នៅអំឡុងពាក់កណ្ដាលឆ្នាំ ១៩៩០ ក្រុមតាលីបង់លេចមុខ ហើយបានសម្រេចដឹកនាំអាហ្វហ្គានីស្ថាន។ ក្រុមតាលីបង់គឺជាខ្នងដ៏ក្រាស់មួយសម្រាប់ពួកភេរវករ និងបានដឹកនាំប្រទេសអាហ្វហ្គានីស្ថានចាប់ពីឆ្នាំ ១៩៩៦ ហើយបានបណ្ដេញចេញពីអំណាចនៅឆ្នាំ ២០០១ បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសធ្វើសង្គ្រាមប្រឆាំងភេរវកម្ម និងចុងក្រោយលើកកម្លាំងមកដឹកនាំប្រទេសអាហ្វហ្គានីស្ថានម្ដងទៀតនៅពេលសហរដ្ឋអាមេរិកដកទ័ពនៅឆ្នាំ២០២១។
អំពីក្រុមតាលីបង់
ក្រុមតាលីបង់ ឬក្រុមសិស្ស (បកប្រែជាភាសា Pashto) ដែលក៏កកើតក្រោយពីការធ្វើសង្រ្គាមនៅក្នុងរដ្ឋអាហ្វហ្គានីស្ថាននៅអំឡុងឆ្នាំ ១៩៧៨ ទៅ ១៩៩២។ ដើមចមនៃការបង្កើតក្រុមនេះគឺកើតឡើងដោយសារតែការឈ្លានពានរបស់កងទ័ពសូវៀតនៅអំឡុងឆ្នាំ ១៩៨០ មកក្នុងប្រទេសអាហ្វហ្គានីស្ថានហើយមានបំណងជះឥទ្ធិពលនយោបាយកុម្មុយនីយមកក្នុងប្រទេសអាហ្វហ្គានីស្ថាន។ មួយវិញទៀតក្រុមនេះក៏បានកកើតឡើងដោយសារតែការធ្លាក់ចុះនៃការគ្រប់គ្រងរបស់រដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមតាលីបង់បានពង្រីកខ្លួនក្នុងការគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានពីទីក្រុងកាប៊ុលនៅឆ្នាំ ១៩៩៦ ហើយបន្តគ្រប់គ្រងនិងពង្រីកខ្លួនពេញប្រទេស។ ត្បិតតែក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ក្រោមទម្រង់តឹងរ៉ឹងខ្លាំង ដែលបានប៉ះពាល់សិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាពិសេសរិតត្បិតសិទ្ធិស្ត្រី ក្រុមនេះក៏មានស្នាដៃក្នុងការកាត់បន្ថយអំពើពុករលួយ លើកកម្ពស់នៃការអនុវត្ដច្បាប់ និងកសាងរចនាសម្ព័ន្ធមួយចំនួនផងដែរ។
ការកើនឡើងនៃអំណាចក្រុមតាលីបង់
ក្រុមតាលីបង់នេះបានកើនឡើងអំណាចនៅពេលដែលពួកគេបានសម្រេចគ្រប់គ្រងទីក្រុងកាប៊ុល និងទោះបីជាចេញពីអំណាចជាង ២០ ឆ្នាំក៏ដោយ ប៉ុន្តែអំណាចរបស់ក្រុមនេះបានចាក់ឬសយ៉ាងល្អ និងអាចរងចាំឱកាសល្អក្នុងការដណ្ដើមអំណាចមកវិញ។ តាមពិតទៅ មុននឹងក្រុមតាលីបង់លើកទ័ពចូលប្រទេសអាហ្វហ្គានីស្ថាននៅឆ្នាំ២០២១ សហរដ្ឋអាមេរិកនិងក្រុមតាលីបង់បានមានការជជែកគ្នាកាលពីឆ្នាំ២០២០ លើកិច្ចព្រមព្រៀងរក្សាសន្តិភាព ។
