ជប៉ុនគឺជាប្រទេសពិសេសមួយ ដែលឡើងចុះៗ ជាប្រទេសទន់ខ្សោយ បន្ទាប់មកក្លាយជាប្រទេសខ្លាំង ក្រោយមកធ្លាក់ខ្លួន ហើយចុងក្រោយនេះគឺមហាអំណាចសេដ្ឋកិច្ចប៉ុន្តែខ្សោយយោធា។ ក្រោយពីបានអនុវត្តគោលនយោបាយបើកចំហរទៅកាន់ពិភពលោកនៅដើមសតវត្សទី២០ ចក្រភពជប៉ុនដែលជាមហាអំណាចអាស៊ី ចាប់ផ្ដើមរីកចម្រើនលើវិស័យឧស្សាហកម្ម និងយោធាយ៉ាងខ្លាំង ។ ពេលនោះឯងដែលជប៉ុនផ្ដើមមានមហិច្ឆតាវាទទីនិយម និងបានឈ្លានពានប្រទេសជិតខាងខ្លួនជាបន្តបន្ទាប់ ហើយនៅក្នុងសម័យសង្គ្រាមលោកលើកទី២ ជប៉ុនបានចងសម្ព័ន្ធត្រីភាគីជាមួយ អាល្លឺម៉ង់ និងអ៊ីតាលី ដើម្បីសម្រេចមហិច្ឆតាអាណានិគមនិយម។ តែនៅទីបំផុតក៏ត្រូវបរាជ័យទៅវិញនៅឆ្នាំ ១៩៤៥ ក្រោមស្នាដៃអាមេរិក ដោយចាប់ពីពេលនោះ កម្លាំងយោធាជប៉ុនបានចុះខ្សោយរហូតមកដល់បច្ចុប្បន្ន។
យោធាជប៉ុនចុះខ្សោយព្រោះរដ្ឋធម្មនុញ្ញ មាត្រាទី៩
ជប៉ុនគឺជាមហាសេដ្ឋកិច្ចលំដាប់ទី២នៅអាស៊ី និងលំដាប់ទី៣នៅលើពិភពលោក បន្ទាប់ពីអាមេរិក និងចិនក្នុងពេលបច្ចុប្បន្ន។ បើទោះបីជាមានឈ្មោះជាប្រទេសអ្នកមានស្ដុកស្ដម្ភយ៉ាងនេះក្ដី តែប្រទេសនេះត្រូវបានគេហៅថា ជាយក្សសេដ្ឋកិច្ចដែលកន្តឿនយោបាយ មូលហេតុដែលគេហៅជប៉ុនបែបនេះ ដោយសារតែមហាអំណាចមួយនេះគ្មានកម្លាំងយោធា និងនយោបាយខ្លាំងក្លានៅលើឆាកអន្តរជាតិដូចមហាអំណាចដទៃ។ នេះគឺជាផលវិបាកដែលមានដើមចមកើតឡើង ចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២មកម្ល៉េះ ដែលក្រោយពីជប៉ុនបានចាញ់សង្គ្រាមនឹងអាមេរិក ប្រទេសអាមេរិកដែលឈ្នះសង្គ្រាមបានតម្រូវឱ្យជប៉ុនគោរពនូវគោលការណ៍រដ្ឋធម្មនុញ្ញសន្តិនិយមមួយ ដែលកាលនោះរដ្ឋធម្មនុញ្ញថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ១៩៤៦ មាត្រាទី៩ បានចែងថា “ប្រជាជាតិជប៉ុនបានសម្រេចបោះបង់ចោលសង្គ្រាមជាស្ថាពរ ដើម្បីសម្រេចគោលដៅនេះប្រទេសជាតិគ្មានសិទ្ធិបង្កើតកងទ័ពជើងគោក ជើងទឹក និងជើងអាកាសទេ”។
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន រំឮកជប៉ុនថា ខ្លួនត្រូវរំព័ទ្ធដោយយក្សយោធា
សង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានធ្វើឱ្យមេដឹកនាំក៏ដូចជាប្រជាជនជុំវិញពិភពលោកមានភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះការសម្រេចចិត្តប្រើធម៌ក្ដៅរបស់រុស្ស៊ី ព្រោះសង្គ្រាមនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សម្លាប់មនុស្ស បង្អាក់សេដ្ឋកិច្ចអ៊ុយក្រែនយ៉ាងសម្បើម និងជាពិសេសគឺហាក់ដូចជារំលោភបំពានច្បាបើអន្តរជាតិ។ នេះក៏ជាសារមួយដែលព្រមានដល់សន្តិសុខប្រទេសមួយចំនួន