"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សន្និសីទប្រទេសដែលទើបទទួលបានឯករាជ្យនៃតំបន់អាស៊ីនិងអាហ្វ្រិក អំឡុងសង្គ្រាមត្រជាក់

គំនូរច្នៃប្រឌិតដោយ៖ Torez

ក្រោយពីសង្រ្គាមលោកលើកទី២បានបញ្ចប់នៅឆ្នាំ១៩៤៥ បណ្តាប្រទេសដែលស្ថិតនៅក្រោមអាណានិគមបរទេសបានចាប់ផ្តើមទាមទារឯករាជ្យភាពរបស់ខ្លួនជាពិសេសគឺប្រទេសនៅក្នុងទ្វីបអាស៊ីនិងទ្វីបអាហ្រ្វិក។ មួយវិញទៀតបណ្តាប្រទេសម្ចាស់អាណានិគមមួយចំនួននៅអឺរ៉ុប ដូចជាប្រទេសបារាំងជាដើមបានទទួលរងនូវការខូចខាតខ្លាំងក្នុងសម័យសង្គ្រាមដោយសារតែការវាយប្រហារខ្លាំងដោយពួកណាស៊ីរបស់ហ៊ីត្លែរ។ ទោះបីជា ជ័យជំនះបានទៅលើខាងសម្ព័ន្ធមិត្តដែលមានអង់គ្លេសនិងបារាំងដែលអាចឱ្យប្រទេសទាំងនេះវិល ត្រលប់ទៅកាន់ដែនដីអាណានិគមខ្លួនវិញក៏ដោយ ក៏ឥទិ្ធពលរបស់ពួកគេនៅក្នុងការគ្រប់គ្រងបានធ្លាក់ចុះ ។ បណ្តាប្រទេសដែលនៅក្រោមអាណានិគមជាច្រើនដែលនៅអាស៊ីនិងអាហ្រ្វិកទាមទារឯករាជ្យបានជោគជ័យជាពិសេសនៅចុងទសវត្សទី៤០ និងទសវត្សទី៥០។ នៅពេលដែលបញ្ចប់សង្រ្គាមលោកលើកទី២ និងការចាកចេញពីសករាជអាណានិគមនិយម ពិភពលោកបានជួបប្រទះនូវសង្គ្រាមមួយថ្មីក៏បានកើតឡើង នោះគឺជាសង្រ្គាមត្រជាក់ដែលជាសង្រ្គាមមនោគមវិជ្ជារវាងប្រទេសអាមេរិចនិងសហភាពសូវៀត។ សង្គ្រាមនេះបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រទេសតតិយលោកដែលទើបតែទទួលបានឯករាជ្យពីប្រទេសអាណានិគម ដែលប្រទេសតូចៗក្លាយជាកូនអុកនិងការប្រទាញប្រទង់គ្នារវាងមនោគមន៍វិជ្ជាកុម្មុយនីស្ដ និងមនោគមន៍វិជ្ជាសេរី។ ហេតុដូចនេះហើយ ទើបបណ្តាប្រទេសដែលទទួលអាណានិគមថ្មីៗទាំងនោះបានរៀបចំសន្និសីទមួយ ដែលមានឈ្មោះថាសន្និសីទអាស៊ី អាហ្វ្រិក ដែលយើងអាចហៅម្យ៉ាងទៀតថាសន្និសីទទីក្រុងបានឌុង ដែលប្រារព្ធក្នុងទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ១៩៥៥។ តើសន្និសីទនេះចាប់ផ្តើមយ៉ាងដូចម្តេចនិងបង្កើតឡើងដើម្បីអ្វី?

១. តើអ្វីជាសន្និសីទអាស៊ី-អាហ្វ្រិក?

