"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា ៖ ពពុះសេដ្ឋកិច្ច “ផ្កាមួយទងមានតម្លៃជាងផ្ទះ”

គំនូរច្នៃប្រឌិតដោយ៖ លោក រិទ្ធ វីរៈ

មុននឹងឈានទៅរកការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីសេដ្ឋកិច្ចពពុះដំបូង Tulip Mania​ យើងត្រូវយល់ច្បាស់ជាមុនសិនថា តើអ្វីទៅជា Economic Bubble ឬ សេដ្ឋកិច្ចពពុះ?

​​​Economic Bubble ឬ សេដ្ឋកិច្ចពពុះ កើតឡើងនៅពេលដែលតម្លៃនៃទ្រព្យសកម្មកើនឡើងខ្ពស់លើសពីតម្លៃមូលដ្ឋានឬតម្លៃទីផ្សារ។ ក្នុងន័យមួយទៀត សេដ្ឋកិច្ចពពុះគឺជាព្រឹត្តិការណ៍មួយដែលតម្លៃនៃទ្រព្យសកម្មបានហក់ឡើងខ្ពស់រហូតដល់ដាច់ជាមួយសេដ្ឋកិច្ចជាក់ស្ដែង ឬលើសពីលំហូរសាច់ប្រាក់។ សេដ្ឋកិច្ចពពុះក៏អាចកើតឡើងនៅពេលដែលបំណុលបានស្ទុះឡើងខ្ពស់​ រហូតដល់មិនអាចមានលទ្ធភាពសងត្រលប់ទៅវិញ ដោយសារអ្នកវិនិយោគបានប្រមូលទ្រព្យនិងបានធ្វើកម្ចីដើម្បីយកទៅវិនិយោគអ្វីមួយដែលហាក់មើលទៅកំពុងពេញនិយមខ្លាំង និងអាចទាញយកប្រាក់ចំណេញបានច្រើន។  ចំណុចដែលជាជ្រោះនៃសេដ្ឋកិច្ចពពុះគឺនៅពេលអ្នកវិនិយោគនាំគ្នាជះលុយច្រើនលើសលុបរហូតលើសតម្រូវការ​ ដែលជាហេតុធ្វើឱ្យតម្លៃធ្លាក់ចុះ ហើយពិបាកក្នុងការសងត្រលប់ទៅវិញ ឬប្រកាសក្ស័យធន។ មួយវិញទៀត នៅពេលមួយដែលតម្លៃនៃទ្រព្យសកម្មទាំងនោះឡើងដល់ចំណុចកំពូលពពុះនៃសេដ្ឋកិច្ចហើយសេដ្ឋកិច្ចនោះផ្ទុះ​ គេហៅថា Economic Burst។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ចពពុះគឺប្រៀបបានជារដូវការភ្លៀងធ្លាក់ ដែលវាអាចកើតមាន និងរាំងទៅវិញដោយបន្សល់នូវផលវិបាកមួយចំនួន ដែលស៊ីសងលើទំហំនៃសេដ្ឋកិច្ចពពុះ។ ជាក់ស្ដែង សេដ្ឋកិច្ចពពុះមានច្រើនដូចជា Tulip Mania, South Sea Bubble, Asian Financial Crisis, Housing Bubble in 2008, Mississippi Bubble, ជាដើម។

ករណីសេដ្ឋកិច្ចពពុះដំបូងគេក្នុងប្រវត្តិសាស្ត្រគឺ Tulip Mania ដែលបានកើតឡើងនៅក្នុងសតវត្សរ៍ទី ១៧​ គឺចាប់ពីឆ្នាំ ១៦៣៤ ដល់ឆ្នាំ ១៦៣៧។ ប្រទេសហូឡង់គឺជាប្រទេសមួយដែលពេញនិយមផ្កា Tulip ជាងគេ និងទទួលបានការពេញនិយមយ៉ាងខ្លាំងរហូតត្រូវបានគេចាត់ទុកថាមានតម្លៃជាងផ្ទះទៅទៀត “A flower worth more than a home”។ នៅក្នុងករណីនេះមាន ៥ ដំណាក់កាលមុននឹងឈានទៅដល់ការផ្ទុះនៃសេដ្ឋកិច្ច ឬ Economic Burst។

