"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

តើការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិយ៉ាងដូចម្តេច?

គំនូរច្នៃប្រឌិតដោយ៖ Toby

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជំហររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅតែ មិនមានភាពច្បាស់លាស់។ ក្នុងអំឡុងពេលរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា លោកបានព្យាយាម ប្រើប្រាស់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកឆ្ពោះទៅតំបន់អាស៊ី ខណៈដែលក្នុងរដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី បានផ្លាស់ប្តូរផ្ទុយគ្នាដោយលោកបានដកខ្លួនចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០១៧។ នៅឆ្នាំ២០២០លោកចូ បៃឌិនមានការប៉ុនប៉ងបង្កើតយុទ្ធសាស្ត្រជាថ្មី ក្នុងការកសាងនូវជំហររបស់ សហរដ្ឋអាមេរិកនៅក្នុងទឹកដីឥណ្ឌូប៉ាស៊ីហ្វិកដោយសង្កត់ធ្ងន់លើសម្ព័ន្ធមិត្ត ដៃគូពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ និងវិធីសាស្រ្តសេដ្ឋកិច្ចផ្សេងទៀតនៅក្នុងតំបន់។អត្ថបទនេះយើងនឹងវិភាគឱ្យកាន់តែស៊ីជម្រៅទៅលើគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក សេរីភាវូបនីយកម្មសេដ្ឋកិច្ច ពហុភាគីនិយម លទ្ធិប្រជាធិបតេយ្យ សម្ព័ន្ធភាព សន្តិសុខរបស់សហរដ្ឋអាមេរិកនិងភាពជាដៃគូក្នុងអំឡុងពេលរដ្ឋបាលរបស់ប្រធានាធិបតីទាំងបីរូប។ យើងនឹង មើលទៅលើភាពទន់ខ្សោយនិងបញ្ហាប្រឈមដោយចាប់ផ្តើមពីរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា លោក ដូណាល់ ត្រាំ និង សង្កេតមើលយុទ្ធសាស្ត្រនាពេលបច្ចុប្បន្នរបស់ លោក ចូ បៃឌិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ផ្អែកលើរដ្ឋកាលទាំងបី យើងអាចស្វែងយល់ពីមូលហេតុដែលគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក អាចបង្កើតរបត់នានានៃសណ្តាប់ធ្នាប់អន្តរជាតិសេរី។

រដ្ឋបាលរបស់​លោក​ បារ៉ាក់ អូបាម៉ា

នៅក្រោមរដ្ឋបាលរបស់លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា សហរដ្ឋអាមេរិកមាននូវយុទ្ធសាស្រ្តតម្រង់ទិស ដែលមានគោលបំណងស្ថាបនា និង កសាងឡើងវិញនូវអានុភាពរបស់ខ្លួន ជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។​ គោលនយោបាយរបស់លោកបារ៉ាក់ អូបាម៉ា បានឆ្លុះបញ្ចាំងនិងលំអៀងទៅរកសេរីនិយមពីព្រោះ គាត់បានយល់ដឹងពីផលវិបាកសម្រាប់សហរដ្ឋអាមេរិកនៃគោលនយោបាយប្រាកដនិយម ដែលបានលុបបំបាត់ នូវកិច្ចសហប្រតិបត្តិការ ការបង្កើតជម្លោះ និង ការមិនចុះសម្រុង​ដែល​ធ្វើអោយមានការប៉ះពាល់ដល់ សណ្តាប់ធ្នាប់របស់ពិភពលោក។ ហេតុយ៉ាងដូចនេះហើយ លោក បារ៉ាក់ អូបាម៉ា បានព្យាយាមបង្កើតគម្លាត រដ្ឋបាលរបស់គាត់ពី “សង្គ្រាមលើភេរវកម្ម” ហើយលោកបានផ្តោតទៅលើការលើកកម្ពស់ផលប្រយោជន៍ និង សន្តិសុខវិញ។​​​ លើសពីនេះ លោកបានសង្កត់ធ្ងន់ទៅលើការធ្វើការ​ជាមួយស្ថាប័នអន្តរជាតិ​ដើម្បីឆ្ពោះទៅរកការ អភិវឌ្ឍបន្ថែមទៀតនូវលទ្ធិពហុភាគីនិយម លទ្ធិប្រជាធិបតេយ្យ សម្ព័ន្ធភាព និង ភាពជាដៃគូសហការ។ ពោល​គឺ​ ការផ្ដោតសំខាន់ទៅលើការកសាង​តុល្យភាព​ក្នុង​តំបន់​ឡើង​វិញ​ដោយ​ការ​ពង្រឹង​សម្ព័ន្ធមិត្ត​ភាពរបស់​អាមេរិក​នៅ​អាស៊ី​តាមរយៈសហគមន៍ដៃគូអន្តរប៉ាស៊ីហ្វិក (Trans-Pacific Partnership) ដោយចូលរួមកាន់នៅក្នុងអង្គការក្នុងតំបន់ ឬ ការអនុវត្តសមាហរណកម្មសេដ្ឋកិច្ច។ មួយវិញទៀត លោកបានលូកដៃជួយជ្រោមជ្រែង និង គាំទ្រដល់ប្រទេសសមាជិកនៃប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងការចរចាជុំវិញលើ​ជម្លោះ​ដែន​សមុទ្រចិនខាងត្បូង។ ខណៈដែលការជ្រោមជ្រែងរបស់សហរដ្ឋអាមេរិកត្រូវបានចាត់ទុកថាគឺជាការជួយដល់រដ្ឋអាស៊ីអាគ្នេយ៍ ប៉ុន្តែទិដ្ឋភាពយោធាដែលភ្ជាប់ទៅនឹងគោលនយោបាយ “Pivot to Asia”​បានបង្ហាញយ៉ាងច្បាស់ទៅកាន់ប្រទេសចិនទាក់ទងនឹងមហិច្ឆិតា ឥទ្ធិពល​ និង ការគ្រប់គ្រងទឹកដី​របស់​សហរដ្ឋអាមេរិកនៅអាស៊ី ជាពិសេសអាស៊ីប៉ាស៊ីហ្វិក។​​ ក្រៅ​ពី​នេះ លោក​ក៏​បានផ្តោតយ៉ាង​ខ្លាំង​ទៅលើ​សារៈសំខាន់​នៃ​លទ្ធិប្រជាធិបតេយ្យ​ និង​​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត។ ផ្ទុយពីលោកចច ​បូស​ លោកបារ៉ាក់ អូបាម៉ា បានកសាងនូវទំនាក់ទំនងដ៏រឹងមាំ​ជាមួយសម្ព័ន្ធមិត្ត​សំខាន់ៗ​ដូចជាប្រទេសបារាំង  និង អាល្លឺម៉ង់ ពីព្រោះគោលនយោបាយរបស់គាត់ជឿលើ “ការគាំទ្រអន្តរជាតិ និង ភាពស្របច្បាប់” និង “សារៈសំខាន់នៃមតិអន្តរជាតិ”។ យ៉ាងមិញរដ្ឋបាលរបស់គាត់ក៏បានបង្ហាញថា ពហុភាគីនិយមគ្រាន់តែជាឧបករណ៍ មួយសម្រាប់សហរដ្ឋអាមេរិកដរាបណាវាមានតម្លៃ និង លទ្ធភាពក្នុងការលុបបំបាត់នូវការរចំណាយ​ និង ផ្តល់ភាព ស្របច្បាប់ដល់សហរដ្ឋអាមេរិកដោយគ្មានឧបសគ្គ​ដែលអាចកើតមាន។ សរុបមក ក្រោមការគ្រប់គ្រងរបស់ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក​អាច​ប៉ះពាល់ដល់ សណ្តាប់ធ្នាប់អន្តរជាតិសេរី និង ទំនាក់ទំនងអាស៊ីប៉ាស៊ីហ្វិក។

