"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជា្ញ៖ កំណែទម្រង់សេដ្ឋកិច្ចចិន “ឆ្មាស ឆ្មាខ្មៅ”

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ឈឿន ចរិយា

ប្រទេសចិនត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតក្នុងសតវត្សទី ២១ និងជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមុនពេលមានការរីកចម្រើនបែបនេះ ប្រទេសចិនបានហែលឆ្លងបញ្ហាសេដ្ឋកិច្ច ដែលកាលនោះចិនខ្លាំងយោធាប៉ុន្តែក្រសេដ្ឋកិច្ច ដោយសារតែការអនុវត្តគោលនយោបាយសេដ្ឋកិច្ចផែនការ។ ក្រោយពីអំណាចរបស់លោក ម៉ៅ សេទុងបានបក់ផាត់ម្ដងបន្តិចៗ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាប្រទេសកាន់របបកុម្មុនីស្ដ ប៉ុន្តែសេដ្ឋកិច្ចទីផ្សារសេរី។

មុខឆ្នាំ១៩៧៩

មុនឆ្នាំ១៩៧៩ ក្រោមការដឹកនាំដោយប្រធានបក្សកុម្មុយនីស្តចិនលោក ម៉ៅ សេទុង លោកបានអនុវត្តនូវប្រព័ន្ធសេដ្ឋកិច្ចផែនការ ដែលរដ្ឋាភិបាលគឺជាអ្នកចាត់ចែងនិងលូកដៃចូលសេដ្ឋកិច្ចទាំងស្រុង។ រដ្ឋមានសិទ្ធិក្នុងការកំណត់គោលដៅផលិតកម្ម គ្មានកម្មសិទ្ធិឯកជន តម្លៃដែលគ្រប់គ្រង និងការបែងចែកធនធាននៅទូទាំងសេដ្ឋកិច្ចចិន។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ រដ្ឋាភិបាលកណ្តាលបានធ្វើការវិនិយោគទ្រង់ទ្រាយធំលើធនធានរូបវន្ត និងធនធានមនុស្សដើម្បីគាំទ្រដល់ឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័ស។

ជាលទ្ធផលនៅឆ្នាំ១៩៧៨ ផលិតកម្មឧស្សាហកម្មជិត ៣ ភាគ ៤ ត្រូវបានផលិតដោយសហគ្រាសរដ្ឋ ដែលត្រូវបានគ្រប់គ្រង និងកំណត់គោលដៅទិន្នផលដោយរដ្ឋាភិបាលចិនផ្ទាល់។ សូម្បីតែអាជីវកម្មឯកជន ក្រុមហ៊ុនវិនិយោគបរទេស និងពាណិជ្ជកម្មក្រៅប្រទេស ក៏ត្រូវបានរឹតបន្តឹង ឬត្រូវបានហាមឃាត់ដោយរដ្ឋផងដែរ។ យ៉ាងណាមិញ គោលនយោបាយរបស់ប្រធានបក្សកុម្មុយនីស្តចិន ម៉ៅ សេទុង បណ្តាលឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចចិនទាំងមូល ដែលបានទាញការរស់នៅរបស់ប្រជាជនចិនឱ្យធ្លាក់ចុះផងដែរ។ លើសពីនេះទៀត ដោយសាររដ្ឋាភិបាលចិនមិនមាននូវយន្តការទីផ្សារច្បាស់លាស់ដើម្បីបែងចែកធនធានប្រកបដោយប្រសិទ្ធភាព  ក្រុមហ៊ុនអាជីវកម្ម បុគ្គលិក កម្មករ និងកសិករ។ ក្នុងនោះ កសិករបានបង្ហាញពីការបាក់ទឹកចិត្ត និងការបារម្ភទៅលើគុណភាពនៃការផលិតផលដោយហេតុថា ពួកគេត្រូវផ្តោតលើគោលដៅផលិតកម្មដែលកំណត់ដោយរដ្ឋាភិបាលជាងគុណភាព ក៏ដូចជាប្រយោជន៍ដែលពួកគេត្រូវទទួលបាន។

ដូច្នេះហើយ បន្ទាប់ពីមើលឃើញលទ្ធផលអវិជ្ជមានជាច្រើននៃសេដ្ឋកិច្ចក្រោមការដឹកនាំរបស់លោកម៉ៅ សេទុង លោក តេង ស៊ាវពីង ក៏បានផ្លាស់ប្ដូរយុទ្ធសាស្ត្រដឹកនាំ ដោយបានចាប់ផ្តើមកំណែទម្រង់សេដ្ឋកិច្ចក្រោមទ្រឹស្ដី “ឆ្មាខ្មៅ ឬឆ្មាស ប្រសិនបើវាអាចចាប់កណ្តុរបាន វាជាឆ្មាដ៏ល្អ​”។ ទ្រឹស្ដីនេះមានន័យថា ដរាបណាផលិតកម្មកើនឡើងខ្ពស់ ទោះជាសេដ្ឋកិច្ចនោះស្ថិតក្រោមប្រព័ន្ធដឹកនាំសេដ្ឋកិច្ចផែនការ ឬសេដ្ឋកិច្ចទីផ្សារ វាជាប្រព័ន្ធសេដ្ឋកិច្ចដ៏ល្អ។ ប្រព័ន្ធសេដ្ឋកិច្ចគ្រាន់តែជាមធ្យោបាយនៃការបែងចែកធនធានប៉ុណ្ណោះ វាមិនមានអ្វីពាក់ព័ន្ធនឹងប្រព័ន្ធនយោបាយនោះទេ។

“ឆ្មាខ្មៅ ឬឆ្មាស”

លោក តេង ស៊ាវពីង ក៏ចាប់ផ្ដើមនូវគោលការណ៍នៃការបើកឲ្យមានចលនាវិនិយោគទុនបរទេស ការនាំចេញ នាំចូលក្នុងទីផ្សារទាំងក្នុងស្រុក និងភាគីអន្តរជាតិ។ នៅឆ្នាំ១៩៧៩ សហរដ្ឋអាមេរិក និងចិនបានបង្កើតទំនាក់ទំនងការទូតឡើងវិញ ដោយហេតុនេះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ កត្តានេះបានជំរុញដល់កំណើនពាណិជ្ជកម្មយ៉ាងឆាប់រហ័សរវាងប្រទេសទាំងពីរ គឺចាប់ពី ៤ ប៊ីលានដុល្លារអាមេរិក (ការនាំចេញ និងការនាំចូល) នៅឆ្នាំនោះរហូតដល់ជាង ៦០០ ប៊ីលានដុល្លារក្នុងឆ្នាំ២០១៧។ គោលនយោបាយកំណែទម្រង់នេះត្រូវបានចាត់ទុកជា “ទំនើបភាវូបនីយកម្មទាំងបួនរបស់លោក ស៊ាវពីង” ដែលភាគច្រើនក៏ត្រូវបានគេស្គាល់ថាជាទ្រឹស្ដីឆ្មាខ្មៅ ឆ្មាសផងដែរ។

