អាស៊ានបូកបី ដែលហៅជាភាសាអង់គ្លេសថា “ASEAN Plus Three” និងមានអក្សរកាត់ថា “APT” ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧។ អាស៊ានបូកបី ត្រូវបានចាត់ទុកជាវេទិកាមួយដែលមានតួនាទីជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រជាជាតិអាស៊ីបូព៌ាទាំងបីគឺ ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។ នៅក្នុងអត្ថបទនេះ យើងនឹងនិយាយបន្ថែមអំពីការពិភាក្សារបស់មេដឹកនាំរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មកពីសមាជិកទាំងដប់នៃអាស៊ាន និងរដ្ឋអាស៊ីបូព៌ាទាំងបីទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហានានាដែលកំពុងកើនឡើងក្នុងតំបន់ ។
១. អ្វីទៅជា អាស៊ានបូកបី (APT)?
អាស៊ានបូកបី (APT) នេះគឺជាដៃគូកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសដែលជាសមាជិកអាស៊ានទាំងដប់រួមមាន៖ ប្រទេសព្រុយណេ ប្រទេសកម្ពុជា ប្រទេសឥណ្ឌូណេស៊ី ប្រទេសឡាវ ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម ជាមួយនឹងប្រទេសជាដៃគូសហការដែលមិនជាសមាជិកអាស៊ានចំនួនបី រួមមានដូចជា ប្រទេសចិន ប្រទេសជប៉ុន និង ប្រទេសកូរ៉េខាងត្បូង។ អាស៊ានបូកបី(APT) បានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការដំបូងឡើយគឺនៅឆ្នាំ១៩៩៧ ហើយបានដាក់ចេញជាផ្លូការនៅឆ្នាំ១៩៩៩ នៅពេលដែលមេដឹកនាំនីមួយៗតំណាងប្រទេសដែលជាសមាជិកនៃកិច្ចសហប្រតិបត្តិការនេះបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី (APT) លើកទីបីរបស់ពួកគេនៅទីក្រុងម៉ានីល។ ចាប់តាំងពីពេលនោះមក ដំណើរការកិច្ចសហប្រតិបត្តិការនេះ បានវិវឌ្ឍជាយានជំនិះដ៏សំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាឆ្ពោះទៅរកគោលដៅរយៈពេលវែងនៃការកសាងសហគមន៍អាស៊ីបូព៌ា ដោយមានអាស៊ានជាកម្លាំងចលករ។ អាស៊ានបូកបី (APT) បានយល់ព្រមរវាងគ្នានៅក្នុងការពង្រឹងកិច្ចសន្ទនាគោលនយោបាយ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើបញ្ហាហិរញ្ញវត្ថុ រូបិយវត្ថុ និងសារពើពន្ធដែលមានផលប្រយោជន៍រួម។ ដំបូងឡើយ វាផ្តោតលើតែបញ្ហាទាក់ទងនឹងការគ្រប់គ្រងហានិភ័យម៉ាក្រូសេដ្ឋកិច្ច ការពង្រឹងអភិបាលកិច្ចសាជីវកម្ម ការត្រួតពិនិត្យលំហូរមូលធនក្នុងតំបន់ ការពង្រឹងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ប៉ុន្តែកិច្ចសហប្រតិបត្តិការ អាស៊ានបូកបីនេះ បានពង្រីកបន្ត និងស៊ីជម្រៅលើវិស័យជាច្រើនទៀត រួមទាំងផ្នែកនយោបាយ-សន្តិសុខ ពាណិជ្ជកម្មនិងការវិនិយោគ ហិរញ្ញវត្ថុ ថាមពល ទេសចរណ៍ បរិស្ថាន កសិកម្មនិងព្រៃឈើ ការអប់រំ សុខភាព វប្បធម៌ និងសិល្បៈ ជាដើម។
២. ដំណើរការឆ្ពោះទៅការបង្កើតអាស៊ានបូកបី(APT)
មុននឹងមានការបង្កើតឡើងនូវអាស៊ានបូកបី (APT)នេះ គឺមានការស្នើឡើងមួយដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ក្នុងឆ្នាំ ១៩៩០ ដែលបានធ្វើការស្នើឱ្យមានការបង្កើត វេទិកាសេដ្ឋកិច្ចអាស៊ីបូព៌ា (EAEC) ឬក្រុមសេដ្ឋកិច្ចអាស៊ីបូព៌ា (EAEG) រវាងប្រទេសក្នុងតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ក្នុង បំណងទប់ទល់នឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកដែលកំពុងកើនឡើងនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) និងអាស៊ីទាំងមូល។ ការស្នើឡើងEAEC គឺអាចចាត់ទុកថាជាប្រតិកម្មចំពោះការធ្វើសមាហរណកម្មរបស់អាស៊ានទៅក្នុង APEC ដោយលោក Mahathir ដែលប្រកាន់ខ្ជាប់នូវទស្សនៈ Pan-Asian ដ៏រឹងមាំរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ សំណើរនេះត្រូវបានបរាជ័យដោយសារតែមានប្រតិកម្មប្រឆាំងយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកផង និងព្រមទាំងការបដិសេដមិនចូលរួមពីប្រទេសជប៉ុន និង ប្រទេសកូរ៉េខាងត្បូងផង។ ក្រោយមកនៅពេលដែលមានវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-១៩៩៨ បានកើតឡើង ហើយគួបផ្សំនឹងការអាក់អន់ចិត្តក្នុងតំបន់ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងការដោះស្រាយវិបត្តិរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះក្រុមអាស៊ីបូព៌ា ដែលវាហាក់បីដូចជាផ្តល់ឱកាសថ្មីដល់គំនិតអាស៊ីបូព៌ារបស់លោក Mahathirផុសឡើងមកម្ដងទៀត។ បើទោះបីជាកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី (APT) បានចេញមុនវិបត្តិហិរញ្ញវត្ថុអាស៊ីក៏ដោយ គេច្រើនចាត់ទុកកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) ថាឈ្មោះផ្សេងមួយទៀតរបស់ ” វេទិកាសេដ្ឋកិច្ចអាស៊ីបូព៌ា (EAEC) ឬក្រុមសេដ្ឋកិច្ចអាស៊ីបូព៌ា (EAEG)” ។ បន្ទាប់មក មានការធ្វើការងារសម្រាប់សមាហរណកម្មបន្ថែមទៀតក៏បានបន្ត ហើយអាស៊ានបូកបី ដែលមានអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ក៏ត្រូវបានបង្កើតនៅក្នុងខែធ្នូ ឆ្នាំ ១៩៩៧ នៅពេលកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ានលើកទី ២ នៅប្រទេសម៉ាឡេស៊ីក្នុងចំណោមមេដឹកនាំអាស៊ាន និងចិន ជប៉ុន និង កូរ៉េខាងត្បូង។ ហើយបានដាក់ចេញជាផ្លូការនៅឆ្នាំ១៩៩៩ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទីបីនៅទីក្រុងម៉ានីល ហើយបានកោះប្រជុំលើកទី១ របស់ពួកគេនៅទីក្រុងឈៀងម៉ៃ ប្រទេសថៃក្នុងខែឧសភា ឆ្នាំ ២០០០។
៣.តើអាស៊ានបូកបីបានធ្វើអ្វីខ្លះតាំងពីបង្កើតឡើងមក?
នៅពេលកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ានលើកទី ២ នៅប្រទេសម៉ាឡេស៊ី បានចេញនូវសេចក្តីថ្លែងការណ៍រួមជាលើកដំបូងនៅឆ្នាំ១៩៩៧ ដែលបានកំណត់គោលដៅសំខាន់ៗ គោលការណ៍ និងទិសដៅបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការប្រទេស អាស៊ានបូកបី (APT) ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំ អាស៊ានបូកបី (APT) បានសម្រេចចិត្តពង្រឹង និងស៊ីជម្រៅកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាក្នុងវិស័យផ្សេងៗ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងសង្គម នយោបាយ និងវិស័យផ្សេងៗទៀត។ ចាប់តាំងពីពេលនោះមក ក្របខណ្ឌ អាស៊ានបូកបី (APT) បានក្លាយជាធាតុសំខាន់មួយសម្រាប់ការជំរុញនិយមក្នុងតំបន់អាស៊ីបូព៌ា។ កិច្ចសហប្រតិបត្តិការ អាស៊ានបូកបី (APT) បានពង្រីកយ៉ាងស៊ីជម្រៅ ដើម្បីគ្របដណ្តប់លើផ្នែកជាច្រើននៃផ្នែកនយោបាយ និងសន្តិសុខ ឧក្រិដ្ឋកម្មឆ្លងដែន ពាណិជ្ជកម្មនិងការវិនិយោគ ហិរញ្ញវត្ថុ ទេសចរណ៍ កសិកម្មនិងព្រៃឈើ ថាមពល សារធាតុរ៉ែ សហគ្រាសធុនតូចនិងមធ្យម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត បរិស្ថាន ការអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រ សុខុមាលភាពសង្គម ភាពចាស់សកម្ម យុវជន ស្ត្រី សេវាកម្មស៊ីវិល ពលកម្ម វប្បធម៌និងសិល្បៈ ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ការអប់រំ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាពសាធារណៈ និងការតភ្ជាប់រវាងបណ្ដាប្រទេសនៅតំបន់អាស៊ីតំបន់ អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍។
ជារួមមក អាស៊ានបូកបី គឺជាវេទិកានិង ជាអ្នកសម្របសម្រួលមួយដែលសំខាន់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រជាជាតិអាស៊ីបូព៌ាទាំងបីដែលរួមមាន ប្រទេសចិន ប្រទេសជប៉ុន និង ប្រទេសកូរ៉េខាងត្បូង។ មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីបានបង្កើតឡើងនៅឆ្នាំ១៩៩៧ អាស៊ានបូកបីបានតួយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគ រក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុក្នុងតំបន់ លើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្បៀងអាហារ កសិកម្ម និងព្រៃឈើ ពង្រឹងសន្តិសុខថាមពលនិងកិច្ចសហប្រតិបត្តិការ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ។