"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ហេតុអ្វីលោក ស៊ី ជីនពីង ជាបុរសដ៏មានឥទ្ធិពលនៅលើពិភពលោក?

គំនូរច្នៃប្រឌិតដោយ៖ លោក រិទ្ធ វីរៈ

ឈានចូលវ័យ ៦៩ ឆ្នាំ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានក្លាយជាឥស្សរជននយោបាយដ៏មានឥទ្ធិពលម្នាក់នៅក្នុងបរិបទនយោបាយផ្ទៃក្នុង និងនៅលើឆាកអន្តរជាតិ។ ជាមេដឹកនាំបង្គោលរបស់បក្សកុម្មុយនីស្ដីចិន ប្រធានាធិបតីរូបនេះ បានធ្វើបរិវត្តកម្មប្រទេសខ្លួន ប្រែក្លាយពីប្រទេសដែលមានទំហំសេដ្ឋកិច្ចតូច និងឥទ្ធិពលភូមិសាស្ត្រនយោបាយស្ដួចស្ដើង ទៅជាប្រទេសមហាអំណាចដែលរះត្រដែតឡើង ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការបរទេស។ កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីសមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្ដចិនត្រូវបានបញ្ចប់ទៅ លោក ស៊ី ជីនពីង បានក្លាយជាអគ្គលេខាធិការបក្សកុម្មុយនីស្ដចិនក្នុងអាណតិ្តទី៣ រយៈពេល ៥ ឆ្នាំបន្តទៀត ដែលដំណែងនេះជាដំណែងដ៏កំពូលបង្អស់នៅក្នុងប្រព័ន្ធនយោបាយចិន។ តើមេដឹកនាំរូបនេះប្រើប្រាស់យុទ្ធសាស្ត្រគ្រប់គ្រងរដ្ឋបែបណាខ្លះ ទើបអាចរក្សាដំណែងរបស់ខ្លួនបានយូរ និងក្លាយជាបុរសខ្លាំងដែលពិភពលោកទទួលស្គាល់ និងខ្លាចរអាស្ទើគ្រប់គ្នា?

ប្រវត្តិរូបសង្ខេបរបស់លោក ស៊ី ជីនពីង

លោក ស៊ី ជីនពីង កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៣។ លោកជាមនុស្សដែលមានជោគវាសនាល្អ ដោយកើតមកនៅក្នុងត្រកូលគ្រួសារមេដឹកនាំបដិវត្តន៍ម្នាក់ដែលកាន់មុខដំណែងដ៏សំខាន់នៅក្នុងគណបក្សកុម្មុយនីស្ដចិន គឺលោក ស៊ី ចុងស៊ុន (Xi Zhongxun)។ ចាប់តាំងពីឆ្នាំ១៩៨២ មក លោក ស៊ី ជីនពីង បានចូលកាន់មុខតំណែងសំខាន់ៗក្នុងជួរគណបក្សកុម្មុយនីស្ដចិន ដោយលោកធ្លាប់ធ្វើជាលេខាធិការនៃគណៈកម្មការបក្សស្រុក ចឹង ទិង (Zhengding) ខេត្ត ហឺប៉ី (Hebei) អភិបាលរងក្រុង ស៊្សាម៉ឹន (Xiamen) ខេត្ត ហ្វ៊ូជាន (Fujian) លេខាធិការនៃគណៈកម្មការបក្សក្រុង និងតឺ (Ningde) ខេត្តហ្វ៊ូជាន (Fujian) លេខាធិការនៃគណៈកម្មការបក្សក្រុងហ្វ៊ូចូវ (Fuzhou) ខេត្តហ្វ៊ូជាន (Fujian) និងជាលេខាធិការនៃគណៈកម្មការបក្សខេត្តហ៊្វូជាន (Fujian)។

រហូតដល់ឆ្នាំ២០០០ លោក ស៊ី ជីនពីង បានក្លាយជាមេដឹកនាំក្នុងជួរគណបក្សដ៏លេចធ្លោម្នាក់។ លោកត្រូវបានជ្រើសតាំងជាអភិបាលខេត្ត ហ៊្វូជាន។ នៅឆ្នាំ២០០២ លោកត្រូវបានតែងតាំងជាប្រធានបក្សប្រចាំនៅខេត្ត ចឺជាង (Zhejiang) រហូតដល់ឆ្នាំ២០០៧ លោកត្រូវបានតែងតាំងជាប្រធានបក្សប្រចាំនៅទីក្រុងសៀងហៃ ប៉ុន្តែមិនបានប៉ុន្មានខែផង លោកត្រូវបានជ្រើសរើសឱ្យក្លាយជាសមាជិកម្នាក់ក្នុងចំណោមសមាជិក ៩ រូបនៃគណៈកម្មាធិការអចិន្ត្រៃយ៍បង្គោល (Politburo Standing Committee)។ គួរដឹងដែរថា សមាជិកគណៈកម្មាធិការទាំង ៩ រូបនេះហើយជាថ្នាក់ដឹកនាំកំពូលរបស់បក្សកុម្មុយនីស្ដចិន។ រហូតដល់ឆ្នាំ២០០៨ លោកបានជាប់ឈ្មោះជាអនុប្រធានាធិបតីចិន បន្ទាប់មក នៅឆ្នាំ២០១២ លោកបានចូលកាន់ដំណែងបន្តពីលោក ហ៊ូ ជីនតាវ (Hu Jintao) ជាអគ្គលេខាធិការបក្សកុម្មុយនីស្ដចិន ដែលជាដំណែងកំពូលរបស់បក្ស។

