ប្រសិនបើយើងក្រឡេកទៅមើលអំពីប្រវត្តិសាស្ត្រប្រទេសចិន យើងពិតជាមិនអាចមើលរំលងពីបុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ថាជាបិតាស្ថានិកសាធារណរដ្ឋប្រជាមានិតចិនគឺ លោកម៉ៅ សេទុងបានទេ។ លោកម៉ៅសេទុងបានព្យាយាមផ្លាស់ប្តូរសេដ្ឋកិច្ចប្រទេសចិនតាមរយៈផែនការ “មហាលោតផ្លោះ” ដែលបានបន្សល់ទុកនៅសោកនាដកម្មនៃគ្រោះទុរ្ភិក្សនិងការបាត់បង់ជីវិតប្រជាជនរាប់លាននាក់។ ក្រោយពេលដែលផែនការនេះទទួលបរាជ័យ នៅក្នុងប្រទេសចិនក៏មានលេចឡើងនូវបដិវត្តមួយដែលគ្រប់គ្នាបានស្គាល់ថាជា បដិវត្តវប្បធម៌។ ដូច្នេះហើយ នៅក្នុងអត្ថបទនេះយើងនឹងក្រលេកទៅមើលថាតើអ្វីទៅជាបដិវត្តវប្បធម៌? ហើយបដិវត្តនេះវាមានឥទ្ធិពលអ្វីខ្លះដល់ការផ្លាស់ប្តូរសង្គមចិន?
បដិវត្តវប្បធម៌ គឺជាចលនាសង្គមនយោបាយចុងក្រោយរបស់លោកម៉ៅ សេទុងដែលបានកើតឡើងរយៈពេល១ទសវត្សដើម្បីលុបបំបាត់ឥទ្ធិពលមូលធននិយម និងប្រពៃណីចិននៃសាធារណរដ្ឋប្រជាមានិត និងដាក់បញ្ចូលទស្សនវិជ្ជានៃលទ្ធិម៉ៅនិយម(Maoism) ដើម្បីបំពេញចន្លោះប្រហោងមនោគមវិជ្ជាដែលកំពុងប្រើប្រាស់នៅក្នុងសម័យនោះ។ បដិវត្តនេះបានចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៦៦ នៅពេលដែលប្រធានគណបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំងបានប្រកាសថា គណបក្សនេះត្រូវបានជ្រៀតចូលដោយ “អ្នកប្រឆាំងបដិវត្តន៍” និង “អ្នកតំណាងនៃវណ្ណៈគហិបតី (bourgeoisie)” ដែលកំពុងរៀបចំផែនការដើម្បីបង្កើត “របបផ្តាច់ការនៃវណ្ណៈគហិបតី” នៅក្នុងប្រទេសចិន។ យ៉ាងណាមិញ បដិវត្តនេះក៏ត្រូវបានបញ្ចប់នៅឆ្នាំ១៩៧៦ក្រោយពេលដែលលោកម៉ៅ សេទុងបានបាត់បង់ជីវិតដោយសាររោគាពាធ។ យើងសូមបង្វែរចំណាប់អារម្មណ៍មិត្តអ្នកអានទៅមើលមូលហេតុដែលលោកម៉ៅ សេទុងបង្កើតនូវការបដិវត្តនេះឡើងបន្តិច។
ក្រោយពេលដែលផែនការមហាលោតផ្លោះរបស់លោកម៉ៅ សេទុងបានទទួលបរាជ័យជាមួយនឹងការបន្សល់ទុកនៅគ្រោះទុរ្ភិក្សរយៈពេល៥ឆ្នាំមក អំណាចនិងប្រជាប្រិយភាពរបស់លោកនៅក្នុងបក្សកុម្មុយនិស្តចិនមានការថយចុះជាខ្លាំង ។ ហេតុនេះហើយទើបលោកយល់ថា ដើម្បីស្តារអំណាចនិងកិត្តិនាមរបស់ខ្លួនឡើងវិញ ចាំបាច់ត្រូវកម្ចាត់សត្រូវរបស់ខ្លួនដោយការចម្រាញ់យកតែអ្នកដែលមានភក្តីភាពនៅក្នុងបក្សនិងការកសាងមនោគមវិជ្ជាថ្មីរបស់យុវជននៅក្នុងប្រទេស។