នៅពេលដែលដណ្ដើមអំណាចដំបូង ក្រុមតាលីបង់បានសន្យាថាការគ្រប់គ្រងរបស់ខ្លួននឹងធូរជាងកាលដែលធ្លាប់គ្រប់គ្រង ដែលរក្សានូវការគោរពសិទ្ធិមនុស្ស និងសិទ្ធស្ត្រី ដើម្បីគ្រប់គ្រងស្ថានភាពនៃភាពវឹកវរ និងដើម្បីកុំឱ្យអន្តរជាតិថ្កោលទោសនិងប្រតិកម្មខ្លាំងមកលើការកាន់អំណាចសារជាថ្មីរបស់ខ្លួន។ ប៉ុន្តែអ្វីៗគឺមិនបានកើតឡើងដូចការសន្យារបស់ពួកគេឡើយការបិទសិទ្ធិរបស់ស្រ្តីបានលេចចេញម្ដងបន្តិច រាប់ចាប់ពីការទទួលបានការអប់រំរបស់ស្ត្រី និងការតម្រូវឱ្យស្ត្រីពាក់អាចបាំងមុខឱ្យជិតនៅលើកញ្ចក់ទូរទស្សន៍ក្ដី។
ការគ្រប់គ្រងរបស់ក្រុមតាលីបង់
ការគ្រប់គ្រងរបស់ក្រុមតាលីបង់គឺជាសុបិនដ៏អាក្រក់សម្រាប់ស្ដ្រីនៅប្រទេសអាហ្វហ្គានីស្ថាន។ ទោះបីជាមានការសន្យារបស់ក្រុមតាលីបង់ក្ដី ប៉ុន្តែគេហាក់មិនសូវជឿថាពួកគេនឹងលើកកម្ពស់សិទ្ធិស្រ្តីនោះទេ ដោយសារក្រុមនេះជាក្រុមអភិរក្សនិយមសាសនាអីស្ថាម។ ជាក់ស្ដែង នៅពេលដែលក្រុមតាលីបង់ឡើងកាន់អំណាចនៅឆ្នាំ២០២១ភ្លាម ក្រុមនេះបានចេញច្បាប់ឱ្យមានការបែងចែកភេទក្នុងថ្នាក់ ដែលសិស្សប្រុសរៀនមួយក្រុម និងសិស្សស្រីរៀនមួយក្រុម។ មួយវិញទៀត ចំហាយនៃការរិតត្បិតស្ត្រីបានលេចឡើងនៅពេលដែលក្រសួងកិច្ចការនារីទៅជាក្រសួងអបាយមុខ និងគុណធម៌ (Ministry of Vice and Virue)វិញ។ បញ្ហាសិទ្ធិមនុស្សសំខាន់ៗដែលកំពុងតែកើតឡើងរួមមាន៖ការសម្លាប់ពួកក្រុមបះបោរ ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការដោយកងកម្លាំងសន្តិសុខ ការបាត់ខ្លួនក្រុមមនុស្សឬបុគ្គលដែលធ្លាប់ប្រឆាំងជាមួយក្រុមតាលីបង់។ ទីភ្នាក់ងារជំនួយ(Aid Agencies)និយាយថា អាហ្វហ្គានីស្ថានស្ថិតនៅចំណុចគ្រោះថ្នាក់ខ្លាំងណាស់រួមផ្សំទៅនឹងអំពើរដ៏ឃោរឃៅកាន់តែខ្លាំងឡើងកាន់តែអាក្រក់ទៅលើការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេស។ CEO of the Asia Pacific Refugee Network លោកស្រី Najeeba Wazedafost បានរាយការណ៍អំពីការស្វែងរកពីផ្ទះមួយទៅផ្ទះរបស់ពួកតាលីបង់ក្នុងទិសដៅសម្លាប់ក្រុមបះបោរប្រឆាំងនឹងខ្លួន សកម្មជនសិទ្ធិមនុស្ស និងអ្នកដែលក្រុមតាលីបង់យល់ថាបានបំពានទៅលើច្បាប់ឥស្លាមតបស់ពួកគេ។