"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

ថង់ប្រាជ្ញា៖ ការដួលរលំនៃសហភាពសូវៀត

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង ធាន

សហភាពសូវៀតដែលមានឈ្មោះពេញហៅថា សហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត គឺជាក្រុមប្រទេស ដែល មាន១៥ប្រទេសជាសមាជិក គឺ ប្រទេសអាមេនី អាហ្សែបៃហ្សង់ បេឡារុស អេស្តូនី ហ្សកហ្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ឡាតវី លីទុយអានី ម៉ុលដាវី រុស្ស៊ី តាជីគីស្ថាន តូមិននីស្ថាន អ៊ុយក្រែន និងអ៊ូសបេគីស្ថាន ហើយក្នុងនោះមានរុស្ស៊ីជាអ្នកដឹកនាំ។ សហភាពសូវៀតជារដ្ឋកុម្មុយនីស្តម៉ាក្សនិយមដំបូងបង្អស់របស់ពិភពលោក និងជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ធំបំផុតនៅលើពិភពលោក ដែលកាន់កាប់ផ្ទៃដីជិតមួយភាគប្រាំនៃផែនដី។ ប៉ុន្តែឆ្លងកាត់រយៈពេលក​៦៨ឆ្នាំតាំងពីការកកើតកន្លងមក សហភាពសូវៀតក៏បានចាប់ផ្តើមធ្លាក់ដុនដាបបន្តិចម្តងៗ  រហូតឈានទៅដល់ការដួលរលំនៅឆ្នាំ១៩៩១។ តើមូលហេតុអ្វីដែលធ្វើឱ្យសហភាពសូវៀតត្រូវបានរំលាយ? ក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីការដួលរលំនៃសហភាពសូវៀត និងមូលហេតុដែលនាំឱ្យមានការដួលរលំនេះកើតឡើង។

លោក មីខាអ៊ីល ហ្គ័របាឆូវ​ (Mikhail Gorbachev)

នៅពេលដែលយើងសិក្សារអំពីការដួលរលំនៃសហភាពសូវៀត ជាដំបូងយើងត្រូវងាកមកស្គាល់អំពីលោក មីខាអ៊ីល ហ្គ័របាឆូវ​ ដែលជាប្រធានាធិបតីរបស់សហភាពសូវៀតនៅចន្លោះឆ្នាំ១៩៩០​ដល់១៩៩១។ លោក មីខាអ៊ីល ហ្គ័របាឆូវ(Mikhail Gorbachev)គឺជាអ្នកនយោបាយបក្សកុម្មុយនីស្តម្នាក់នៃសហភាពសូវៀត​ ដែលបានចូលមកកាន់តំណែងជាអ្នកដឹកនាំសហភាពសូវៀតនៅពេលដែល ប្រព័ន្ធសេដ្ឋកិច្ចសូវៀតស្ថិតនៅគាំងទ្រឹងនៅមួយកន្លែង។ លោក ហ្គ័របាឆូវ បានដាក់គោលនយោបាយថ្មីចំនួន២គឺ Glasnost និងPerestroika ដែលលោកសង្ឃឹមថាការធ្វើកំណែទម្រង់នេះនិងជួយកែប្រែសេដ្ឋកិច្ចនិងនយោបាយនៅសហភាពសូវៀត ប្រកបដោយផលិតភាពនិងមានវិបុលភាពជាងមុន។ Glasnost គឺជាផែនការដែលអំពាវនាវឱ្យមានការបើកចំហផ្នែកនយោបាយ និងបន្ធូរបន្ថយការរឹតបន្តឹងផ្នែកនយោបាយនៅក្នុងសហភាពសូវៀត។​ តាមរយៈផែនការនេះលោកបានព្យាយាមលុបបំបាត់ការគាបសង្កត់ដែលបន្សល់មកពីការគ្រប់គ្រងរបស់​លោកស្តាលីន ដោយមានការផ្តល់នូវសិទ្ធិសេរីភាពដល់ប្រជាជនទាំងអស់រួមទាំង​ផ្តល់សេរីភាពដល់អ្នកកាសែតបានយ៉ាងទូលំទូលាយ ព្រមទាំង បានអនុញ្ញាតឱ្យមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនិងការចូលរួមពីគណបក្សផ្សេងៗក្រៅពីបក្សកុម្មុយនីស្តផងដែរ។ រីឯ Perestroika គឺជាផែនការសម្រាប់រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ សហភាពសូវៀតបានឆ្ពោះទៅរកប្រព័ន្ធសេដ្ឋកិច្ចកុម្មុយនីស្តមូលធននិយមកូនកាត់ ដែលមានការិយាល័យនៅគ្រប់ទីកន្លែងក្នុងប្រទេសនៃសហភាពសូវៀត។ កំណែទម្រង់ទាំងពីររបស់ លោក ហ្គ័របាឆូវត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីមេដឹកនាំនៃសហរដ្ឋអាមេរិក គឺលោក ចច​ អេច​ ដាប់ប៊ែលយូ ប៊ូស(George H.W Bush)។ ប៉ុន្តែផ្ទុយទៅវិញ ការបន្ធូរបន្ថយការគ្រប់គ្រងលើប្រជាជន និងធ្វើកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច នយោបាយយ៉ាងឆាប់រហ័សបែបនេះបែរជាធ្វើឱ្យសហភាពសូវៀតដែលធ្លាប់មានការគ្រប់គ្រងតាមបែប កុម្មុយនីស្តប្រែក្លាយទៅជាអស្ថិរភាពនយោបាយ និងងាយរងគ្រោះទៅវិញ។

