"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ស្វែងយល់ពីប្រាសាទអង្គរវត្ត និងវិវាទរវាងប្រជាជនខ្មែរ-ថៃ

គំនូរច្នៃប្រឌិតដោយ៖ លោក ហ៊ី សុជាតិ

អស់កាលជិតមួយសហស្សវត្សរ៍មកនេះ ប្រាសាទអង្គរវត្ត ត្រូវបានចាត់ទុកជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា និងជាសំណង់ស្ថាបត្យកម្មកំពូលដ៏ល្បីល្បាញ ដែលជាតឹកតាងដ៏សំខាន់ សម្រាប់គូសបញ្ជាក់អំពីអតីតកាល ដ៏រុងរឿងនាសម័យមហានគរ។ ស្ថិតនៅភាគខាងជើង និងចម្ងាយប្រហែល ៧ គីឡូម៉ែត្រពី ក្រុងសៀមរាប ប្រាសាទអង្គរវត្ត ត្រូវបានគេស្គាល់ថាជាបូជនីយដ្ឋាន និងជាសំណង់សាសនាដែលធំជាងគេនៅលើពិភពលោក លាតសន្ធឹងនៅលើផ្ទៃដីប្រមាណជាង ២០០ ហិចតា។ សំណង់ដ៏មហស្ចារ្យនេះ ត្រូវបានកសាងឡើងដោយ​ ព្រះបាទសូរ្យវរ្ម័នទី ២ នាដើមសតវត្សរ៍ទី ១២ និងធ្លាប់ជាអតីតរាជធានី យសោធបុរៈទី ៣ បន្ទាប់ពី ប្រាសាទភ្នំបាខែង និង ប្រាសាទបាពួន។ ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើង តាមលំនាំ ភ្នំព្រះសុមេរុ ដោយមានកំពូលប្រាំ តំណាងឱ្យកំពូលភ្នំព្រះសុមេរុ ដែលជាចំណុចកណ្តាលនៃចក្រវាល និងជាលំនៅរបស់ពពួកទេវៈទាំងឡាយ ព័ទ្ធជុំវិញដោយកសិន ឬគូទឹក ប្រហែលជា ១៦ គីឡូម៉ែត្រ ដែលតំណាងឱ្យមហាសមុទ្រធំៗនៅក្នុងជម្ពូទ្វីប។ នៅចំប្រាង្គកណ្តាលមានបញ្ឍរនូវជួរចតុរង្គនៃប៉ម ដែលមានកម្ពស់សរុប ៦៥ ម៉ែត្រ ​ព្រមទាំងមានថែវចំនួន ៣ មានកម្ពស់ខុសៗគ្នាពី  លម្អដោយចម្លាក់ដ៏សែនស្រស់ត្រកាល រួមមាន ចម្លាក់អំពីព្រះមហាក្សត្រ ចម្លាក់ប្រវត្តិសាស្ត្រ និងចម្លាក់ទេវកថានានានៅក្នុងលទ្ធិព្រហ្មញ្ញសាសនា ដូចជារឿង រាមកេរ្ត៍ មហាភារតយុទ្ធ និងរឿង កូរសមុទ្រទឹកដោះ ជាដើម ព្រមទាំងមានចម្លាក់អប្សរា (ស្រីសួគ៌) ដ៏វិចិត្រស្ថិតក្នុងទម្រង់ សម្លៀកបំពាក់ គ្រឿងតែងកាយ និងកាយវិការខុសៗគ្នា សរុបចំនួន ១៧៩៦។ សិល្បៈស្ថិតក្នុងរចនាបថអង្គរ ការតុបតែងលម្អនៅលើសំណង់ស្ថាបត្យកម្មនេះ សុទ្ធសឹងតែប្រើប្រាស់ក្បូរក្បាច់រចនាដ៏កំពូល រាប់ចាប់តាំងពី ប្រាង្គ ហោរជាង ផ្តែរ ថែវប្រាសាទ ពិតាន បដិមាករ និងចម្លាក់នានាជាដើម។

ផ្ទុយពីប្រាសាទនានា ដែលស្ថិតក្នុងតំបន់អង្គរ ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់បែរទៅ ទិសខាងលិច។ បុរាណវិទូបានទាញសេចក្តីសន្និដ្ឋានថា ព្រះបាទសូរ្យវរ្ម័នទី ២ មានបំណងចង់សាងសង់ប្រាសាទអង្គរវត្តនេះឡើង ទុកជាឋានសួគ៌នៅលើដី ក្នុងបំណងជាទីស្ថានសម្រាប់បញ្ចុះព្រះសពរបស់ព្រះអង្គ ដោយមានភស្តុតាងអំពី ចម្លាក់លៀនស្រាលៗស្តីអំពី ពពួកសេវការមាត្រ ស្ថិតក្នុងរបៀបបុណ្យសព តាមបែបលទ្ធិសាសនាព្រាហ្មណ៍ និងតឹកតាងអំពីក្រឡបញ្ចុះសព (មឈ្ឈូស) ដែលគេបានរកឃើញនៅប្រាង្គកំពូលកណ្តាលនៃប្រាសាទ។ ប្រាសាទនេះ ត្រូវបានសាងសង់សម្រាប់ឧទ្ទិសថ្វាយដល់ព្រះវិស្ណុ និងត្រូវបានប៉ាន់ស្មានថា បានប្រើប្រាស់កម្លាំងមនុស្សអស់ប្រមាណជាង ៣០ ម៉ឺននាក់ ដំរីជាង ៦ ពាន់ក្បាល និងថ្មសរុបប្រមាណជាង ១០ លានតោន។

