ពិភពលោកឥឡូវនេះមិនដូចពិភពលោកប៉ុន្មានទសវត្សរ៍មុននោះទេ។ ដោយកាលពីមុន សណ្តាប់ធ្នាប់ពិភពលោកត្រូវបានរងឥទ្ធិពល ឬផ្លាស់ប្តូរដោយមហាអំណាច ២ ឬ ៣ ប៉ុណ្ណោះ ប៉ុន្តែឥឡូវ សណ្តាប់ធ្នាប់ពិភពលោកបានទទួលរងឥទ្ធិពលឬផ្លាស់ប្តូរដោយមិនត្រឹមតែមហាអំណាចធំៗនោះទេ វាបូករួមទាំងតួអង្គជាច្រើន ដូចជារដ្ឋដែលមានអំណាចមធ្យម និងតួអង្គផ្សេងទៀតជាពិសេសប្រភេទនៃរដ្ឋដែលទើបតែលេចឡើងថ្មី ដែលត្រូវបានហៅថា ប្រទេសមានគោលជំហរឯករាជ្យ (Swing State)។ ប្រទេសដែលមានគោលជំហរឯករាជ្យ មានសក្តានុពលក្នុងការបានផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិជាងពេលមុនៗ។ ជាពិសេសយើងឃើញកាន់តែច្បាស់នៅពេលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនកើតឡើង ពោលគឺយើងឃើញពីសារៈសំខាន់នៃប្រទេសមានគោលជំហរឯករាជ្យកាន់តែច្បាស់។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីអ្វីទៅជាប្រទេសមានគោលជំហរឯករាជ្យ?ប្រទេសណាខ្លះដែលចាត់ទុកជាប្រទេសមានគោលជំហរឯករាជ្យ និងតើប្រទេសទាំងនោះអាចជះឥទ្ធិពលលើទំនាក់ទំនងអន្តរជាតិដោយរបៀបណា?
អ្វីទៅជាប្រទេសមានគោលជំហរឯករាជ្យ?
គោលគំនិតនៃ “ប្រទេសដែលមានគោលជំហរឯករាជ្យ” ត្រូវបានបំផុសគំនិតដោយពាក្យ Swing stateនៅក្នុងវិទ្យាសាស្រ្តនយោបាយ ដែលប្រើច្រើននៅក្នុងនយោបាយរបស់សហរដ្ឋអាមេរិក ដោយផ្តោតទៅលើរដ្ឋណាដែលជាអ្នកកំណត់លទ្ធផលថាគណបក្សណាជាអ្នកឈ្នះការបោះឆ្នោត។ តែគោលគោលគំនិតនេះ ត្រូវបានយកមកប្រើប្រាស់ក្នុងទំនាក់ទំនងអន្តរជាតិដោយលោក រីឆាត ហ្វុនតែន (Richard Fontaine) និង លោកដានីញ៉ែល ឃ្លីមេន (Daniel Kleiman) នៅក្នុងអត្ថបទមួយដែលមានចំណងជើងថា “Global Swing States: Brazil, India, Indonesia, Turkey and the Future of International Order” កាលពីជាងដប់ឆ្នាំមុន។
ក្រោយមក គេយកគោលគំនិតរបស់លោកទាំងពីរមកប្រើប្រាស់ ដោយឱ្យនិយមន័យប្រទេសមានគោលជំហរឯករាជ្យ ថាជាប្រទេសដែលមានស្ថិរភាព និងគោលនយោបាយការបរទេសផ្ទាល់ខ្លួន ដែលឯករាជ្យពីសហរដ្ឋអាមេរិកនិងចិន និងមានសមត្ថភាពទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ឬយោធា ក្នុងការសម្រេចឱ្យបាននូវផលប្រយោជន៍ជាតិរបស់ពួកគេ។ ប៉ុន្តែនៅក្នុងបរិបទនៃភូមិសាស្ត្រនយោបាយពិភពលោក ប្រទេសមានគោលជំហរឯករាជ្យមិនទាន់មានសក្តានុពលគ្រប់គ្រាន់ក្នុងការរៀបចំរបៀបវារៈពិភពលោកនោះទេ (Global agenda )។ គួរបញ្ជាក់ផងដែរថា ជំហរឯករាជ្យក្នុងន័យនេះ មិនមែនមានន័យថាមិនចូលបក្សសម្ព័ន្ធ (Non-alignment) នោះទេ ប៉ុន្តែមានន័យថាមិនខិតជិតខ្លាំងទៅរកមហាអំណាចណាមួយប៉ុណ្ណោះ។
តើប្រទេសណាខ្លះដែលអាចចាត់ទុកថាជាប្រទេសមានគោលជំហរឯករាជ្យ?
