"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

នៅពេលណាដែលបុគ្គលម្នាក់ចាប់ផ្ដើមសមត្ថភាពទទួលសិទ្ធិរបស់ខ្លួន?

គំនូរច្នៃប្រឌិតដោយ៖ លោក អ៊ុយ សុភាប្រាជ្ញា

សម្រាប់សប្តាហ៍នេះ​ យើងនឹងបន្តសិក្សាអំពីក្រមរដ្ឋប្បវេណី ដោយផ្ដោតលើប្រធានបទ៖ បុគ្គលភាពគតិយុត្ត ដែលមានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី។ មុននឹងស្វែងយល់ឲ្យបានស៊ីជម្រៅពីប្រធានបទនេះ ជាដំបូងយើងត្រូវយល់ថា តើបុគ្គលជាអ្វី? តើបុគ្គលត្រូវបានបែងចែកជាប៉ុន្មានប្រភេទ? តើនៅពេលណាដែលបុគ្គលម្នាក់ចាប់ផ្ដើមសមត្ថភាពទទួលសិទ្ធិរបស់ខ្លួន?

នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់មនុស្ស យើងឃើញថាពួកគេបានប្រើប្រាស់សិទ្ធិជាច្រើនរួម មានសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិដោយធ្វើការបែងចែក ដោះដូរ ទិញលក់ ការផ្ទេរពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ដោយសេរី។ ជាគោលការណ៍ ពួកគេបានប្រើប្រាស់ សិទ្ធិទាំងនោះយ៉ាងពេញលេញនៅក្នុងការធ្វើសកម្មភាពដោយគ្មានការបង្ខិតបង្ខំ ឬកម្រិតពីរដ្ឋឡើយ។ តើបុគ្គលទាំងនោះត្រូវបានទទួលសិទ្ធិនៅក្នុងការធ្វើសកម្មភាពដោយរបៀបណា? តើនៅពេលណា ដែលពួកគេចាប់ផ្ដើមទទួលបាននូវសិទ្ធិទាំងនោះ? ដើម្បីយល់អំពីសិទ្ធិទាំងនោះ យើងគួរយល់ថាអ្វីគឺជាបុគ្គលគតិយុត្តិជាមុនសិន។

តើបុគ្គលភាពគតិយុត្តិជាអ្វី?

បុគ្គលភាពគតិយុត្ត គឺជាការទទួលស្គាល់តាមផ្លូវច្បាប់សារធាតុលើប្រធាននៃសិទ្ធិ និងកាតព្វកិច្ច នៅក្នុងទំនាក់ទំនងគតិយុត្តជាក់លាក់ណាមួយ ដែលត្រូវបានបញ្ញត្តិនៅក្នុងច្បាប់ ហើយច្បាប់បានកំណត់បុគ្គលភាពគតិយុត្តជាពីរ ទី១ រូបវន្តបុគ្គល និងនីតិបុគ្គល។ រូបវន្តបុគ្គល គឺមានន័យជា ”មនុស្ស” ក្នុងន័យធម្មតា ហើយនៅក្នុងច្បាប់វិញ “មនុស្ស” ត្រូវបានច្បាប់ទទួលស្គាល់ថាមានលក្ខណៈសម្បត្តិជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ច ព្រមទាំងមានសមត្ថភាព និងការទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ នេះបើយោងតាមមាត្រា៦នៃក្រមរដ្ឋប្បវេណី។ ចំណែកនីតិបុគ្គលវិញ សំដៅដល់ក្រុមមនុស្ស ឬមូលនិធិ ដែលមានបុគ្គលភាពគតិយុត្ត ហើយជាម្ចាស់នៃសិទ្ធិ និងកាតព្វកិច្ច បើយោងតាមសន្ទានុក្រមរដ្ឋប្បវេណី។

