"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កូរ៉េខាងជើងបាញ់មីស៊ីលសាកល្បងរំលងដំបូលផ្ទះជប៉ុន

គំនូរច្នៃប្រឌិតដោយ៖ លោក រិទ្ធ វីរៈ

ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៨០ កូរ៉េខាងជើងបានបាញ់មីស៊ីលសាកល្បងចំនួនប្រមាណជា ២៤២ ដង រួចមកហើយ ក្នុងនោះ ឆ្នាំ២០២២ មានចំនួននៃការបាញ់សាកល្បងច្រើនជាងគេ គឺរហូតដល់ទៅ ៤១ ដង គិតត្រឹមថ្ងៃទី៧ ខែតុលា។ ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយបំផុតចុងក្រោយបង្អស់ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដែលជាការបាញ់បង្ហោះរំលងដែនអាកាសរបស់ប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះបានជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានចេញសេចក្តីប្រកាសឱ្យពលរដ្ឋជប៉ុនទាំងអស់ស្វែងរកកន្លែងជ្រកកោន និងវិធានការប្រុងប្រយ័ត្នផ្សេងៗទៀតដើម្បីការពារខ្លួន។

គ្រាប់មីស៊ីលមួយនេះត្រូវបានបាញ់​ចេញ​ពីតំបន់ ម៉ុបយ៉ុងរី (Mupyong-ri) ខេត្តចាកាង (Jagang) នៃប្រទេសកូរ៉េខាងជើង ហោះរំលងតំបន់អាម៉ូរី (Aomori) នៃប្រទេសជប៉ុន សំដៅឆ្ពោះទៅកាន់ភាគខាងកើតប្រទេសជប៉ុន និងធ្លាក់នៅលើលម្ហមហាសមុទ្រប៉ាស៊ីហ្វ៊ិកចម្ងាយប្រមាណជា ៣.២១៨ គីឡូម៉ែត្រពីប្រទេសជប៉ុន ក្រោយហោះបានចម្ងាយសរុបប្រមាណជា ៤.៥៨៦ គីឡូម៉ែត្រ។ លើសពីនេះ ពីរថ្ងៃបន្ទាប់មកទៀតគឺនៅថ្ងៃទី៦ កូរ៉េខាងជើងបានបាញ់មីស៊ីលប្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់បន្ថែមទៀត ចូលទៅក្នុងសមុទ្រជប៉ុន។

ការឆ្លើយតបពីប្រទេសជិតខាងជុំវិញបញ្ហាសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

ភ្លាមៗក្រោយការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យមកាលពីថ្ងៃទី៤ លោក ហ្វូមីអូ បានប្រកាសថ្កោល​ទោសនូវទង្វើយ៉ាងគឃ្លើនរបស់កូរ៉េខាងជើង ហើយបានហៅការបាញ់មីស៊ីលប្លោងនេះថាជាអំពើ “យង់ឃ្នងហួសហេតុ”។ ចំណែកឯមហាអំណាចចិនដែលជាសម្ព័ន្ធមិត្តកូរ៉េខាងជើងជាយូរមកហើយនោះ ក៏បានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងអ​ស្ថិរភាព​ក្នុង​តំបន់ និងបានលើកឡើងប្រឆាំង​ជា​យូរ​មក​ហើយ​នូវ​ទង្វើរបស់​ប្រទេស​ជិតខាងមួយនេះ ប៉ុន្តែក៏មិនបានចេញមុខថ្កោលទោសធ្ងន់ធ្ងរដូចទៅនឹងប្រទេសកូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្ដាប្រទេសលោកសេរីដទៃទៀតនោះទេ។

ដោយឡែក ក្រសួងការបរទេសកូរ៉េខាងជើងបានអះអាងថា ការបាញ់នេះជាការឆ្លើយតបដោយស្របច្បាប់ចំពោះសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង ហៅកាត់ថា KCNA បានទម្លាយឱ្យដឹងថា វាជាផ្នែកមួយនៃការត្រៀមខ្លួនបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ (Tactical nuclear warhead) របស់កូរ៉េខាងជើង ទៅកាន់តំបន់ណាមួយ ដែលក្នុងនោះ កូរ៉េខាងត្បូងអាចក្លាយជាគោលដៅ។

តើកូរ៉េខាងជើងនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរនៅពេលណា?

