កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ រដ្ឋាភិបាលរបស់ប្រទេសអ៊ីស្រាអែលបានដាក់ចេញនូវអត្ថបទសេចក្តីព្រាងច្បាប់ជូនទៅរដ្ឋសភារបស់រដ្ឋអ៊ីស្រាអែល (ដែលត្រូវបានស្គាល់ថា “Knesset”) ដោយមានការចូលរួមបង្កើត និងស្នើឡើងដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ “Yariv Levin” និងប្រធាននៃ Knesset “Simcha Rothman”។ អត្ថបទសេចក្តីព្រាងច្បាប់នេះស្ដីអំពីការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់ប្រទេសអ៊ីស្រាអែល ក្នុងគោលបំណងរំលែកអំណាចមួយចំនួនពីតុលាការទៅឱ្យសភា ឬអាចនិយាយម្យ៉ាងទៀតថាបន្ថយសិទ្ធិអំណាចរបស់តុលាការ ដើម្បីឱ្យមានតុល្យភាពវាងអំណាចរបស់ស្ថាប័នទាំងពីរ ព្រោះថាតុលាការឯករាជ្យរបស់អ៊ីស្រាអែលបច្ចុប្បន្នមានអំណាចខ្លាំងក្លាណាស់ ដោយតុលាការកំពូលអាចលុបចោលច្បាប់ ឬបដិសេធចោលចំពោះសេចក្តីសម្រេចណាមួយក៏បានរបស់រដ្ឋាភិបាល ក្រោមហេតុផលបំពានច្បាប់ទូទៅនៃប្រទេសអ៊ីស្រាអែល (Israel’s Basic Law)។ ម្យ៉ាងទៀតប្រព័ន្ធមួយនេះក៏ត្រូវបានទទួលស្គាល់ដោយប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើន ថាជាតួអង្គដ៏សំខាន់ក្នុងកិច្ចការការពារសិទ្ធិមនុស្សរបស់ប្រជាជនក្នុងប្រទេស។ ដោយសារប្រព័ន្ធដំណើរការរបស់ស្ថាប័នតុលាការបែបនេះមានការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាពលរដ្ឋអ៊ីស្រាអែលដូច្នេះឯង ទើបធ្វើឱ្យផ្ទុះនូវការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសំណើកំណែទម្រង់ប្រព័ន្ធតុលាការមួយនេះពីប្រជាពលរដ្ឋ រួមទាំងអ្នកនយោបាយមួយចំនួនដូចជារដ្ឋមន្តី្រក្រសួងការពារជាតិ “Yaov Gallant” ព្រមទាំងបង្កឱ្យមនុស្សរាប់សែននាក់ចូលរួមធ្វើបាតុកម្មដែលត្រូវបានគេចាត់ទុកថាជាបាតុកម្មដ៏ធំបំផុតប្រចាំប្រវត្តិសាស្ត្រប្រទេស។
សេចក្តីព្រាងច្បាប់អំពីកំណែទម្រង់ប្រព័ន្ធតុលាការប្រទេសអ៊ីស្រាអែលទាំងមូលបានផ្តោតទៅលើការកែប្រែប្រាំចំណុចធំៗនៃការប្រព្រឹត្តិទៅ និងសមត្ថកិច្ចរបស់ស្ថាប័នដូចតទៅ៖
១. សភានៃប្រទេសអ៊ីស្រាអែល (Knesset) នឹងមានសិទ្ធិក្នុងការបដិសេធចោលនូវសាលដីការបស់តុលាការកំពូលតាមរយៈសម្លេងបោះឆ្នោតភាគច្រើន ឬ (៥០%+១) នៃសមាជិកទាំងអស់របស់សភា មានន័យថាគេត្រូវការសម្លេងគាំទ្រ៦១សម្លេង ក្នុងចំណោមសមាជិក ១២០រូបនៃសភាប្រទេសអ៊ីស្រាអែលសព្វថ្ងៃ ដើម្បីបដិសេធចោល ឬលុបចោលសាលដីការបស់តុលាការកំពូលណាមួយ។
