កាលពីសមាជជាតិលើកទី២០ បក្សកុម្មុយនីស្តចិនបានថ្លែងថា ប្រទេសចិននឹងជំរុញការធ្វើអន្តរភាវូបនីយកម្មនៃប្រាក់យ៉ន់ចិនទៅកាន់សេដ្ឋកិច្ចពិភពលោក។ ជាមួយគ្នានេះ ប្រាក់យ៉ន់ចិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងក្លាយជារូបិយប័ណ្ណទូទាត់ធំជាងគេទីប្រាំរបស់ពិភពលោក និងធំជាងគេទីបីក្នុងការទូទាត់ពាណិជ្ជកម្ម និងជារូបិយប័ណ្ណបម្រុងធំជាងគេទីប្រាំផងដែរ។ ទន្ទឹមនឹងនេះដែរ ប្រាក់យ៉ន់ចិនមានចំនួនប្រមាណ ៧ ភាគរយនៃការជួញដូររូបិយប័ណ្ណបរទេសទាំងអស់នៅទូទាំងពិភពលោក ដែលជាការពង្រីកចំណែកទីផ្សាររូបិយប័ណ្ណដ៏ធំបំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
ដូច្នេះ ដើម្បីធានាបាននូវឥទ្ធិពលនៃរូបិយប័ណ្ណយ៉ន់របស់ចិននៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបាននឹងកំពុងធ្វើការលើកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរដ្ឋផ្សេងទៀត ជាពិសេសតាមរយៈការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងៗ។
នៅពេលដែលប្រទេសចិនអភិវឌ្ឍនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative – BRI) យើងអាចប្រមើលមើលថា វាអាចជាការចាប់ផ្តើមឱ្យមានការដោះដូរឆ្លងព្រំដែន និងការសងបំណុលដែលកើតមានឡើងតាមប្រព័ន្ធ DCEP ដែលជាគម្រោងរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលដ៏ធំបំផុត និងជាផ្នែកមួយនៃផែនការរបស់ប្រទេសចិន ដើម្បីពង្រីកឥទ្ធិពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយរបស់ខ្លួនជុំវិញពិភពលោក។ ដៃគូ BRI ទាំងអស់នឹងប្រើប្រាស់រូបិយប័ណ្ណដូចគ្នា ពោលគឺប្រាក់យ៉ន់ចិនដើម្បីជៀសវាងពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។ ការពង្រីកទំនាក់ទំនងទាំងនេះ មានប្រទេសប្រហែល ១៤០ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសចិន ក្រោមក្របខ័ណ្ឌ BRI ។
លើសពីនេះ ការធ្វើសមាហរណកម្មបន្តិចម្តងៗ និងការប្រើប្រាស់កាន់តែច្រើននៃប្រាក់យ៉ន់ឌីជីថលនេះ ក៏មានន័យថាជាការចាប់ផ្តើមនៃការរួមបញ្ចូលឱ្យកាន់តែស៊ីជម្រៅទៅក្នុងសង្គម ជាពិសេសក្នុងប្រព័ន្ធទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) ក៏ដូចជាការពង្រឹងពាណិជ្ជកម្មដែលកើតឡើងតាមរយៈការទូទាត់ប្រាក់យ៉ន់ឌីជីថលនឹងជំរុញឱ្យគម្រោងផ្សេងទៀតដំណើរការផងដែរ។ គួរកត់សម្គាល់ថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ប្រព័ន្ធ SWIFT និង ធនាគារប្រជាជននៃប្រទេសចិន (The People’s Bank of China) បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ Clearing Center និងវិទ្យាស្ថានស្រាវជ្រាវរូបិយប័ណ្ណឌីជីថលរបស់ខ្លួន។ ការណ៍នេះ បានផ្ដល់ជាសញ្ញាសំខាន់នៃវឌ្ឍនភាពឆ្ពោះទៅរកគោលដៅភូមិសាស្ត្រនយោបាយដែលជាយុទ្ធសាស្រ្តរបស់ចិន។
ជាក់ស្ដែង ប្រាក់យ៉ន់ចិនទទួលបានភាពទាក់ទាញខ្លាំងបំផុតក្នុងចំណោមបណ្ដាប្រទេសជាច្រើន ដូចជាអ៊ីរ៉ង់ជាដើម ដែលមានហេតុផលភូមិសាស្ត្រនយោបាយខ្លាំង និងដែលនាំមកនូវការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។ ជាមួយនឹងការដាក់ទណ្ឌកម្មលោកខាងលិចប្រឆាំងនឹងរុស្ស៊ី ប្រទេសជាច្រើននៅអឌ្ឍគោលខាងត្បូងបានបង្ហាញពីបំណងរបស់ពួកគេក្នុងការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកផងដែរ។
ជាមួយគ្នានេះផងដែរ បើផ្ដោតទៅលើផ្នែកពាណិជ្ជកម្មវិញ ការនាំចេញគឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ច ព្រោះវាតំណាងឱ្យប្រាក់ដែលហូរចូលប្រទេស។ ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រេស៊ីលនឹងក៏បានប្រើប្រាស់ប្រាក់យ៉ន់ចិនសម្រាប់ពាណិជ្ជកម្មទ្វេភាគីជាមួយចិនផងដែរ។ សូម្បីតែនៅក្នុងក្រុមពាណិជ្ជកម្មដូចជា OPEC តាមរយៈភាពជាដៃគូរបស់ចិនជាមួយអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា និងប្រទេសផ្សេងទៀត យើងឃើញថា ការនាំចូលប្រេងចាប់ផ្តើមត្រូវបានទិញដោយប្រើប្រាក់យ៉ន់ឌីជីថល (Yuan Digital)។
ជារួម រដ្ឋាភិបាលចិនបាននឹងកំពុងធ្វើការលើការផ្សព្វផ្សាយឥទ្ធិពលនៃរូបិយប័ណ្ណយ៉ន់ទៅកាន់សេដ្ឋកិច្ចពិភពលោក តាមរយៈពាណិជ្ជកម្ម ការអភិវឌ្ឍប្រាក់យ៉ន់ឌីជីថល ក៏ដូចជាការបង្កើតនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវផងដែរ។ តាមរយៈសកម្មភាពទាំងនេះ គឺជាការធានាថាប្រទេសជាច្រើនទៀតនឹងមានទំនោរទៅរកការប្រើប្រាស់រូបិយប័ណ្ណយ៉ន់ចិនជាជាងរូបិយប័ណ្ណដុល្លារអាមេរិក។ យ៉ាងណាមិញ ទោះបីជារដ្ឋាភិបាលចិនព្យាយាមលើកទឹកចិត្តប្រទេសផ្សេងទៀតឱ្យប្រើប្រាស់រូបិយប័ណ្ណយ៉ន់ចិនក៏ដោយ យើងសង្កេតឃើញជាក់ស្ដែងថា សេដ្ឋកិច្ចជាច្រើនលើសកលលោកនៅតែមានទំនុកចិត្ត និងទំនោរពឹងផ្អែកទៅលើប្រាក់ដុល្លារអាមេរិកនៅឡើយ។