ភាពស្រពិចស្រពឹលរបស់អ្នកជំនាញវិភាគវិស័យការពារជាតិនៅតែបន្តមានជុំវិញបញ្ហាថា តើកូរ៉េខាងជើងអាចនឹងបាញ់សាកល្បងក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនជាលើកទី៧ ដែររឺទេ? នៅកន្លែងណា? និងនៅពេលណា? យ៉ាងណាក៏ដោយ វាត្រូវបានគេសន្និដ្ឋានថា​ កូរ៉េខាងជើងអាចនឹងបាញ់នៅមុនពេល អំឡុងពេល ឬក្រោយពេលសមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្តចិនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ខាងមុខ ដូចទៅនឹងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ របស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ ពោលគឺមុនសមាជជាតិលើកទី១៩ របស់បក្សកុម្មុយនីស្ដចិនចំនួនជាង ១ ខែ។

អ្វីដែលយើងគួរឈ្វេងយល់អំពីអាវុធនុយក្លេអ៊ែ

អាវុធនុយក្លេអ៊ែរគឺជាអាវុធដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងក្លា និងមានកម្លាំងផ្ទុះដ៏មហិមា។ ជាធម្មតា អាវុធប្រល័យលោកប្រភេទនេះផលិតឡើងពីសារធាតុ អ៊ុយរ៉ាញ៉ូម (Uranium) ច្រើនជាង ៩៣ ភាគរយ និង ប្លាតូនីញ៉ូម (Plutonium) ប្រមាណជាតិចជាង ៧ ភាគរយ និងសារធាតុអ៊ីសូតូបប្លាតូនីញ៉ូម (Plutonium isotope) ផ្សេងទៀត។ ដើម្បីងាយស្រួលយល់អំពីឥទ្ធិពលរបស់វាកាន់តែច្បាស់ ឧទាហរណ៍ថាប្រសិនបើគេទម្លាក់ក្បាលគ្រាប់នុយក្លេអ៊ែរមួយគ្រាប់ដែលមានទម្ងន់ប្រមាណជា ១ តោន នោះវានឹងអាចកំទេចផ្ទៃផែនដីបានរហូតដល់ទៅប្រមាណជាង ៥៧០ គីឡូម៉ែត្រការ៉េ។

នៅលើពិភពលោកយើងនេះ មានត្រឹមតែ ៩ ប្រទេសប៉ុណ្ណោះដែលមានវត្តមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ ក្នុងនោះមានដូចជា សហរដ្ឋអាមេរិក រុស្ស៊ី បារាំង ចិន ចក្រភពអង់គ្លេស ប៉ាគីស្ថាន ឥណ្ឌា អ៊ីស្រាអែល និងកូរ៉េខាងជើង។ បើយោងតាមការសន្និដ្ឋានមួយចំនួន ប្រទេសអ៊ីរ៉ង់ក៏អាចនឹងមានវត្តមានអាវុធនុយក្លេអ៊ែរផងដែរ ប៉ុន្តែទោះជាយ៉ាងណា គ្មានឯកសារ ឬភស្ដុតាងណាមួយបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ផ្អែកតាមការចុះផ្សាយរបស់ Statista គិតត្រឹមខែមករា ឆ្នាំ២០២២ ក្បាលគ្រាប់នុយក្លេអ៊ែរសរុបទាំងអស់ទូទាំងពិភពលោក មានប្រមាណជាជាង ១២.០០០ គ្រាប់ ដូច្នេះ វាគ្រប់គ្រាន់ហើយ ក្នុងការកំទេចភពផែនដីទាំងមូលបាន។

ហេតុអ្វីប្រទេសភាគច្រើនមិនអាចផលិតអវុធនុយក្លេអ៊ែរបាន?

មានសំណួរខ្លះបានលើកឡើងថា ហេតុអ្វីប្រទេសដទៃទៀតមិនមាន ឬមិនអាចផលិតអាវុធនុយក្លេអ៊ែរបាន? ចម្លើយនោះគឺដោយសារតែមានការហាមឃាត់ដែលមានចែងនៅក្នុង​សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ (Treaty on the Non-Proliferation of Nuclear Weapons) ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៦៨ និងចូលជាធរមាននៅឆ្នាំ១៩៧០។ សន្ធិសញ្ញានេះបានចែងហាមឃាត់មិនឱ្យប្រទេសដែលមិនទាន់មានអាវុធនុយក្លេអ៊ែរអាចផលិតអាវុធនុយក្លេអ៊ែរបាន រីឯប្រទេសណា​ដែល​មាន​អាវុធ​​នុយក្លេអ៊ែរ​មុនការកកើតឡើងសន្ធិសញ្ញានេះស្រាប់ហើយ ដែលកាលនោះរួមមាន​ សហរដ្ឋអាមេរិក រុស្ស៊ី បារាំង ចិន និងចក្រភពអង់គ្លេស ​ត្រូវកាត់បន្ថយ​​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​​ឈាន​ទៅ​រំសាយ​អាវុធ​​នុយក្លេអ៊ែរ​​ឲ្យ​អស់​ជា​ស្ថាពរ​ពីភពផែនដី។ ប៉ុន្តែ ទិដ្ឋភាពជាក់ស្ដែងនៃការអនុវត្ត ហាក់មិនមានលទ្ធផលជាផ្លែផ្កាប៉ុន្មាននោះទេ។

