបញ្ហាដែលកើតមានឡើង។ សហរដ្ឋអាមេរិកវិញក៏បានខិតខំសម្របសម្រួលនិងបានផ្ដល់ជាដំណោះស្រាយមួយចំនួនផងដែរ ថ្វីត្បិតជំហររបស់ខ្លួនគាំទ្រប្រទេសអ៊ីស្រាអែលក៏ដោយ។ ជាឧទាហរណ៍អតីតប្រធានាធិបតី ដូណាល់ត្រាំ បានប្រកាសចក្ខុវិស័យរបស់គាត់ចំពោះសន្តិភាពអ៊ីស្រាអែល – ប៉ាលេស្ទីនដែលផ្តល់ឱ្យអ៊ីស្រាអែលនូវឧបសម្ព័ន្ធ ៣០ ភាគរយនៃតំបន់ West Bank ហើយក្រោយមក រដ្ឋបាលរបស់លោកក៏បានធ្វើកិច្ចព្រមព្រៀងជាមួយរដ្ឋអារ៉ាប់ជាច្រើនដើម្បីធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។ ទោះជាយ៉ាងណា ទង្វើដែលអ៊ីស្រាអែលបានធ្វើកន្លងមកក៏មិនអាចគេចផុតពីក្រសែភ្នែករបស់ក្រុមការពារសិទ្ធិមនុស្សនោះទេ។ នៅចុងខែ មេសា ឆ្នាំ២០២១ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានធ្វើការចោទប្រកាន់ទៅលើប្រទេសអ៊ីស្រាអែលពីការអនុវត្តនូវប្រព័ន្ធ Apartheid ដែលជាគោលនយោបាយបែងចែកឬការរើសអើងដោយផ្អែកលើមូលដ្ឋាននៃពលរដ្ឋដែលមានសញ្ជាតិខុសគ្នា។

សរុបសេចក្ដីមកជម្លោះរវាងអ៊ីស្រាអែលនិងប៉ាលេស្ទីនហាក់បីដូចជាមិនមែនជាជម្លោះរវាងប្រទេសនិងប្រទេសទេ ប៉ុន្តែវាជាជម្លោះរវាងជនជាតិពីររស់នៅលើទឹកដីតែមួយប៉ុន្តែទទួលបានសិទ្ធិមិនស្មើគ្នាទើបបង្ករជាអំពើហិង្សាកើតមានឡើង។ ម៉្យាងវិញទៀត ប្រវិត្តិសាស្ត្រ និងជំនឿសាសនាក៏ជាកត្តាចម្បងមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលជួយជំរុញកម្លាំងចិត្តដល់ពលរដ្ឋប៉ាលេស្ទីននិងពលរដ្ឋអ៊ីស្រាអែលក្នុងការប្រយុទ្ធតស៊ូ បាតុកម្មទាមទារទឹកដីបុព្វបុរស ការពារអត្តសញ្ញាណនិងដែនដីអធិបតេយ្យភាពរបស់ខ្លួន ជាពិសេសគឺដើម្បីពង្រីកអំណាច និងឥទ្ធិពលលើគូរបដិបក្ខ។ លើសពីនេះ កត្តាភូមិសាស្រ្តនយោបាយរវាងប្រទេសក្នុងតំបន់ និងប្រទេសមហាអំណាចក៏អាចជាមូលហេតុនៃភាពតានតឹងមួយនេះផងដែរ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ធា សុណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