ដែលមានព្រំដែនក្បែររុស្ស៊ី ក៏ដូចជាមេរៀនដ៏សំខាន់សម្រាប់ប្រទេសតូចៗនៅជុំវិញពិភពលោក ឱ្យគិតគូអំពីគោលនយោបាយ និងយុទ្ធសាស្ត្រដឹកនាំជាតិឱ្យបានច្បាស់លាស់។ ម្យ៉ាងវិញទៀតសង្គ្រាមនេះក៏ជាការគម្រាមកំហែងចំពោះសន្តិសុខរបស់ជប៉ុន ដែលជាប្រទេសក្បែរខាងរុស្ស៊ី និងជាសត្រូវចាស់ ដែលមានប្រវត្តិជូរចត់យ៉ាងច្រើនជាមួយគ្នាផងដែរ។
ភាពកន្តឿនយោបាយ និងយោធារបស់ជប៉ុនបានក្លាយជាហានិភ័យនៃសន្តិសុខជាតិផងដែរ នៅពេលដែលរុស្ស៊ីបានបើកការឈ្លានពានដ៏ធំទៅលើអ៊ុយក្រែនបែបនេះ ព្រោះថាអតីតកាល និងបច្ចុប្បន្នភាពរបស់ជប៉ុន និងរុស្ស៊ីគឺមិនដែលមានភាពមានភាពផ្អែមល្ហែមនោះទេ តាមដំណើរកង់ប្រវត្តិសាស្ត្រ យើងឃើញប្រទេសភូមិផងរបងជាមួយទាំងពីរនេះ ធ្លាប់មានសង្គ្រាមធំៗជាមួយគ្នាក៏ច្រើនសមរភូមិណាស់ដែរ។ រីឯចំណុចរសើបរវាងជប៉ុន និងរុស្ស៊ីដែលបន្តរហូតមកដល់សព្វថ្ងៃគឺ ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២មក ជប៉ុនមិនដែលចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ីនោះទេ ដោយសារតែបញ្ហាប្រជុំកោះកូរីល (Kuril)។ សព្វថ្ងៃ ជប៉ុននៅតែប្រកាន់ជំហរថាកោះនេះគឺជាដែនដីរបស់ខ្លួន ហើយរុស្ស៊ីកំពុងកាន់កាប់ដែនកោះរបស់ខ្លួនដោយខុសច្បាប់។
ក្រៅពីវិវាទជាមួយរុស្ស៊ី ជប៉ុនក៏មានភាពតានតឹងភូមិសាស្ត្រនយោបាយ និងបរណភាពទឹកដីជាមួយចិនដែលជាមហាអំណាចយោធាទី៣លើលោកបន្ទាប់ពីអាមេរិក និងរុស្ស៊ីផងដែរ អំពីបញ្ហាកោះដែលជប៉ុនហៅថាប្រជុំកោះ សិនកាគុ (Senkaku) ឯចិនហៅថា ដាយយូ (Diaoyu)។ បច្ចុប្បន្នបើទោះជាប្រជុំកោះនេះត្រូវបានគ្រប់គ្រងដោយជប៉ុនក៏ដោយ ក៏នៅតែមានភាពតានតឹងរវាងជប៉ុន និងចិនដដែល ប៉ុន្តែវិបត្តិនេះត្រូវបានគ្រប់គ្រងមិនឱ្យមានជម្លោះបែបហិង្សាទៅបាន ដោយសារតែឥទ្ធិពលពាក់ព័ន្ធនឹងប្រយោជន៍អាជីវកម្ម ដែលអ្នកធុរកិច្ចប្រទេសទាំងពីរព្យាយាមសម្របសម្រួលជាខ្លាំង។ ទន្ទឹមនេះ ជប៉ុនក៏ជាប្រទេសមួយក្នុងការផ្ដួចផ្ដើមនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដែលអ្នកជំនាញជាច្រើនឃើញថាជាយុទ្ធសាស្ត្រសម្រាប់កាត់បន្ថយឥទ្ធិពលរបស់ប្រទេសចិននៅអាស៊ី។
មេរៀនដែលជប៉ុនរៀនពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
