នាដើមខែមិថុនានេះ នៅឯរដ្ឋធានីបូដាផាស់(Budapest) ប្រទេសហុងគ្រីមានមនុស្សជាច្រើនរយនាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវ។ ការធ្វើបាតុកម្មនេះគឺទាមទារឱ្យលោក Viktor Orbánដែលជានាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រីបញ្ឈប់នូវគម្រោងសាងសង់សាកលវិទ្យាល័យមួយគឺសាកលវិទ្យាល័យហ្វូដាន (Fudan)។ សាកលវិទ្យាល័យហ្វូដានជាសាកលវិទ្យាល័យមួយដែលមានឈ្មោះល្បីល្បាញនៅឯប្រទេសចិន។ រដ្ឋាភិបាលលោក Viktor Orbán បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងភាគីសាកលវិទ្យល័យហ្វូដាន ដោយពួកគេអះអាងថាការអនុញ្ញាតឱ្យសាកលវិទ្យាល័យមួយនេះមានវត្តមាននៅលើប្រទេសហុងគ្រីនឹងជួយអភិវឌ្ឍដល់វិស័យអបរំថ្នាក់ឧត្តមសិក្សារបស់ប្រទេសហុងគ្រី ហើយនឹងទាំងទាក់ទាញសិស្សអន្តរជាតិឱ្យមកសិក្សាក្នុងប្រទេសហុងគ្រីឱ្យកាន់តែច្រើនជាងមុន។ ប្រសិនបើគម្រោងនេះនៅតែបន្ត សាកលវិទ្យាល័យមួយនេះនឹងស្ថាបនារួចរាល់ក្នុងឆ្នាំ២០២៤ ហើយនឹងក្លាយជាសាកលវិទ្យាល័យដែលមានសាខាមុនដំបូងគេបង្អស់ក្នុងប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប។
ប៉ុន្តែមតិរបស់គណបក្សប្រឆាំងបានបកស្រាយថាកិច្ចព្រមព្រៀងនេះបានផ្តល់ផលអវិជ្ជមានទៅដល់ប្រជាជនហុងគ្រីដែលជាអ្នកបង់ពន្ធជូនរដ្ឋដែលទឹកប្រាក់របស់ពួកគេបានចំណាយលើការស្ថាបនាសាកលវិទ្យាល័យមួយនេះទៅវិញទេ។ បើយោងតាមឯកសាររបស់សារព័ត៌មានស៊ើបការណ៍ឈ្មោះថា Direkt36 បានឱ្យដឹងថាការចំណាយលើការសាងសង់សាកលវិទ្យាល័យមួយនេះគឺចំណាយទឹកប្រាក់ស្មើនឹងទឹកប្រាក់ ១.៨ ប៊ីលានដុល្លាសហរដ្ឋអាមេរិក ដែលចំនួនទឹកប្រាក់នេះគឺលើសពីកញ្ចប់ថវិកាដែលរដ្ឋាភិបាលហុងគ្រីចំណាយលើវិស័យអប់រំជាតិ។ លើសពីនេះទៅទៀត ភាគីដែលជំទាស់នឹងគម្រោងសាង់សង់សាកលវិទ្យាល័យនេះបានលើកឡើងថា សាកលវិទ្យាល័យនេះអាចជាយន្តការមួយដែលនឹងផ្សព្វផ្សាយមនោគមវិជ្ជារបស់បក្សកុម្មុយនីស្តចិនដល់ប្រជាជនហុងគ្រី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ អភិបាលក្រុងបូដាផាស់ លោក Gergely Karacsony ក៏បានចូលរួមក្នុងការធ្វើបាតុកម្មផងដែរ។ នៅលើឆាកដ៏ធំ ហើយហ៊ុមព័ទ្ធទៅដោយអ្នកចូលរួមធ្វើបាតុកម្មជាច្រើននាក់ លោកបាននិយាយទៅកាន់ក្រុមបាតុករដែលប្រឆាំងនឹងការសាងសង់សាកលវិទ្យាល័យហ្វូដានថា លោកផ្ដល់សន្តិសុខនិងសុវត្ថិភាពរបស់ប្រទេសហុងគ្រីទាំងមូល។ ដើម្បីបង្ហាញជំហរមិនគាំទ្រទៅដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលហុងគ្រី លោកKaracsonyបានប្តូរឈ្មោះវិថីមួយចំនួនក្នុងរដ្ឋធានីបូដាផាស់ ទៅជាឈ្មោះ រំដោះហុងកុង(Free Hong Kong) ដាឡាឡាយម៉ា(Dalai Lama) និង អ៊ុយហ្គែ(Uyghur)ជាដើម។
ហុងគ្រីក្រោមការដឹកនាំរដ្ឋាភិបាលលោក Orbán៖ ឆ្អឹងទទឹងករបស់សហភាពអឺរ៉ុប?