បើតាមការវិភាគរបស់លោក ចារ៉េដ ខូហេន (Jared Cohen) ដែលបានបង្ហោះផ្សាយនៅក្នុងគេហទំព័រ Goldman Sach លោកបានចាត់ទុកប្រទេសមានគោលជំហរឯករាជ្យជា ៤ ប្រភេទ។ ប្រភេទទី១ ប្រទេសដែលមានគុណសម្បត្តិ (Competitive advantage) ក្នុងការផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្ម (Supply Chain) ទៅកាន់ពិភពលោក ដែលប្រទេសនោះមានគុណសម្បត្តិអ្វីមួយ លើសពីប្រទេសដទៃ។ ឧទាហរណ៍ ប្រទេសឥណ្ឌូនេស៊ីមានសារធាតុរ៉ែសំខាន់ (Critical mineral) ដូចជា នីកែល (Nikel) ដែលមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផលិតរថយន្តអគ្គិសនី។ ឥណ្ឌាក៏ជាប្រទេសដ៏សំខាន់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ ដោយឥណ្ឌាមានកម្លាំលពលកម្មច្រើន និងទីផ្សារអ្នកប្រើប្រាស់ដ៏ធំ ដែលអាចទាក់ទាញអ្នកវិនិយោគ និងជាពិសេសរដ្ឋាភិបាលឥណ្ឌាមានការលើកទឹកចិត្តទាក់ទងនឹងផលិតកម្មដែលគេហៅថា ផលិតនៅឥណ្ឌា ឬជាភាសាអង់គ្លេសថា Made In India។ ការណ៍នេះគឺចង់ធ្វើឱ្យឥណ្ឌា ក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោកដ៏សំខាន់មួយ។
ប្រភេទទី២ ប្រទេសដែលមានភូមិសាស្រ្តពិសេស ពោលគឺប្រទេសដែលមានសក្តានុពលសម្រាប់ការវិនិយោគពីប្រទេសជិតខាង (Nearshoring country) និងប្រទេសដែលមានសក្ដានុពលសម្រាប់ការវិនិយោគពីប្រទេសមហាអំណាច (Offshoring country) ក៏ដូចជាប្រទេសដែលមានសក្ដានុពលសម្រាប់ការវិនិយោគពីប្រទេសសម្ព័ន្ធមិត្ត (Friend shoring country)។ ឧទាហរណ៍ ប្រទេសវៀតណាមគឺជាប្រភេទប្រទេស Offshoring ដែលទទួលបានផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដោយក្រុមហ៊ុនរបស់អាមេរិកមួយចំនួនបានផ្លាស់ប្តូរពីប្រទេសចិនទៅវៀតណាម។ ចំណែកប្រទេសដែលនៅជិត ឬសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក ដូចជាម៉ិកស៊ិក កាណាដា និងប្រទេសនៅអាមេរិកឡាទីនត្រូវបានទទួលផលចំណេញដោយសហរដ្ឋអាមេរិកចាប់ផ្តើមផ្តូរមជ្ឈមណ្ឌលផលិតកម្មរបស់ខ្លូនមកប្រទេសដែលនៅជិត ឬសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិកព្រោះដោយសារតម្លៃពលកម្ម ការដឹកជញ្ជូនទាបនិងជាពិសេសការកាត់បន្ថយហានិភ័យក្នុងវិស័យធុរកិច្ច(De risking)ពីប្រទេសចិន។