មូលហេតុនៃការដួលរលំសហភាពសូវៀត

កត្តាចម្បងទីមួយដែលបណ្តាលឱ្យសហភាពសូវៀតដួលរលំ គឺមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។សហភាពសូវៀតបានជ្រើសយកការប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោកដោយប្រមូលធនធានទាំងអស់ដែលខ្លួនមានដាក់ទៅក្នុងឧស្សាហូបនីយកម្ម ដើម្បីឱ្យក្លាយជាទំនិញយុទ្ធសាស្ត្រសម្រាប់ការប្រកួតប្រជែង។ ហេតុនេះហើយទើបធ្វើឱ្យខ្វះខាតធនធានសម្រាប់ជាតិ​ និងបណ្តាលឱ្យប្រជាជនសូវៀតរាប់លាននាក់ អត់ឃ្លាន និងមានភាពខ្វះខាត សូម្បីតែតម្រូវការជាមូលដ្ឋានដូចជាសម្លៀកបំពាក់ និងស្បែកជើងក៏ដោយ។ នៅឆ្នាំ១៩៨០ ក្រោមរដ្ឋាភិបាលសហរដ្ឋអាមេរិកលោក រ៉ូណាល់​ រីហ្គេន( Ronald Reagan) បានផ្តាច់សេដ្ឋកិច្ចសហភាពសូវៀតទាំងមូល ហើយវាបានធ្វើឱ្យប្រេងមានតម្លៃធ្លាក់ចុះកម្រិតទាបបំផុតអស់ជាច្រើនទស្សវត្ស។ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៨៥ រដ្ឋមន្ត្រីក្រសួងប្រេងរបស់អារ៉ាប៊ីសាអូឌីតបានលុបកិច្ចព្រមព្រៀងស្តីពីការរឹតបន្តឹងការផលិតប្រេង ជាមួយសហភាពសូវៀតហើយបានចាប់ផ្តើមបង្កើនចំណែកខ្លួនឯងក្នុងទីផ្សារប្រេង។​ ខណៈដែលប្រាក់ចំណូលនៃការលក់ប្រេងនិងឧស្ម័នធម្មជាតិធ្លាក់ចុះយ៉ាងខ្លាំងបែបនេះ សូវៀតបានចាប់ផ្តើមបាត់បង់ការគ្រប់គ្រងរបស់ខ្លួននៅលើអ៊ឺរ៉ុបខាងកើត និងស្ថិតនៅក្នុងជំងឺសេដ្ឋកិច្ចរ៉ាំរ៉ៃរយៈពេលយូរ។

