កាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅនេះ The Economist Intelligence Unit បានចេញរបាយការណ៍ដែលមានខ្លឹមមួយថា ប្រទេសកម្ពុជាបានសម្រេចនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងអត្រាមួយយ៉ាងខ្ពស់ ដែលជោគជ័យនេះបានមកពីការជួយជ្រោមជ្រែងពីប្រទេសចិន។ អ្វីដែលគួឱ្យចាប់អារម្មណ៍នោះគឺរបាយការណ៍នេះបានបន្ថែមទៀតថាប្រទេសកម្ពុជាបានសរបញ្ជាក់ពីការបា៉ន់ស្មានមួយត្រូវ ត្រង់ប្រទេសកំពុងអភិវឌ្ឍមិនអាចផ្ដេកផ្ដួលលើយុទ្ធនាការ COVAX ទាំងស្រុងដើម្បីសម្រេចការចាក់វាក់សាំងនោះឡើយ។ ក្នុងន័យនេះ ប្រសិនបើប្រទេសកម្ពុជាពឹងផ្អែកទាំងស្រុងលើយុទ្ធនាការ COVAX ដែលជាយុទ្ធនាការសម្រាប់កាត់បន្ថយគម្លាតដោយការចែកចាយវាក់សាំងកូវីដ១៩ក្នុងសកលលោក នោះកម្ពុជាប្រហែលជាមិនអាចបើកសេដ្ឋកិច្ចវិញក្នុងខែវិច្ឆិកាឡើយ នោះគឺដោយសារតែវ៉ាក់សាំងដែលទទួលបានពីយុទ្ធនាការ COVAX មានចំនួនតិច ហើយយោងតាមការចេញផ្សាយរបស់ UNICEF គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា កម្ពុជាទទួលបានត្រឹមតែជិត ៣ លានដូសប៉ុណ្ណោះពីយុទ្ធនាការមួយនេះ។ ជាក់ស្ដែងប្រទេសកម្ពុជាបានសម្រេចនៅការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋបានលើសពីផែនការក្នុងរយៈពេលយ៉ាងលឿន ដែលលើសពី ៨០% នៃចំនួនប្រជាជនសរុប ហើយអត្រានេះមានកម្រិតខ្ពស់ជាងគេនៅតំបន់អាស៊ានបន្ទាប់ពីប្រទេសសឹង្ហបុរី។ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ប្រទេសកម្ពុជាបានទទួលវាក់សាំងកូវីដ១៩បានជាង ៣០ លានដូស ដែលក្នុងនោះប្រទេសចិនគឺជាប្រភពផ្គត់ផ្គង់ច្រើនលើសលុប រាប់ទាំងជំនួយផងនិងការបញ្ជារទិញផង។ ភាពជោគជ័យនៃការស្រោចវាក់សាំងដ៏រហ័សនេះបានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ហើយប្រមុខរាជរដ្ឋាភិបាលក៏បានរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញលើស ៥% នៅឆ្នាំ២០២២។ ក្នុងកាលៈទេសៈដែលក្នុងគ្រោះមានលាភនិងក្នុងឧបសគ្គតែងមានឱកាស ប្រទេសកម្ពុជាបានទទួលបានសម្ធិទ្ធផលទាំងផ្នែកការទូត និងសេដ្ឋកិច្ច។
ផ្នែកការទូត និងនយោបាយការបរទេស
ប្រទេសកម្ពុជាគឺជាប្រទេសដំបូងនៅក្នុងតំបន់អាស៊ាន ដែលទទួលបានវ៉ាក់សាំងពីយុទ្ធនាការ COVAX មុនគេ។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាក៏ទទួលបានជំនួយវាក់សាំងដ៏ចម្រុះ ដូចជាប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអង់គ្លេស។ សម្ធិទ្ធិផលទាំងនេះបានមកពីនយោបាយការបរទេសយ៉ាងល្អរបស់ប្រទេសកម្ពុជា ដែលអាចកសាងទំនាក់ទំនងអន្តរជាតិយ៉ាងជិតស្និតរហូតអាចទទួលបានជំនួយជាបន្តបន្ទាប់។ ជំនួយវាក់សាំងទាំងនេះអាចបង្កើតបានជារូបភាពចំនួន ២ ធំៗ ទី (១) ប្រទេសកម្ពុជាមិនចំបាច់ចំណាយថវិការជាតិទៅលើវាក់សាំងមួយផ្នែក និងទី (២) បង្ហាញទៅសាធារណៈជនថាកម្ពុជាបើកចិត្ដនិងបើកទំនាក់ទំនងអន្តរជាតិដោយឥតព្រំដែនទៅលើប្រទេសណាដែលចង់ចងស្ពានចងមេត្រីជាមួយកម្ពុជា។