ប្រភេទទី៣ ប្រទេសដែលមានដើមទុនច្រើន និងមានឆន្ទៈក្នុងការប្រើប្រាស់ទុននោះ ដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ដូចជាប្រទេសនៅមជ្ឈិមបូព៌ា និងសិង្ហបុរីជាដើម។ ដូចយើងដឹងស្រាប់ហើយថា ពេលដែលយើងនិយាយអំពីមជ្ឈិមបូព៌ា យើងនឹងនឹកឃើញមុនគេថា វាជាតំបន់សម្បូរទៅដោយធនធានធម្មជាតិ។ អាស្រ័យហេតុនេះហើយ បានជារដ្ឋាភិបាលរបស់ប្រទេសនៅមជ្ឈិមបូព៌ាខ្លះ បានចាប់ផ្តើមធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ពួកគេ ពីការពឹងផ្អែកលើធនធានធម្មជាតិ និងបានព្យាយាមបង្កើតគម្រោងផ្សេងៗ ដើម្បីពង្រីកឥទ្ធិពលទៅកាន់ពិភពលោកថា ខ្លួនមិនត្រឹមតែជាកន្លែងសម្រាប់ការទាញយកធនធានធម្មជាតិប៉ុណ្ណោះទេ តែជាដៃគូសហការទៅលើវិស័យផ្សេងៗទៀត។ ផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ពួកគេ គឺការសាងសង់គម្រោងធំៗដូចជា ទីក្រុងវ័យឆ្លាត ឬហៅកាត់ថា NEOM (New Enterprise Operating Model) នៅប្រទេសអារ៉ាប៊ីសាអូឌីត ការប្រកួតបាល់ទាត់ពិភពលោក (World Cup) នៅកាតា និងការបង្កើតមជ្ឈមណ្ឌលធុរកិច្ចនៅអារ៉ាប់រួម ដែលសកម្មភាពទាំងអស់នេះ បានអនុញ្ញាតឱ្យពួកគេផ្លាស់ប្តូរខ្លួនឯង និងទាក់ទាញការវិនិយោគ និងមនុស្សដែលមានទេពកោសល្យជាច្រើន ហើយ គម្រោងទីពីរនៃយុទ្ធសាស្ត្ររបស់ពួកគេ គឺការវិនិយោគក្រៅប្រទេស។
ប្រភេទទី៤ ប្រទេសដែលអភិវឌ្ឍន៍ និងមានអ្នកដឹកនាំដែលមានទស្សនៈវិស័យជាសកល ទោះបីជាមានឧបសគ្គខ្លះក៏ដោយ។ ជាក់ស្តែង ប្រទេសនៅអឺរ៉ុប ដូចជាអាល្លឺម៉ង់ និងបារាំងជាដើម ពួកគេចង់រក្សាស្វ័យភាពជាយុទ្ធសាស្រ្ត (Strategic autonomy) ប៉ុន្តែក៏មានឧបសគ្គខ្លះដែរ ដោយសារតែមានបញ្ហាផ្ទៃក្នុង និងការពឹងផ្អែកសន្តិសុខក្នុងតំបន់ទៅលើសហរដ្ឋអាមេរិក។ នៅអាស៊ី កូរ៉េខាងត្បូងជារដ្ឋដ៏សំខាន់ដែលប្រទេសដទៃទៀតត្រូវការជាចាំបាច់ (Pivotal state) ហើយបន្តទំនាក់ទំនងល្អ និងសហការផ្នែកសន្តិសុខជាមួយប្រទេសជប៉ុន ប៉ុន្តែក៏ជួបឧបសគ្គខ្លះពីក្នុងស្រុក ដោយសារតែបញ្ហាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ។
ប្រទេសមានគោលជំហរឯករាជ្យ ជាធម្មតាគឺជាប្រទេសដែលមានអំណាចកណ្តាល។ បើតាមការវិភាគរបស់លោក ចារ៉េដ ប្រទេសជាច្រើនអាចរាប់ជារដ្ឋប្រទេសដែលមានគោលជំហរឯករាជ្យ ប៉ុន្តែរដ្ឋចំនួន ៦ ដែលអ្នកវិភាគគិតថាមានសក្តានុពលក្នុងការជះឥទ្ធិពលទៅលើសណ្តាប់ធ្នាប់ពីភពលោក ក្នុងរួមមាន ប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា អារ៉ាប់រួម អាហ្រ្វិកខាងត្បូង តួកគី និងប្រទេសប្រេស៊ីល។
តើប្រទេសមានគោលជំហរឯករាជ្យជះឥទ្ធិពលលើសណ្តាប់ធ្នាប់ពិភពលោកដោយរបៀបណា?