លោក Viktor Orbán គឺជានាយករដ្ឋមន្រ្តីប្រទេសហុងគ្រីដែលបានជាប់អាណត្តិជាលើកទីពីរ នៅក្នុងការបោះឆ្នោតឆ្នាំ២០១០ ដោយលោកទទួលបាន ៥២.៧៣%សម្លេង។ លោកធ្លាប់ជានាយករដ្ឋមន្រ្តីហុងគ្រីរួចមកហើយ ដែលអាណត្តិលើកទីមួយរបស់លោកគឺ នៅរវាងឆ្នាំ១៩៩៨ និង២០០២។ គោលនយោបាយរបស់លោក គឺផ្អែកទៅលើគំនិតអភិរក្សនិយមដែលមានដូចជាគំនិតជាតិនិយម ការរក្សានូវតម្លៃប្រពៃណីរបស់ជនជាតិហុងគ្រី និងតម្លៃរបស់សាសនាកាតូលិកជាដើម។ ចំណែកឯគោលនយោបាយការបរទេសរបស់លោក Viktor Orbán ត្រូវបានអ្នកវិភាគនយោបាយជាច្រើនបានប្រសិទ្ធនាមថាជា “ការបើកចំហទៅលោកខាងកើត” ដោយលោកបានបង្កភាពរកាំរកូសនៅក្នុងសហភាពអឺរ៉ុបជាពិសេសជាមួយនឹងបណ្តាប្រទេសអឺរ៉ុបភាគខាងលិចដូចជាប្រទេសអាឡឺម៉ង់និងប្រទេសបារាំងជាដើម ដើម្បីបង្កើតទំនាក់ទំនងយុទ្ធសាស្ត្រសេដ្ឋកិច្ចនិងការទូតឱ្យកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសមួយចំនួនដូចជាប្រទេសតួគី ចិន និងរូស្ស៊ីដែលជាប្រទេសមានចក្ខុវិស័យខុសពីប្រទេសក្នុងបណ្តាសហភាពអឺរ៉ុបជាពិសេសលើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ទំនាក់ទំនងរបស់លោកជាមួយនឹងបណ្តាប្រទេសទាំងនេះហើយ បានធ្វើឱ្យលោកតែងមានភាពរកាំរកូសជាមួយនឹងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបឯទៀត។ ជាក់ស្តែងប្រទេសហុងគ្រីក៏ត្រូវបានបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបតែមួយចោទប្រកាន់ពីបញ្ហាសិទ្ធិមនុស្សផងដែរ។ ជាក់ស្តែងនៅអំឡុងពេលដែលសហភាពអឺរ៉ុបជួបប្រទះវិបត្តិជនអន្តោប្រវេសន៍ពីបណ្តាប្រទេសមជ្ឈិមបូព៌ានិងអាហ្វ្រិកភាគខាងជើង ប្រទេសហុងគ្រីដែលដឹកនាំដោយលោក Viktor Orbán បានប្រតិបតិ្តគោលនយោបាយខុសស្រឡះពីប្រទេសក្នុងសភាពអឺរ៉ុបឯទៀតដូចជាប្រទេសអាឡឺម៉ង់ បារាំង និងស៊ុយអែត ដោយលោកបានរឹតបន្តឹងជនអន្តោប្រវេសន៍ដោយការបិទព្រំដែនប្រទេសហុងគ្រី ក្នុងគោលបំណងរឹតបន្តឹងចំនួនជនអន្តោប្រវេសន៍ខុសច្បាប់និងជនដែលសុំសិទ្ធជ្រកកោន។ នៅក្នុងតុលាការយុត្តិធម៌សហភាពអឺរ៉ុប ប្រទេសហុងគ្រីជាភាគីដែលជំទាស់នឹងគោលនយោបាយដែលចាត់ឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុបទទួលយកនូវជនអន្តោប្រវេសន៍។ នេះមិនមែនជាលើកទីមួយដែលប្រទេសហុងគ្រីមានទស្សនៈនិងគោលនយោបាយផ្ទុយពីប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀតនោះទេ។ បើក្រឡេកមកមើលក្នុងគោលនយោបាយការបរទេសរបស់ប្រទេសហុងគ្រី ជាពិសេសជាមួយនឹងប្រទេសចិន ជាក់ស្តែងនៅដើមខែមិថុនា ឆ្នាំ២០២១ មុននឹងថ្ងៃដែលប្រជាជនហុងគ្រីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងសាងសង់សាកលវិទ្យាល័យនេះ រដ្ឋាភិបាលលោកOrbán ក៏បានរាំងស្ទះដល់ការចេញនូវសេចក្តីថ្លែងការណ៍រួមរបស់សហភាពអឺរ៉ុបស្តីពីបញ្ហាបាតុកម្មនៅឯទីក្រុងហុងកុង។ ត្រឡប់ទៅខែមេសា ប្រទេសហុងគ្រីក៏បានរាំងស្ទះដល់សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបដែលពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មីដែលបានដាក់ទៅលើទីក្រុងហុងកុងផងដែរ។ នេះបង្ហាញថាប្រទេសហុងគ្រីគឺជាខែលមួយដែលអាចជួយប្រទេសចិនបាននូវពេលដែលសហភាពអឺរ៉ុបមានគោលនយោបាយឬវិធានការណាមួយដែលពាក់ព័ន្ធជាមួយនឹងប្រទេសចិន។
លោក Vikor Orbán និងទំនាក់ទំនងស្អិតរមួតជាមួយប្រទេសចិន
រដ្ឋាភិបាលលោក Vikor Orbán និងរដ្ឋាភិបាលលោក Xi Jinping បានបង្កើតនូវទំនាក់ទំនងដ៏ជិតស្និទ្ធលើវិស័យជាច្រើនរួមទាំងវិស័យសេដ្ឋកិច្ច អប់រំ និងយោធា។ ប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរបានដោះដូរទស្សនកិច្ចផ្លូវការជាមួយគ្នា។ ជាក់ស្តែងក្នុងឆ្នាំ២០១៧ នាយករដ្ឋមន្ត្រី(Premier)របស់ប្រទេសចិន លោក Wen Jiabao បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសហុងគ្រី ហើយត្រូវបានស្វាគមន៍យាំងកក់ក្តៅពីលោក Vikor Orbán នៅឯប្រលានយន្តហោះ។ ការធ្វើទស្សនកិច្ចរបស់លោកគឺចំពេលខួបគម្រប់ខួបប្រាំឆ្នាំនៃការបង្កើតកិច្ចសហប្រតិបត្តិការមួយដែលមានឈ្មោះថា China-CEEC 16+1 ដែលជាកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសអឺរ៉ុបភាគកណ្តាល និងខាងកើត ដែលនៅក្នុងនោះក៏មានប្រទេសហុងគ្រីជាសមាជិកផងដែរ។ ក្នុងខែមេសា ឆ្នាំ២០១៩ លោក Vikor Orbán ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនដែលលោកបានជួបសំណេះសំណាលជាមួយនឹងប្រធានធិបតីចិនលោក Xi Jinping ដែលលោកប្រធានាធិបតីស្វាគមន៍ដំណើររបស់លោក Orbán ក្នុងការចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវ(Belt and Road)។ លោកនាយករដ្ឋមន្ត្រី Orbán ក៏បានបង្ហាញគោលចំហររបស់ប្រទេសហុងគ្រីក្នុងការចូលរួមនូវកិច្ចផ្តួចផ្តើមជាច្រើនរបស់ប្រទេសចិនរួមទាំងកិច្ចផ្តួចផ្តើម China-CEEC 16+1 និងខ្សែក្រវ៉ាត់និងផ្លូវ(Belt and Road)ជាដើម។ ជាក់ស្តែងនៅក្នុងគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសហុងគ្រី បានដកស្រង់ប្រសាសន៍របស់នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orbán ដែលលោកបានចាត់ទុកប្រទេសហុងគ្រីជាប្រទេសសសរស្តម្ភមួយរបស់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ(Belt and Road)។ ប៉ុន្តែមានមតិផ្ទុយជាច្រើន ជាពិសេសពីភាគីគណបក្សប្រឆាំងបានបង្ហាញពីក្តីព្រួយបារម្ភដែលប្រទេសហុងគ្រីអាចធ្លាក់ទៅក្នុងអន្ទាក់បំណុលរបស់ប្រទេសចិន។
សរុបមក ប្រទេសហុងគ្រីនិងប្រទេសចិននៅពេលអនាគតអាស្រ័យលើការថ្នាក់ដឹកនាំរបស់ប្រទេសហុងគ្រីនៅថ្ងៃអនាគត។ គណបក្សប្រឆាំងរបស់ប្រទេសហុងគ្រីគឺមានទស្សនៈផ្ទុយស្រឡះពីលោក Viktor Orbán ដោយគោលនយោបាយរបស់ពួកគេគឺងាកទៅរកសហភាពអឺរ៉ុបជាជាងប្រទេសចិន។ ប្រទេសហុងគ្រីនឹងធ្វើការបោះឆ្នោតអាណត្តិថ្មីនៅក្នុងឆ្នាំ២០២២ ហើយលោក Vikor Orbán នឹងត្រូវជួបនូវបញ្ហាដ៏ធំមួយគឺដោយសារតែគណបក្សប្រឆាំងទាំង៦របស់ប្រទេសហុងគ្រីបានរួបរួមគ្នាឈរឈ្មោះក្រោមទង់តែមួយ។ ការបង្រួបបង្រួមនៃគណបក្សប្រឆាំងអាចជាការគំរាមកំហែងរបស់លោក Vikor Orbán ក៏ដូចជាប្រទេសចិនផងដែរ។ ប្រសិនបើលោក Vikor Orbán មិនទទួលជោគជ័យនៅក្នុងការបោះឆ្នោតឆ្នាំ២០២២ នោះប្រទេសចិនប្រឈមនឹងការបាត់បង់កូនសោរដែលឥទ្ធិពលដ៏សំខាន់មួយនៅក្នុងសហភាពអឺរ៉ុប។