តោះ! និយាយពីលុយ គឺជាយុទ្ធនាការដែលរៀបចំដោយធនាគារជាតិនៃកម្ពុជានិងអង្គការ Good Return តាំងពីឆ្នាំ២០១៦ ដែលបាននិងកំពុងរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ យុទ្ធនាការ តោះ! និយាយពីលុយ ក៏មានការចូលរួមគាំទ្រដោយក្រសួងនិងស្ថាប័នពាក់ព័ន្ធជាតិនិងអន្តរជាតិមួយចំនួនទៀតផង។ យុទ្ធនាការនេះមានគោលបំណងជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថរបស់អតិថិជនចំពោះការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្អែកលើប្រធានបទចំនួន ៤ រួមមាន ការជ្រើសរើស ការប្រើប្រាស់ ការចចារ និងការប្រាស័យទាក់ទង។ ទិដ្ឋភាពរួមនៃយុទ្ធនាការ តោះ! និយាយពីលុយ បាននិងកំពុងបន្តដើរតួយ៉ាងសំខាន់ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅសាធារណជនដើម្បីឱ្យពួកគាត់មានទម្លាប់សន្សំ និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដូចជា ប្រាក់បញ្ញើនិងកម្ចីជាដើម ចេះចាត់ចែងប្រាក់ចំណូលចំណាយរបស់គ្រួសារ និងមានចំណេះដឹងមួយចំនួនដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់របស់ពួកគាត់។
ហេតុអ្វីទើបបង្កើត យុទ្ធនាការ តោះ! និយាយពីលុយ?
យោងតាមប្រធានក្រុមការងារអប់រំផ្នែកហិរញ្ញវត្ថុ លោកអែម កំណាន់ មូលហេតុដែលបង្កើត យុទ្ធនាការ “តោះ! និយាយពីលុយ” ត្រូវបានបង្កើតឡើងដោយសារ ហេតុផលសំខាន់ៗ មួយចំនួន៖
- មូលហេតុទី ១ ៖ ចំនួនប្រជាជនកម្ពុជា បានបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែ កើនឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ ប៉ុន្តែ អត្រានៃការយល់ដឹងនៃ ផ្នែក ហិរញ្ញវត្ថុមុនពេលដែល យុទ្ធនាការ នេះកើតឡើង គឺនៅមានកម្រិត ទាបបើប្រៀបធៀបទៅនឹងបណ្តា ប្រទេសផ្សេងៗទៀត រួមទាំងបណ្តា ប្រទេសនៅក្នុងតំបន់។
- មូលហេតុទី ២ ៖ ធនាគារជាតិនៃកម្ពុជានៅតែបន្តទទួលបាន នូវការតវ៉ា ឬក៏បណ្តឹងរបស់អតិថិជនចំពោះការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ។
- មូលហេតុទី ៣ ៖ អ្នកផ្តល់នូវសេវាហិរញ្ញវត្ថុក្រៅផ្លូវការ ដូចជា អ្នកចងការប្រាក់ជាដើម តែងបង្កបញ្ហានិង បង្កឲ្យមានការ ភាន់ច្រឡំដល់ប្រជាជន ដែលខ្វះចំណេះដឹងខាងហិរញ្ញវត្ថុ។
- មូលហេតុទី ៤ ៖ កម្ពុជាមាន អត្រាយុវជន ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុនេះច្រើនហើយនៅក្នុងរយៈពេល៣ទៅ៤ឆ្នាំខាងមុខទៀត នឹងមានយុវជនជា ច្រើនទៀត ក្លាយទៅជាអតិថិជនដ៏មានសក្តានុពលរបស់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ។ ដូច្នេះ វាចាំបាច់ណាស់ ដែលពួកគាត់ត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចាំបាច់ សម្រាប់គ្រប់គ្រង ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់គាត់ ដើម្បីធានា អោយពួកគាត់មាន ជីវភាពល្អប្រសើរ។
តើយុទ្ធនាការ តោះ! និយាយពីលុយ ឆ្នាំនេះនឹងនិយាយពីអ្វី?
យុទ្ធនាការ តោះ! និយាយពីលុយ បានវិលត្រលប់មកវិញនៅឆ្នាំនេះក្រោមប្រធានបទថ្មី “តក់ៗពេញបំពង់”។ តក់ៗពេញបំពង់ គឺជាសុភាសិតខ្មែរបុរាណ ដែលផ្ដល់ផ្នត់គំនិតឱ្យមនុស្សយល់ពីសារៈសំខាន់នៃការចាប់ផ្ដើមពីតូចនិងតិច ដើម្បីសម្រេចគោលបំណងធំ។ គោលគំនិតពីក្រោយ យុទ្ធនាការ “តោះ! និយាយពីលុយ៖ តក់ៗពេញបំពង់” គឺការសន្សំលុយដើម្បីឈានទៅសម្រេចក្ដីសុបិនរបស់ខ្លួន និងយុវជន ក៏ដូចជាសហគ្រិនស្ត្រី ដើម្បីឱ្យពួកគាត់ចេះត្រៀមខ្លួនជាមុនដើម្បីដោះស្រាយហេតុការណ៍ដែលអាចកើតឡើងដោយមិនបានដឹងមុន។ ការត្រៀមខ្លួនរួចជាមុនគឺសំដៅដល់ការសន្សំបន្តិចម្តងៗ និងការសន្សំដោយមិនយកប្រាក់ដែលសល់ពីការចាយរួចមកសន្សំ។ ក្នុងន័យនេះ យើងគួរមានទម្លាប់ចាត់ចែងនិងយកប្រាក់មួយផ្នែកដែលយើងរកបានមកសន្សំ មុននឹងចាយដោយមិនគោរពគោលការណ៍ច្បាស់លាស់។ ជាមួយគ្នាដែរ យុទ្ធនាការលើកទី ២ នេះ ក៏បានរំលេចពីការលើកកម្ពស់ស្ត្រី ដោយបង្ហាញពីតួនាទីរបស់ស្ត្រីក្នុងការសម្រេចចិត្ដនៅក្នុងគ្រួសារ។ ក្នុងន័យនេះ ស្ត្រីមានសិទ្ធិស្មើនឹងបុរស ដែលដើរតួជាប្រភពសេដ្ឋកិច្ច ជាអ្នករៀបចំផែនការ និងជាអ្នកកាច់ចង្កូតគ្រួសារផងដែរ។ ទន្ទឹមនឹងនេះដែរ ខ្សែវីដេអូក៏បានរំលេចពីវប្បធម៌ខ្មែរមួយចំនួនដូចជាល្ខោនស្រមោលជាដើម និងបង្ហាញសាធារណៈជនថាយុទ្ធនាការនេះអាចចូលរួមដោយគ្រប់គ្នា មិនថាក្មេងចាស់ប្រុសស្រី និងជនពិការ។