២. គណៈកម្មការតែងតាំងចៅក្រម (Judicial Selection Committee) ដែលមានសមាជិកសរុប៩រូប នឹងត្រូវផ្លាស់ប្តូរចេញនូវសមាជិក២នាក់ដែលជាអ្នកតំណាងមកពីគណៈមេធាវី ហើយជំនួសទៅដោយអ្នកតំណាង២រូបផ្សេងទៀតដែលនឹងត្រូវបានតែងតាំងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចំណែកគណៈកម្មការ ៧រូបទៀតមានដូចជា ចៅក្រមតុលាការកំពូល ៣រូប សមាជិកសភា ២រូប និងរដ្ឋមន្រ្តី ២រូប នឹងត្រូវរក្សាដំណែងទុកដដែល។
៣. ចៅក្រមនៃតុលាការកំពូលនឹងត្រូវបន្ថយអាយុចូលនិវត្តន៍ពី ៧០ឆ្នាំ (លុះត្រាតែពួកគេត្រូវបានដកចេញ ឬដាក់ពាក្យស្នើសុំលាឈប់) មកសល់ត្រឹម ៦៧ឆ្នាំវិញ (លុះត្រាតែពួកគេត្រូវបានដកចេញ ឬដាក់ពាក្យស្នើសុំលាឈប់) ។
៤. តុលាការកំពូលនឹងមិនអាចធ្វើការវិនិច្ឆ័យសេចក្តីសម្រេចរបស់សភា ឬរដ្ឋាភិបាលក្រោមហេតុផលថា មិនសមទំនង ឬបំពានច្បាប់ទូទៅនៃប្រទេសអ៊ីស្រាអែលបាននោះទេ។
៥. ក្រុមប្រឹក្សាច្បាប់នៃគណៈរដ្ឋមន្ត្រីនឹងត្រូវបានផ្លាស់ប្តូរឈ្មោះ និងសមត្ថកិច្ចពីស្ថាប័នឯករាជ្យទៅជាអ្នកប្រឹក្សានយោបាយវិញ មានន័យថាយោបល់ច្បាប់របស់ក្រុមប្រឹក្សាច្បាប់ប្រែក្លាយទៅជាយោបល់នយោបាយ ដែលរដ្ឋាភិបាល និងសមាជិកគណៈរដ្ឋមន្ត្រីអាចអនុវត្ត ឬមិនអនុវត្តក៏បាន ហើយរដ្ឋមន្ត្រីម្នាក់ៗអាចតែងតាំងអ្នកប្រឹក្សាច្បាប់ដោយខ្លួនឯងផ្ទាល់។
មកទល់នឹងពេលនេះបាតុកម្មពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសកាន់តែក្តៅកកុក និងកើតឡើងកាន់តែញឹកញាប់ ដោយមានការចូលរួមពីប្រជាជនជាច្រើនក្រុមផ្សេងៗគ្នាដែលភាគច្រើនជា មេធាវី អ្នកជំនួញ អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា និស្សិត រួមទាំងជនជាតិអារ៉ាប់ដែលរស់នៅប្រទេសអ៊ីស្រាអែល និងអតីតកងកម្លាំងការពារជាតិជាដើម។ ហើយក្រុមរបស់ពួកគេនីមួយៗធ្វើបាតុកម្មនិងតវ៉ាទៅលើបញ្ហាផ្សេងៗគ្នា និងមានមតិយោបល់គួរឱ្យពិចារណាខុសៗគ្នាដូចជា ប្រសិនបើកំណែទម្រង់នេះបានចូលជាធរមាន រដ្ឋាភិបាលនឹងគ្រប់គ្រងសេចក្តីសម្រេចរបស់តុលាការ ព្រោះនៅក្នុងសភា (Knesset) មានសមាជិក៦៤នាក់ទៅហើយជាមនុស្សរបស់រដ្ឋាភិបាល ឯការបដិសេធសេចក្តីសម្រេចរបស់តុលាការកំពូលត្រូវការតែសម្លេងគាំទ្រ៦១សម្លេងប៉ុណ្ណោះ។ មួយវិញទៀតការលុបចោលនូវសិទ្ធិរបស់តុលាការកំពូលក្នុងការវិនិច្ឆ័យលើសេចក្តីសម្រេចរបស់សភា និងរដ្ឋាភិបាល គឺដូចជាការឱ្យអត្ថិភាពសម្រេចគ្រប់យ៉ាងទៅមនុស្សរបស់រដ្ឋាភិបាល ព្រោះពួកគេមានសមាជិកក្នុងសភាលើសពាក់កណ្តាលបាត់ទៅហើយសម្រាប់ការបោះឆ្នោតរកសម្លេងភាគច្រើន។ មតិប្រឆាំងមួយទៀតគឺ កំណែទម្រង់ប្រព័ន្ធតុលាការនេះមិនមែនដើម្បីស្វែងរកតុល្យភាពរវាងស្ថាប័នតុលាការ និងស្ថាប័នសភានោះទេ តែដើម្បីការពារលោកនាយករដ្ឋមន្ត្រី “Benjamin Netanyahu” និងរដ្ឋមន្តី្ររបស់គាត់ ពីរឿងក្តីដែលកំពុងស្ថិតក្នុងដំណើរការស៊ើបអង្កេត ដោយពួកគាត់ត្រូវបានចោទប្រកាន់ពីបទគេចពន្ធខុសច្បាប់។ ដូច្នេះការកែប្រែប្រព័ន្ធតុលាការ គឺដូចជាការផ្តល់អភ័យឯកសិទ្ធិដល់លោកខ្លួនឯងផ្ទាល់ ព្រមទាំងរដ្ឋមន្ត្រីព្រោះលោកអាចលុបចោលនូវសាលដីការបស់តុលាការតាមរយៈសម្លេងគាំទ្រភាគច្រើន ឬ (៥០%+១) ក្នុងចំណោមសមាជិកទាំងអស់របស់សភា។ ចំណែកឯក្រុមអ្នកជំនួញ និងអ្នកអភិវឌ្ឍន៍បចេ្ចកវិទ្យាវិញបានយល់ថា កន្លងមកប្រទេសអ៊ីស្រាអែលមានស្ថិរភាពប្រព័ន្ធនយោបាយយ៉ាងល្អ ហើយក៏ជាកត្តាដ៏សំខាន់ដែលជំរុញឱ្យសេដ្ឋកិច្ចប្រទេសមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដូច្នេះពួកគេយល់ថាការធ្វើកំណែទម្រង់នេះមិនមានផលប្រយោជន៍អ្វីនោះទេ មានតែការជះឥទ្ធិពលអាក្រក់ដល់វិស័យសេដ្ឋកិច្ចរបស់ប្រទេសប៉ុណ្ណោះ។ បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រីក្រសួងការពារជាតិ “Yaov Gallant” ត្រូវបានប្រកាសដកចេញពីមុខដំណែង ដោយលោកនាយករដ្ឋមន្ត្រី “Benjamin Netanyahu” នៅថ្ងែទី២៦ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីលោកបានថ្លែងជាសាធារណៈអំពី ដំណើរការកំណែទម្រង់ប្រព័ន្ធតុលាការនេះ ថាត្រូវតែបញ្ឈប់ជាបណ្ណោះអាសន្នសិន ព្រោះបាតុកម្មដ៏ធំសម្បើមពីប្រជាជនប្រឆាំងនឹងកំណែទម្រង់នេះ បានជះឥទ្ធិពលអាក្រក់ទៅលើកងកម្លាំង និងសន្តិសុខជាតិ ដោយសារលោកបានកត់សម្គាល់ថាចំនួនកងកម្លាំងដែលបញ្ជូនទៅទប់ទល់នឹងក្រុមបាតុករកាន់តែកើនឡើងយ៉ាងកំហុគ។
ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រុមសហជីពដែលធំជាងគេនៅប្រទេសឈ្មោះថា “Histdrut” ជាតំណាងឱ្យកម្មករជាង៧សែននាក់ដែលមកពីវិស័យសុខាភិបាល ដឹកជញ្ជូន ធនាគារ ព្រមទាំងវិស័យមួយចំនួនទៀត បានឈប់ពីការងាររបស់ពួកគេ និងបែរមកធ្វើកូដកម្មក្នុងទីក្រុង “Tel Aviv” ប្រឆាំងទៅនឹងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ដែលជាកូដកម្មដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសអ៊ីស្រាអែល និងបានគម្រាមកំហែងយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីស្រាអែលដែលកំពុងធ្លាក់ចុះស្រាប់ទៅហើយ។ ការធ្វើកូដកម្មដ៏ធំសម្បើមមួយនេះប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ប្រទេស និងបានជះឥទ្ធិពលស្ទើរគ្រប់វិស័យទូទាំងប្រទេស ជាឧទាហរណ៍ដូចជាការហោះហើររបស់អាយានដ្ឋានអន្តរជាតិក្នុងទីក្រុង “Tel Aviv” ត្រូវរំសាយចោលទាំងអស់នៅថ្ងៃនោះ។ ដោយបានសង្កេតឃើញពីបញ្ហាទាំងអស់នេះ មិនប៉ុន្មានម៉ោងក្រោយមកនៅថ្ងៃដដែលនោះ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល “Benjamin Netanyahu” ក៏បានប្រកាសពីការបញ្ឈប់ដំណើរការកំណែទម្រង់ប្រព័ន្ធតុលាការជាបណ្ណោះអាសន្នសិន។