"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សករាជថ្មីនៃត្រកូលម៉ាកូសក្នុងប្រទេសហ្វីលីពីន

គំនូរច្នៃប្រឌិតដោយ៖ លោក ហាន គីមហាំង

កាលពីពេលថ្មីៗនេះនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ប្រទេសហ្វីលីពីនទើបតែបញ្ចប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួនដែលមានគណបក្សជាច្រើនចូលរួម ហើយក្នុងនោះក៏មានបេក្ខជនឯករាជ្យឈរឈ្មោះផងដែរ។ ជាលទ្ធផលយើងបានឃើញថា គណបក្សសហព័ន្ធហ្វីលីពីនបានឈ្នះការបោះឆ្នោតនេះដែលមានបេក្ខជនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីជាកូនអតីតប្រធានាធិបតីហ្វីលីពីនហឺ្វឌីណង់ ម៉ាកូស គឺលោក បង់បង់ ម៉ាកូស(BongBong Marcos)។ លោកបានស្បថចូលកាន់តំណែងក្នុងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ក្នុងនាមជាប្រធានាធិបតីទី១៧នៃសាធារណរដ្ឋហ្វីលីពីន។ គួរបញ្ផាក់ផងដែរថា ប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនមានអាណត្តិ៦ឆ្នាំ ហើយការកាន់តំណែងនេះគឺបានតែមួយអាណត្តិប៉ុណ្ណោះ នេះបើស្របតាមមាត្រាទី៧ផ្នែកទី៤នៃរដ្ឋធម្មនុញ្ញប្រទេសហ្វីលីពីន។ ក្នុងនោះ ប្រធានាធិបតីហ្វីលីពីនមានតួនាទីជាប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាល(នីតិប្រតិបត្តិ) ហើយជាពិសេសជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធហ្វីលីពីនផងដែរ។ ការឡើងកាន់តំណែងរបស់លោកបង់បង់ ម៉ាកូសនេះគឺបានសរបញ្ជាក់នៅសករាជថ្មីនៃត្រកូលម៉ាកូសបន្ទាប់ពីលោកឪពុករបស់លោក ហ្វឺឌីណង់ ម៉ាកូសបានចុះចេញពីដំណែងក្នុងឆ្នាំ១៩៨៦បន្ទាប់ពីកាន់តំណែងអស់២១ឆ្នាំដោយសារតែរឿងផ្តាច់ការធ្វើទុក្ខបុកមេ្នញលើអ្នកប្រឆាំងនិងការដាក់ច្បាប់អាជ្ញាសឹកក្នុងប្រទេស។ តើលោកបង់បង់ ម៉ាកូសមានប្រវត្តិបែបណានិងមានការប្តេជ្ញាចិត្តនិងគោលនយោបាយបែបណាខ្លះទើបលោកទទួលបានការទុកចិត្តពីប្រជាពលរដ្ឋហ្វីលីពីន?

១. លោកបង់បង់ ម៉ាកូសជាអ្នកណា?