ដំណាក់កាលទី១នោះគឺ ការរីកចម្រើននៃខាងវិស័យពាណិជ្ជកម្មអន្តរជាតិដែលត្រូវបានគេសម្គាល់ថាជា Displacement ផ្កាTulipនេះផងដែរ។ ផ្កា Tulip នេះត្រូវបានគេចាត់ទុកថាជាផ្កាដ៏កម្រល្អប្រណីតនិងគ្មានអ្វីអាចប្រៀបផ្ទឹមបានដោយសារតែស្រទាប់ផ្កានេះមានពណ៌ប្លែកស្រស់ស្អាតនិងការចំណាយពេលយូរដើម្បីប្រមូល។ កាលនោះ​ តម្រូវរបស់វណ្ណៈអភិជនភាគច្រើនគឺត្រឹមលម្អង ប៉ុន្តែតម្រូវការរបស់អ្នកវណ្ណៈធម្មតា និងគ្រួសារក្រីក្រគឺការវិនិយោគលើផ្កា Tulip ដើម្បីកើបលុយពីផ្កានេះ។ ជាមួយនឹងការវិវត្តិនៃបច្ចេកទេសដាំដែលទទួលបានផលលឿនផងនោះ អ្នកវិនិយោគក៏បានស្ទុះកើនឡើងខ្លាំង រហូតដល់ការស្នើសុំឥណទាន និងបញ្ចាំទ្រព្យរបស់ខ្លួនដើម្បីយកជាទុនក្នុងការចូលទីផ្សារផ្កា Tulip។ នាឆ្នាំ ១៦៣០ ផ្កា​ Tulip ត្រូវបានទទួលការពេញនិយមពីសំណាក់ជនជាតិហូឡង់រហូតដល់មានការដេញថ្លៃនិងដាក់លក់ក្នុងតម្លៃមួយដ៏សែនខ្ពស់សូម្បីតែគ្រាប់មើមនៃផ្កា​ Tulip នេះត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតទៅដល់ ៥០០០០ ដុល្លាអាមេរិក។ ឈានដល់ដំណាក់កាលទី២ Price Boom ឬការផ្ទុះនៃតម្លៃ ដោយសារតែការកើនឡើងនូវតម្រូវការច្រើនឯផលិតភាពមានកម្រិតទាបទើបធ្វើឱ្យតម្លៃនៃផ្កានេះមានការកើនឡើងជាអតិបរិមា។ ដោយសារតែផ្កា Tulip អាចប្រមូលផលបានក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះក្នុងមួយឆ្នាំ អ្នកវិនិយោគក៏បានធ្វើកិច្ចសន្យាដេញថ្លៃតម្លៃដើម្បីទិញមើមផ្កា Tulip ទាំងអស់ទាំងដែលមិនទាន់បានប្រមូលផលនូវឡើយ ដោយសារពួកគេមានទំនុកចិត្តនិងជឿជាក់ថាផលដែលពួកគេប្រមូលទិញបាននោះនឹងបានដាក់លក់ក្នុងតម្លៃថ្លៃហើយទាំងអស់នេះដែរជាហេតុនាំឱ្យឈានទៅរកដំណាក់កាលទី៣នៃសេដ្ឋកិច្ចពពុះ Euphoria​។ ដំណាក់កាលនេះដែរគឺបង្កជាភាពវឹកវរពីព្រោះជនជាតិហូឡង់និងវិនិយោគិនជាច្រើនចាប់ផ្តើមនាំគ្នាព្យាយាមចូលទៅក្នុងទីផ្សារផ្កាTulip និងបានដាក់ប្រាក់វិនិយោគជាច្រើនលើសលុប។ កាលណាទីផ្សារកាន់តែធំទូលាយនិងរីកសុះសាយខ្លាំងទំនិញក៏កាន់តែមានការដាក់លក់ច្រើនដូចគ្នាផងដែរ ដែលនៅក្នុងដំណាក់កាលទី៤ ឬ profit-taking វេលាមួយដែលអតិថិជនចាប់ផ្តើមអស់ទំនុកចិត្តដោយសារតែផ្កាទាំងនោះមានតម្លៃខ្ពស់ពេក ហេតុនេះហើយវិនិយោគិនមួយចំនួនបានចាប់ផ្តើមបោះបង់ចោលនូវការធ្វើអាជីវកម្មផ្កា Tulip និងបានដាក់លក់តាមដងផ្លូវជាសាធារណៈវិញ។ នារដូវផ្ការីកក្នុងឆ្នាំ ១៦៣៧ តម្លៃនៃផ្កាTulipត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ដែលឈានទៅរកដំណាក់កាលចុងក្រោយនៃសេដ្ឋកិច្ចពពុះនោះគឺ Total Panic ​ដែលជាពេលអ្នកវិនិយោគចាប់ផ្ដើមព្រួយបារម្ភពីការដាក់ទុនវិនិយោគ។ ម្ខាងគឺភ័យខ្លាចថាក្រោយពីការប្រមូលផល តម្លៃនៃផ្កា Tulip នឹងធ្លាក់ចុះដោយហេតុតែទីផ្សាចង្អៀត ហើយម្ខាងទៀតគឺដោះស្រាយកម្ចីដែលយកមកវិនិយោគលើផ្កា Tulip។ នៅពេលនោះ អ្នកវិនិយោគមួយចំនួនបានលះបង់មហិច្ចតាដោយលក់ចេញផ្កា​ Tulip ចេញដើម្បីដោះស្រាយបំណុល។ ទាំងនេះហើយគឺជារបត់នៃការរង្គោះរង្គឺទីផ្សារបស់ផ្កា​ Tulip ហើយគេនាំគ្នាដាក់លក់កាន់តែច្រើនឡើង ដែលជាហេតុធ្វើឱ្យការផ្គត់ផ្គង់កើនឡើងខ្ពស់ជាងតម្រូវការយ៉ាងឆាប់រហ័ស។ ការណ៏នេះបានបង្កទៅជាការផ្ទុះនៃសេដ្ឋកិច្ច ឬ burst ដែលធ្វើឱ្យផ្កាដែលធ្លាប់មានតម្លៃរាប់ម៉ឺនដុល្លាត្រូវបានដាក់លក់តាមទីសាធារណៈក្នុងតម្លៃដ៏ទាប។

ព្រឹត្តិការណ៍ Tulip Mania នេះគឺជាមេរៀនដ៏ល្អសម្រាប់មនុស្សលោកដែលចូលចិត្ដវិនិយោគទៅតាមល្មោភលន់ជ្រុលហួសហេតុ និងការវិនិយោគដោយមិនបានគណនាវិភាគឱ្យបានច្បាស់លាស់។ មួយវិញទៀត Tulip Mania ក៏ជាមេរៀនសម្រាប់អ្នកសរសេរគោលនយោបាយមួយចំនួនដែរ ជាពិសេសគឺគោលនយោបាយទាក់ទងនឹងសេដ្ឋកិច្ចនិងគោលនយោបាយរូបិយវត្ថុ ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងតុល្យភាពនៃតម្រូវការនិងការផ្គត់ផ្គង់ ដើម្បីបញ្ជៀសសេដ្ឋកិច្ចកុំឱ្យដើរធ្លាក់ជ្រោះ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ម៉េង លីហ័រ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