រដ្ឋបាលលោកដូណាល់ ត្រាំ

នៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ សហរដ្ឋអាមេរិកមានការព្រងើយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដូចជាពិភពលោក។ គោលនយោបាយចម្បងរបស់លោក ដូណាល់ ត្រាំ អំពីសណ្តាប់ធ្នាប់អន្តរជាតិសេរី​​(International-Liberal-Order) គឺជ្រើសយកការប្រកួតប្រជែងជាជាងកិច្ចសហប្រតិបត្តិការ។ បើតាមការលើកឡើងរបស់លោក​ហា វ៉ូតនៅ​CNBC ក្នុងឆ្នាំ២០១៨​ លោកអតីតប្រធានាធិបតី ​ដូណាល់ ត្រាំ បានធ្វើឱ្យមានភាពរង្គោះរង្គើរចនាសម្ព័ន្ធអន្តរជាតិនៅក្នុងបេសកកម្មរបស់គាត់ដែលគេស្គាល់ថា “អាមេរិចមុនគេ ឬ American-First”។ ​​មូលហេតុ​សំខាន់ចំនួន ៤ បានបង្ហាញថាគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក អាចប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិសេរី​  និង ទំនាក់ទំនងអាស៊ីប៉ាស៊ីហ្វិក ។​ មូលហេតុទីមួយគឺ លោក ដូណាល់ ត្រាំបានផ្លាស់ប្តូរទិសដៅរបស់សហរដ្ឋអាមេរិកនៅក្នុងសេដ្ឋកិច្ច​​​​សេរីនិយម។​​ ក្រោមការដឹកនាំរបស់ប្រធានាធិបតី​ដូណាល់ ត្រាំ ​សហរដ្ឋអាមេរិកបានដកខ្លួនពីកិច្ចព្រមព្រៀង​សេដ្ឋកិច្ច  និងភាពជាដៃគូជាច្រើនប្រភេទ។ ឧទាហរណ៍ក្នុងឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានប្រកាសដកសហរដ្ឋអាមេរិកចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលអនុម័តដោយប្រទេសចំនួន ១២ នៅប៉ាស៊ីហ្វិករួមទាំងសហរដ្ឋអាមេរិកហើយវាក៏គ្របដណ្តប់ ៤០% នៃសេដ្ឋកិច្ចពិភពលោក។ ដោយសារហេតុផលទាំងនេះ គោលនយោបាយ របស់គាត់បានធ្វើឱ្យប៉ះពាល់ដល់ភាពជាដៃគូជាមួយបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក។ មូលហេតុទីពីរគឺពហុភាគីនិយម(Multilateralism) ក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី ​ដូណាល់ ត្រាំមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដោយសារសហរដ្ឋអាមេរិកបានដកចេញពីអង្គការ និង ដៃគូពិភពលោកនានាជាច្រើន។ ជាក់ស្ដែង ក្នុងឆ្នាំ២០២០ លោក ដូណាល់ ត្រាំ បានបដិសេធមិនធ្វើការរួមគ្នាជាមួយបណ្តាប្រទេសផ្សេងទៀតនៅក្នុងគំនិតផ្តួចផ្តើមសកលដែលហៅថាWHO-COVAX-Facility របស់អង្គការសុខភាពពិភពលោក​​ ដើម្បីចែកចាយវ៉ាក់សាំងទៅកាន់ប្រទេសកំពុងអភិវឌ្ឍ ហើយលោកក៏ចង់ ដកសហរដ្ឋអាមេរិកចេញពីសមាជិកអង្គការសុខភាពពិភពលោកផងដែរ។ ដោយសារហេតុផលទាំងនេះប្រទេសដែលងាយរងគ្រោះ និង កំពុងអភិវឌ្ឍជាច្រើន នៅអាស៊ីប៉ាស៊ីហ្វិកបានពឹងផ្អែកលើប្រទេសចិន          ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនេះ។ ចំណុចទីបី ​យើងអាចសង្កេតមើលសម្ព័ន្ធមិត្ត និង ដៃគូការពារសន្តិសុខរបស់អាមេរិក។ ​​ក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកនៅតែរក្សាទំនាក់ទំនងល្អជាមួយសម្ព័ន្ធមិត្តរបស់ពួកគេនៅ អឺរ៉ុប និង ចក្រភពអង់គ្លេស។ ជាងនេះទៅទៀត លោក​តែងតែ​សង្កត់ធ្ងន់​លើបញ្ហាឥទ្ធិពល​របស់ប្រទេសមួយចំនួនដែល​កំពុង​លេចឡើង​ដូចជា ប្រទេស​ចិន និង ប្រទេស​រុស្ស៊ី​។ តាមការលើកឡើងរបស់លោក ប្រេតបឺត អ្នកជំនាញផ្នែកនយោបាយ សន្តិសុខអឺរ៉ុប និង ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ព្រមទាំងលោក ឃឹមមេត សាស្រ្តានៃសាកលវិទ្យាល័យកាតូលិកអាមេរិកក្នុងឆ្នាំ២០១៨ រដ្ឋបាលលោក ដូណាល់ ត្រាំបានប្រឆាំងនឹងការប្រកួតប្រជែងអំណាចពីប្រទេសចិន និង រុស្ស៊ីព្រមទាំងការគំរាមកំហែងពីរដ្ឋទាំងឡាយ ដូចជាអ៉ីរ៉ង់ និង កូរ៉េខាងជើង។ ចំណុចទីបួន ប្រសិនបើយើងវាយតម្លៃលើ ផ្នែ​កប្រជាធិបតេយ្យក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី​ដូណាល់ត្រាំ​ គាត់មិនបានផ្តោតច្រើនលើលទ្ធិប្រជាធិបតេយ្យ  និងការរំលោភសិទ្ធិមនុស្សក្នុងប្រព័ន្ធអន្តរជាតិនោះទេ ។     ក្នុង​អំឡុង​ពេល​កាន់​តំណែង លោក​លោកគ្រាន់​តែ​ផ្តោត​លើ​ការ​ទាញផលប្រយោជន៍​ឲ្យសេដ្ឋកិច្ច​អាមេរិក​ពីសហគមន៍​អន្តរជាតិ។ ជារួម ការគ្រប់គ្រង របស់ប្រធានាធិបតីដូណាល់ ត្រាំ គោលនយោបាយការបរទេសសហរដ្ឋអាមេរិកប៉ះពាល់ដល់សណ្តាប់ធ្នាប់ អន្តរជាតិសេរី និង ទំនាក់ទំនងអាស៊ីប៉ាស៊ីហ្វិក។

រដ្ឋបាលរបស់លោក ចូ បៃឌិន

ក្រោមការគ្រប់គ្រងរបស់លោកចូ បៃឌិន អាស៊ីប៉ាស៊ីហ្វិកនៅតែបន្តជាផ្នែកសំខាន់នៃគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក។ លោកប្រធានាធិបតីបានប្រកាសថា ‘អាមេរិចត្រលប់មកវិញ សម្ព័ន្ធ​ ភាពអាត្លង់ទិកត្រលប់មកវិញ’  ឬ​ ‘America is back, transatlantic alliance is back’ ជាគោលនយោបាយថ្មីសម្រាប់រដ្ឋាភិបាលលោកក្នុងការកសាងប្រទេសអាមេរិចឡើងវិញ។ សម្រាប់​លោក​ប្រធានាធិបតីចូ បៃឌិន ការ​កសាង​សហរដ្ឋ​អាមេរិក​ឡើង​វិញ ​បន្ទាប់​ពី​ស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ដូ ណាល់ត្រាំ  វាជាឱកាស​សំខាន់ និង​ ជា​ចំណុច​របត់​នៃ​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិកដោយ​ការ​ស្ដារ​ឡើងវិញ​នូវទំនុកចិត្ត​ពី​សម្ព័ន្ធ មិត្តចាប់​តាំងពី​អឺរ៉ុប​ដល់​អាស៊ី​ប៉ាស៊ីហ្វិកដែល​ត្រូវ​បាន​បំផ្លាញ​ ក្នុងរយៈពេលបួន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជំហានដំបូងលោកប្រធានាធិបតី ចូ បៃឌិនបានរៀបចំនូវកិច្ចប្រជុំកំពូល ជាមួយអាស៊ាន ឬ JoeBiden-ASEAN ដែលត្រូវបានចាត់ទុកថាជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក សម្រាប់អាស៊ីប៉ាស៊ីហ្វិក ឬ ‘Pivot to Asia’ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិននៃខាងវិស័យសេដ្ឋកិច្ច-យោធានៅអាស៊ីអាគ្នេយ៍ និង សមុទ្រចិនខាងត្បូង។ យោងតាមទស្សនៈរបស់ប្រធានាធិបតី ចូ បៃឌិន លោកយល់ថា នយោបាយ-សេដ្ឋកិច្ចចិន ក្នុងការប្រើប្រាស់បណ្តាញវារីអគ្គិសនី ក្នុងការសាងសង់ទន្លេឆ្លងដែន (Mekong Salween) គឺ​ដើម្បីបំពេញតម្រូវការថាមពលរបស់ប្រទេសចិន​​ ​និង ​គ្រប់គ្រងលំហូរទឹកទន្លេមេគង្គ របស់ប្រទេសអាស៊ីអាគ្នេយ៍ទាំង៥រួមមាន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង វៀតណាម។  ជាលទ្ធផលនៃកិច្ចប្រជុំកំពូល រដ្ឋបាលចូ បៃឌិនបានសន្យាថានឹងបែងចែកប្រាក់ប្រមាណ ៨០០ លានដុល្លារជាជំនួយទ្វេភាគីជាមួយបណ្តា ប្រទេសអាស៊ានក្នុងឆ្នាំ២០២៣ និង​​ ប្រមាណ២៥លានដុល្លារសម្រាប់វិនិយោគលើវិស័យបម្រើ រួមទាំងថាមពលហេដ្ឋារចនាសម្ព័ន្ធ សុខភាព ការអប់រំ ពាណិជ្ជកម្ម ដើម្បីទប់ស្កាត់ និង​ កាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចនៃរដ្ឋអាស៊ីអាគ្នេយ៍ទៅលើទីក្រុងប៉េកាំង តាមរយៈការបង្កើនឥទ្ធិពលរបស់ខ្លួន​លើគោលនយោបាយវិនិយោគ និង ពហុជាតិ(ការវិនិយោគផ្ទាល់ពីបរទេស)ផ្សេងទៀត។ ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅ តែមានសម្រាប់រដ្ឋបាលលោក​ ចូ បៃឌិន ។ នៅថ្ងៃ១១ ខែកុម្ភៈ ឆ្នាំ២០២២ សេតវិមាន​បានប្រកាសអំពី “សេរីភាព និងបើកចំហឥណ្ឌូប៉ាស៊ីហ្វិក” ឬ​ ‘Free and Open Indo Pacific’’ ជាយុទ្ធសាស្ត្រថ្មីមួយដែលសហរដ្ឋអាមេរិកសន្យាគាំទ្រសម្រាប់ការតភ្ជាប់ក្នុងតំបន់ ពាណិជ្ជកម្ម ការវិនិយោគ និង ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូទ្វេភាគី និង ពហុភាគី ជាមួយគ្រប់ជ្រុងនៃតំបន់ ចាប់ពីអាស៊ីឦសាន ដល់ អាស៊ីអាគ្នេយ៍ រហូតដល់ភាគខាងត្បូងអាស៊ី និង អូសេអានី រួមទាំងកោះប៉ាស៊ីហ្វិក