លោកបង់បង់ ម៉ាកូសមានឈ្មោះពេញជាភាសាអង់គ្លេសថា «Ferdinand Romualdez Marcos Jr.»ហើយលោកកើតនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ១៩៥៧ នៅរដ្ឋធានីម៉ានីល។ លោកគឺជាកូនរបស់លោកអតីតប្រធានាធិបតីទី ១០ នៃប្រទេសហ្វីលីពីន ហ្វឺឌីណង់ ម៉ាកូសជាមួយនឹងលោកស្រី ម៉ារីនដា ម៉ាកូស។ លោក បង់បង់ ម៉ាកូសមានប្រវត្តិសិក្សាទាំងក្នុងប្រទេសនិងក្រៅប្រទេសជាមួយសាលាល្បីៗផងដែរដូចជា សាកលវិទ្យាល័យអកហ្វ័ត (OxFord University) សាកលវិទ្យាល័យ Pennsylvania ជាដើម។ ចំណែកប្រវត្តិការងារវិញ លោកបានចូលកាន់តំណែងជាមន្ត្រីនៅក្នុងប្រទេសតាំងពីឆ្នាំ ១៩៨០ ក្នុងនាមជាអភិបាលរងខេត្ត Ilocos Norte ដែលជាខេត្តមួយនៃភាគខាងជើងក្នងប្រទេសហ្វីលីពីនក្នុងវ័យ២៣ឆ្នាំក្នុងរដ្ឋបាលរបស់ឪពុករបស់លោក។ ហើយនៅក្នុងឆ្នាំ១៩៨៣ លោកក៏បានឡើងជាអភិបាលនៃខេត្ត Ilocos Norte តែម្តងជំនួសឪពុកមារបស់លោកលាឈប់ពីតំណែងដោយសារបញ្ហាសុខភាព ហើយលោកបានកាន់តំណែងនេះរហូតដល់ពេលដែលមានបដិវត្តន៍កម្លាំងប្រជាជនក្នុងឆ្នាំ១៩៨៦ដើម្បីផ្តួលរំលំរបបរបស់ឪពុកលោក។ បន្ទាប់ពីលោកឪពុករបស់លោកបានចុះចេញពីតំណែងពីប្រធានាធិបតីមកលោកនិងក្រុមគ្រួសារក៏បានចាកចេញពីប្រទេសហី្វលីពីនទៅកាន់សហរដ្ឋអាមេរិក។ លោកបង់បង់ ម៉ាកូសបានវិលត្រឡប់មកឆាកនយោបាយប្រទេសហ្វីលីពីនវិញនៅឆ្នាំ១៩៩១ បន្ទាប់ពីមានការអនុញ្ញាតពីលោកស្រីប្រធានធិបតី ឃូរ៉ាសូ អាគីណូ(Corazon Aquino)។ បន្ទាប់ពីការត្រឡប់ចូលប្រទេសវិញក្នុងឆ្នាំ១៩៩១ លោកបានជាប់ឈ្មោះជាសមាជិកសភាហ្វីលីពីនក្នុងឆ្នាំ១៩៩២ ហើយបន្ទាប់មកលោកក៏បានទទួលការទុកចិត្តជាថ្មីហើយកាន់តំណែងជាអភិបាលខេត្ត Ilocos Norte ម្តងទៀត។ បន្ទាប់ជាអភិបាលខេត្តរួចហើយ លោកក៏បានចូលប្រឡូកជាសមាជិកសភាម្តងទៀតសំរាប់អាណត្តិទី២របស់លោកក្នុងឆ្នាំ២០០៧។ មួយវិញទៀត អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងអាណត្តិទី២ជាសមាជិកសភាលោកគឺលោកបានគាំទ្រការអនុម័តច្បាប់ស្តីពីមូលដ្ឋានប្រជុំកោះហ្វីលីពីន ឬច្បាប់សាធារណរដ្ឋលេខ ៩៥២២។ ម្យ៉ាងវិញទៀត នៅឆ្នាំ២០១០ លោកបានឈ្នះឆ្នោតជាសមាជិកព្រឹទ្ធិសភានៃសាធារណរដ្ឋហ្វីលីពីននិងនៅឆ្នាំ២០១៦លោកក៏បានឈរឈ្មោះប្រជែងជាបេក្ខជនអនុប្រធានាធិបតីតែមិនទទួលបានជ័យជំនះ។ រហូតមកដល់ឆ្នាំ២០២២នេះ លោកបានឈរឈ្មោះជាប្រធានាធិបតីនិងទទួលបានជ័យជំនះបានក្លាយជាប្រធានាធិបតីទី១៧នៃសាធារណរដ្ឋហ្វីលីពីនផ្លូវការនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២។

