កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាគំនិតផ្ដួចផ្ដើមរបស់អាស៊ានដែលបានប្រកាសចាប់ផ្ដើមក្នុងការចរចាគ្នានៅឆ្នាំ ២០១២ អំឡុងពេលកម្ពុជាគឺជាប្រធានប្ដូរវេនអាស៊ានហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមាន បន្ទាប់ពីបានឆ្លងកាត់ការចរចារអស់រយៈពេលជាង១០ឆ្នាំ។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ និងជាតួអង្គមួយដ៏សំខាន់ក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ ដែលត្រូវបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។
១. តើអ្វីទៅជា កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)?
ពាក្យពេញនៃRCEP ជាភាសាអង់គ្លេសគឺ “ Regional Comprehensive Economic Partnership” ដែលត្រូវបានគេស្គាល់ជាភាសាខ្មែរថា “ កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់”។ RCEP នេះ គឺជាកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរី ដែលមានសមាជិកសរុបចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ានទាំង១០ប្រទេស និងប្រទេសជាដៃគូអាស៊ានទាំង៥ រួមមានដូចជាចិន ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និងអូស្រ្តាលី។ ដំបូងឡើយ RCEP គឺជាគំនិតផ្តួចផ្តើមរួមពីប្រទេសចំនួន១៦ នៅក្នុងឆ្នាំ២០១១ ហើយបានលេចចេញជារូបរាងពេញលេញនៅក្នុងឆ្នាំ២០១២ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី២១។ ប៉ុន្តែក្រោយមក នៅក្នុងឆ្នាំ២០១៩ ឥណ្ឌា បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះដោយសារការព្រួយបារម្ភអំពីបញ្ហាទីផ្សារដោយខ្លាចថាក្រុមហ៊ុន ឬរោងចក្រផលិតកម្មរបស់ខ្លួនអាចរងផលប៉ះពាល់ខ្លាំង ប្រសិនបើមានទំនិញចិនដែលមានតម្លៃថោក ច្រើនហូរហៀរនៅក្នុងប្រទេសខ្លួននិងដោយសារហេតុផលមួយចំនួនទៀតពាក់ព័ន្ធទៅនឹងប្រយោជន៍សេដ្ឋកិច្ចជាតិ។ តួយ៉ាង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នេះត្រូវបានគេចាត់ទុកថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេនៅលើពិភពលោកគឺដោយឃើញថាសមាជិកនៃកិច្ចព្រមព្រៀងនេះសុទ្ធសឹងតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំង ដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម។ កត្តាចម្បងផ្សេងទៀតដែលនាំឲ្យគេអាចនិយាយបានថា RCEPជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេនោះ គឺដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ មានទំហំទីផ្សាររវាងអន្តរតំបន់ធំ ដែលមានប្រជាជនប្រមាណ ៣០%នៃប្រជាជនសរុបក្នុងពិភពលោក ព្រមទាំងទំហំនៃផលិតផលក្នុងស្រុកសរុបនៃបណ្តាប្រទេសជាសមាជិកបូកបញ្ចូលគ្នា ស្មើនឹងប្រមាណ ៣០%នៃផលិតផលក្នុងស្រុកសរុបក្នុងពិភពលោក។
២. តើប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀងRCEP ទទួលបានផលប្រយោជន៍អ្វីខ្លះ?
គោលបំណងនៃកិច្ចព្រមព្រៀង RCEP គឺដើម្បីបង្កើតភាពជាដៃគូសេដ្ឋកិច្ចទំនើបដែលប្រកបទៅដោយគុណភាពខ្ពស់ ទូលំទូលាយ ព្រមទាំងផ្តល់ផលប្រយោជន៍ទៅដល់ប្រទេសជាសមាជិករវាងគ្នាទៅវិញទៅមក ដោយជួយសម្រួលដល់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។ ពោលគឺ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺធ្វើយ៉ាងណាជួយកាត់បន្ថយរបាំងពន្ធគយឱ្យបាន៩០%លើផលិតផលកសិកម្ម ឧស្សាហកម្ម និងដើម្បីជំរុញឱ្យមានការវិនិយោគដោយផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសអ្នកមានដែលជាសមាជិកក្នុងកិច្ចព្រមព្រៀងនេះផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះ RCEP ក៏រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកនិងក្នុងតំបន់ តាមរយៈការនាំមកនូវទីផ្សារ និងឱកាសការងារដល់អាជីវកម្ម និងប្រជាជនផងដែរ។ RCEP ក៏បានបង្ហាញឱ្យកាន់តែច្បាស់អំពីផលប្រយោជន៍ក្នុងការទាញផលចំណេញពីគ្នាទៅវិញទៅមកពីប្រទេសដែលមានសេដ្ឋកិច្ចធំៗ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង និងអូស្រ្តាលីជាដើម។ តួយ៉ាង ក្រឡេកទៅមើលប្រទេសកម្ពុជា យើងឃើញថាការចូលជាសមាជិកនៃកិច្ចព្រមព្រៀងនេះនឹងអាចនាំមកនូវផលប្រយោជន៍ជាច្រើនមកដល់ប្រទេសកម្ពុជា។ កម្ពុជាទទួលបាននូវភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងRCEPនេះលើទំនិញសំខាន់ៗជាច្រើនរួមមាន ទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម។ លើសពីនេះទៅទៀត កម្ពុជាក៏ទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះដូចជា ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជាផងដែរ។ តាមរយៈសិក្ខាសាលាស្ដីពី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់( RCEP)៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន” កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការសិក្សាចុងក្រោយរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា(ERIA)បង្ហាញថា ជាមួយនឹងកិច្ចព្រមព្រៀងនេះ កម្ពុជារំពឹងនឹងកើនចំណូលពន្ធពី ២.០%ទៅ៣.៩% និង៣.៣២%ទៅ៦.២%លើចំនួនកំណើនការងារ។ ជាពិសេស កម្ពុជានឹងអាចមានកំណើនទៅលើការនាំចេញផ្នែកកម្មន្តសាលនិងសេវាកម្ម ពីចន្លោះ ៩.៤%ទៅ១៨% និង ២%ទៅ៣.៨% លើកំណើនសេដ្ឋកិច្ចថែមទៀតផង។
៣. តើការបង្កើតកិច្ចព្រមព្រៀងRCEP ជួបប្រទះនូវបញ្ហាអ្វីខ្លះនៅក្នុងការចរចារ?
