"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

របបប្រល័យពូជសាសន៏នៅប្រទេសរ៉ាវាន់ដា (Rwandan Genocide)

គំនូរច្នៃប្រឌិតដោយ៖ Torez

អំពើប្រល័យពូជសាសន៍ គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានចាត់ទុកថាជាអំពើ ប្រព្រឹត្តដោយមានចេតនាបំផ្លាញទាំងស្រុង ឬប្រឆាំងទាំងស្រុងទៅនឹងក្រុមជាតិ ជាតិសាសន៍ ពូជសាសន៍ ឬសាសនាណាមួយ។ នៅពេលដែលគេនិយាយអំពីរបបប្រល័យពូជសាសន៍ គេស្រមៃដល់របបប្រល័យពូជសាន៍ដែលបានកើតឡើងលើប្រទេសកម្ពុជាពោលគឺរបបខ្មែរក្រហម ឬរបបប៉ុលពត។ យ៉ាងណាមិញ មានប្រទេសជាច្រើនទៀតដែលបានឆ្លងកាត់នូវរបបដ៏ជូរចត់បែបនេះ។ ក្នុងអត្ថបទនេះយើងនឹងទៅសិក្សាទៅលើប្រទេសនៅតំបន់អាហ្រ្វិកមួយដែលបានជួបប្រទះនូវរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅមួយនោះគឺប្រទេស រ៉ាវាន់ដា (Rwanda)។

មុននឹងចាប់ផ្តើម យើងគួរក្រលេកមកមើលប្រវត្តិរបស់ប្រទេសនេះបន្តិចសិន។ នៅក្នុងប្រទេសរ៉ាវាន់ដា មានក្រុមជាតិសាសន៍ពីរដែលតែងតែមានការខ្វែងគំនិតគ្នា​ ពោលគឺរវាងជនជាតិភាគតិច Hutus និងជនជាតិភាគតិច Tutsis ដែលភាពច្របូកច្របល់ដោយសារការខ្វែងគំនិតរវាងពួកគេបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីសម័យអាណានិគម។ ជនជាតិទាំងពីរមានភាពស្រដៀងគ្នាខ្លាំងណាស់ ដោយពួកគេនិយាយភាសាដូចគ្នា រស់នៅតំបន់ដូចគ្នា និងមានប្រពៃណីដូចគ្នា។ ក្នុងអំឡុងសង្គ្រាមលោកលើកទី១ រ៉ាវាន់ដាបានស្ថិតក្រោមអាណានិគមរបស់បែលហ្ស៊ិក។ អំឡុងពេលដែលបែលហ្ស៊ិកកំពុងកាន់អំណាច គេបានអនុគ្រោះដល់ជនជាតិភាគតិច Tutsis ជាងពួក Hutus ព្រោះពួកជនជាតិ Tutsi មានស្បែកថ្លាជាងពួក Hutu ហើយពួកគេតែងតែដើរតាមការគ្រប់គ្រងរបស់ពួកបែលហ្ស៊ិក។ រឿងនេះបានធ្វើឱ្យមានភាពតានតឹងដែលផ្ទុះឡើងជាអំពើហិង្សារវាងជនជាតិទាំងពីរនេះសូម្បីតែមុនពេលប្រទេសរវ៉ាន់ដាទទួលបានឯករាជ្យក៏ដោយ។ ក្នុងឆ្នាំ ១៩៥៩ បដិវត្តមួយបានកើតឡើងពីសំណាក់ពួក Hutu ហើយបានបង្ខំជនជាតិ Tutsis ៣៣០០០០នាក់ឱ្យភៀសខ្លួនចេញពីប្រទេស ដែលបណ្តាលឱ្យពួកគេក្លាយជាជនជាតិភាគតិច។ នៅដើមឆ្នាំ១៩៦១ ពួកក្រុម Hutus បានបង្ខំស្តេច Tutsi របស់ Rwanda ឱ្យនិរទេសខ្លួន ហើយប្រកាសប្រទេសនេះជាប្រទេសសាធារណៈរដ្ឋ។ បន្ទាប់ពីការធ្វើប្រជាមតិរបស់អង្គការសហប្រជាជាតិនៅឆ្នាំដដែលនោះ បែលហ្ស៊ិកបានផ្តល់ឯករាជ្យជាផ្លូវការដល់ប្រទេសរាវ៉ាន់ដាក្នុងខែកក្កដា ឆ្នាំ១៩៦២​ ដែលក្នុងនោះផងដែរ ប្រជាជន Hutu​ មានប្រហែលជា ៨៥% នៃប្រជាជនសរុប។ ប្រមាណជា ២ ទសវត្សរ៍បន្ទាប់ លោក Habyarimana បានបង្កើតគណបក្សនយោបាយថ្មីមួយនៅក្នុងប្រទេសរ៉ាវាន់ដា គឺចលនាបដិវត្តន៍ជាតិសម្រាប់ការអភិវឌ្ឍន៍ National Revolutionary Movement for Development (NRMD) ។ គាត់ត្រូវបានជ្រើសរើសជាប្រធានាធិបតីនៅក្រោមរដ្ឋធម្មនុញ្ញថ្មីដែលបានផ្តល់សច្ចាប័ននៅឆ្នាំ​ ១៩៧៨ ហើយត្រូវបានជ្រើសរើសជាប្រធានាធិបតីក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ ១៩៨៣ និង ១៩៨៨ ផងដែរ។