ចរិតលក្ខណៈរបស់លោក ស៊ី ជីនពីង

យោងតាមលោក កាតូ យ៉ូស៊ិកាស៊ូ (Kato Yoshikazu) អ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចមូលបត្ររ៉ាគូតេន (Rakuten) បានរកឃើញថា លោក ស៊ី ជីនពីង ជាមនុស្សម្នាក់ដែលចូលចិត្តការស្ដាប់ច្រើនជាជាងការនិយាយ។ លោកតែងតែស្ដាប់យ៉ាងយកចិត្តទុកដាក់ ជាពិសេសមតិយោបល់ ឬដំបូន្មានរបស់ក្រុមការងារ ក៏ដូចជាអ្នកដែលនៅជុំវិញខ្លួន។ ការព្យាយាមស្ដាប់មនុស្សជុំវិញខ្លួន ពិតជាមានសារៈសំខាន់ណាស់ ព្រោះមុននឹងលោកធ្វើការសម្រេចចិត្តលើគោលនយោបាយអ្វីមួយ លោកអាចក្ដោបព័ត៌មាន និងទិន្នន័យបានគ្រប់ជ្រុងជ្រោយ ហើយជាព័ត៌មានដែលត្រឹមត្រូវ មិនភូតកុហកទៀតផង ដូច្នេះហើយទើបលោកត្រូវការមនុស្សដែលស្មោះត្រង់ និងគួរឱ្យទុកចិត្តបាន ដើម្បីធ្វើការជិតស្និតជាមួយលោក។ លោក ស៊ី ជីនពីង មិនត្រឹមតែស្ដាប់យោបល់មនុស្សជំនិតនៅជុំវិញខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏ត្រូវបានសុំយោបល់ដោយលោក ស៊ី ជិនពីង ផងដែរ គឺកាលពីឆ្នាំ២០១២ នៅពេលដែលោក ស៊ី ជីនពីង ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង វ៉ាស៊ីនតោន។ នៅពេលនោះ លោក ស៊ី ជីនពីង បានសួរលោក ចូ បៃដិន ថា «តើលោកមានដំបូន្មានអ្វីខ្លះសម្រាប់ខ្ញុំ ដើម្បីអាចក្លាយជាអ្នកនយោបាយដ៏ល្អម្នាក់»។

ក្រៅតែពីមនុស្សដែលចូលចិត្តស្ដាប់យោបល់អ្នកដទៃ លោក ស៊ី ជីនពីង ក៏ជាមេដឹកនាំដែលម៉ត់ចត់ ច្បាស់លាស់ និងពូកែសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។ ជាក់ស្ដែង ចាប់តាំងពីការឡើងកាន់ដំណែងជាអគ្គលេខាធិការបក្សនៅឆ្នាំ២០១២ មក មន្ត្រីបម្រើការក្នុងបក្សប្រមាណជាជិត ៥ លាននាក់ ត្រូវបានស្ថិតក្រោមការស៊ើបអង្កេតពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងនោះប្រមាណជាជាង ១,៥ លាននាក់ត្រូវបានផ្ដន្ទាទោសពីបទប្រព្រឹត្តអំពើពុករលួយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង Le Monde ។ ករណីដែលគួរឱ្យកត់សម្គាល់នោះគឺ សូម្បីតែលោក ចូវ យ៉ុងកាង (Zhou Yongkang) ដែលជាសមាជិកដែលមានតួនាទីកំពូលម្នាក់នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍បង្គោល ក៏ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាចរបស់ខ្លួន។ ការណ៍នេះអាចរាប់បានថាជាជោគជ័យនៃយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក ស៊ី ជីនពីង ហើយក៏បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បីរន្ទឺទាំងក្នុងប្រទេស និងអន្តរជាតិ។