២. យុទ្ធនាការនៃការបោះឆ្នោតនិងជ័យជំនះរបស់លោកបង់បង់ ម៉ាកូស

បន្ទាប់ពីមិនបានទទួលជោគជ័យក្នុងការប្រជែងតំណែងអនុប្រធានាធិបតីក្នុងឆ្នាំ២០១៦ លោក បង់បង់ ម៉ាកូសបានបន្តដំណើររបស់ខ្លួនក្នុងការប្រជែងតំណែងប្រធានាធិបតីថ្មីក្នុងឆ្នាំ២០២២បន្ទាប់ពីលោក រូទ្រីហ្គោ ដូឌឺតេបានបញ្ចប់អាណត្តិរបស់ខ្លួន។ លោកត្រូវបានគណបក្សសហព័ន្ធហ្វីលីពីនជ្រើសរើសសំរាប់ជាបេក្ខជនប្រជែងតំណែងប្រធានាធិបតីសំរាប់ឆ្នាំ ២០២២ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ និងបានប្រកាសពីបេក្ខភាពរបស់ខ្លួនចូលរួមប្រជែងតំណែងនេះនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១។ ក្នុងយុទ្ធនាការបោះឆ្នោតសំរាប់ឆ្នាំ២០២២ លោកបានធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់លោកជាច្រើន និងបានសន្យាបន្តនូវការអភិវឌ្ឍនូវហេដ្ឋានរចនាសម័្ពន្ធ គោលនយោបាយការបរទេសឱ្យមានភាពទូលំទូលាយនិងបានសន្យារកដំណោះស្រាយនូវកម្មវិធីដែលចម្រូងចម្រាសដែលសល់ពីអាណត្តិមុន។ ចំណែកខាងវិស័យសេដ្ឋកិច្ចវិញ លោកបានសន្យាផ្តល់អាទិភាពដល់វិស័យឧស្សាហកម្ម កសិកម្មនិងទេសចរណ៍ដើម្បីបង្កើនការងារដល់ប្រជាពលរដ្ឋនិងបង្កើនការនាំទិញទំនិញគ្រប់ប្រភេទប្រសើរដល់សេដ្ឋកិច្ចជាតិនិងកាត់បន្ថយចំនួនអ្នកគ្មានការងារធ្វើផងដែរ។ ចំពោះវិស័យអប់រំ លោកបានគាំទ្រនូវគំនិតការសិក្សាបែបឌីជីថល ហើយលោកក៏មានគម្រោងស្វែងរកការគាំទ្រពីក្រុមហ៊ុនអ៊ីនធឺណិត និងទូរគមនាគមន៍ដើម្បីជួយធ្វើឱ្យសាលាមានប្រព័ន្ធឌីជីថល។ ម្យ៉ាងវិញទៀត ក្នុងការឃោសនារបស់លោកភាគច្រើនផ្តោតចម្បងទៅលើន័យបង្រួបបង្រួមប្រទេសជាតិ និងរួមដោះស្រាយវិបត្តិសកលលើបញ្ហាសុខភាពដូចបញ្ហាកូវីដ១៩ជាដើម។ ទោះបីជាលោកធ្លាប់ជាកូនប្រធានាធិបតីហ្វឺឌីណង់ ម៉ាកូសដែលលោកត្រូវប្រឈមនឹងការប្រឆាំងពីក្រុមផ្សេងក៏ពិតមែន ក៏លោកនៅតែមានប្រជាប្រិយភាពដដែលព្រោះតាមរយៈគោលនយោបាយនិងការសន្យាក្នុងពេលយុទ្ធនាការបោះឆ្នោត។ ហើយមួយវិញទៀត អ្វីដែលធ្វើឱ្យប្រជាជនទុកចិត្តនោះគឺលោកបាននិយាយថា ”វាយតម្លៃលើទង្វើរបស់ខ្ញុំមិនមែនលើអតីតកាលរបស់ឪពុកខ្ញុំទេ ហើយអ្វីទាំងអស់ដែលខ្ញុំបានសន្យារបស់ខ្ញុំដើម្បីជាប្រធានាធិបតីហ្វីលីពីនគឺសំរាប់ផលប្រយោជន៍និងជនជាតិហ្វីលីពីនទាំងមូល”។ នៅពេលការបោះឆ្នោតបានបញ្ចប់ គេបានឃើញថាលោកបង់បង់ ម៉ាកូសបានទទួលជ័យជំនះដ៏ច្រើន ដែលទទួលបានសំលេងគាំទ្រ ៥៨.៧៤% នៃសន្លឹកឆ្នោតទល់នឹង២៧.៩៩]%របស់លោកស្រី លឺនី រ៉ូប្រែដូ( Leni Robredo) ដែលជាបេក្ខជនឯករាជ្យនិងមានចំណាត់ថ្នាក់ទី២ផងដែរ។ ឆ្លងកាត់តាមលទ្ធផលនេះ បានសរបញ្ជាក់ថាលោកបង់បង់ ម៉ាកូសដែលជាកូនរបស់អតីតប្រធានាធិបតីទី១០នៃប្រទេសហ្វីលីពីនបានក្លាយជាប្រធានាធិបតីថ្មីទី១៧នៃសាធារណរដ្ឋដីកោះមួយនេះ។

សរុបមកតាមរយៈការបោះឆ្នោតជ្រើសរើសប្រធានធិបតីថ្មីនៃប្រទេសហ្វីលីពីនបានបញ្ចប់ទៅដោយជោគជ័យ ហើយជ័យជំនះបានទៅលើលោកបង់បង់ ម៉ាកូសដែលជាកូនប្រុសអតីតប្រធានាធិបតីទី១០ លោកហ្វឺឌីណង់ ម៉ាកូសដែលគេចាត់ទុកជាអ្នកកាន់អំណាចបានយូរក្នុងប្រទេសហ្វីលីពីនក្រោមការគ្រប់គ្រងដ៏ផ្ដាច់ការ។ លោកបង់បង់ ម៉ាកូសបានស្បថចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២ នៅមុខតំណាងប្រទេសដែលជាមិត្តចូលរួមផងដែរ។ ហើយជ័យជំនះរបស់លោកបង់បង់ ម៉ាកូសនេះក៏ជាសករាជថ្មីនៃត្រកូសម៉ាកូសសំរាប់កែប្រែមុខមាត់ឡើងវិញ ហើយដឹកនាំប្រទេសហ្វីលីពីនឈរការអភិវឌ្ឍនិងគោលនយោបាយថ្មីសំរាប់បង្រួបបង្រួមជាតិរបស់លោកដែលលោកបានផ្តោតក្នុងការឃោសនាបោះឆ្នោត។ គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីហ្វីលីពីនមានសិទ្ធិកាន់អំណាចតែមួយអាណត្តិប៉ុណ្ណោះហើយក្នុងមួយអាណត្តិមានរយៈពេល៦ឆ្នាំក្នុងការកាន់អំណាចផងដែរ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក វ័ន្ត គីមគ័ង
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