មហិច្ឆតាចង់ក្លាយជាមហាអំណាចនុយក្លេអ៊ែររបស់កូរ៉េខាងជើង

យោងតាមការិយាល័យសម្រាប់កិច្ចការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ សន្ធិសញ្ញានេះមានសមាជិកចំនួន ១៩១ ប្រទេស ហើយមានតែ ៣ ប្រទេសប៉ុណ្ណោះដែលមិនបានចុះហត្ថលេខាផ្ដល់សច្ចាប័ន រួមមានដូចជា ឥណ្ឌា ប៉ាគីស្ថាន និងអ៊ីស្រាអែល។ ដោយឡែក សម្រាប់កូរ៉េខាងជើងវិញ បានចូលជាសមាជិកនៅឆ្នាំ១៩៨៥ ប៉ុន្តែបានដកខ្លួនចេញវិញនៅឆ្នាំ២០០៣ បន្ទាប់ពីខ្លួនបានរំលោភលើគោលការណ៍ស្នូលនៃសន្ធិសញ្ញានេះ។ យោងតាមការចុះផ្សាយរបស់ The New York Times បានប៉ាន់ប្រមាណថាកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី ៤០ ទៅ ៥០ គ្រាប់។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើងធ្លាប់បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនចំនួន ៦ លើក រួចមកហើយ គឺនៅឆ្នាំ២០០៦ ម្ដង ២០០៩ ម្ដង ២០១៣ ម្ដង ២០១៦ ពីរដង និង ២០១៧ ម្ដង។ គោលដៅមួយក្នុងចំណោមគោលដៅផ្សេងទៀតនៃការបាញ់សាកល្បង ៦ លើកមកនេះ គឺដើម្បីបង្ហាញឱ្យពិភពលោកបានឃើញ និងទទួលស្គាល់ថាខ្លួនជាមហាអំណាចនុយក្លេអ៊ែរ ប៉ុន្តែហាក់មិនទាន់បានសម្រេចបំណងរបស់ខ្លួនបានពេញលេញនៅឡើយទេ។

ព្រឹត្តិការណ៍មុនការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

ក្រឡេកទៅមើលចំនួននៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើងចន្លោះពីចុងខែវិច្ឆិកា ដល់ដើមខែតុលា នេះ បានកើនឡើងរហូតដល់ទៅ ២៥ ដងឯណោះ។ ការណ៍នេះបានបង្កឱ្យមានភាពតានតឹងក្នុងតំបន់កាន់តែយ៉ាប់យ៉ឺនខ្លាំងបំផុតមិនធ្លាប់មានតាំងពីឆ្នាំ២០១៧មក។ ទោះជាយ៉ាងណា ការដាក់បន្ទុកទៅលើតែកូរ៉េខាងជើងតែម្ខាង ហាក់ដូចជាមិនទាន់បានក្រឡេកទៅមើលឱ្យបានគ្រប់ជ្រុងនៃឫសគល់បញ្ហានៅឡើយទេ។

មុនការបាញ់មីស៊ីលសាកល្បងរបស់កូរ៉េខាងជើង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមមាន អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុន ធ្លាប់បានធ្វើសមយុទ្ធយោធាទ្វេភាគី ត្រីភាគី និងពហុភាគីរួមគ្នាជាច្រើនលើកមកហើយ ក្នុងឆ្នាំ២០២២។ ហើយការធ្វើសមយុទ្ធយោធាមួយចំនួនទៀតសោត ត្រូវបានធ្វើឡើងនៅលើផ្ទៃទឹកសមុទ្រជប៉ុន (Sea of Japan) ដែលស្ថិតនៅកៀកជាប់ទៅនឹងព្រំដែនទឹកកូរ៉េខាងជើង។