ទំនើបភាវូបនីយកម្មទី១ របស់លោក ស៊ាវពីង គឺការធ្វើទំនើបកម្មកសិកម្ម ដែលលោកបានណែនាំនូវការប្រើប្រាស់ម៉ាស៊ីន ដែលអាចបង្កើនផលិតកម្មស្បៀង ដើម្បីធានាថាប្រជាជនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតស្បៀងអាហារសម្រាប់ទាំងផលប្រយោជន៍ជាតិ និងឯកជន។ ដូច្នេះ លោក ស៊ាវពីង ក៏បានណែនាំពីប្រព័ន្ធនៃទំនួលខុសត្រូវដោយផ្ដោតឱ្យគ្រួសារកសិដ្ឋាននីមួយៗបង្កើតផលិតផលរបស់ខ្លួនដែលអាចលក់ និងនាំចេញទៅកាន់ទីផ្សារសេរី ឬដោយបើកចំហ និងមិនក្រោមការត្រួតត្រាទាំងស្រុងរបស់រដ្ឋាភិបាលទៀតឡើយ ដើម្បីធានាថាកសិករនឹងទទួលបានប្រាក់ចំណេញពីផលិតកម្មរបស់ខ្លួន។ ការ​អនុវត្ត​នេះ​បាន​លើក​ទឹក​ចិត្ត​កសិករ​ឱ្យ​ផលិត​ដំណាំ​បន្ថែម​ទៀត​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ទាំង​ប្រជាជន​ចិន​ និងសេដ្ឋកិច្ចចិនផងដែរ។ ផែនការទី១ នេះទៀតសោត ក៏ផ្ដោតទៅលើប្រយោជន៍នៃការអភិវឌ្ឍនាពេលអនាគតដោយជំរុញទិន្នផលផលដំណាំឲ្យមានការកើនឡើងខ្ពស់ ដើម្បីជាការធានានូវទិន្នផលដែលកសិករប្រមូលបាន គឺអាចបំពេញតម្រូវការទាំងក្នុងគ្រួសារ និងនាំចេញទៅកាន់ទីផ្សារ។ អាស្រ័យហេតុនេះបានជាកសិករចិនអាចផ្លាស់ប្ដូរ និងអភិវឌ្ឍន៍ខ្លួនដោយមិនត្រូវចាំបាច់ផ្ដោតទាំងស្រុងលើកសិកម្មតែមួយកត្តាទៀតនោះទេ ពោលពួកគាត់ក៏អាចចូលរួមនៅក្នុងវិស័យផ្សេងៗទៀត ជាពិសេសវិស័យឧស្សាហកម្មដែលជាវិស័យនៃការធ្វើកំណែទម្រង់ទំនើបកម្មទី២ របស់លោក ស៊ាវពីងផងដែរ។

ទំនើបកម្មទី២ របស់លោក ស៊ាវពីង គឺការពង្រីកនូវទំហំនៃការអភិវឌ្ឍឧស្សាហកម្ម។ ក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង លោកបានជំរុញបន្ថែមទៅលើផ្នែកឧស្សាហកម្មធុនស្រាល ដូចជាផលិតកម្មទំនិញប្រើប្រាស់ជាដើម។ លើសពីនេះទៅទៀត ម្ចាស់ភាគហ៊ុន ឬម្ចាស់រោងចក្រក៏ត្រូវបានផ្តល់សិទ្ធិ និងលទ្ធភាពក្នុងការជ្រើសរើសនូវផលិតផលដែលពួកគេចង់ផលិតក្នុងការជួញដូរដែលអាចធានា លទ្ធភាពដែលពួកគេអាចចំណេញពីទីផ្សារនោះ។ លោក តេង ស៊ាវពីង ក៏បានបង្កើតតំបន់សេដ្ឋកិច្ចពិសេស (SEZs) នៅភាគអាគ្នេយ៍នៃប្រទេសចិនដើម្បីបង្កើននូវលំហូរនៃពាណិជ្ជកម្មបរទេស។ ជាលទ្ធផល គេសង្កេតឃើញពីសន្ទុះនៃភាពរីកចម្រើននៃផ្នែកឧស្សាហកម្មអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ មានសហគ្រាសផលិតកម្មធុនស្រាល និងសេវាកម្មចំនួន ១០,៧ លានក្នុងឆ្នាំ១៩៨៥ កើនឡើង ៨៥០ ភាគរយពីឆ្នាំ១៩៧៦ នេះបើយោងទៅតាមវេបសាយ FACTS AND DETAILS។

