ប្រទេសចិនត្រូវបានគេទទួលស្គាល់ជាប្រទេសដៃគូវិនិយោគដ៏សំខាន់មួយនៃសហភាពអឺរ៉ុប ដោយសារតែប្រទេសនេះមានចំណែកវិនិយោគទុនយ៉ាងធំក្នុងសហភាពអឺរ៉ុប។ យ៉ាងណាមិញ នៅប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេក៏បានសង្កេតឃើញថាការវិនិយោគរបស់ចិននៅក្នុងសហភាពអឺរ៉ុបមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។ ហេតុដូច្នេះហើយ នៅក្នុងអត្ថបទនេះ យើងនឹងងាកមកស្វែងយល់អំពីសេចក្តីព្រមព្រៀងស្តីពីផ្នែកវិនិយោគទុនរវាងប្រទេសចិននិងសហភាពអឺរ៉ុប ព្រមទាំងកត្តាដែលបណ្តាលឱ្យការវិនិយោគនេះមានការធ្លាក់ចុះ។
សេចក្ដីព្រមព្រៀងស្ដីពីផ្នែកវិនិយោគទុនរវាងប្រទេសចិន និងសហភាពអឺរ៉ុប
ការចរចាលើកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងចិនស្តីពីការវិនិយោគ បានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ ២០១៤ តាមរយៈកិច្ចប្រជុំសរុបប្រមាណជាង ៣៥ លើកនៅក្នុងរយៈពេល ៧ ឆ្នាំកន្លងមក។ សេចក្ដីព្រមព្រៀងស្ដីពីការវិនិយោគរវាងភាគីសហភាពអឺរ៉ុប និងចិន (EU-China Comprehensive Agreement on Investment) គឺជាកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីដែលគ្របដណ្តប់លើវិស័យផ្សេងៗ រួមមានផ្នែកទីផ្សារ ការវិនិយោគ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការដោះស្រាយវិវាទជាដើម។
កិច្ចព្រមព្រៀងលើការវិនិយោគនេះផងដែរ គឺជាសន្ធិសញ្ញាទ្វេភាគីដែលនឹងជំនួសសន្ធិសញ្ញាវិនិយោគទ្វេភាគីចំនួន ២៦ ដែលមានស្រាប់រវាងរដ្ឋសមាជិកសហភាពអឺរ៉ុប និងចិន ដែលធ្វើឡើងនៅក្នុងគោលបំណងធានាថាវិនិយោគិនសហភាពអឺរ៉ុបនឹងសម្រេចបានការនាំចូលទំនិញកាន់តែប្រសើរឡើងទៅកាន់ទីផ្សារអ្នកប្រើប្រាស់ ១,៤ ពាន់លានដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន។ កិច្ចព្រមព្រៀងនេះ មានសារៈសំខាន់សម្រាប់អនាគតនៃឧស្សាហកម្មសហភាពអឺរ៉ុបផងដែរដោយវាត្រូវបានរំពឹងទុកថានឹងអាចជួយជំរុញឱ្យសហភាពអឺរ៉ុបមានព្រៀបនៅក្នុងការប្រកួតប្រជែងខាងទីផ្សារឧស្សាហកម្មជាសកល។
កត្តានៃការធ្លាក់ចុះវិនិយោគរបស់ចិននៅសហភាពអឺរ៉ុប
សេចក្ដីកិច្ចព្រមព្រៀងស្ដីពីការវិនិយោគរវាងចិន និងសហភាពអឺរ៉ុបមិនទទួលបានសមិទ្ធផលដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងនោះឡើយ។ ចាប់ផ្តើមពីឆ្នាំ ២០០០មក ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិននៅក្នុងទ្វីបអឺរ៉ុបមានកំណើនដ៏គួរឱ្យភ្ញាក់ផ្អើល ដោយឈានដល់កម្រិតកំពូលក្នុងឆ្នាំ ២០១៦ ប្រមាណនឹង ៣៧,៣ ពាន់លានអឺរ៉ូដែលបានវិនិយោគក្នុងឆ្នាំនោះ។
ក្រោមការដឹកនាំរបស់លោក Xi Jinping ចាប់តាំងពីឆ្នាំ ២០១៦ មក ប្រទេសចិនបានណែនាំឡើងវិញនូវការគ្រប់គ្រងដ៏តឹងរ៉ឹងឡើងវិញលើលំហូរមូលធនក្រៅប្រទេស។ នេះត្រូវបានធ្វើដើម្បីកំណត់លំហូរចេញមូលធន និងរូបិយប័ណ្ណ ដោយបង្ខំឱ្យគ្រួសារ និងអាជីវកម្មក្នុងស្រុក វិនិយោគប្រាក់របស់ពួកគេឡើងវិញនៅក្នុងសេដ្ឋកិច្ចក្នុងស្រុកជាជាងវិនិយោគនៅក្នុងសហគ្រាសបរទេស។ ជាមួយគ្នានេះ គោលនយោបាយសូន្យកូវីដ (Zero-COVID Policy) ដែលចិនបានអនុវត្តអស់រយៈពេលជិត ៣ ឆ្នាំ ចាប់ពីដើមឆ្នាំ ២០២០ ដល់ចុងឆ្នាំ ២០២២ ក៏បានរួមចំណែកដល់ការកាត់បន្ថយនៃការវិនិយោគផ្ទាល់ពីបរទេសដោយរារាំងការធ្វើដំណើរឆ្លងកាត់ព្រំដែន ដែលនាំមកនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។
