បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដែលបង្ករដោយជំងឺកូវីដ១៩មក ប្រទេសនៅក្នុងសហភាពអឺរ៉ុបក៏បានមកពើបប្រទះជាមួយនឹងវិបត្តិថ្មីមួយគឺការកើនឡើងនៃអត្រាអតិផរណាដែលបង្ករឡើងដោយសារតែសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និង រុស្ស៊ី។ អត្រាអតិផរណានៅក្នុងតំបន់លុយអឺរ៉ូបានបន្តកើនឡើងរហូតមកដល់ ៩.៩% ប្រសិនបើគិតមកទល់ខែកញ្ញា ឆ្នាំ២០២២ ដែលអត្រានេះបានកើនឡើងជិត ១% បើធៀបជាមួយទិន្នន័យកាលពីខែសីហាកន្លងទៅនេះ។ នៅក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់អំពីបញ្ហាដែលបណ្តាលឱ្យតម្លៃអតិផរណារបស់ប្រទេសជាច្រើននៅក្នុងតំបន់ប្រាក់អឺរ៉ូកើនឡើង ការព្យាករណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិទៅលើការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបជាពិសេសគឺលើតំបន់រូបិយប័ណ្ណអឺរ៉ូ ជាមួយនឹងការឆ្លើយតបរបស់ធនាគារកណ្តាលអឺរ៉ុប។
ការកើនឡើងនៃអត្រាអតិផរណា
ថ្វីត្បិតតែមានការប្រើប្រាស់នូវរូបិយបណ្ណរួមគ្នាគឺប្រាក់អឺរ៉ូ ប្រទេសដែលជាសមាជិកនៅក្នុងតំបន់នេះគឺមានតម្លៃអតិផរណាខុសៗគ្នា។ ហេតុផលដែលបណ្តាលឱ្យមានអត្រាអតិផរណាខុសៗពីគ្នានេះគឺបណ្តាលមកពីតម្លៃនៃទំនិញ និង លំនាំនៃការចំណាយរបស់ប្រជាជន និង លំនាំសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនោះខុសៗគ្នា ដូច្នេះហើយទើបផលប៉ះទង្គិចដែលបង្កដោយសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនក៏ខុសគ្នាទៅតាមនោះដែរ។
ការកើនឡើងនូវតម្លៃប្រេង និង ថាមពលគឺជាកត្តាមួយដែលជំរុញឱ្យមានការឡើងថ្លៃនូវតម្លៃទំនិញ ដែលជាលទ្ធផលបណ្តាលឱ្យអត្រាអតិផរណាកើនឡើង។ ដូចដែលយើងបានដឹងរួចមកហើយថា ប្រេងនិងថាមពលគឺជាប្រភពដ៏សំខាន់មួយនៅក្នុងសង្វាក់ផលិតកម្មនិងឧស្សាហកម្មផ្សេងៗ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ នៅពេលដែលតម្លៃនៃធាតុផ្សំទាំង ២ នេះកើនឡើង តម្លៃនៃផលិតផលសម្រេចក៏កើនឡើងដូចគ្នាក្រោមហេតុផលពីរយ៉ាង។ ទីមួយគឺការចំណាយទៅលើផលិតកម្មច្រើនជាងមុន ហើយជាការឆ្លើយតបតម្លៃនៃផលសម្រេចក៏ត្រូវបង្កើនដោយផលិតករដើម្បីទ្រទ្រង់នូវការចំណាយរបស់ពួកគេ និងដើម្បីរកផលចំណេញ។ ហេតុផលទីពីរគឺអាចបណ្តាលមកពីការកាត់បន្ថយផលិតកម្ម។ ការកាត់បន្ថយទំហំផលិតកម្ម គឺស្មើនឹងការកាត់បន្ថយការបញ្ចេញផលិតផលទៅក្នុងទីផ្សារដែរ។ ប្រសិនបើតម្រូវការមានទំហំច្រើនជាងការផ្គត់ផ្គង់ នោះតម្លៃនៃទំនិញក៏នឹងមានការកើនឡើងជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា បើយោងទៅតាមការចេញផ្សាយរបស់គេហទំព័រផ្លូវការនៃសភាអឺរ៉ុប សព្វថ្ងៃនេះតម្លៃថាមពលនៅក្នុងតំបន់រូបិយប័ណ្ណអឺរ៉ូជាមធ្យមបានកើនឡើងដល់ទៅ ៥០% ទៅហើយ។ នេះបានបញ្ចាក់យ៉ាងច្បាស់ថាការកើនឡើងជាចម្បងនៃអត្រាអតិផរណាគឺបណ្តាលមកពីកំណើននៃតម្លៃនៃប្រេងនិងថាមពលដែលបណ្តាលមកពីការបង្អាក់ និងការកាត់បន្ថយការផ្គត់ផ្គង់ និង ការនាំចូលប្រេងមកកាន់ប្រទេសអឺរ៉ុប។
ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងសហភាពអឺរ៉ុប
កាលពីពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍អំពីការថមថយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅក្នុងទ្វីបអឺរ៉ុប។ ក្នុងនោះផងដែរ គេឃើញមានការរំពឹងទុកថាតំបន់ប្រាក់អឺរ៉ូនឹងត្រូវជួបប្រទះនឹងភាពអន់ថយនៃកំណើនសេដ្ឋកិច្ចពីតម្លៃព្យាករណ៍ ០.៧% មកនៅត្រឹម ០.៥% តែប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៣ ដែលនឹងធ្វើឱ្យតំបន់នេះក្លាយជាតំបន់ដែលមានកំណើនសេដ្ឋកិច្ចយឺតជាងគេ បើធៀបទៅនឹងតំបន់ដទៃទៀត។ ក្នុងនោះផងដែរ មានប្រទេសធំៗជាច្រើនដូចជាប្រទេសអាល្លឺម៉ង់បានជួបជាមួយនឹងបញ្ហាសេដ្ឋកិច្ឋច្រើនជាងគេមួយ ដោយសារសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនព្រោះប្រទេសនេះមានការពឹងផ្អែកយ៉ាងខ្លាំងលើថាមពលនិងប្រេងពីប្រទេសរុស្ស៊ី។
បន្ថែមលើនេះ ប្រជាជននៅក្នុងសហភាពអឺរ៉ុប ក៏ដូចជានៅក្នុងតំបន់រូបិយប័ណ្ណអឺរ៉ូក៏បានជួបប្រទះជាមួយនឹងតំហយចុះនៃលទ្ធកម្មពល (អំណាចទិញ) ផងដែរដោយសារតែអតិផរណា និង វិបត្តិថាមពលបានទាមទារឱ្យពួកគេកាន់តែចំណាយច្រើននៅពេលដែលចំណូលរបស់ពួកគេមិនមានការកើនឡើងនោះទេ។ ដូច្នេះហើយយើងឃើញថា ការប៉ះពាល់សេដ្ឋកិច្ចនៅតំបន់អឺរ៉ុបគឺមិនត្រឹមតែនៅក្នុងម៉ាក្រូសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាក៏បានប៉ះពាល់ជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអឺរ៉ុបផងដែរ។ នៅពេលដែលការចាយវាយប្រចាំថ្ងៃកាន់តែកើនឡើង ប្រជាជនអឺរ៉ុបក៏បានចាប់ផ្តើមកាត់បន្ថយតម្រូវការរបស់ពួកគេ ដែលធ្វើឱ្យមានអតុល្យភាពរវាងតម្រូវការនិងការផ្គត់ផ្គង់។ មិនត្រឹមតែវិបតិ្តអតិផរណាដែលបណ្តាលមកពីទីផ្សារនៃការផ្គត់ផ្គង់ដូចដែលបានរៀបរាប់នៅចំណុចខាងលើនោះទេ សេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុបក៏ត្រូវបានជួបជាមួយនឹងឧបសគ្គពីខាងផ្នែកត្រូវការផងដែរ នៅពេលដែលតម្រូវការមានការធ្លាក់ចុះ។ ការធ្លាក់ចុះនៃតម្រូវការទាំងនេះក៏បង្កឱ្យមានភាពរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មទាំងក្នុងប្រទេស និង នៅក្នុងតំបន់ផងដែរ។
យន្តការឆ្លើយតបរបស់ធនាគារកណ្តាលអឺរ៉ុប
ការរិះរកដំណោះស្រាយទៅលើបញ្ហាអតិផរណា និង ចំពោះវិបត្តិសេដ្ឋកិច្ចនេះគឺជាបញ្ហាចម្បងមួយដែលមិនមានការស្រុះស្រួលគ្នាថាតើការប្រើប្រាស់យុទ្ធសាស្ត្រអ្វីទើបឱ្យមានប្រសិទិ្ធភាពបំផុតនោះទេ។ តួនាទីសំខាន់មួយនៃធនាគារកណ្តាលអឺរ៉ុបគឺធានានូវស្ថិរភាពតម្លៃនៅក្នុងតំបន់រូបិយបណ្ណអឺរ៉ូ។ ដូច្នេះហើយមានន័យថា ធនាគារកណ្តាលអឺរ៉ុបត្រូវដើរតួរយ៉ាងសំខាន់នៅ ជាពិសេសនៅពេលដែលតម្លៃអតិផរណាកំពុងតែមានការកើនឡើងខ្លាំងបែបនេះ។ យ៉ាងណាក៏ដោយធនាគារកណ្តាលអឺរ៉ុបមិនអាចដោះស្រាយបញ្ហាអតិផរណានេះបានភ្លាមៗដោយសារតែកត្តាមួយចំនួន។ កត្តាទីមួយ គឺដូចដែលបានរៀបរាប់ពីខាងដើម ថាប្រទេសនីមួយៗនៅក្នុងតំបន់រូបិយបណ្ណអឺរ៉ូគឺជួបវិបត្តិអតិផរណានេះនៅក្រោមទំរង់ និង តម្លៃផ្សេងៗគ្នា។ ការដាក់ចេញគោលនយោបាយណាមួយដែលតម្រូវឱ្យមានការប្រត្តិបត្តិតាមដោយស្មើភាពគ្នាអាចនឹងជះឥទ្ធិពលមិនស្មើគ្នាទៅតាមប្រទេសនីមួយៗ ដែលគោលការណ៍ខ្លះអាចមានប្រសិទ្ធិភាពចំពោះតែប្រទេសមួយចំនួនតែប៉ុណ្ណោះ ហើយជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសដទៃទៀតដែលនៅក្នុងតំបន់។ កត្តាមួយទៀតនោះគឺ ការសម្រេចប្រើប្រាស់គោលនយោបាយហិរញ្ញវត្ថុណាមួយដែលសមប្រកប។ ធនាគារកណ្តាលអឺរ៉ុបអាចចេញគោលនយោបាយហិរញ្ញវត្ថុដែលអាចកាត់បន្ថយអត្រាអតិផរណាបានតាមរយៈការបង្កើនអត្រាការប្រាក់ដើម្បីកាត់បន្ថយតម្រូវការរបស់ប្រជាជន។ ប្រសិនបើមានអត្រាការប្រាក់ខ្ពស់ នោះប្រជាជននឹងព្យាយាមសន្សំប្រាក់ជាជាងការចាយវាយ ដោយសារតែពួកគេអាចមានផលចំណេញពីការដាក់លុយនៅក្នុងធនាគារ។ ក្នុងករណីនេះមានន័យថា តម្រូវការទំនិញនៅក្នុងទីផ្សារត្រូវបានកាត់បន្ថយ ហើយតម្លៃទំនិញនឹងមានការធ្លាក់ចុះមករហូតដល់តុល្យភាពការផ្គត់ផ្គង់និងតម្រូវការបានកើតឡើងវិញ។ ការប្រើប្រាស់គោលនយោបាយបែបនេះគឺអាចកាត់បន្ថយតម្លៃអតិផរណាបាន ក៏ប៉ុន្តែ ការថមថយនូវតម្រូវការនៅក្នុងទីផ្សារនឹងធ្វើឱ្យមានការធ្លាក់ចុះដំណើរការផលិតកម្ម និង កំណើនសេដ្ឋកិច្ចដោយសារសកម្មភាពពាណិជ្ជកម្មត្រូវបានកាត់បន្ថយ។ ប្រសិនបើធនាគារកណ្តាលអឺរ៉ុបសំរេចចិត្តនៅក្នុងការកាត់បន្ថយអត្រាការប្រាក់វិញនោះ វានឹងជួយជំរុញដល់ការដាក់ទុនការធ្វើពាណិជ្ជកម្ម និងបង្កើនការចាយវាយរបស់ប្រជាជន ដែលជាលទ្ធផលនឹងអាចជួយឱ្យមានកំណើនសេដ្ឋកិច្ច។ ក៏ប៉ុន្តែគោលនយោបាយនេះនឹងមិនអាចដោះស្រាយបញ្ហាអតិផរណាបានឡើយដោយសារតែប្រជាជនក្នុងករណីនេះនឹងមានតម្រូវការកាន់តែច្រើនស្របពេលដែលទំនិញនៅតែមានការឡើងថ្លៃដោយសារតែវិបត្តិថាមពលដែលបង្កឡើងដោយសង្គ្រាម។
នៅត្រង់ចំណុចនេះវាបានសបញ្ជាក់ឱ្យឃើញអំពីភាពស្រពិចស្រពិលនៅក្នុងការបែងចែកឱ្យច្បាស់ថាតើធនាគារកណ្តាលអឺរ៉ុបគួរតែសំរេចយកគោលនយោបាយហិរញ្ញវត្ថុមួយណា? តើគេគួរតែផ្តោតសំខាន់ទៅលើការកាត់បន្ថយអត្រាអតិផរណា ហើយបោះបង់ចោលនូវកំណើនសេដ្ឋកិច្ចដែលកំពុងតែមានបញ្ហាដែរនោះ ឬ ក៏ធ្វើការផ្តោតសំខាន់ទៅលើការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចហើយបន្តឱ្យតម្លៃអតិផរណានៅខ្ពស់ដដែល?