ប្រទេសដែលមានគោលជំហរឯករាជ្យបានដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងអន្តរជាតិ ដោយសារតែសមត្ថភាពរបស់ពួកគេក្នុងការជះឥទ្ធិពលដល់តុល្យភាពនៃអំណាច និងកំណត់លទ្ធផលនៃបញ្ហាភូមិសាស្ត្រនយោបាយសំខាន់ៗ។ រដ្ឋទាំងនេះមានសមត្ថភាពទាំងនយោបាយ សេដ្ឋកិច្ច និងយោធា ហើយប្រទេសទាំងនេះ មានសារៈសំខាន់ណាស់ចំពោះលំនឹងសេដ្ឋកិច្ចពិភពលោក និងតុល្យភាពអំណាច (Balance of power) ជាពិសេសប្រទេសទាំង ៦ ដែលបានលើកឡើងខាងលើ។
ទីមួយនោះគឺតុល្យភាពអំណាចពិភពលោក (Balance of power) ។ ដូចដែលយើងដឹងស្រាប់ហើយថា បច្ចុប្បន្នភាពតានតឹងរវាងសហរដ្ឋអាមេរិច និងចិនកាន់តែខ្លាំងឡើងៗ ដោយប្រទេសទាំងពីរនេះព្យាយាមបង្កើតសម្ព័ន្ធភាពនៅក្នុងរូបភាពថ្មីដូចជា សហរដ្ឋអាមេរិចបានចូលរួមបង្កើតកិច្ចសន្ទនាសន្តិសុខចតុភាគីឈ្មោះថា Quad កិច្ចព្រមព្រៀងសន្តិសុខត្រីភាគីហៅថា AUKUS និងចិនមានអង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ថា SCO និងគំនិតផ្តួចផ្តើមផ្នែកសន្តិសុខសកល ហៅកាត់ថា GSI ជាដើម។ ហើយប្រសិនបើមួយយក្នុងចំណោមប្រទេសមានគោលជំហរឯករាជ្យទាំង ៦ ចូលរួមក្នុងបក្សសម្ព័ន្ធ ឬខិតជិតខ្លាំងជាមួយមហាអំណាចណាមួយ នោះវានឹងជះឥទ្ធិពលដល់តុល្យភាពអំណាចពិភពលោកយ៉ាងខ្លាំង។ ជាក់ស្តែងប្រទេសឥណ្ឌា ឥណ្ឌាជាប្រទេសដែលប្រកាន់យកគោលនយោបាយពហុសម្ព័ន្ធភាព (Multi alignment) ដោយឥណ្ឌាជាដៃគូនៃកិច្ចសន្ទនាសន្តិសុខ Quad ផង និងជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃផង។ ឥណ្ឌាព្យាយាមរក្សាលំនឹងទំនាក់ទំនងជាមួយមហាអំណាចធំៗ ដោយមិនខិតទៅជិតពេកទៅរកមហាអំណាចណាមួយពោលគឺអាមេរិក និងរុស្សី និងមិនល្អក់កករខ្លាំងជាមួយចិន ជាពិសេសព្យាយាមទាញយកផលប្រយោជន៍ពីប្រទេសទាំងនេះ។ ប្រសិនបើឥណ្ឌាខិតជិតខ្លាំងជាមួយមហាអំណាចណាមួយនោះ តុល្យភាពអំណាចពិភពលោក និងផ្អៀងទៅកាន់មហាអំណាចដែលឥណ្ឌាបានចូលរួម។
ចំណុចទីពីរនោះគឺឥទ្ធិពលសេដ្ឋកិច្ច។ ប្រទេសដែលមានគោលជំហរឯករាជ្យមានធនធានសេដ្ឋកិច្ចសំខាន់ៗ ដូចជា ធនធានធម្មជាតិ ទីផ្សារអ្នកប្រើប្រាស់ធំ ឬផ្លូវដឹកជញ្ជូនសំខាន់ៗ។ រដ្ឋទាំងនោះក៏អាចប្រើកម្លាំងសេដ្ឋកិច្ចរបស់ពួកគេ ដើម្បីជះឥទ្ធិពលលើគោលនយោបាយការបរទេសរបស់ប្រទេសផ្សេងទៀត ឬទទួលបានឥទ្ធិពលនៅក្នុងឆាកអន្តរជាតិ។ ជាក់ស្តែង ប្រទេសភាគច្រើនក្នុងចំណោមប្រទេសទាំង ៦ បានគាំទ្រទៅលើការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប៉ុន្តែគ្មានប្រទេសណាមួយ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីនោះទេ ហើយប្រសិនបើប្រទេសទាំងនេះដាក់ទណ្ឌកម្មលើរុស្ស៊ីនោះ សង្គ្រាមអ៊ុយក្រែនអាចមានរូបរាងផ្សេងខុសពីសព្វថ្ងៃនោះទេ វាទំនងជាមានសភាពផ្អៀងទៅលោកខាលលិច។