ការកកើតនៃកងឆ្មាំក្រហម និងការបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងបដិវត្តន៍
ដើម្បីលុបបំបាត់នូវរនុកក្នុងបក្ស និង ដើម្បីចម្រាញ់យកតែពួកកុម្មុយនិស្តសុទ្ធ លោកម៉ៅ សេទុងបានចាប់ផ្តើមចេញពីការបង្វឹកស្មារតីយុវជនបដិវត្ត។ គាត់បានបញ្ជាឱ្យមានការបិទសាលារៀនទាំងអស់ទូទាំងប្រទេស ហើយអំពាវនាវឱ្យមានការប្រមូលផ្តុំយុវជនយ៉ាងធំដើម្បីពង្រឹងនូវ ស្មារតីនៃការបដិវត្ត និង បញ្ជ្រាបគំនិតឱ្យពួកគេគោរពតាមគោលការណ៍កុម្មុយនិស្ត និង ការដឹកនាំរបស់លោក។ ក្នុងរយៈពេលប៉ុន្មានខែក្រោយមក ចលនានៃយុវជនបានកើនឡើងយ៉ាងឆាប់រហ័សហើយយុវជនដែលជាសិស្សទាំងនោះត្រូវបានបង្កើតជាក្រុមកងបដិវត្តដែលមានឈ្មោះថា កងឆ្មាំក្រហម(Red Guards)ដើម្បីជួយប្រធានបក្សលោក ម៉ៅ សេទុង ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម “revisionists” នៅពេលដែលលោកចាត់ទុកថាពូកគេជាអ្នកបដិវត្តន៍មិនពេញលេញ។ នៅខែសីហាឆ្នាំ១៩៦៦ សម្ព័ន្ធមិត្តរបស់លោកម៉ៅ សេទុងបានជំរុញឱ្យកងឆ្មាំក្រហមធ្វើការវាយប្រហារ និងបំផ្លាញប្រជាជនវ័យចំណាស់ និងបញ្ញវន្តរបស់ប្រទេសចិនដែលប្រកាន់យក “Old Fours” ឬ “ប្រពៃណីចាស់ទាំងបួន” រួមមានគំនិតចាស់ ទំនៀមទម្លាប់ចាស់ ទម្លាប់ចាស់និងវប្បធម៌ចាស់។ Old Fours ត្រូវបានលោកម៉ៅ សេទុងយល់ថាជាប្រពៃណីដែលរាំងស្ទះដល់ការលុបបំបាត់វណ្ណៈព្រោះពួកវាត្រូវបានអភិរក្សដោយក្រុមប្រកាន់វណ្ណៈនិងបានបំពុលចិត្តរបស់មនុស្សរាប់ពាន់ឆ្នាំមកហើយ។ អំឡុងពេលនៃការប្រតិបត្តិការរបស់ពួកកងឆ្មាំក្រហមសាលារៀន និងសាកលវិទ្យាល័យត្រូវបានបិទ ហើយព្រះវិហារ ទីសក្ការៈបូជា បណ្ណាល័យ ហាង និងផ្ទះឯកជនត្រូវបានរឹបអូស ឬក៏បំផ្លាញចោល ហើយត្រឹមតែរយៈពេល១ខែនៃការចាប់ផ្តើមប្រតិបត្តិការនេះ មនុស្សប្រហែល១៨០០នាក់បានបាត់បង់ជីវិតនៅក្នុងទីក្រុងប៉េកាំង។ ការបង្ហូរឈាមកាន់តែមានសភាពខ្លាំងឡើង នៅពេលដែលលោកម៉ៅ សេទុងបានបញ្ជាកុំឱ្យកងសន្តិសុខជ្រៀតជ្រែកការងាររបស់ឆ្មាំក្រហម។ បន្ថែមពីនោះមន្ត្រីបក្ស គ្រូបង្រៀន និងបញ្ញវន្ត ត្រូវបានពួកឆ្មាំក្រហមធ្វើឱ្យអាម៉ាស់ជាសាធារណៈ វាយដំ ហើយក្នុងករណីខ្លះត្រូវបានសម្លាប់ ឬជំរុញឱ្យធ្វើអត្តឃាតថែមទៀតផង ។ យ៉ាងណាមិញនៅពេលដែលទីក្រុងនានាធ្លាក់ចូលទៅក្នុងភាពអនាធិបតេយ្យ ពួកក្រុមកងឆ្មាំក្រហមក៏បានចាប់ផ្តើមប្រយុទ្ធគ្នាឯង។ ដោយរកឃើញពីភាពអសាមគ្គីភាពបែបនេះ កងទ័ពរំដោះប្រជាជន(People’s Liberation Army) ក៏បានបណ្តេញពួកកងឆ្មាំក្រហមឱ្យទៅធ្វើការនៅតាមឃុំនានានៅជនបទ។ គួរបញ្ជាក់ផងដែរថា កងទ័ពរំដោះប្រជាជន(PLA) គឺជាកងកម្លាំងប្រដាប់អាវុធផ្លូវការនៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន (PRC)របស់គណបក្សកុម្មុយនិស្តចិន (CCP) ហើយពួកគេស្ថិតក្រោមការគ្រប់គ្រងរបស់បក្សកុំម្មុយនិស្តទាំងមូល ចំណែកឯក្រុមកងឆ្មាំក្រហមស្ថិតក្រោមការគ្រប់គ្រងរបស់លោកម៉ៅ សេទុងតែម្នាក់។
សៀវភៅក្រហមតូចរបស់លោកម៉ៅ សេទុង (The Little Red Book)
នៅពេលដែលយើងនិយាយអំពីបដិវត្តវប្បធម៌នៅក្នុងប្រទេសចិន យើងមិនអាចមិនលើកឡើងអំពី«សៀវភៅក្រហម»របស់លោកម៉ៅ សេទុងនោះទេ។ មុនពេលនៃមានបដិវត្តន៍វប្បធម៌លោកម៉ៅ សេទុងបានគោលបំណងបង្កើតយុទ្ធនាការនៃការដាក់បញ្ចូលមនោគមវិជ្ជានយោបាយទៅដល់យុវជនជំនាន់ក្រោយតាមរយៈការតាក់តែងសៀវភៅមួយក្បាលនៅឆ្នាំ ១៩៦៤ ដែលត្រូវបានគេស្គាល់ថា “The little Red Book” ដែលបង្ហាញពីទស្សនៈរបស់លោកជាពាក្យស្លោកពាក់ព័ន្ធនឹងមនោគមវិជ្ជាកុម្មុយនិស្ត។ សៀវភៅនេះមានពាក្យពេចន៍សំខាន់ៗចំនួន ២៦៧ ឃ្លាពីមេដឹកនាំចិនកុម្មុយនិស្តដែលគ្របដណ្តប់លើប្រធានបទដូចជាការតស៊ូក្នុងការបំបាត់វណ្ណៈ ការកែប្រែគំនិតនិងគោលលទ្ធិសំខាន់ៗមួយចំនួនទៀត។ ជាក់ស្តែង ក្នុងអំឡុងពេលនៃការបដិវត្តសៀវភៅក្រហមតូចនេះត្រូវបានទទួលយកដោយឆ្មាំក្រហមរាប់លាននាក់ ហើយវាបានក្លាយជានិមិត្តរូបនៃយុវជនបះបោរ និងបដិវត្តន៍របស់ប្រទេសចិន។ បន្ថែមពីនោះ ប្រជាកសិករ ក្មេងៗនិងយុវជនពេញផ្ទៃប្រទេសត្រូវបានបង្ខំឱ្យអានសៀវភៅក្រហមតូចនេះដើម្បីជាការបណ្តុះមនោគមវិជ្ជារបស់លោកម៉ៅ សេទុងនិងការទទួលការអប់រំឡើងវិញ។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនអំឡុងពេលបដិវត្តនិងឥទ្ធិពលរបស់វា