ប្រទេសកម្ពុជាក៏បានបង្ហាញពីស្មារតីសាមគ្គីភាព និងការចេះជួយយកអាសារជាមួយមិត្ដជាប់ភូមិផងរបងតែមួយ និងសមាជិករបស់អាស៊ានតាមរយៈការផ្ដល់ជំនួយជាដើម។ ក្នុងន័យនេះ ត្បិតតែប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍនិងមានមាឌតូចក៏ពិតមែន ប៉ុន្តែមានបេះដូងធំទូលាយក្នុងការជួយយកអាសារគ្នាក្នុងគ្រាមានអាសន្ន និងរីករាយក្នុងការអនុវត្ដវប្បធម៌ចែករំលែក។ ជាក់ស្ដែង ប្រទេសកម្ពុជាបានផ្ដល់ជំនួយជាបន្តបន្ទាប់ជាថវិការផង សម្ភារៈការពារកូវី១៩រួមមានម៉ាសនិងម៉ាស៊ីនផលិតអុកស៊ីសែនផង និងវាក់សាំងផង ជាមួយប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាមជាដើម។
បន្ថែមលើនេះ កិត្ដិស័ព្ទរបស់ប្រទេសកម្ពុជាបានក្រអូបសាយភាពនៅលើឆាកអន្តរជាតិរាប់ចាប់តាំងពីការព្រមទទួលយនាវាទេសចរណ៍របស់សហរដ្ឋអាមេរិក Westerdam ។ អំពើល្អរបស់ប្រទេសកម្ពុជាមួយនេះត្រូវបានប្រធានាធិបតីអាមេរិក និងអគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) ជាដើមបានថ្លែងអំណរគុណ និងចាត់ទុកការអនុញ្ញាតនាវាចូលចតនេះគឺមានសេចក្តីក្លាហាន និងការបង្ហាញនូវក្តីស្រលាញ់ចំពោះអ្នកដំណើរជាង ២០០០ នាក់ ដែលនៅតែលតោលលើសមុទ្រដោយសារគេមិននអនុញ្ញាតឱ្យចុះចតក្រោមហេតុផលកូវីដ១៩។ កម្ពុជាធ្លាប់តែគេច្រើននិយាយអំពីរបបប្រល័យពូជសាសន៍ ប៉ុន្តែនៅចាប់ពីពេលតទៅ ប្រទេសកម្ពុជាក៏ត្រូវបានពិភពលោកស្គាល់បន្ថែមទៀតថាជាប្រទេសដែលបានសម្រេចចាក់វ៉ាក់សាំងច្រើនជាងគេ មានសន្ដានចិត្ដនិងគុណធម៌ និងការរីកលូតលាស់សេដ្ឋកិច្ចលឿនគួរឱ្យកត់សម្គាល់។
ផ្នែកសេដ្ឋកិច្ច
ក៏ទោះបីជាសេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកលូតលាស់គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ ប៉ុន្តែក៏ដូចប្រទេសក្នុងពិភពលោក សេដ្ឋកិច្ចកម្ពុជាក៏បានដាំក្បាលចុះក្រោមដែរ។ ជាក់ស្ដែង វិស័យទេសចរណ៍ដែលជាឧស្សាហកម្មគ្មានផ្សែងត្រូវបានបង្អាក់ និងសង្វាក់ផលិតកម្មក៏ត្រូវបានរំខានដោយសារការបិទខ្ទប់និងវិធានការទប់ស្កាត់ការរីករាលដាលកូវីដ១៩។ កាលពីចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានធនាគារអភិវឌ្ឍអាស៊ីបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនអត្រា ៤% ប៉ុន្តែ ការព្យាករណ៍នេះត្រូវបានផ្លាស់ប្ដូរមកវិញត្រឹម ១,៩% នៅខែកញ្ញា ឆ្នាំ២០២១ ដោយសារតែការអូសបន្លាយនៃព្រឹត្ដិការណ៍ ២០ កុម្ភៈ រួមជាមួយការបិទខ្ទប់ ការរំខាននៃសង្វាក់ផលិតកម្ម និងការផ្អាកអាជីវកម្មដែលមានហានិភ័យខ្ពស់។ ជាការឆ្លើយតប រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនជាបន្តបន្ទាប់ដូចជាដើម្បីបន្ថយផលប៉ះពាល់នៃការរីករាលដាលកូវីដ១៩ សំដៅទៅជួយដល់អាជីវកម្មអាទិភាព និងប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណារក្សាស្ថិរភាពហិរញ្ញវត្ថុ និងរក្សាភាពធន់នៃវិស័យធនាគារ។ ជាលទ្ធផល ប្រព័ន្ធធនាគារ នៅរក្សាបាននូវភាពធន់ដែលឆ្លុះបញ្ចាំងតាមរយៈភាពរឹងមាំនៃដើមទុននិងសន្ទនីយភាព ការរក្សាបានលទ្ធភាពស្វែងរកប្រាក់ចំណេញ ក៏ដូចជាកម្រិតទាបឥណទានមិនដំណើរការ។ ជាមួយគ្នានេះ ចំនួនប្រាក់បញ្ញើនៅតាមគ្រឹះស្ថានផ្ដល់សេវាហិរញ្ញវត្ថុផ្លូវការបានកើនឡើងគួរឱ្យកត់សម្គាល់។ យោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ឆ្នាំ២០២១ ទំហំប្រាក់បញ្ញើនៅធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួន ៣៦,៦ ប៊ីលានដុល្លារអាមេរិក ដែលទទួលពីអតិថិជនចំនួន ៩,៧ លានគណនី។
តាមរយៈការរក្សាបាននូវភាពធន់របស់ប្រព័ន្ធធនាគារ ធនាគារជាតិនៃកម្ពុជា ទទួលបានពានរង្វាន់ជាបន្តបន្ទាប់។ ជាក់ស្ដែង ឯកឧត្តម ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ និងបានរួមចំណែកជំរុញកំណើន និងរក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងស្ថានភាពដែលកម្ពុជាទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទស្សនាវដ្តីអន្តរជាតិ The Banker។ ជាមួយគ្នាដែរ ធនាគារជាតិនៃកម្ពុជា ត្រូវបានជ្រើសរើសជា និយ័តករធុរកិច្ចដែលល្អបំផុត ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកពី THE ASIAN BANKER។ ការទទួលបាននូវពានរង្វាន់ ជាបន្តបន្ទាប់នេះ សរបញ្ជាក់ពីភាពជោគជ័យលើវិញ្ញាសារដោះស្រាយវិបត្ដិកូវីដ ១៩ កាលពីឆ្នាំ២០២០។
ជាមួយគ្នានេះ កម្ពុជាក៏មានកាលានុវត្ដលើប្រព័ន្ធធនាគារដែរជាពិសេសគឺការកើនឡើងនៃការទូទាត់ដោយប្រើប្រាស់កាបូបអេឡិចត្រូនិក (E-wallet)។ ទំហំនៃការទូទាត់សាច់ប្រាក់អេឡិចត្រូនិកមានការរំពឹងថានឹងបន្តកើនឡើងក្នុងឆមាសទី២ ឆ្នាំ២០២១ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលការទូទាត់ក្នុងសេដ្ឋកិច្ច។ គួររំលេចបន្តិចថា ធនាគារជាតិនៃកម្ពុជាក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបាគង ដែលនេះបានលើកមុខមាត់របស់ប្រទេសយើងនៅលើឆាកអន្តរជាតិក្នុងវិស័យធនាគារ ដោយសារយើងកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីទូទាត់ប្រាក់អន្តរធនាគារក្នុងស្រុកនិងក្រៅប្រទេស។