លក្ខណៈពិសេសរបស់ប្រាសាទអង្គរវត្ត

តាមការសិក្សាស្រាវជ្រាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានរកឃើញថា ការកសាងប្រាសាទអង្គរវត្តនេះ មានភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតទៅនឹងប្រព័ន្ធតារាសាស្ត្រ។ គ្រប់អ័ក្សទាំងអស់ នៃប៉មរបស់ប្រាសាទអង្គរ តំណាងឱ្យតារានិករ Draco (Astrological sign of Leo) ដែលជាកញ្ជុំផ្កាយមានអាយុកាលប្រមាណជាង ២ លានឆ្នាំ និងស្ថិតនៅចម្ងាយ ១៩ ទ្រីលានគីឡូម៉ែត្រពីភពផែនដី។ ជារៀងរាល់ឆ្នាំ ប្រាសាទអង្គរវត្ត មានព្រះអាទិត្យរះ និងលិចចំកណ្តាលកំពូលប្រាសាទ ២ ដង ក្នុងពេលវេលាដ៏ទៀងទាត់ គឺនៅថ្ងៃទី ២១-២២ ខែមីនា និងថ្ងៃទី ២២-២៣ ខែកញ្ញា ជាព្រឹត្តិការណ៍សមរាត្រី ដែលខណ្ឌចែកពេលវេលា ពេលថ្ងៃ និងពេលយប់ ស្មើគ្នា។ ក្រៅពីនេះទៅទៀតនោះ ស្របតាមខ្សែអ័ក្សទី ៧ នៃរយៈទទឹង ដែលកាត់ជុំវិញផែនដីដូចជា ខ្សែអេក្វាទ័រ គេសង្កេតឃើញថា ប្រាសាទអង្គរវត្ត ស្ថិតនៅលើអ័ក្សតែមួយជាមួយនឹងទីក្រុងបុរាណធំៗនៅលើពិភពលោក ដូចជា ប្រាសាទពីរ៉ាមីតរបស់អេហ្ស៊ីប ប្រាង្គឈីតឆាតអ៊ីតហ្សារបស់ប្រទេសម៉ិចស៊ិច និងរូបសំណាកបុរេប្រវត្តិរបស់ប្រទេសឈីលីជាដើម។ លើសពីនេះទៅទៀត ប្រាសាទអង្គរវត្ត អាចប្រែពណ៌ពី សំរិទ្ធទៅប្រាក់ និងពីប្រាក់មកមាស ក្នុងរយៈពេលដ៏ទៀងទាត់ គឺពេលព្រឹក ពេលថ្ងៃ និងពេលរសៀល។ តាមរយៈការសិក្សាស្រាវជ្រាវ គេបានពើបប្រទះនឹងគំនូរ និងរូបភាពបង្កប់ច្រើនជាង ២០០ ផ្ទាំង ដែលយើងពុំអាចមើលឃើញនឹងភ្នែកទទេបានឡើយ និងត្រូវការជំនួយដោយបច្ចេកវិទ្យា scan effect ។ ប្រាសាទអង្គរវត្ត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ១៤ ធ្នូ ឆ្នាំ ១៩៩២ ដែលមានតម្លៃទាំងផ្នែកបញ្ញា ស្មារតី ស្ថាបត្យកម្ម និងសម្បត្តិវប្បធម៌ដ៏ល្អអស្ចារ្យ គួរជាទីស្ញប់ស្ញែង។

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ ការសាងសង់ប្រាសាទ សីហនគរ តាមលំនាំប្រាសាទអង្គរវត្ត នៅក្នុងទឹកដីខេត្ត បុរីរម្យ នៃប្រទេសថៃ ជាបញ្ហាដ៏រសើបមួយ ដែលកើតការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន។ បន្ទាប់ពីទទួលការជោគជ័យក្នុងការសាងសង់ប្រាសាទកំពូល ៣ ក្នុងរចនាបទខ្មែរ វត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ប្រទេសថៃ បានប្រារព្ធពិធីបុកគ្រឹះសាងសង់គម្រោងបន្ទាប់របស់ខ្លួនគឺ ប្រាសាទសីហនគរ ជាមជ្ឈមណ្ឌលតាមបែបពុទ្ធសាសនា សាងសង់តាមលំនាំ និងប្លង់បាតដូចគ្នាស្ទើរតែទាំងស្រុងនឹង ប្រាសាទអង្គរវត្ត របស់កម្ពុជា ជាមួយក្តីរំពឹងទុកថា នឹងបញ្ចប់ការសាងសង់រវាង ៧-៨ ឆ្នាំខាងមុខទៀត។ ការណ៍នេះ បានធ្វើឱ្យកើតក្តីប្រតិកម្មពីសំណាក់ប្រជាជនខ្មែរ ហើយគេសង្កេតឃើញមានវិវាទជាពាក្យសម្តីលើបណ្តាញសង្គមរវាងប្រជាជនកម្ពុជា និងប្រជាជនថៃ កើតមានជាហូរហែ។ ស្របតាមទិដ្ឋភាពនៃប្រវត្តិសាស្ត្រ និងការវែកញែកស្រាវជ្រាវយ៉ាងស៊ីជម្រៅ ប្រជាជាតិសៀមមួយចំនួន នៅតែបដិសេធអំពី លំហូរចូលនៃឥទ្ធិពលវប្បធម៌ខ្មែរ មកលើសង្គមរបស់ខ្លួន ព្រមទាំងបានឆ្លើយតបបដិសេធថា ការសាងសង់ប្រាសាទខាងលើនេះ គ្រាន់តែសាងសង់ឡើង តាមលំនាំប្រាសាទបុរាណ ដែលមានលើទឹកដីថៃតែប៉ុណ្ណោះ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ហ៊ី សុជាតិ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