"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ គោលនយោបាយដែលជួយឥណ្ឌាចាក់ឬសជាមួយអាស៊ីអាគ្នេយ៍

គំនូរច្នៃប្រឌិតដោយ៖ លោក ហាន គីមហាំង

ប្រទេសឥណ្ឌាជាប្រទេសដែលមានអរិយធម៌ដ៏រុងរឿងមួយដែលបានជះឥទ្ធិពលវប្បធម៌ និងសាសនារបស់ខ្លូននៅក្នុងទ្វីបអាស៊ី ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ីអាគ្នេយ៍មានតាំងពីសម័យបុរាណមកម៉្លេះ តែ​ទំនាក់ទំនងមានការឡើងចុះទៅតាមសម័យកាល។ ទំនាក់ទំនងរវាងឥណ្ឌា និងអាស៊ីអាគ្នេយ៍ចាប់ផ្ដើមបង្កើតឡើងនៅពេលប្រទេសនីមួយៗទទួលបានឯករាជ្យពីប្រទេសដាក់អាណានិគម ហើយទំនាក់ទំនងកាន់តែល្អ គឺនៅពេលដែលសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់​ ដោយឥណ្ឌាបានបង្កើតគោលនយោបាយមួយហៅថា គោលនយោបាយមើលសំដៅទៅទិសខាងកើត ឬជាភាសាអង់គ្លេស Look East Policy (LEP) នៅក្នុងឆ្នាំ១៩៩២។ ​​គោលនយោបាយនេះ នៅតែត្រូវបានបន្តអនុវត្តរហូតមកដល់ពេលនេះ ដោយប្តូរឈ្មោះទៅជា គោលនយោបាយប្រតិបត្តិការឆ្ពោះទៅទិសខាងកើត ឬ Act East Policy (AEP)នៅឆ្នាំ២០១៤។ ដូចេ្នះ អត្ថបទនេះនឹងនិយាយអំពី តើអ្វីទៅជា AEP? តើរដ្ឋាភិបាលឥណ្ឌាបានធ្វើអ្វីខ្លះ និងមានជួបឧបសគ្គអ្វីខ្លះក្នុងការសហការជាមួយអាស៊ាន?

អ្វី​ទៅ​ជា​ Act East Policy (AEP)?

ដូចដែលបានរៀបរាប់ខាងលើ​​​ AEP គឺជាគោលនយោបាយដែលបានបន្តអនុវត្តបន្ថែមពីលើគោលនយោបាយ LEP ដែលឥណ្ឌាបានដាក់ចេញនៅពេលសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់ ដោយសារតែសហភាពសូវៀតដែលជាដៃគូសេដ្ឋកិច្ចរបស់ឥណ្ឌាដ៏សំខាន់ត្រូវបានដួលរលំ​។ ដោយកត្តានេះ បានតម្រូវឱ្យឥណ្ឌាស្វះស្វែងរកដៃគសេដ្ឋកិច្ចថ្មី ពោលគឺតំបន់អាស៊ីអាគ្នេយ៍។

LEP ត្រូវបានបន្តអនុវត្តរហូតមកដល់ឆ្នាំ២០១៤​​ ក្រោមរដ្ឋាភិបាលលោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) LEP ត្រូវបានផ្លាស់ប្តូរមកជា AEP ដែលគោលនយោបាយចាស់ត្រូវបានបន្តដដែល តែត្រូវបានបន្ថែមចំណុចសំខាន់ៗពីលើគោលនយោបាយចាស់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការច្រើនជាងមុន។ AEP ផ្តោតលើ ៤ ចំណុចសំខាន់ៗ រួមមានវប្បធម៌ (Culture) ពាណិជ្ជកម្ម (Commerce) ការតភ្ជាប់ (Connectivity) និងការកសាងសមត្ថភាព (Capacity Building)។ AEP ផ្តោតបន្ថែមទៅលើ LEP ត្រង់ចំណុចការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការតភ្ជាប់រវាងឥណ្ឌានិងអាស៊ានកាន់តែច្រើន ការបង្កើនទំនាក់ទំនង និងសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយអាស៊ាន និងពង្រីកទំនាក់ទំនងលើសពីអាស៊ានដែលមានក្រុមកោះប៉ាស៊ីហ្វិក និងប្រទេសនៅអាស៊ីខាងកើត។ ជាមួយគ្នានេះផងដែរ គោលនយោបាយ AEP ក៏ផ្តោតលើទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ ភាសា និងសាសនា ដែលឥណ្ឌានិងអាស៊ានធ្លាប់មានជាមួយគ្នាកាលពីមុនមក។

