ភាពតានតឹងនៃការប្រកួតប្រជែងស្វែងរកអនុត្តរភាព(hegemony)មហាអំណាចឯកប៉ូលរវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិកបានកើនឡើងមួយកម្រិតទៀតក្រោយមានការបាញ់ទម្លាក់បាឡុងរបស់ចិនមួយដែលបានហោះកាត់មូលដ្ឋានទ័ពអាកាសអាមេរិកនៅឯរដ្ឋ South Carolina។
តើឧប្បតិ្តហេតុនេះបានសរបញ្ជាក់ឲ្យឃើញនូវចំណុចព្រួយបារម្ភអ្វីខ្លះអំពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងចិន និង សហរដ្ឋអាមេរិកនេះ?
ដើម្បីជាវិភាគទាននៃគំនិតរួមចំណែកក្នុងការធ្វើសេចក្តីសន្និដ្ឋានរវាងចំណងភាគីទាំងពីរ ជាបឋមយើងគួរស្វែងយល់ថាភាគីទាំងសងខាងបានអះអាងនិងប្រកាន់ខ្ជាប់នូវគោលជំហរត្រូវរៀងៗខ្លួន។ ជាក់ស្តែង មុននឹងការបាញ់ទម្លាក់បាឡុង លោក ចូ បៃដិន (Joe Biden) ដែលជាប្រធានាធិបតីនិងជាអគ្គមេបញ្ជាការកងទ័ពជាតិសហរដ្ឋអាមេរិកផងនោះបានអនុញ្ញាតឲ្យបាញ់តាំងពីថ្ងៃទី១ ត្រូវនឹងថ្ងៃពុធកាលពីដើមខែកុម្ភ: ប៉ុន្តែការបាញ់នោះត្រូវបាននាយកដ្ឋានការពារជាតិអាមេរិកពន្យារហូតដល់បាឡុងចិនរសាត់ទៅដល់ទីតាំងសុវត្ថិភាពមួយហើយមិនមានប្រជាជនស៊ីវិលនៅក្រោម។ ក្រោយពីប្រើប្រាស់មីស៊ីលតម្លៃ ៤០០,០០០ ដុល្លារសហរដ្ឋអាមេរិកបាញ់ទម្លាក់បាឡុងនោះ សមាជិកព្រឹទ្ធសភាតំណាងរដ្ឋ South Carolina បានពោលថា ”ឧប្បតិ្តហេតុបាឡុងនេះអាចបង្កជាហានិភ័យយ៉ាងខ្ពស់ចំពោះការរក្សាព័ត៌មានសម្ងាត់របស់មូលដ្ឋានទ័ព Malmstrom នៃរដ្ឋ South Carolina ផ្ទាល់ក៏ដូចជាចំពោះមូលដ្ឋានយុទ្ឋសាស្រ្តកាំជ្រួចឆ្លងទ្វីប (Intercontinental Ballistic Missile) របស់អាមេរិកផ្សេងទៀតផងដែរ។ លើសពីនេះទៅទៀត ក្រោយពីមានការបាញ់ទម្លាក់បាឡុងនោះ លោក Anthony Blinken ដែលជារដ្ឋមន្រ្តីការបរទេសអាមេរិក បានពន្យាពេលទស្សនកិច្ចការទូតរបស់ខ្លួនទៅប្រទេសចិនភ្លាមៗ ដោយលោកបានអះអាងប្រាប់សារព័ត៌មាន ABC ថាការបង្ហោះបាឡុងឃ្លាំមើលរបស់ចិនបែបនេះគឺបំពានទៅនឹងអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិកហើយវាក៏ខុសពីគោលការណ៍ច្បាប់អន្តរជាតិផងដែរ។ ក្រោយពីមានការបាញ់ទម្លាក់នូវបាឡុងនោះភាគីចិនបានចេញមកអះអាងថា” វាពិតជារបស់ចិនមែន ប៉ុន្តែវាគ្រាន់ជាឧបករណ៍ឧតុនិយមរបស់ចិន ដាក់បង្ហោះសម្រាប់ការស្រាវជ្រាវវិទ្យាសាស្រ្តប៉ុណ្ណោះ”។ ស្ថានការណ៍បានតានតឹងយ៉ាងខ្លាំងមួយកម្រិតទៀតបន្ទាប់ពីលោក Anthony Blinken បានពន្យាពេលទស្សនកិច្ចរបស់ខ្លួន ហើយអាកប្បកិរិយារបស់ចិនបានផ្លាស់ប្តូរយ៉ាងខ្លាំង ពោលគឺលោកស្រី Mao Ning ដែលជាអ្នកនាំពាក្យប្រចាំក្រសួងការបរទេសចិនបានពោលថា”អាមេរិកបានប្រតិកម្មខ្លាំងជ្រុល ដោយគ្មានទំនួលខុសត្រូវហើយវាមិនអាចទទួលយកបានឡើយ” លោកស្រីក៏បានបន្ថែមថា ”បាឡុងអាមេរិកបានហោះកាត់ដែនអាកាសចិន១០លើកកាលពីឆ្នាំទៅ ហើយអ្វីដែលអាមេរិកគួរធ្វើគឺត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងជាមុនសិនមុននឹងចោទប្រកាន់ចិន”។ ជាមួយគ្នានេះ លោក Wang Yi ដែលជាអ្នកការទូតដ៏ល្បីល្បាញរបស់ចិនក៏បានលើកឡើងថា ”ពួកយើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងប្រកាន់ខ្ជាប់នូវគោលជំហរដោយមានមូលដ្ឋានប្រាកដនិយមមានភស្តុតាងច្បាស់លាស់និងប្រកបដោយភាពសុទិដ្ឋិនិយមដើម្បីពង្រឹងនូវសុខុមាលភាពនៃចំណងកិច្ចសហប្រតិបត្តិការអាមេរិក-ចិន”។