លើសពីនេះទៅទៀត អ្នកបង្កើតគោលនយោបាយនៅសហភាពអឺរ៉ុបក៏កំពុងធ្វើការកែប្រែនូវជំហររបស់ខ្លួនដោយមានភាពតឹងរ៉ឹងជាងមុនចំពោះការវិនិយោគរបស់ចិនមកកាន់សហភាពអឺរ៉ុបផងដែរ។ ប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេសបានបិទជាសាធារណៈនូវការវិនិយោគរបស់ចិននៅក្នុងឧស្សាហកម្មយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២២។ ការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុបនេះគឺកើតឡើងដោយសារតែតែមានការគៀបសង្កត់សិទ្ធិមនុស្សរបស់រដ្ឋាភិបាលចិនទៅលើប្រជាជន អ៊ុយហ្គួរ ដែលកំពុងតែរស់នៅក្នុងខេត្តសីុនជាំងនៃប្រទេសចិន និងដោយសារនយោបាយគៀបសង្កត់របស់រដ្ឋាភិបាលចិនទៅលើហុងកុង។
ជាងនេះទៅទៀត ភាគីពាក់ព័ន្ធនៅអឺរ៉ុបនៅតែបន្តដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចដោយទីក្រុងប៉េកាំង ដែលបានធ្វើឱ្យកិច្ចព្រមព្រៀងលើការវិនិយោគ ដែលប៉ងនឹងជំរុញឱ្យមានភាពប្រសើរឡើងនៃទំនាក់ទំនងសេដ្ឋកិច្ច មិនទំនងត្រូវបានផ្តល់ជាប្រយោជន៍តាមការគ្រងទុកឡើយ។
ជាមួយគ្នានេះដែរ ការវិនិយោគរបស់ចិននៅក្នុងទ្វីបអឺរ៉ុបបានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍កាលពីឆ្នាំមុន ខណៈដែលបណ្តាប្រទេសនៅអឺរ៉ុបបានរឹតបន្តឹងច្បាប់ដើម្បីរារាំងការទិញយករបស់ចិនមួយចំនួន ដោយសារបច្ចុប្បន្ននេះ សហភាពអឺរ៉ុបកំពុងបង្កើតបទប្បញ្ញត្តិថ្មីដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការចូលទៅកាន់ទីផ្សាររបស់ក្រុមហ៊ុនចិន។ អ្នកស្រាវជ្រាវបានរកឃើញថា យ៉ាងហោចណាស់កិច្ចព្រមព្រៀងវិនិយោគ ១០ ក្នុងចំណោម ១៦ ដែលបន្តនៅឆ្នាំ ២០២២ ដោយអង្គភាពរបស់ចិនមិនអាចបញ្ចូល ឬវិនិយោគក្នុងវិស័យបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធបានទេ ភាគច្រើនដោយសារតែការជំទាស់ដែលលើកឡើងដោយអាជ្ញាធររបស់ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងដាណឺម៉ាក។ នៅក្នុងករណីផ្សេងទៀត កិច្ចព្រមព្រៀងដែលបានព្រមព្រៀងគ្នារួចហើយត្រូវបានលុបចោលវិញ បន្ទាប់ពីការដាក់ចេញបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបដែររឹតបន្តឹងលើផ្នែកវិនិយោគរបស់ចិន។
ជាលទ្ធផល ចាប់តាំងពីឆ្នាំ ២០១៦ មក ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅអឺរ៉ុបបន្តមានការធ្លាក់ចុះជាលំដាប់។ យោងតាមរបាយការណ៍ថ្មីៗនេះដោយ Rhodium Group និង MERICS ក្នុងឆ្នាំ ២០២២ ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិននៅអឺរ៉ុបបានឈានដល់កម្រិតទាបមួយគឺស្ថិតនៅប្រមាណ ៧,៩ ពាន់លានអឺរ៉ូ ដែលបញ្ជាក់ពីនិន្នាការអវិជ្ជមាន។ នេះមានន័យថាកម្រិតនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅអឺរ៉ុបសព្វថ្ងៃនេះគឺ ៨៣ ភាគរយទាបជាងកម្រិតនៃវិនិយោគនាឆ្នាំ ២០១៦ របស់ខ្លួន។
ជារួមមក កិច្ចព្រមព្រៀងស្ដីពីវិនិយោគរវាងចិន និងសហភាពអឺរ៉ុប (CAI) មិនបានផ្ដល់នូវជាគុណប្រយោជន៍ដូចដែលបានចែងក្នុងសេចក្ដីព្រមព្រៀងនោះឡើយដោយសារតែកត្តានយោបាយរវាងចិន និងសហរដ្ឋអាមេរិក ដែលអាចផ្ដល់ផលប៉ះពាល់លើសហភាពអឺរ៉ុបទាំងមូល ដែលនាំឱ្យសហភាពអឺរ៉ុបបន្តឹងនូវគោលជំហររបស់ខ្លួនតឹងរ៉ឹងជាងមុនមកកាន់ការវិនិយោគរបស់ចិន។ ជាមួយគ្នានេះ ក៏ដោយសារតែគោលនយោបាយសូន្យកូវីត (Zero-COVID Policy) របស់ចិនក៏បានរារាំងនូវវិនិយោគបរទេស និងប៉ះពាល់ដល់សេដ្ឋកិច្ចចិនផងដែរ។ ទាំងនេះបានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើការវិនិយោគរបស់ចិននៅសហភាពអឺរ៉ុប ដែលនាំឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។