កត្តាមួយវិញទៀត អស្ថិរភាពនយោបាយក៏បានកើតមាននៅក្នុងសហភាពសូវៀតផងដែរ។ សហភាពសូវៀត​គឺជាប្រទេសមួយដែលទទួលនូវឥទ្ធិពលលទ្ធិម៉ាក្សនិយមតាំងពីថ្ងៃដែលបានចាប់កំណើតមក​​ប៉ុន្តែការកែប្រែគោលនយោបាយក្រោយៗមករបស់ លោក ហ្គ័របាឆូវ មិនបានប្រកាន់មនោគមវិជ្ជាបរិសុទ្ធរបស់កុម្មុយនីស្តទេ ដែលធ្វើឱ្យសហភាពសូវៀតបាត់បង់ជំហររបស់ខ្លួនឯងក្នុងផ្នែកនយោបាយ។ យ៉ាងណាមិញ ជម្លោះនៅតំបន់ ការ៉ាបាក់​ (Karabakh) រវាង ប្រទេសអាហ្សែបៃហ្សង់ និង ប្រទេសអាមេនីគឺ ជាកត្តានយោបាយដ៏សំខាន់មួយដែលបានចាប់ផ្តើមការឈានទៅរកការបាក់បែកនៃសហភាពសូវៀត។ នៅចុងឆ្នាំ១៩៨៩ នៅរដ្ឋធានី អាម៉ាទី​ (Almaty) ប្រជាជនកាហ្សាក់ស្ថានមានការខកចិត្តជាមួយនឹងការតែងតាំង ជនជាតិភាគតិចរុស្ស៊ីជាប្រមុខនៃសាធារណរដ្ឋ។ កុបកម្មបានចាប់ផ្តើមកើតឡើងរហូតដល់មានការបង្ហូរឈាម ហើយទាហានត្រូវបានបញ្ជូនចូលទៅបង្ក្រាបភាពចលាចល។ល។ ជម្លោះជនជាតិភាគតិចនេះបានឈានទៅរកការស្លាប់មនុស្សជាច្រើនរយនាក់ក្នុងការប្រយុទ្ធគ្នា។ នៅក្នុងឆ្នាំ១៩៨៩​ដដែលនោះ បដិវត្តន៍នយោបាយនៃប្រទេសប៉ូឡូញបានបំផុស ឱ្យមានបដិវត្តន៍សន្តិភាពនៃបណ្តាកន្លែងផ្សេងទៀតនៃអ៊ឺរ៉ុបខាងកើត ដែលនាំឱ្យមានការដួលរលំនៃជញ្ជាំងប៊ែរឡាំងនៅឆ្នាំ១៩៨៩។ សម្ព័ន្ធភាពរវាងប្រទេសជាសមាជិកបានចាប់ផ្តើមដាច់ចេញពីគ្នាបន្តិចម្តងៗ ក្រោយពីចលាចលដែលកើតមាន ក្នុងនោះប្រទេសបាល់ទិក និងហ្សកហ្ស៊ី បានចេញពីសូវៀតហើយប្រកាសខ្លួនជាប្រទេសឯករាជ្យ។ បន្ទាប់ពីជញ្ជាំងប៊ែរឡាំងត្រូវបានដួលរលំ អាល្លឺម៉ង់ខាងកើត និងអាល្លឺម៉ង់ខាងលិចបានរួបរួមគ្នាវិញ ដោយប្រកាសខ្លួនជារដ្ឋឯករាជ្យនិងចូលរួមជាមួយអង្គការណាតូ។ ម្យ៉ាងទៀតគោលនយោបាយថ្មីរបស់លោក ហ្គ័របាឆូវ ធ្វើឱ្យអ្នកប្រកាន់បក្សកុម្មុយនីស្តនៅសូវៀតមិនពេញចិត្ត។ នៅខែសីហា ឆ្នាំ១៩៩១ ក្រុមអ្នកកុម្មុយនីស្ដបានធ្វើរដ្ឋប្រហារប្រឆាំងនិងលោក ហ្គ័របាឆូវ ប៉ុន្តែមិនទទួលបានជោគជ័យនោះឡើយ ជាហេតុជំរុញឱ្យប្រជាធិបតេយ្យកាន់តែមានល្បឿនខ្លាំងឡើង។

ទោះបីជាលោក មីខាអ៊ីល ហ្គ័របាឆូវ(Mikhail Gorbachev) ប្រើកំណែទម្រង់គោលនយោបាយ និងសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែវានៅមានភាពយឺតយ៉ាវខ្លាំង និងមិនសូវទទួលបានផ្លែផ្កាជាទីពេញចិត្តនោះទេ ផ្ទុយទៅវិញវាធ្វើឱ្យមានការចំណាយកម្លាំងច្រើន និងពន្លឿនដល់ការដួលរលំនៃសហភាពសូវៀតទៅវិញ។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១ លោក ហ្គ័របាឆូវ បានលាលែងពីតំណែង ហើយទីបំផុតសហភាពសូវៀតដែលមានរយៈពេលជិត៦៩ឆ្នាំ ត្រូវបានទំលាក់ទង់ចុះ​ និងរំលាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩១ ដោយបន្សល់ទុកនូវរដ្ឋឯករាជ្យនៃប្រទេសអតីតសមាជិកផ្សេងទៀត។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ឌី រុចារ្យសុជិនី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