នៅដើមទស្សវត្សឆ្នាំ១៩៦០ សង្រ្គាមត្រជាក់ដែលបានកើតឡើងពីការប្រកួតប្រជែងរវាងប្រទេសឈរលើលទ្ធិពីរផ្ទុយគ្នាគឺប្រជាធិបតេយ្យនិងកុំម្មុយនិស្តបានផ្លាស់ប្តូរពីសង្រ្គាមត្រជាក់ដែលមានប៉ូល២(bi-polar cold war)ទៅជាសង្រ្គាមត្រជាក់ដែលមានប៉ូល៣(tri-polar cold war)។ ការផ្លាស់ប្តូរនេះជាលទ្ធផលដែលបង្កឡើងពីការបែកបាក់ទំនាក់ទំនងរវាងមហាអំណាចកុំម្មុយនិស្ត២គឺប្រទេសចិននិងសហភាពសូវៀតដែលធ្លាប់មានសម្ព័ន្ធភាពនឹងគ្នា តាមរយៈការខ្វែងគំនិតលើគោលនយោបាយខុសគ្នានិងបញ្ហារង្គោះរង្គើមួយចំនួនទៀតដែលស្ទើរតែឈានទៅដល់ការកើតសង្រ្គាមរវាងប្រទេសចិននិងសហភាពសូវៀត។
ទំនាក់ទំនងចិន-សូវៀតមុនពេលបែកបាក់
ទំនាក់ទំនងរវាងកុំម្មុយនិស្តចិន-សូវៀតបានកើតឡើងតាំងពីឆ្នាំ១៩១៩ដែលបានឈានទៅរកការបង្កើតឡើងនូវសមាគមនៃគណបក្សកុម្មុយនិស្តអន្តរជាតិដែលមានឈ្មោះថា”កូមីនទែន” (Comintern)ឬអន្តរជាតិទី៣(Third International) ហើយទីភ្នាក់ងារសមាគមនេះមានមូលដ្ឋាននៅទីក្រុងមូស្គូដែលមានគោលបំណងដើម្បីផ្សព្វផ្សាយ គាំទ្រ និងផ្តល់ការណែនាំដល់បដិវត្តសង្គមនិយមជុំវិញពិភពលោក។ ជាក់ស្តែង ការបង្កើតឡើងនូវគណបក្សកុំម្មុយនិស្តចិន(CCP)សព្វថ្ងៃគឺទទួលបានការជួយជ្រោមជ្រែងពី សមាគមកូមីនទែនក្នុងការត្រួសត្រាយផ្លូវក៏ដូចជាផ្តល់ជាជំនួយផ្នែកដំបូន្មាន ការបញ្ជ្រាបមនោគមវិជ្ជានិងយុទ្ធសាស្ត្រក្នុងការធ្វើបដិវត្តន៍។ បន្ថែមពីនោះ នៅឆ្នាំ១៩៤៩ប្រទេសចិននិងសហភាពសូវៀតបានចុះហត្ថលេខាលើសន្ធិសញ្ញាទ្វេភាគីមួយហៅថា សន្ធិសញ្ញាមិត្តភាព សម្ព័ន្ធភាព និងជំនួយទៅវិញទៅមកក្រោមជំនួបលើកដំបូងរវាងមេដឹកនាំប្រទេសទាំងពីរគឺលោកម៉ៅ សេទុងនិងលោកចូសែប ស្តារលីន។ គួរឱ្យដឹងផងដែរថា សន្ធិសញ្ញាទ្វេភាគីមួយនេះរួមបញ្ចូលទាំងសម្ព័ន្ធភាពយោធាដែលតម្រូវឱ្យភាគីសងខាងអាចសុំជំនួយពីគ្នាទៅវិញទៅមកប្រសិនបើពួកគេត្រូវបានវាយប្រហារ ព្រមទាំងសម្ព័ន្ធភាពជាជំនួយផ្នែកសេដ្ឋកិច្ចនិងធនធានមនុស្សផងដែរ។
ភាពតានតឹងរវាងចិននិងសូវៀត ក្រោយលោកJoseph Stalinបានទទួលអនិច្ចកម្ម