សន្និសីទអាស៊ី-អាហ្វ្រិកដែលយើងស្គាល់ថាសន្និសីទក្រុងបានឌុង គឺជាជំនួបដែលធំមួយនៃប្រទេសដែលទើបទទួលបានឯករាជ្យនៃតំបន់អាស៊ីនិងអាហ្វ្រិកដែលបានប្រារព្ធនៅថ្ងៃទី១៨ដល់២៤ ខែមេសា ឆ្នាំ១៩៥៥ ក្នុងទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី។ សន្និសីទនេះត្រូវបានរៀបចំដោយ៥ប្រទេសជាអ្នកផ្តួចផ្តើមឡើងមានដូចជា ឥណ្ឌូនេស៊ី ភូមា ឥណ្ឌា សេឡង់(Ceylon) និងប៉ាគីស្ថាន។ ក្នុងនោះសន្និសីទនេះមានប្រទេសចំនួន ២៩ចូលរួមដែលយើងបានឃើញថាប្រទេសកម្ពុជាក៏បានចូលរួមផងដែរក្រោមការដឹកនាំព្រះបាទនរោត្តមសីហនុដែលទើបទទួលបានឯករាជ្យពីបារាំងឆ្នាំ១៩៥៣ ចំណែកឯប្រទេស២៨ទៀតមានដូចជាអាហ្គានីស្ថាន ភូមា សេឡង់(Ceylon) សាធារណរដ្ឋប្រជាមានិតចិន ស៊ីប អេហ៊ី្សប អេត្យូពី ហ្គាណា(Gold coast) ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ ជប៉ុន ហ្ស៊កដានី ឡាវ លីបង់ លីប៊ីរីយ៉ា លីប៊ី នេប៉ាល់ ប៉ាគីស្ថាន ភីលីពីន អារ៉ាប៊ីសាអូឌីត ស៊ីរី សូដង់ ថៃ តួកគី រដ្ឋវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងយេមែន។ ក្នុងនោះសន្និសីទនេះមានគោលបំណងសំខាន់ៗដូចជា ពិភាក្សាគ្នាលើសន្តិភាពនិងសន្តិសុខក្នុងតំបន់ កិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចនិងវប្បធម៌រវាងអាស៊ីនិងអាហ្រ្វិក ការប្រឆាំងនឹងរបបអាណានិគមនិយម និងជាពិសេសការពិគ្រោះអំពីតួនាទីរបស់ប្រទេសតតិយលោក(Third world)ក្នុងសង្រ្គាមត្រជាក់។ ក្នុងសន្និសីទនេះ យើងសង្កេតឃើញថាប្រទេសចិនដែលទើបប្រកាសជាសាធារណរដ្ឋប្រជាមានិត និងប្រទេសឥណ្ឌាដែលទើបទទួលឯករាជ្យពីប្រទេសអង់គ្លេស ដែលជាប្រទេសធំពីរក្នុងលោកនេះក៏បានចូលរួមក្នុងសន្និសីទនោះផងដែរ។ ក្នុងនោះមេដឹកនាំដែលគួរឱ្យចាប់អារម្មណ៍នៃប្រទេសទាំង ២ ដែលបានចូលរួមសន្និសីទនេះមានលោក ជូអេនឡាយជានាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសចិននិង លោកនេរុដែលជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា។ ប៉ុន្តែអ្វីដែលប្រទេសតតិយលោកបានប្រកាន់យកនិងភាគច្រើនបន្ទាប់ពីកិច្ចប្រជុំនេះគឺនយោបាយអព្យាក្រឹត និងបានបង្កើតចលនាមិនចូលបក្សសម្ព័ន្ធដែលយើងឃើញដូចជាឥណ្ឌា ឥណ្ឌូនេស៊ី និងកម្ពុជាជាដើម។

២. សេចក្តីប្រកាសនៃសន្និសីទ

ក្នុងរយៈពេល៦ថ្ងៃនៃកិច្ចប្រជុំប្រទេសដែលចូលរួមទាំងឡាយបានសម្រេចចេញនៅ១០ ចំណុចដែលគេឱ្យឈ្មោះថា «សេចក្តីប្រកាសលើការលើកកម្ពស់សន្តិភាពពិភពលោកនិងកិច្ចសហប្រតិបត្តិការ» ដែលមានដូចតទៅ៖

  • គោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងប្រតិបត្តិតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ
  • គោរពអធិបតេយ្យភាពបូរណភាពទឹកដីនៃប្រជាជាតិទាំងអស់
  • ទទួលស្គាល់និងគោរពឱ្យមានសមភាពគ្រប់ប្រទេស មិនថាតូចឬធំ
  • មិនមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ និងគោរពសិទ្ធិរបស់ប្រទេសនីមួយៗ ក្នុងការការពារខ្លួន ឯកតោភាគី ឬសមូហភាព ដោយអនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ
  • គោរពសិទ្ធិរបស់ប្រទេសនីមួយៗ ក្នុងការការពារខ្លួន ឯកតោភាគី ឬសមូហភាព ដោយអនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ
  • ក. បដិសេធនឹងការរៀបចំកម្លាំងទ័ពនិងការការពារ ដើម្បីបម្រើផលប្រយោជន៍របស់មហាអំណាច
    ខ. មិនដាក់សម្ពាធទៅលើប្រទេសណាមួយ ព្រោះប្រទេសនីមួយៗមានសិទ្ធិស្មើៗគ្នា
  • ការបដិសេធពីសកម្មភាព ឬការគំរាមកំហែងនៃការឈ្លានពាន ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃប្រទេសណាមួយ
  • ការដោះស្រាយវិវាទអន្តរជាតិទាំងអស់ដោយមធ្យោបាយសន្តិវិធី ដូចជាការចរចា ការផ្សះផ្សា មជ្ឈត្តកម្ម ឬការដោះស្រាយតាមផ្លូវតុលាការ ព្រមទាំងមធ្យោបាយសន្តិវិធីផ្សេងទៀតនៃជម្រើសរបស់ភាគី ដោយអនុលោមតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ
  • ការលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ
  • គោរពយុត្តិធម៌ និងកាតព្វកិច្ចអន្តរជាតិ។

សេចក្តីប្រកាសនេះបានសបញ្ជាក់ថា គ្រប់ប្រទេសទាំងអស់ដែលទើបបានឯករាជ្យឬប្រទេសតតិយលោកនឹងប្រកាន់នយោបាយអព្យាក្រឹតដើម្បីថែរក្សាសន្តិភាពរបស់ខ្លួននិងមិនចង់ស្ថិតនៅក្រោមមហាអំណាចមួយណាឡើយ ព្រោះវាអាចធ្វើឱ្យកិច្ចការនយោបាយរបស់ខ្លួន ស្ថិតក្នុងការប្រទាញប្រទង់របស់មហាអំណាចនិងមិនមានតុល្យភាពរបស់ខ្លួនក្នុងនាមជារដ្ឋអធិបតេយ្យមួយ។

សរុបមក សន្និសីទអាស៊ី អាហ្រ្វិក បានប្រព្រឹត្តឡើងក្នុងពេលដែលពិភពលោកបញ្ចប់នូវសករាជនៃអាណានិគមនិយម ដែលធ្វើឱ្យប្រទេសជាច្រើនមានឯករាជ្យភាពដោយខ្លួនឯង។ ប៉ុន្តែដោយត្រូវមកជួបប្រទះសង្គ្រាមត្រជាក់រវាងអាមេរិចនិងសូវៀត ប្រទេសដែលទើបតែទទួលបានឯករាជ្យមានភាពភ័យខ្លាចក្នុងធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាមដែលបង្កជាអស្ថិរភាពនយោបាយ ដែលជាហេតុនាំឱ្យមានការបង្កើតនៅសនិ្នសីទទីក្រុងបានឌុង នេះឡើងដើម្បីសនិ្តភាពនិងធានាតួនាទីនៃប្រទេសដែលទើបទទួលបានឯករាជ្យនៅកណ្តាលនិងអព្យាក្រឹត ហើយក៏ដើម្បីកំណត់តួនាទីរបស់ប្រទេសតតិយលោកក្នុងពេលពិភពលោកស្ថិតក្នុងបរិបទសង្រ្គាមត្រជាក់ផងដែរ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក វ័ន្ត គីមគ័ង
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