គោលនយោបាយ  AEP​ ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​សម្របទៅតាម​ការ​ផ្លាស់​ប្តូរភូមិសាស្ត្រ​នយោបាយនៅក្នុងបរិបទនយោបាយថ្មី ដែលចិនចាប់ផ្តើមពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់។ ជារួម AEP មានគោលបំណងលើសពីសេដ្ឋកិច្ច ពោលគឺដើម្បីទប់ស្កាត់ការត្រួតត្រារបស់ចិននៅសមុទ្រចិនខាងត្បូង និងការកើនឡើងឥទ្ធិពលរបស់ចិននៅតំបន់មហាសមុទ្រឥណ្ឌា។ ក្រោមក្របខណ្ឌ AEP រដ្ឋាភិបាលឥណ្ឌាក៏បានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍនៃតំបន់ភាគឦសាននៃប្រទេសឥណ្ឌា ដោយកសាងហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀតដូចជាប្រទេសជប៉ុន និងបណ្ដាសមាជិកអាស៊ាន។

ការអនុវត្តគោលនយោបាយ AEP

ឥណ្ឌា​បាន​សហការ​ជាមួយ​វិស័យអាស៊ាន​ជាច្រើន​ដូចជាវិស័យ​សេដ្ឋកិច្ច ការតភ្ជាប់​ដោយ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ការពារជាតិជាដើម។

ទី១​ វិស័យសេដ្ឋកិច្ច៖ សេដ្ឋកិច្ចរវាងឥណ្ឌា និងអាស៊ានមានទំនាក់ទំនងពាណិជ្ជកម្មចាប់ផ្តើមកើនឡើងពីមួយឆ្នាំៗតាំងពីឆ្នាំ១៩៩២ ដោយអាស៊ានគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបួនរបស់ឥណ្ឌាក្នុងឆ្នាំ២០២២។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងអាស៊ានមានចំនួន ១៣១ ប៊ីលានដុល្លារក្នុងឆ្នាំ២០២២ ដែលកាលពីឆ្នាំ ២០១០មានចំនួន ៥៧ ប៊ីលានដុល្លារប៉ុណ្ណោះ។ ក្នុងការនាំចេញរបស់ឥណ្ឌាទៅកាន់អាស៊ាន មានចំនួន ៤៣,៥១ ប៊ីលានដុល្លារក្នុងឆ្នាំ២០២២ ខណៈដែលការនាំចូលពីអាស៊ានមានចំនួន ៨៧,៥៩​ ប៊ីលានដុល្លារ។ ការ​នាំ​ចេញ​ដ៏​សំខាន់​របស់​ឥណ្ឌា​ទៅ​កាន់​អាស៊ាន​រួម​មាន៖ គ្រឿង​ម៉ាស៊ីន ឧបករណ៍​ដឹក​ជញ្ជូន ត្បូង ​គ្រឿងអលង្ការ និងវាយនភ័ណ្ឌជាដើម។

ទី២ ការតភ្ជាប់​ (Connectivity)៖ បច្ចុប្បន្ន ប្រទេសឥណ្ឌាកំពុងធ្វើការជាមួយអាស៊ានលើគម្រោងតភ្ជាប់ជាច្រើន តាមរយៈផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ​ឥឡូវនេះ ប្រទេសឥណ្ឌាបាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅភាគឦសាននៃប្រទេសឥណ្ឌា ទៅកាន់សមាជិកអាស៊ាន។ ក្នុងនោះរួមមាន ទី១ ការ​សាងសង់ផ្លូវល្បឿនលឿ​នឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដែល​នឹង​តភ្ជាប់​តំបន់​ភាគឦសាន​របស់​ឥណ្ឌា​ទៅ​អាស៊ាន ​តាមរយៈ​ប្រទេស​មីយ៉ាន់ម៉ា ហើយបន្តមកកាន់ប្រទេសថៃ ដែលបច្ចុប្បន្ន គម្រោងនេះគ្រោងនឹងពង្រីកបន្ថែមមកកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាម។ ទី២ ការអភិវឌ្ឍនៃច្រករបៀងសេដ្ឋកិច្ចឥណ្ឌា-មីយ៉ាន់ម៉ា-បង់ក្លាដែស-ចិន ដែលនឹងតភ្ជាប់ប្រទេសទាំងបួនដោយផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស។ ការកសាងទាំងនេះនឹងជាចំណែកមួយក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ឥណ្ឌា​ឲ្យ​កាន់​តែ​ខ្លាំង​ឡើងជាងមុន។