ក្រោយពេលដែលលោកJoseph Stalinបានទទួលអនិច្ចកម្មនៅឆ្នាំ១៩៥៣ តំណែងជាមេដឹកនាំក៏បានធ្លាក់ក្នុងកណ្តាប់ដៃលោកNikita Khrushchevដែលតែងតែមានគំនិតចង់លុបបំបាត់របបស្តាលីននិយម។ ខណៈនោះដែរលោក ម៉ៅ សេទុង ក៏កំពុងមានគំនិតចង់ក្លាយជាមេដឹកនាំកុំម្មុយនិស្តជាន់ខ្ពស់ ហេតុនេះហើយទើបលោក ម៉ៅ សេទុងយល់ថាការលុបបំបាត់របបស្តាលីនបាននឹងកំពុងគំរាមកំហែងប្រជាប្រិយភាពរបស់លោកចំពោះបក្សកុំម្មុយនិស្តចិនដោយសារតែលោកបានប្រកាសពីជំហរលើរបបស្តាលីនជាសាធារណៈ។ ការដែលលោក Nikita Khrushchev ចេះតែប្រឆាំងនិងរិះគន់លោកJoseph Stalin បានធ្វើឱ្យចិនយល់ឃើញថាលោក Nikita Khrushchev កំពុងបាត់បង់កាត្យានុភាពរបស់លទ្ធិកុម្មនីស្ដ ដោយសារតែលោក Joseph Stalin ហាក់មានអំណាចនិងមានស្នាដៃស៊ីជម្រៅទៅក្នុងលទ្ធិកុម្មុនីស្ដ។
ម្យ៉ាងវិញទៀត ការលើកឡើងនូវគោលនយោបាយថ្មីរបស់Krushchevចំពោះសហប្រតិបត្តិការរបស់សហភាពសូវៀតជាមួយបស្ចិមប្រទេសដែលហៅថា”ការរួមរស់ដោយសន្តិភាព(Peaceful coexistence)”បានធ្វើឱ្យចិនកាន់តែមិនពេញចិត្តថែមទៀត ដោយចិនបានយល់ឃើញថាសហភាពសូវៀតដែលជាបងធំ ប៉ុន្តែបែរជាបន្ទន់ជង្គង់ជាមួយលោកខាងលិច។ ប្រទេសចិនបានបដិសេធយ៉ាងច្បាស់ៗថាសាធារណរដ្ឋប្រជាមានិតចិនត្រូវការគោលនយោបាយសកម្មប្រយុទ្ធ និងឈ្លានពានបន្ថែមទៀត ដើម្បីផ្សព្វផ្សាយបដិវត្តកុម្មុយនិស្តទូទាំងពិភពលោកមិនមែនជាការរួមរស់ដោយសន្តិភាពឡើយ។
មិនត្រឹមតែប៉ុណ្ណោះ បញ្ហាជម្លោះព្រំដែនរវាងចិននិងឥណ្ឌាកាន់តែធ្វើឱ្យចិនមានការព្រួយបារម្ភដោយហេតុថា សហភាពសូវៀតមិនត្រឹមតែមិនបានជួយខ្លួនទេ ប៉ុន្តែសហភាពសូវៀតបែរជាមានទំនាក់ទំនងល្អហើយគឺជាអ្នកចាំជួយពីក្រោយខ្នងប្រទេសឥណ្ឌាទៅវិញ។ អ្វីដែលកាន់តែធ្ងន់ធ្ងរទៅទៀតនោះគឺនៅឆ្នាំ១៩៦៤ម៉ៅ សេទុង បានអះអាងថា សហភាពសូវៀតនៅតែកាន់កាប់ទឹកដីចិនដែលលួចដោយសហភាពសូវៀតមុនបដិវត្តន៍។ គាត់បានដកឯកអគ្គរដ្ឋទូតចិន ហើយកាត់ទំនាក់ទំនងការទូតជាមួយទីក្រុងម៉ូស្គូព្រមទាំងបានឃោសនាប្រឆាំងសូវៀតយ៉ាងពេញទំហឹងនៅក្នុងប្រទេសចិន។ ក្រោយមកនៅឆ្នាំ១៩៦៨ ទាំងចិន និងសូវៀតបានបង្កើនវត្តមានយោធារបស់ពួកគេនៅក្នុងតំបន់។ការប៉ះទង្គិចលើកដំបូងត្រូវបានគេរាយការណ៍នៅខែមីនា ឆ្នាំ ១៩៦៩ ដោយទាហានចិន និងសហភាពសូវៀតបានបាញ់ប្រហារគ្នាទៅវិញទៅមកលើកោះ Zhenbao រួចហើយក៏មានការប៉ះទង្គិចជាច្រើនទៀតនិងការប្រយុទ្ធជាបន្តបន្ទាប់ទៀតនៅខេត្តស៊ីនជាំងដែលជនរងគ្រោះនិងអ្នកបាត់បង់ជីវិតភាគច្រើនជាទាហានចិន។
ប្រទេសចិនងាកទៅចាប់ដៃជាមួយអាមេរិកវិញ
សហរដ្ឋអាមេរិកគឺជាគូសត្រូវដកស្វិតស្វាញជាមួយប្រទេសប្រកាន់របបកុម្មុនីស្ដ ដែលចិននិងសហរដ្ឋអារិកធ្លាប់ប្រឈមមុខបង្ហូរឈាមនឹងគ្នាជាមួយប្រទេសចិនអំឡុងសង្គ្រាមកូរ៉េ។ សង្គ្រាមកូរ៉េគឺជាសង្គ្រាមតែម្ដងគត់ ដែលប្រទេសចិននិងសហរដ្ឋអាមេរិកបានតទល់គ្នាដោយផ្ទាល់ ហើយទំនងក៏ប្រហែលជាលើកចុងក្រោយដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នៅពេលដែលទំនាក់ទំនងរវាងសហភាពសូវៀតនិងប្រទេសចិនជួបនូវភាពល្វីងជូរចត់ ប្រទេសចិនបែរជាងាកមកចាប់ដៃសហរដ្ឋអាមេរិកវិញដើម្បីជួយភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី។ កាលនោះ សហរដ្ឋអាមេរិកក៏បានបោះបង់តៃវ៉ាន់ចោល ដោយគាំទ្រគោលការណ៍ចិនតែមួយ និងទទួលស្គាល់ប្រទេសចិនក្រោមអំណាចលោក ម៉ៅ ស៊ីទុង នៅក្នុងអង្គការសហប្រជាជាតិផងដែរ។ នៅពេលដែលចិនចាប់ដៃជាមួយសហរដ្ឋអាមេរិកនោះហើយទើបយើងឃើញកាន់តែច្បាស់ពីការប្រឆាំងគ្នាចំៗរវាងសភាពសូវៀតនិងប្រទេសចិន ហើយកូនប្រទេសដែលធ្លាប់រណបប្រទេសទាំង ២ ក៏ចាប់ផ្ដើមចែកផ្លូវគ្នាថាគួរដើរផ្លូវជាមួយកុម្មុយនីស្ដសូវៀត ឬកុម្មុយនីស្ដចិន។ នៅពេលនោះដែរ ក្រុមដែលមិនបានកាច់ចង្កូតតាមរបត់នយោបាយរវាងសហភាពសូវៀត និងសហរដ្ឋអាមេរិក បានជួបប្រទះនូវទំនាស់ផ្ទៃក្នុង ហើយខ្លះក៏ក្លាយជាកូនអុកក្នុងការឱ្យប្រទេសមហាអំណាចលេខក្នុងសមរភូមិប្រកួតប្រជែងអំណាច។ ចុងក្រោយ ទំនាក់ទំនងរវាងចិននិងសហភាពសូវៀតបានធ្វើឱ្យបែងចែកកុម្មុយនីស្ដជា ២ រហូតដល់ថ្ងៃបញ្ចប់នៃសហភាពសូវៀត។