ជោគជ័យរបស់លោក ស៊ី ជីនពីង

ប្រធានាធិបតីរូបនេះ បានទទួលជោគជ័យស្ទើគ្រប់វិស័យទាំងអស់ក្នុងការអភិវឌ្ឍប្រទេស។ ក្នុងនោះមានដូចជា ការកែទម្រង់យោធា និងយុទ្ធសាស្ត្រការពារសន្តិសុខជាតិ ដោយបានផ្ដោតលើការធ្វើទំនើបកម្មឱ្យមានភាពជឿនលឿនជាងមុន រួមមានផលិតបន្ថែមទៀតនូវគ្រឿងសព្វាវុធ រថក្រោះ នាវាចម្បាំង គ្រាប់មីស៊ីល ផ្កាយរណប និងបណ្ដុះបណ្ដាលសមត្ថភាពទាហានឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យយោធា។ ដោយឡែក សម្រាប់គោលនយោបាយសេដ្ឋកិច្ចវិញ លោក ស៊ី ជីនពីង ទទួលបានជោគជ័យយ៉ាងខ្លាំងជុំវិញគោលនយោបាយកាត់បន្ថយអត្រានៃភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្លួន។ យោងតាមរបាយការណ៍របស់រដ្ឋចិន ក្នុងរយៈពេល ៩ ឆ្នាំ មកនេះ ប្រជាជនចិនប្រមាណ ១០០ លាននាក់ត្រូវបានរួចផុតពីបន្ទាត់ភាពក្រីក្រ។ គួរដឹងដែរថា ចាប់តាំងពីប្រទេសចិនអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារក្នុងឆ្នាំ១៩៧៩ មក ប្រទេសមួយនេះបានស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក ដោយកំណើនផលិតផលក្នុងស្រុកសរុប (GDP) គិតជាមធ្យម ៩,៥% គិតត្រឹមឆ្នាំ២០១៨ (មុនកូវីដ១៩)។

យុទ្ធសាស្ត្រសេដ្ឋកិច្ច និងចំណងការទូត

កាលណាគេនិយាយពីកំណើនសេដ្ឋកិច្ចចិន និងនយោបាយការបរទេសចិន គេមិនភ្លេចសោះឡើយនូវ យុទ្ធសាស្ត្រគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative)។ គម្រោងមួយនេះគឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកលដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលចិនកាលពីឆ្នាំ២០១៣ ដើម្បីធ្វើការវិនិយោគជាមួយបណ្ដាប្រទេសប្រមាណជា ១៥០ ប្រទេស និងជាមួយអង្គការអន្តរជាតិផ្សេងៗទៀត។ យុទ្ធសាស្រ្តនេះបានបើកឱកាសឱ្យចិនអាចរឹតចំណងទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសទាំងអស់នោះ តាមរយៈការផ្ដល់ជាប្រាក់កម្ចីឥតសំណង ឬកម្ចីដែលមានការប្រាក់ទាប និងជួយសម្រួលឱ្យក្រុមហ៊ុនចិនចូលទៅវិនិយោគ ដែលនេះជាកត្តាដ៏ចម្បងដែលអាចអនុញ្ញាតឱ្យចិនអាចពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយ ការទូត និងកើបយកផលចំណេញសេដ្ឋកិច្ចទៀតផង។ ហើយជោគជ័យទាំងអស់នេះ គឺសុទ្ធសឹងតែជាសមិទ្ធផលដ៏អស្ចារ្យក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង។