RCEP គឺជាកិច្ចព្រមព្រៀងដ៏ធំមួយ ដែលមានបំណងនាំយកប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងបីរបស់អាស៊ី គឺចិន ឥណ្ឌា និងជប៉ុន ទៅក្នុងការរៀបចំពាណិជ្ជកម្មក្នុងតំបន់ ។ ទោះបីជាការចរចារ RCEP បានចាប់ផ្តើមល្អតាំងពីខែឧសភាឆ្នាំ ២០១៣ ប៉ុន្តែក៏បានប្រឈមនឹងឧបសគ្គនិងបញ្ហាប្រឈមមួយចំនួន ដោយសារតែកត្តាសេដ្ឋកិច្ចនិងនយោបាយ។ កត្តានយោបាយដែលបានបង្កជាឧបសគ្គនៅក្នុងការចរចារនេះដែរមានដូចជា ជម្លោះប្រវត្តិសាស្ត្រនិងទឹកដីដែលមិនទាន់បានដោះស្រាយរវាងរដ្ឋសមាជិកនិងរដ្ឋសមាជិក ជាពិសេសប្រទេសចិនមានជម្លោះទឹកដីជាមួយជប៉ុននិងឥណ្ឌា រួមទាំងប្រទេសសមាជិកអាស៊ានផ្សេងទៀតក៏ខ្វែងគំនិតគ្នានៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ដែលនេះអាចជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលធ្វើឱ្យប្រទេសឥណ្ឌាដែលជាប្រទេសត្រូវបានគេមើលឃើញថាជាប្រទេសមហាអំណាចសេដ្ឋកិច្ចបានដកខ្លួនចេញពី RCEP។
បន្ថែមពីនេះទៅទៀត ការចរចារសម្រាប់ RCEP បានចំណាយពេលយូរជាងធម្មតា ដោយសារបញ្ហាប្រឈមពិសេសនៃការចរចា FTA ( Free Trade Agreement: កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី)។ ប្រទេសជាសមាជិកមួយចំនួននៃ RCEP បានស្នើរសុំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី FTAs ( ប្រទេសដៃគូនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី)ជាមួយគ្នាទៅវិញទៅមក ប៉ុន្តែដោយសារការពិភាក្សាមិនត្រូវរូវគ្នាទៅលើចំណុចជាច្រើនរួមមាន ភាពបច្ចេកទេសនិងមិនបច្ចេកទេសនៃការព្រមព្រៀងគ្នាទៅវិញទៅមក(Technical and Non-Technical Aspects of Trade Deal) ច្បាប់ ( Rule of Origin) បន្ទាត់ពន្ធ និងផលិតផលដែលត្រូវអនុវត្តន៍មុនគេ ដែលជាហេតុធ្វើឱ្យការផ្តល់សច្ចាប័នមានភាពយឺតយ៉ាវ។ លើសពីនេះទៅទៀត ដោយសារតែមានលក្ខខណ្ឌជាច្រើននៃកិច្ចព្រមព្រៀងសម្រាប់ FTAs និងច្បាប់ផ្សេងគ្នា ទើបមានស្ថានភាព “ spaghetti bowl”( spaghetti bowl គឺជាឃ្លាដែលគេប្រដូចទៅនឹងស្ថានភាពច្របូកច្របល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗគ្នានៅក្នុងតំបន់តែមួយ)បានកើតឡើង ដែលស្ថានភាពនេះកាន់តែធ្វើឱ្យមានការរារាំងដល់ការចុះសម្រុងគ្នា និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃ FTAs។ ដោយសារតែ RCEP គឺជាការបញ្ចូលគ្នានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបញ្ចូលពីលើ FTAs ទៀតទើបបណ្តាលឱ្យលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនៅក្នុងតំបន់មានភាពប្រទាំងប្រទឹសគ្នាហើយបានបង្កឱ្យការចរចាមានភាពអូសបន្លាយអស់ជាង ១០ ឆ្នាំ។
សរុបជារួមមក កិច្ចព្រមព្រៀងRCEPនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលជួយសម្រួលការដល់ពង្រីកពាណិជ្ជកម្មនិងវិនិយោគបើកចំហក្នុងតំបន់ ព្រមទាំងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍក្នុងតំបន់។ ថ្វីត្បិតតែមានបញ្ហាប្រឈមជាច្រើនក្នុងកំឡុងការចរចារបង្កើត RCEPក៏ដោយ ក៏ការចរចានេះសម្រេចបានជាស្ថាពរ ហើយបានចូលជាធរមាននៅដើមឆ្នាំ២០២២ផងដែរ។ RCEPនឹងក្លាយជាក្របខណ្ឌស្នូលសម្រាប់ធ្វើពាណិជ្ជកម្មនិងការវិនិយោគដើម្បីពង្រីកបន្ថែមទៀតនូវខ្សែច្រវាក់តម្លៃតំបន់ ដែលអាចនាំមកនូវឱកាសទីផ្សារ និងឱកាសសម្រាប់ការងារអាជីវកម្មនិងប្រជាជននៅក្នុងតំបន់។