ចំណែកឯក្រសួងការពារជាតិចិនក៏បានប្រកាសដែរថា”ពួកគេសូមរក្សាសិទ្ធិប្រើមធ្យោបាយស្រដៀងអាមេរិក បើសិនជាកាលៈទេសៈប្រហាក់ប្រហែលឧប្បត្តិហេតុបាឡុងនេះកើតឡើងនាពេលខាងមុខ”។ ក្រៅពីនេះគណៈកម្មាធិការកិច្ចការបរទេសចិនក៏បានដាក់ចេញនូវការថ្កោលទោសផ្លូវការមួយចំពោះអ្នកតាក់តែងច្បាប់របស់អាមេរិកដោយ
គណៈកម្មាធិការនោះបានពោលថា”ទង្វើររបស់អាមេរិកគឺជាការបំផ្លើស និង ជាឧបាយកលនយោបាយសុទ្ធសាធ”ហើយមានតែអាមេរិកវិញទេដែលតែងជ្រៀតជ្រែកក្នុងអធិបតេយ្យភាពរដ្ឋដ៏ទៃ។
បើយោងតាមការលើកឡើងរបស់គូបដិបក្សទាំងពីរខាងលើនេះអាចឆ្លុះបញ្ចាំងឲ្យយើងឃើញនូវផលអវិជ្ជមានមួយចំនួន ដូចជា(១)ទំនាក់ទំនងការទូតរវាងចិន-អាមេរិកនេះហាក់នូវមានចន្លោះប្រហោងក្នុងការធ្វើសន្ទនារវាងគ្នានៅឡើយដោយភាគីទាំងសងងាយនឹងកាត់ផ្តាច់នូវចរន្តសន្ទនាយ៉ាងឆាប់រហ័ស ជាក់ស្ដែងគឺក្រោយឧប្បត្តិហេតុបាឡុងនេះកើតឡើងហើយបានបណ្តាលឲ្យមានភាពតានតឹងបន្តកើតមានឡើងក្នុងជំនួបរវាងលោក Anthony Blinken និង Wang Yi នៅក្នុងសន្និសីទសន្តិសុខមុយនិច (Munich Security Conference) ទៀតផង ហើយទំនាក់ទំនងប្រទេសមហាអំណាចទាំងពីរនេះពុំទាន់ឈានដល់ចំណុចមួយដែលមានស្ថិរភាពនិងចីរភាពនោះទេ ដោយសារប្រទេសទាំងពីរនេះនៅបន្តខ្វះខាតទំនុកចិត្តរវាងគ្នាទៅវិញទៅមក ដោយនយោបាយការទូតរបស់ប្រទេសទាំងពីរនៅមានភាពឯកប៉ូលនិយមនិងមិនព្យាយាមថយក្រោយម្នាក់មួយជំហាននិងសម្របសម្រួល(Compromise)នោះទេ (២) បញ្ហាបាឡុងនេះក៏បានធ្វើឲ្យគោលនយោបាយដាក់បម្រាមបណ្តាញសង្គម TikTok ងើបឡើងសារជាថ្មីម្តងទៀតក្នុងជួររដ្ឋាភិបាលអាមេរិក។ ប្រសិនបើការស្រាវជ្រាវបន្តឃើញថាបណ្តាញសង្គម TikTok ដែលមានក្រុមហ៊ុនចិន ByteDance ជាអ្នកអភិវឌ្ឍអាចផ្ទេរព័ត៌មានសំខាន់ៗរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិកទៅកាន់គណៈបក្សកុម្មុយនីស្តចិនមែន នោះអាមេរិកអាចបិទបណ្ដាញសង្គម TikTok លក្ខណៈទូទាំងប្រទេស ដែលការណ៍នេះអាចបង្កឲ្យមានភាពតានតឹងឡើងមួយកម្រិតទៀត។ ក្នុងករណីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា” រដ្ឋាភិបាលអាមេរិកគួរគោរពគោលការទីផ្សារប្រកួតប្រជែង និងគួរឈប់ដាក់គំនាបក្រុមហ៊ុនបរទេសហើយគួរតែផ្តល់នូវបរិកាសធ្វើជំនួញដោយសេរី និងមិនមានការរើសអើង។ (៣)ប្រសិនបើលទ្ធិប្រជានិយម(Populism)នៅតែបន្តរីកសាយភាយនៅក្នុងបរិបទនយោបាយអាមេរិកពោលគឺប្រសិនបើបក្សសាធារណរដ្ឋ(Republicans) និង បក្សប្រជាធិបតេយ្យ(Democrats) ព្យាយាមបង្ហាញអំពីមហិច្ឆតាឯកប៉ូលនិយមរបស់ខ្លួនតាមរយៈការប្រកាន់ខ្ជាប់នូវគោលនយោបាយបង្អាក់ដំណើរលូតលាស់នៃសេដ្ឋកិច្ចចិនដើម្បីប្រជែងសន្លឹកឆ្នោតនាឆ្នាំ២០២៤ នោះបញ្ហាស្រដៀងគ្នាននឹងករណីបាឡុងនេះអាចនឹងកើតឡើងជាច្រើនទៀត ដែលមើលទៅស្ថានភាពនៃនយោបាយការបរទេសរវាងប្រទេសមហាអំណាចទាំង ២ ក៏ប្រហែលជាមិនអាចមានភាពស្ងប់ស្ងាត់ដែរ។