បង្កើនសម្ព័ន្ធមិត្តជាមួយប្រទេសកុម្មុយនីស្ដ

ចាប់តាំងពីទំនាក់ទំនងចិនជាមួយអាមេរិកប្រឈមនឹងភាពតានតឹងនៅដើមសតវត្សរ៍ទី២១ មក លោក ស៊ី ជីនពីង បានខិតខំបង្កើនចំណងមិត្តភាពជាមួយបណ្ដាប្រទេសកុម្មុយនីស្ដ។ ឧទាហរណ៍ នៅខែមីនា ឆ្នាំ២០១៣ លោកបានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងក្នុងនាមជាប្រធានាធិបតីទៅកាន់ប្រទេសរុស្ស៊ី ហើយកាលនោះ ប្រធានាធិបតីរូបនេះបានលើកឡើងទៅកាន់លោក ពូ ទីន ថា «ពួកយើងគឺមានលក្ខណៈស្រដៀងគ្នា»។ ការនិយាយបែបនេះទំនងជាចង់សំដៅថា ពួកគេទាំងពីរ ប្រើយុទ្ធសាស្ត្រដឹកនាំប្រទេសមិនខុសគ្នាប៉ុន្មាននោះទេ ដូច្នេះហើយ វាមានភាពងាយស្រួលក្នុងការបង្កើតចំណងមិត្តភាព។ លើសពីនេះ កន្លងមក លោក ស៊ី ជីនពីង មិនដែលបានចេញមុខឈឺឆ្អាលប្រឆាំងនឹងរុស្ស៊ីជុំវិញបញ្ហាតំបន់គ្រីមៀ និងសូម្បីតែការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ក៏ចិនមិនបានចេញមុខថ្កោលទោសចំៗនោះដែរ។
ក្រឡេកទៅមើលទំនាក់ទំនងចិន និងវៀតណាមវិញ បើទោះបីជាភាគីទាំងពីរមានជម្លោះជាមួយគ្នាជុំវិញបញ្ហាអធិបតេយ្យភាពដែនទឹកសមុទ្រចិនខាងត្បូង ហើយវៀតណាមផ្ដើមងាកទៅកសាងទំនាក់ទំនងស្អិតរមួតជាមួយសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រទេសជិតខាងទាំងពីរនេះនៅអាចរក្សាទំនងល្អ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងពាណិជ្ជកម្មទ្វេភាគីយ៉ាងរឹងមាំ។ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ថ្មីៗនេះ បន្ទាប់ពីសមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្ដចិនបានបញ្ចប់ទៅ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ្វ៊ូ ចុង (Nguyen Phu Trong) បានធ្វើដំណើរទស្សនកិច្ចភ្លាមៗទៅកាន់ទីក្រុងប៉េកាំង ដែលជាការឆ្លើយតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ព្រឹត្តិការណ៍នេះត្រូវបានអ្នកវិភាគក្នុងតំបន់មើលឃើញថា វាជាមធ្យោបាយមួយក្នុងការធានាឱ្យទំនាក់ទំនងប្រទេសទាំងពីររឹតតែរឹងមាំកាន់តែខ្លាំង។

បញ្ហាប្រឈមដែលមិនទាន់បានដោះស្រាយ

បើទោះបីជាលោក ស៊ី ជីនពីង ជាមេដឹកនាំដែលពោពេញទៅដោយសមត្ថភាព ប៉ុន្តែក៏នៅមានបញ្ហាប្រឈមជាច្រើនដែលមិនទាន់បានដោះស្រាយ។ ក្នុងអាណត្តិថ្មីនេះ ក្រុមមេដឹកនាំកំពូលៗ ជាពិសេសគឺលោក ស៊ី ជីនពីង នឹងត្រូវប្រឈមមុខជាមួយបញ្ហាជាច្រើន រួមមានការអនុវត្តគោលនយោបាយកូវីដសូន្យ (Zero-Covid Policy) ដែលបណ្ដាលឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ វិបត្តិថាមពល អចលនទ្រព្យ សន្តិសុខសង្គម ទំនាក់ទំនងការបរទេសជាមួយលោកខាងលិច ភូមិសាស្ត្រនយោបាយ (សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត) បញ្ហាជុំវិញកោះតៃវ៉ាន់ បញ្ហាជនជាតិអ៊ុយហ្គ័រ និងជនជាតិភាគតិចនៅតំបន់ស៊ីនជាំង និងនៅទីបេដែលរដ្ឋាភិបាលក្រុងប៉េកាំងរងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សពីសំណាក់សហគមន៍អន្តរជាតិ។ លើសពីនេះ កង្វះការងារធ្វើរបស់យុវជនក៏បានបង្កជាបញ្ហាដ៏ចម្រូងចម្រាសមួយក្នុងសង្គមចិនផងដែរ។

សរុបជារួម ការដែលលោក ស៊ី ជីនពីង មានទំនាក់ទំនងជិតស្និតជាមួយនឹងសម្ព័ន្ធមិត្តរុស្ស៊ី វៀតណាម សមាជិកអាស៊ាន បណ្ដាប្រទេសនៅមជ្ឈិមបូព៌ា និងប្រទេសជាច្រើនផ្សេងទៀតនៅទ្វីបអាហ្វ្រ៊ិក បានធ្វើឱ្យឥទ្ធិពលចិនកាន់តែរីកសាយភាយ បង្កជាការព្រួយបារម្ភទៅដល់បណ្ដាប្រទេសលោកសេរី ដែលតែងតែចោទប្រកាន់ថា ប្រទេសចិនជាតួអង្គបង្កអស្ថិរភាពក្នុងបញ្ហាសន្តិសុខតំបន់ និងមានបំណងចង់ផ្លាស់ប្ដូរសណ្ដាប់ធ្នាប់អន្តរជាតិ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីរូបនេះ ហាក់ដូចជាផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ចជាធំ និងមានគោលជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃដោយបើកចំហនោះទេ។ ដោយយោងទៅលើហេតុផលទាំងអស់នេះហើយ បានជាប្រធានាធិបតីរូបនេះ ក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលយ៉ាងខ្លាំង ទាំងក្នុងសង្វៀននយោបាយផ្ទៃក្នុង និងនៅលើឆាកអន្តរជាតិ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ធា សុណា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