អ្វីដែលគួរឱ្យចាប់អារម្មណ៍ទាក់ទងវប្បធម៌ប្រពៃណី យើងឃើញថាបដិវត្តន៍វប្បធម៌បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមចិន ជាពិសេសគឺពិធីបុណ្យចូលឆ្នាំចិន។ ក្រោយពេលដែលលោកម៉ៅ សេទុងបានក្លាយជាមេដឹកនាំចិននៅឆ្នាំ១៩៤៩ ពិធីបុណ្យគ្រប់ប្រភេទត្រូវបានហាមឃាត់ ហើយការអនុវត្តសាសនាជាច្រើនដែលទាក់ទងនឹងពិធីបុណ្យចូលឆ្នាំចិនក៏ត្រូវបានហាមឃាត់ដូចគ្នា ដូចជាការរាំម៉ុងសាយ ពិធីបុណ្យនៅតាមព្រះវិហារ និងសូម្បីតែទំនៀមទម្លាប់នៃការចែកអាំងប៉ាវ។ គ្រូបង្រៀននៅសាលាត្រូវបានគេប្រាប់ឱ្យបង្រៀនកុមារមិនឱ្យទទួលអាំងប៉ាវពីឪពុកម្តាយរបស់ពួកគេទេ ព្រោះប្រាក់ត្រូវបានគេសន្មត់ថារកបានតាមរយៈការខិតខំ។ ប៉ុន្តែក្រោយពេលដែលបដិវត្តនេះត្រូវបានបញ្ចប់ ការប្រារព្ធពិធីបុណ្យផ្សេងៗក៏ត្រូវបានរៀបចំឡើងវិញ។ បន្ថែមពីនោះ ការប្រើប្រាស់ពណ៌ក្រហមនៅក្នុងពិធីជាច្រើនគឺពិតជាការឆ្លុះបញ្ជាំងពីការផ្លាស់ប្តូរបែបទំនើបនៃទំនៀមទម្លាប់របស់ចិន ដែលបានកើតឡើងក្រោយឆ្នាំ១៩៤៩ ខណៈពេលដែលបក្សកុម្មុយនិស្តចិនច្រើននិយាយថា ពណ៌ក្រហមជានិមិត្តសញ្ញានៃការបង្ហូរឈាម។ លោកវេជ្ជបណ្ឌិត Zhang Tian Liangបាននិយាយថា “នៅក្នុងប្រទេសចិនដីគោក ពណ៌ក្រហមមិនមែនគ្រាន់តែជាពណ៌នោះទេ” ។ “វាជានិមិត្តសញ្ញាសម្រាប់បក្សកុម្មុយនិស្តនិងការឃោសនានយោបាយ ដូច្នេះនៅពេលអ្នកកំពុងប្រើវា វាជាការបង្កប់អត្ថន័យពិសេសមួយដែលមានន័យថា អ្នកព្រមទទួលស្គាល់ជាមួយរបបបក្សកុំម្មុយនិស្តមួយនេះ ក៏ប៉ុន្តែក្នុងឱកាសចូលឆ្នាំចិន ប្រជាជនប្រមូលផ្តុំគ្នាដើម្បីមើលការសំដែងនាគក្រហមនិងការសម្តែងម៉ុងសាយហើយមានការព្យូរប្រតិទិនពណ៌ក្រហមនៅក្នុងផ្ទះបាយ ដោយបំភ្លេចចោលនូវខ្លឹមសារនយោបាយនៃការប្រើប្រាស់ពណ៌ក្រហមនេះ”។
ជារួមបដិវត្តន៍វប្បធម៌បានបញ្ចប់ក្រោយពេលដែលលោកម៉ៅ សេទុងទទួលអនិច្ចកម្មជាមួយនឹងការធ្វើឱ្យសេដ្ឋកិច្ចចិនចុះខ្សោយ ហើយបណ្តាលឱ្យមនុស្សប្រមាណ ១.៥ លាននាក់ស្លាប់ និងប្រហែល ២០ លាននាក់ផ្សេងទៀតត្រូវបាននិរទេសខ្លួន រួមទាំងប្រធានាធិបតីបច្ចុប្បន្នរបស់ចិន លោក ស៊ីជីនពីង (Xi Jinping) ផងដែរ។ បក្សកុម្មុយនិស្តចិនបានថ្កោលទោសដល់អ្នកពាក់ព័ន្ធនឹងបដិវត្តន៍វប្បធម៌ក្នុងឆ្នាំ១៩៨១ ហើយបានទម្លាក់កំហុសភាគច្រើនទៅលើក្រុម Gang of Four(ក្រុមបះបោរដែលដឹកនាំដោយមន្ត្រីបក្សកុម្មុយនិស្តចិនចំនួនបួននាក់ដើម្បីការពារលទ្ធិម៉ៅនិយម)។ ការពិភាក្សាជាសាធារណៈអំពីបដិវត្តន៍វប្បធម៌នៅតែត្រូវបានហាមឃាត់នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះ ដើម្បីការពារការដើរតាមគន្លងរបស់លោកម៉ៅ សេទុង។