នៅក្នុងប្រធានបទថ្ងៃនេះយើងនឹងលើកឡើងអំពីតែរូបវន្តបុគ្គលដើម្បីមកធ្វើការសិក្សាជាមុន៖

សមត្ថភាពទទួលសិទ្ធិ

ជាគោលការណ៍គ្រប់រូបវន្តបុគ្គលទាំងអស់ មិនថាជនជាតិណាទេអាចទទួលបានសិទ្ធិបុគ្គលដូចគ្នាស្របតាមច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់ជាទូទៅ។​ នៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាក៏ទទួលស្គាល់សិទ្ធិបុគ្គល ចំពោះជនជាតិខ្មែរ និងជនបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចគ្នាដែរ ។ ប៉ុន្តែ ចំពោះជនបរទេសដែលរស់នៅលើទឹកដីខ្មែរ ត្រូវបានរដ្ឋធម្មនុញ្ញ មាត្រា៤៤ និងក្រមរដ្ឋប្បវេណី មាត្រា៧ កម្រិតសិទ្ធិមួយចំនួននេះបើយោងតាមសេចក្ដីពន្យល់ក្រមរដ្ឋប្បវេណីភាគ១។ បញ្ញត្តិនៃមាត្រា៤៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកម្រិតថា “មានតែរូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លីកម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់ ”។ ចំណែកមាត្រា ៧ នៃក្រមរដ្ឋប្បវេណីវិញបានចែងថា “ជនជាតិបរទេស មិនអាចទទួលបាន ឬកាន់កាប់នូវសិទ្ធិមួយចំនួនដែលត្រូវបានកំណត់ឡើយ ក្នុងករណីដែលមានបញ្ញត្តិផ្សេងនៅក្នុងច្បាប់ជាតិ ឬសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ”។

ពេលចាប់ផ្ដើម និងពេលបញ្ចប់សមត្ថភាពទទួលសិទ្ធិ

តើរូបវន្តបុគ្គលមានសមត្ថភាពទទួលសិទ្ធិចាប់មានពីពេលណា? យោងតាមក្រមរដ្ឋប្បវេណី មាត្រា៨ បានបញ្ញត្តថា បុគ្គលគ្រប់រូបមានសមត្ថភាពទទួលសិទ្ធិ នៅពេលដែលចាប់កំណើត។ ពេលចាប់ផ្ដើមនៃកំណើតពុំមានកំណត់ច្បាស់លាស់នៅក្នុងក្រមនោះទេ ប៉ុន្តែក្រមរដ្ឋប្បវេណីបានលើកឡើងអំពីសិទ្ធិមួយចំនួនរបស់ទារកពេលនៅក្នុងគភ៌ដូចជា អំពើអនីត្យានុកូល សន្តតិកម្ម និងអច្ច័យទាន។ នៅក្នុងការកំណត់សិទ្ធិនេះ ឱ្យតែទារកនោះមានកំណើតនៅពេលក្រោយគឺសិទ្ធិទារកត្រូវបានការពារជានិច្ច។ ចំណែកការបញ្ចប់នៃសមត្ថភាពទទួលសិទ្ធិរបស់រូបវនបុគ្គលម្នាក់ៗគឺកើតឡើងនៅពេលទទួលមរណភាព។ នៅពេលមរណភាពគឺត្រូវសន្មតទៅលើស្ថានវេជ្ជសាស្រ្ត ដែលជាទូទៅគឺស្ថានភាពលែងដកដង្ហើម បេះដូងលែងមានចលនា ឬឈប់ដំណើរការនៃកោសិកាខួរក្បាល ឬដោយមានការបញ្ជាក់ពីផ្នែកវេជ្ជសាស្រ្តថាទទួលមរណភាពជាដើម។ នៅពេលនោះហើយដែលសមត្ថភាពនៃការទទួលសិទ្ធិត្រូវបានបញ្ចប់។

សរុបជារួមមកបុគ្គលភាពគឺជាសិទ្ធិដែលបុគ្គលម្នាក់ៗមានហើយត្រូវបានទទួលស្គាល់ដោយច្បាប់ដើម្បីធានាដល់តម្លៃនៅក្នុងភាពជាមនុស្ស។ សិទ្ធិដែលបុគ្គលទាំងនោះមាន គឺធានាដល់ការប្រើប្រាស់ សម្រាប់បម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃ។ ហេតុដូច្នេះហើយ បានជាច្បាប់ត្រូវកំណត់ និងកម្រិតសមត្ថភាពទទួលសិទ្ធិរបស់បុគ្គល នៅក្នុងការងាយស្រួលដល់បុគ្គលម្នាក់ៗអាចប្រើប្រាស់សិទ្ធិទាំងនោះបានដោយសេរី និងធានាកុំឱ្យមានការរំលោភបំពានលើសិទ្ធិអ្នកដទៃផងដែរ។

***Disclaimer
អត្ថបទនេះគ្រាន់តែសរសេរឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងទូទៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវតែប៉ុណ្ណោះ  ដែលអត្ថបទនេះក៏មិនមែនជាការផ្តល់ប្រឹក្សាផ្នែកច្បាប់ផ្លូវការណាមួយឡើយ។  The SEED នឹងមិនការធានា និងមិនទទួលខុសត្រូវនូវបញ្ហាផ្លូវច្បាប់ដែលបណ្តាលមកពីការប្រើប្រាស់អត្ថបទនេះឡើយ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ ក្រុមការងារសរសេរអត្ថបទ The SEED
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