ត្បិតតែប្រទេសជប៉ុនហាក់នៅសែនឆ្ងាយពី វិបត្ដិរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែជប៉ុនត្រូវបង្ហាញគោលនយោបាយប្រឆាំងដាច់ខាតក្នុងករណីចូលលុកលុយប្រទេសមួយទៀតដែលខុសច្បាប់ពីអន្តរជាតិ ដោយសារតែខ្លួនមានយោធាមួយដែលទន់ខ្សោយ មិនមែនជាសមាជិកណាតូ និងកំពុងមានជម្លោះព្រំដែនជាមួយប្រទេសមហាអំណាចដូចជារុស្ស៊ី និងចិន។ ក្នុងករណីរុស្ស៊ី-អ៊ុយក្រែននេះបានបង្ហាញឱ្យច្បាស់ពីភាពទន់ខ្សោយនៃសន្តិសុខពិភពលោក ដែលច្បាប់អន្តរជាតិហាក់គ្មានទឹកមាត់ប្រៃជាមួយប្រទេសមហាអំណាចនោះទេ ជាពិសេសប្រទេសដែលមានអាវុធនុយក្លេអ៊ែរ។ សម្ព័ន្ធមិត្ដជិតស្និតយ៉ាងណាក៏អាចបោះបង់យើងចោលបានដែរនៅពេលដែលប្រឈមមុខជាមួយប្រទេសមហាអំណាចដើម្បីបញ្ជៀសសង្គ្រាមលោកលើកទី ៣ និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
ជប៉ុនក៏អាចលើកហេតុផលនេះទៅឱ្យប្រជាជនរបស់ខ្លួនដែលលែងមានឆន្ទៈក្នុងការមានអំណាចយោធាឡើងវិញ ដែលទោះចង់មិនចង់ ជប៉ុនត្រូវការយោធាមួយដ៏ខ្លាំងក្នុងការទប់ទល់ជាមួយប្រទេសយក្សដូចជាចិន និងរុស្ស៊ី។ គួររំលឹកឡើងវិញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញជប៉ុនក្នុងការបង្កើតយោធាឡើងវិញត្រូវបានប្រជាពលរដ្ឋជប៉ុនជាច្រើនជំទាស់ ដែលអាចមកពីមូលហេតុនៃមេរៀនសង្គ្រាមលោកលើកទី ២ នៅពេលដែលប្រទេសជប៉ុនត្រូវបានគេវាយចូលដល់ផ្ទះ ស្លាប់មនុស្សរង្គាល និងជាពិសេសត្រូវបានក្លាយជាប្រទេសទី ១ នៃការរងគ្រោះគ្រាប់បែកបារ៉ាណូ។ យ៉ាងណាមិញ ដូចសុភាសិតមួយលើកឡើងថា “ទេវតាជួយយើង ល្គឹកណាយើងជួយខ្លួនឯងសិន” ដែលនេះជប៉ុនត្រូវតែកសាងយោធាឱ្យខ្លាំង និងមិនគួរសម្លឹងពឹងផ្អែកលើប្រទេសសម្ព័ន្ធមិត្ដក្នុងការជួយពេលមានអាសន្ននោះទេ ដែលអាវុធក្នុងដៃលល្អជាងហៅគេមកចូលជួយ។
ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជប៉ុនជាអ្នកគាំទ្រអ៊ុយក្រែន
ដូចប្រទេសជាច្រើននៅអឺរ៉ុបដែរ ជប៉ុនបង្ហាញជំហរគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹងក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។ មិនត្រឹមតែគាំទ្រតាមរយៈការទូតមួយមុខទេ ជប៉ុនក៏បានបើកទទួលជនភៀសខ្លួនអ៊ុយក្រែនឱ្យមកស្នាក់នៅប្រទេសខ្លួន និងបានបញ្ជូនជំនួយជាច្រើនទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញពីទឹកចិត្តក្នុងការគាំទ្រដល់អ៊ុយក្រែនដែលកំពុងតែជួបទុក្ខលំបាក។ យោងតាមសារព័ត៌មាន Kyodo News បានបង្ហាញថាជំនួយដែលជប៉ុនជួយទៅដល់អ៊ុយក្រែនរួមមាន ម៉ាស់ និងសំលៀកបំពាក់ការពារអាវុធគីមី អាវការពារគ្រាប់កាំភ្លើង មួកសុវត្ថិភាព ឯកសណ្ឋានប្រយុទ្ធក្នុងរដូវរងា ព្រមទាំងយន្តហោះគ្មានមនុស្សបើក(មិនមែនសម្រាប់ប្រយុទ្ធ)ផងដែរ។ លោក Nobou Kishi រដ្ឋមន្ត្រីការពារជាតិជប៉ុនបាននិយាយថា “យើងនឹងបន្តផ្តល់ការគាំទ្រឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដល់រដ្ឋាភិបាលអ៊ុយក្រែន” ។