នៅឆ្នាំ ១៩៩០ កងកម្លាំងនៃរណសិរ្សស្នេហាជាតិ Rwandese Patriotic Front (RPF) ដែលភាគច្រើនជាជនភៀសខ្លួន Tutsi បានលុកលុយប្រទេស Rwanda ពីអ៊ូហ្គង់ដាមកលើរដ្ឋាភិបាលរបស់​ Hutu។ លោក Habyarimana បានចោទប្រកាន់អ្នកស្រុក Tutsi ថាជាអ្នកសមគំនិតជាមួយនឹង RPF ហើយបានចាប់ខ្លួនពួកគេរាប់រយនាក់។ ចន្លោះឆ្នាំ ១៩៩០ និង ១៩៩៣ មន្ត្រីរដ្ឋាភិបាលបានដឹកនាំការសម្លាប់រង្គាលទៅលើជនជាតិ Tutsi ផងដែរ។ យ៉ាងណាមិញ មានការចរចារវាងរដ្ឋាភិបាល និង RPF ក្នុងឆ្នាំ ១៩៩២​ មួយបានកើតឡើងទាក់ទងជាមួយនឹងបទឈប់បាញ់គ្នា។ នៅខែសីហា ឆ្នាំ១៩៩៣ លោកប្រធានាធិបតី Habyarimana បានចុះកិច្ចព្រមព្រៀង Arusha, Tanzaniaនិងបានកោះហៅសម្រាប់ការបង្កើតរដ្ឋាភិបាលអន្តរកាលដែលអាចរួមបញ្ចូលកងកម្លាំងនៃរណសិរ្សស្នេហាជាតិRPF។ ដែលរឿងនេះបានធ្វើអោយពួក Hutu ជ្រុលនិយមខឹងយ៉ាងខ្លាំង។

នៅថ្ងៃទី 0៦ ខែមេសា ឆ្នាំ១៩៩៩៤ យន្តហោះដែលដឹកលោក Habyarimana និងប្រធានាធិបតី ប៊ូរុនឌី Cyprien Ntaryamira ត្រូវបានបាញ់ទម្លាក់ពីលើរដ្ឋធានី Kigali ដោយមិនបន្សល់ទុកអ្នកនៅរស់រានមានជីវិតឡើយ។ អ្នកខ្លះបានស្តីបន្ទោសពួកជ្រុលនិយម Hutu ខណៈដែលអ្នកផ្សេងទៀតបានបន្ទោសមេដឹកនាំនៃ RPF ។ ក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីការធ្លាក់យន្តហោះរបស់ប្រធានាធិបតី Habyarimana កងកម្លាំងប្រធានាធិបតី រួមជាមួយនឹងសមាជិកនៃកងកម្លាំងប្រដាប់អាវុធ Rwandan (FAR) និងក្រុមជីវពល Hutu និង Impuzamugambi ដែលមានគោលដៅដូចគ្នា បានបង្កើតការបិទផ្លូវ ហើយបានចាប់ផ្តើមសម្លាប់ Tutsis និង Hutus យ៉ាងឃោឃៅរបំផុត។ ការសម្លាប់រង្គាលនៅ Kigali បានរីករាលដាលយ៉ាងឆាប់រហ័សពីទីក្រុងនោះទៅកាន់ប្រទេស Rwanda ដែលនៅសល់។ ក្នុងរយៈពេលពីរសប្តាហ៍ដំបូង អ្នកគ្រប់គ្រងក្នុងតំបន់នៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេស Rwanda ជាកន្លែងដែល Tutsi ភាគច្រើនរស់នៅ បានទប់ទល់នឹងការប្រល័យពូជសាសន៍។ បន្ទាប់ពីថ្ងៃទី ១៨ ខែមេសា មន្ត្រីជាតិបាន សម្លាប់ពួកនាក់ជាច្រើននាក់។ ពួកមន្ត្រី​បាន​ផ្តល់​រង្វាន់​ដល់​ឃាតករ​ជា​អាហារ ភេសជ្ជៈ គ្រឿងញៀន និង​ប្រាក់និងផ្សព្វផ្សាយពីស្ថានីយ៍វិទ្យុដែលឧបត្ថម្ភដោយរដ្ឋាភិបាលដោយចាប់ផ្តើមអំពាវនាវឱ្យជនស៊ីវិល រ៉ាវាន់ដាធម្មតាសម្លាប់អ្នកជិតខាងរបស់ពួកគេដែលជាជនជាតិTutsi។ ដែលលើសពីនេះទៅទៀតប្តីក៏អាចសម្លាប់ប្រពន្ធរបស់ខ្លួនដែលជាជនជាតិTutsis ផងដែរ។ ទន្ទឹមនឹងនេះដែរ RPF បានបន្តការប្រយុទ្ធគ្នា ហើយសង្រ្គាមស៊ីវិលបានផ្ទុះឡើងជាមួយនឹងអំពើប្រល័យពូជសាសន៍។ ក្រោយមកទៀតកងកម្លាំង RPF បានទទួលការគ្រប់គ្រងលើផ្ទៃប្រទេសភាគច្រើននិងទទួលបានជ័យជំនះ។

ជាលទ្ធផលនៃអំពើប្រល័យពូជសាសន៍ក្នុងរយៈពេលបីខែនៃឆ្នាំ១៩៩៤ មនុស្សប្រហែលជា ៨០០០០០នាក់ត្រូវបានសម្លាប់និង ប្រហែលជាជាង២០០០​០០០ នាក់ដែលភាគច្រើនជាជនជាតិ Hutu និង Tutsiបានភៀសខ្លួនទៅកាន់ប្រទេសZaireខាងត្បូង។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ម៉ន ពិសិដ្ឋ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