ទំនើបភាវូបនីយកម្មទី៣ គឺការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជាគោលនយោបាយកំណែទម្រង់មួយផ្សេងទៀតរបស់លោក តេង ស៊ាវពីង ដោយលោកបានបញ្ឈប់នូវគោលនយោបាយដែលធ្លាប់តែផ្ដាច់ទំនាក់ទំនង ឬទីពឹងដោយឯកឯងរបស់ចិន។ លោកមានបំណងនាំមកនូវលំហូរចូលនៃបច្ចេកវិទ្យា និងពាណិជ្ជកម្មចូលមកកាន់ប្រទេសចិនក្នុងគោលបំណងអភិវឌ្ឍជាតិឲ្យមានភាពសកម្ម និងជឿនលឿន ដោយលំហូរចូលនេះក៏បាននាំមកនូវទ្វារសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគបរទេសផងដែរ។ លំហូរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក៏បានជំរុញលទ្ធផលនៃផលិតកម្មឲ្យកាន់តែមានភាពងាយស្រួល រហ័ស និងទទួលបានទិន្នផលខ្ពស់ផងដែរ។​

ទំនើបភាវូបនីយកម្មទី៤ គឺការពង្រឹងនូវប្រសិទ្ធភាពនៃកងកម្លាំងការពាររបស់ប្រទេសចិន។ នៅពេល លោក តេង ស៊ាវពីង ឡើងកាន់អំណាច លោកនិងទីប្រឹក្សាយោធារបស់លោក បានសង្កេតឃើញពីកង្វះនូវអាវុធយោធាទាន់សម័យ។ ដូច្នេះហើយ លោក​បាន​ចាប់ផ្តើម​ផ្តល់​អាទិភាព​ដល់​ការ​ដាក់ពង្រាយនូវបម្រើបម្រាស់នៃ​សព្វាវុធ​ទំនើប​យ៉ាង​ឆាប់រហ័ស។ ទំនើបភាវូបនីយកម្មទី៤ នេះត្រូវបានដាក់ជាកំណែទម្រង់ក៏ដោយសារលោក តេង ស៊ាវពីង មានគោលបំណងក្នុងការពង្រឹងនូវសុខសន្តិភាពក្នុងប្រទេសចិន ដើម្បីផ្ដោតទៅលើការអភិវឌ្ឍនៃសេដ្ឋកិច្ចជាតិ។

ជារួមមក សេដ្ឋកិច្ចចិនក៏ត្រូវបានផ្លាស់ប្ដូរនូវគោលការណ៍សេដ្ឋកិច្ចក្រោមរដ្ឋាភិបាល ដោយការអនុវត្តនូវកំណែទម្រង់សេដ្ឋកិច្ចក្រោមការដឹកនាំរបស់លោក តេង ស៊ាវពីង ជាមួយនឹងទំនើបភាវូបនីយកម្មទាំងបួនរបស់លោកដែលផ្តោតលើការពង្រឹងផ្នែកសំខាន់ៗចំនួនបួននៃសេដ្ឋកិច្ចចិនរួមមានកសិកម្ម ឧស្សាហកម្ម កងកម្លាំងការពារជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសគឺការភ្ជាប់ទំនាក់ទំនងប្រទេសចិនទៅកាន់ពិភពលោក និងវិនិយោគបរទេសទៀតសោត។ កំណែទម្រង់សេដ្ឋកិច្ចនេះក៏ត្រូវបានគេស្គាល់ក្រោមទ្រឹស្ដី “ឆ្មាស ឆ្មាខ្មៅ” របស់លោក តេង ស៊ាវពីងដែលមានអត្ថន័យចំពោះប្រជាជនចិន និងជាឱកាសដែលសេដ្ឋកិច្ចចិនអភិវឌ្ឍន៍ឆ្ពោះក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា អ៊ុង ខេមរាបូណ៌មីច័ន្ទ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