ទី៣ វិស័យការពារជាតិ​ ប្រទេស​ឥណ្ឌានិង​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួនបាន​សហការ​គ្នាជាទ្វេភាគី ​និងជាអាស៊ានទាំងមូលអស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយកិច្ច​សហប្រតិបត្តិការ​នេះ​បាននិងកំពុងមាន​ការ​រីក​ចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ កិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនលើវិស័យការពារជាតិរវាងឥណ្ឌា និងអាស៊ានរួមមាន​ ការហ្វឹកហ្វឺនធ្វើសមយុទ្ធរវាងប្រទេសឥណ្ឌា និងសមាជិកអាស៊ាន ដូចជាសមយុទ្ធដែនសមុទ្រអាស៊ាន-ឥណ្ឌា (AIMLEX) និងលំហាត់ហ្វឹកហ្វឺនលើដែនដីអាស៊ាន-ឥណ្ឌា (AIMFTX) ដែលសមយុទ្ធទាំងនេះ បានជួយជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់តែមានប្រសិទ្ធភាព ដូចជាការប្រឆាំងភេរវកម្ម និងធ្វើឱ្យប្រទេសឥណ្ឌា និងសមាជិកអាស៊ានបង្កើនទំនុកចិត្តលើគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត ឥណ្ឌាបាននិងកំពុងផ្តល់បច្ចេកវិទ្យាការពារជាតិដល់ប្រទេសសមាជិកអាស៊ានមួយចំនួន ដូចជាវៀតណាម និងហ្វីលីពីន ​ទៅលើផ្នែក​នាវាកងទ័ពជើងទឹក យន្តហោះ និងប្រព័ន្ធរ៉ាដា ។ ឧទាហរណ៍ ថ្មីៗនេះ​ ហ្វីលីពីន និងវៀតណាមបាននិងកំពុងពង្រឹងសន្តិសុខរបស់ខ្លួន ដែល​ពួកគេ​បានរៀបចំ​ទិញគ្រាប់មីស៊ីល ​(Cruise missile ) ​របស់​ឥណ្ឌា​ឈ្មោះថា ប្រាម៉ូស (Brahmos)។ ជាពិសេស ប្រទេស​ឥណ្ឌា​បាន​ទទួលស្គាល់​​សេចក្តីសម្រេចដោយ​តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍​ (PCA)​ នៅ​ទីក្រុង​ឡាអេ ​ឆ្នាំ២០១៦ ដើម្បី​គាំទ្រ​ការទាមទារ​អធិបតេយ្យភាពរបស់​ហ្វីលីពីន ប្រឆាំង​ចិន​នៅ​សមុទ្រចិនខាងត្បូងទៀតផង។

ឧបសគ្គរបស់ឥណ្ឌាក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន

បើ​និយាយ​ពី​ការ​ចូលរួម​ផ្នែក​សេដ្ឋកិច្ច ឥណ្ឌា​គឺ​ជា​ពាណិជ្ជករ​ធំ​ជាង​គេ​ទី ៨ របស់​អាស៊ាន ដែលមាន​កម្រិត​ទាប​ជាង​ ​ដៃគូ​អាស៊ាន​ផ្សេង​ទៀត​ដូច​ជា​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង។ ការណ៍នេះគឺបណ្តាលមកពីកត្តាជាច្រើនដូចជារបាំងពន្ធគយ​ ដែលឥណ្ឌានិងអាស៊ានមានរបាំងពន្ធគយមួយចំនួន ដើម្បីការពារផលិតកម្មក្នុងស្រុក។ ជាពិសេស រដ្ឋាភិបាលឥណ្ឌាបានសម្រេចចាកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដោយសារតែរដ្ឋាភិបាលឥណ្ឌាព្រួយបារម្ភថាឧស្សាហកម្មឥណ្ឌាមិនទាន់អាចប្រកួតប្រជែងជាមួយប្រទេសដែលជាសមាជិក ជាពិសេសនោះគឺ ចិន។ អ្វីដែលសំខាន់បំផុត គឺការខ្វះខាតនៃការតភ្ជាប់រវាងអាស៊ាន និងឥណ្ឌា ដែលបញ្ហាទាំងនេះឥណ្ឌានិងសមាជិកអាស៊ាន បានព្យាយាមដោះស្រាយដោយបង្កើតគំនិតផ្តួចផ្តើមដូចដែលបានលើកឡើងខាងលើ ប៉ុន្តែមានឧបសគ្គមួយចំនួនក្នុងការធ្វើឱ្យគម្រោងនេះសម្រេចបានជោគជ័យ ដោយសារអស្ថិរភាពនៅមីយ៉ាន់ម៉ា និងបញ្ហាផ្សេងៗទៀតដែលធ្វើឱ្យគម្រោងនេះមានភាពយឺតយ៉ាវ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក ស្រេង ហេងសី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