ដូច្នេះ វាហាក់បីដូចជាហេតុផលមួយសមរម្យដែលកូរ៉េខាងជើងលើកឡើងអំពីការព្រួយបារម្ភទៅលើបញ្ហាសន្តិសុខជាតិ អធិបតេយ្យភាព និងភាពអាម៉ាស់មុខ ប្រសិនបើបន្តឈរឱបដៃមើលសត្រូវធ្វើសមយុទ្ធយោធារួមគ្នានៅជិតរបងផ្ទះរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ការបាញ់សាកល្បងមីស៊ីលនេះ ក៏អាចជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងកាលពីពីរសប្តាហ៍មុនផងដែរ។

ហេតុអ្វីកូរ៉េខាងជើងគួរជាអ្នកទទួលខុសត្រូវ?

ទោះជាយ៉ាងណា កូរ៉េខាងជើងនៅតែអាចចាត់ទុកថាជាភាគីដែលមានកំហុសធ្ងន់ជាងគេជុំវិញភាពតានតឹងខ្លាំងដោយសាការបាញ់សាកល្បងមីស៊ីលជាច្រើនលើក និងការតេស្ដសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរកន្លងមក។ ទីមួយ ថ្វីត្បិតតែកូរ៉េខាងជើងបានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរកាលពីឆ្នាំ២០០៣ ក៏ពិតមែន ក៏ប៉ុន្តែប្រទេសមួយនេះនៅតែជាប់កាតព្វកិច្ចអនុវត្តដោយអនុលោមតាមច្បាប់ទំនៀមទម្លាប់អន្តរជាតិ (International Customary Law) ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ពិភពលោកឱ្យមានស្ថិរភាព និងបង្ការកុំឱ្យឈានដល់កើតមានសង្គ្រាមសម្លាប់រង្គាល ជាន់ដានប្រវត្តិសាស្ត្រ គឺសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២។ ទីពីរ ការបាញ់មីស៊ីលរំលងប្រទេសជប៉ុន គឺជាការរំលោភដែនអធិបតេយ្យភាពអាកាសរបស់ជប៉ុន ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ ហើយវាក៏បានបង្ហាញពីចរិតក្អេងក្អាងរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) ​ដែលហ៊ានបញ្ជាឱ្យបាញ់​មីស៊ីលប្លោងឆ្លងដែនអាកាសជប៉ុន ដោយមិនខ្លាចជប៉ុនប្រើកម្លាំងយោធាតបតវិញ នឹងអាចឈានទៅរកផ្លូវវិនាសដោយសង្គ្រាមនឹងផ្ទុះឡើង។

ជារួម ប្រទេសកូរ៉េខាងជើងជាប្រទេសដែលដឹកនាំដោយរបបផ្ដាច់ការ ឯកោនិយម​ នាំមុខដោយមេដឹកនាំថ្លើមធំ  ក្លាហានហ៊ានផលិតអាវុធប្រល័យលោកដែលសហគមន៍អន្តរជាតិខ្លាចរអា និងហាមឃាត់។ ប៉ុន្តែ អ្វីដែលមេដឹកនាំរូបនេះមិនបានគិតដល់ គឺសោកនាដកម្មដែលធ្លាក់ទៅលើប្រជាពលរដ្ឋធម្មតាដែលរស់នៅក្រោមបង្គាប់របស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ការប្រឹងបង្ហាញឫទ្ធិថាខ្លួនជាមហាអំណាចខាងសព្វាវុធ​ពិភពលោករបស់ប្រទេសកូរ៉េខាងជើងក្ដី មហាអំណាចចិនក្ដី មហាអំណាចអាមេរិកក្ដី និងសម្ព័ន្ធមិត្តផ្សេងៗទៀតក្ដី នឹងរុញច្រានស្ថានភាពឱ្យកាន់តែធ្លាក់ដុនដាប នឹងអាចឈានទៅរកទម្រង់សង្គ្រាមណាមួយ។ នៅពេលនោះ អ្នកដែលរងគ្រោះពិតប្រាកដគឺមិនមែនត្រឹមតែកូរ៉េខាងជើង ឬប្រទេសណាមួយនោះទេ ក៏ប៉ុន្តែគ្រប់ប្រទេសដែលពាក់ព័ន្ធទាំងអស់​ មិនថាទទួលរងនូវផលជះតិច ឬច្រើន គឺសុទ្ធសឹងតែជារឿងស្លុតចិត្តដែលមិនគួរកើតមានឡើង។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ធា សុណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