ជាពិសេសមាន​គោល​បំណង​កាត់​បន្ថយ​ការ​គំរាម​កំហែង និងឥទ្ធិពល​របស់ចិនក្នុងតំបន់អាស៊ាន។​ ប៉ុន្តែសម្រាប់គោលនយោបាយសេដ្ឋកិច្ចថ្មីរបស់​នេះ លោក ចូ បៃឌិន ត្រូវបាន​គេយល់់​ឃើញថាជាគោលនយោបាយសេដ្ឋកិច្ចទន់ខ្សោយ។ យុទ្ធសាស្ត្រ ថ្មីនេះផ្តោតខ្លាំងលើពាណិជ្ជកម្ម ការកសាងសម្ព័ន្ធភាពក្នុងតំបន់ឡើងវិញជាជាងយុទ្ធសាស្រ្ត សន្តិសុ​ខ ឬ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងរបស់ប្រទេសចិន។ ដូច្នេះ គេសង្កេតឃើញថាគោលនយោបាយថ្មីនេះ គឺខុសពីគោលនយោបាយរដ្ឋបាលមុនៗ​ដែលតម្រូវឲ្យសមាជិកតំបន់ជ្រើសរើសឲ្យច្បាស់ដៃគូ សម្ព័ន្ធមិត្តរបស់ខ្លួន រវាងប៉េកាំង​ ឬ​ វ៉ាស៊ីនតោន។ ឥទ្ធិពលរបស់ចិននៅ ក្នុងតំបន់គឺនៅកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះការប្រើយុទ្ធសាស្ត្របែបនេះនឹងមិនមានប្រសិទ្ធភាពដើម្បីទប់ទល់នឹងតុល្យភាពរបស់ប្រទេសចិនទេ ប្រសិនបើ សហរដ្ឋអាមេរិកពិតជាចង់ទទួលបានតំណែងជាមេដឹកនាំតំបន់ឡើងវិញ។ ជាង​នេះ​ទៅ​ទៀត រដ្ឋ​ជាសមាជិក​អាស៊ី​ប៉ាស៊ីហ្វិក​ក៏កំពុងមាន​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយ​ចិន​រួច​ទៅ​ហើយ។ លើសពីនេះទៅទៀត​ ​លោកប្រធានាធិបតី បានចាត់ទុក សិទ្ធិមនុស្សសេរីភាព និង លទ្ធិប្រជាធិបតេយ្យជាស្នូលនៃគោលនយោបាយការបរទេសរបស់គាត់ ចំពោះអាស៊ីអាគ្នេយ៍។  ទោះជាយ៉ាងណាក៏ដោយ បើយោងតាម ​​Freedom house ប្រទេសចំនួន ៦​​ ត្រូវបានចាត់ទុកថាមិនសេរី ឯប្រទេសចំនួន៤ផ្សេងទៀតគឺសេរីមួយផ្នែក និងគ្មានប្រទេសណាមួយ ជាប្រទេសសេរីពេញលេញនោះទេ។​ ដូច្នេះវាច្បាស់ណាស់ ថាសមាជិកទាំងអស់មិនចាប់អារម្មណ៍ រួចហើយចំពោះគោលនយោបាយរដ្ឋបាលរបស់ ​លោកចូ បៃឌិន​ ក្នុងការឆ្ពោះទៅរកការផ្លាស់ប្តូរប្រជាធិបតេយ្យ​ និង​ សិទ្ធិមនុស្សនោះទេ។ ជុំវិញបញ្ហាសន្តិសុខ សហរដ្ឋអាមេរិកបានបន្តកំណត់អត្តសញ្ញាណលើបញ្ហាប្រឈម បច្ចុប្បន្នពីកូរ៉េខាងជើង និង ជាពិសេសការឈ្លានពានរបស់ចិនជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ឯកសារយុទ្ធសាស្ត្រថ្មីរបស់សហរដ្ឋអាមេរិកត្រូវបានបង្ហាញនៅពេលដែលរដ្ឋមន្ត្រីការបរទេសលោក អេនតូនីប្លីងខិន ស្ថិតនៅក្នុងកិច្ចប្រជុំប៉ាស៊ីហ្វិកជាមួយអ្នកការទូតផ្សេងទៀតរបស់ប្រទេសជប៉ុន កូរ៉េខាងត្បូង ប្រជាជាតិកោះប៉ាស៊ីហ្វិក និងរដ្ឋាភិបាលផ្សេងទៀតដោយសង្កត់ធ្ងន់លើគោលបំណងសំខាន់របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ថា“មិនមែនដើម្បីផ្លាស់ប្តូរប្រទេសនោះចិនទេ”ប៉ុន្តែដើម្បីរៀបចំបរិយាកាសយុទ្ធសាស្ត្រដែលខ្លួនដំណើរការ”។ ឯកសារយុទ្ធសាស្ត្រថ្មីនេះ ក៏បានសង្កត់ធ្ងន់លើយុទ្ធនាការសេដ្ឋកិច្ចដែលដាក់សម្ពាធសេដ្ឋកិច្ច លើប្រទេសអូស្ត្រាលី ជម្លោះនៅតាមបណ្តោយបន្ទាត់គ្រប់គ្រងរបស់ចិនជាមួយឥណ្ឌាជម្លោះព្រំដែនតៃវ៉ាន់ ព្រមទាំងការគំរាមកំហែងអ្នកជិតខាងនៃសមុទ្រចិនខាងកើត និងខាងត្បូង”។ រដ្ឋបាលលោក ចូ បៃឌិន បាននិយាយថាផែនការរបស់ខ្លួនក្នុងការរួមបញ្ចូលការគាំទ្រ សម្រាប់ការការពារស្វ័យការពាររបស់តៃវ៉ាន់ ក៏ដូចជាការលើកកម្ពស់នីតិរដ្ឋនៅក្នុងតំបន់សមុទ្រ និង ផ្ទៃមេឃដែលប្រទេសចិនតែងតែចូលឆ្លងដែនអាកាស និង ដែនទឹកហើយអះអាងថាជាកម្មសិទ្ធិរបស់ពួកគេ។ ។

វាជាបញ្ហាដែលគួរអោយកត់សម្គាល់នៅពេលដែលគោលនយោបាយរបស់សហរដ្ឋអាមេរិកនឹងមិនអាចស្ដារឡើង វិញនូវអំណាចរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយគោលនយោបាយភាគច្រើនដែលត្រូវបានអនុវត្តគឺមិន អាចធ្វើឱ្យមានតុល្យភាពអំណាចឡើងវិញជាមួយនឹងការកើនឡើងនៃអំណាចចិន។ ក្នុងអំឡុងពេលរដ្ឋបាលរបស់ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលគោលនយោបាយ “Pivot to Asia” បានបង្កភាពតានតឹង រវាងសហរដ្ឋអាមេរិក និង អាស៊ីប៉ាស៊ីហ្វិក។ ម៉្យាងវិញទៀត ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លោកបានដក អាមេរិកចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ជាលទ្ធផលវាបានធ្វើអោយអំណាចរបស់សហរដ្ឋអាមេរិកនៅ​ក្នុង​​តំបន់ អាស៊ីប៉ាស៊ីហ្វិកមានភាពទន់ខ្សោយដែលផ្តល់ឱកាសឱ្យប្រទេសចិនពង្រីកឥទ្ធិពលរបស់ពួកគេ។  ជាចុងក្រោយ សម្រាប់លោកប្រធានាធិបតីចូ បៃឌិន លោកបានផ្លាស់ប្តូរគោលនយោបាយរបស់គាត់ ដោយងាកមកកសាងសម្ព័ន្ធភាពរបស់អាមេរិក និងអាស៊ីប៉ាស៊ីហ្វិកឡើងវិញ ប៉ុន្តែយើងនៅតែមិនឃើញមានការរីកចម្រើនណាមួយឡើយ ព្រោះគោលនយោបាយដែលត្រូវបានណែនាំដោយគាត់មានភាពទន់ខ្សោយ ជាពិសេសទាក់ទងនឹង​ការផ្លាស់ប្តូរ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។ សរុបសេចក្តីមក យើងអាចទស្សន៍ទាយបានថាវានឹងមិនងាយ ស្រួលសម្រាប់សហរដ្ឋអាមេរិកក្នុងការកសាង និង ពង្រឹងកិច្ចសហប្រតិបត្តិការនៅអាស៊ីប៉ាស៊ីហ្វិកឡើងវិញនោះទេ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ និស្សិតឆ្នាំទី៣ ចាន់ ម៉ីជីង, ជា រដ្ឋា, លី សុភក្រ្តា, រិទ្ធ សុវណ្ណនី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