"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីចិនជួបប្រទះបញ្ហាតម្លៃទំនិញនិងសេវាចុះថោក (បរិផរណា)

គំនូរច្នៃប្រឌិតដោយ៖ លោក ឡេង ហត

ជាប្រទេសដែលមានការរីកចម្រើន ជាមហាយក្សសេដ្ឋកិច្ចលំដាប់លេខ២ក្នុងលោក និងជា​ប្រទេសដែលមានសង្វាក់ផលិតកម្មដ៏សម្បើមនាំចេញទៅប្រទេសជាច្រើនក្នុងពិភពលោកមិនថាអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក កាណាដា ជប៉ុន បារាំង ឬអង់គ្លេស។ ប៉ុន្ដែកាលពីថ្ងៃពុធ​ ទី៩​ សីហា ​​ប៉ុន្មានថ្ងៃមុននេះ ចិនបានប្រកាសទទួលស្គាល់ថាបានរងនូវ​​​វិបត្តិ​បរិត្តផរណា​ជា​ផ្លូវការ។ អ្វីទៅជា​​​វិបត្តិ​បរិត្តផរណា? ​ ​បរិត្តផរណា​សំដៅដល់តម្លៃ​ទំនិញ​និង​សេវា​​ចុះថោក។ បើតាមនិយមន័យពាក្យនេះវាហាក់ដូចជាល្អសម្រាប់អតិថិជននិងអ្នកប្រើប្រាស់ ព្រោះពួកគេអាចទិញទំនិញនិងទទួលសេវាកម្មនក្នុងតម្លៃថោកព្រម ដែលអាចជួយសន្សំសំចៃហិរញ្ញវត្ថុក្នុងគ្រួសារទៀតផង។ យ៉ាងណាមិញវាមិនល្អដូចនេះទេ បាតុភូតនេះវានឹងធ្វើឱ្យពន្យឺតសន្ទុះរីកចម្រើនរបស់សេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្ម​ ខណៈដែលចិនមានមហិច្ឆតាជាប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងពិភពលោក។

តើបរិផរណា(Deflation) និងអតិផរណា(Inflation) ខុសគ្នាយ៉ាងដូចម្ដេច?

​តាមសន្ទានុក្រម​ពាក្យថ្មីរៀបរៀង​ដោយ​សាស្ត្រាចារ្យ ទូច គឹម​ស្រ៊ាង សមាជិក​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បរិផរណា មានន័យថា ការដក​ចំនួន​រូបិយវត្ថុ​មួយ​ភាគ ចេញពី​ទីផ្សារ​ដែល​លើស​ចំនួន​ត្រូវការ​ចរាចរណ៍​របស់​សាច់ប្រាក់ ដើម្បី​ធ្វើ​ឲ្យ​ចំនួន​រូបិយវត្ថុ​សមាមាត្រ​និង​តម្រូវការ​ចាំបាច់​សម្រាប់​ចរាចរណ៍​ឬនិយាយឲ្យស្រួលយល់គឺតម្លៃ​ទំនិញ​និង​សេវា​​ចុះថោក។ រីឯអតិផរណាមានន័យថា ទំនិញ ឬ​សេវា​ឡើងថ្លៃ រីឯ​ប្រាក់​ចុះថោក​។ យ៉ាងណាក៏ដោយ ចំពោះវិបត្តិទាំងពីរនេះសុទ្ធតែជះផលអវិជ្ជមានដល់សេដ្ឋកិច្ចជាតិដូចគ្នាយើងមិនអាចនិយាយថាមួយណាល្អជាងមួយណានោះទេ? ព្រោះថាបើតម្លៃទំនិញឡើងថ្លៃ ប្រជាជនគ្មានលទ្ធភាពទិញទំនិញដោយសារគ្មានប្រាក់ក្នុងការបញ្ជាទិញ តែបើទំនិញចុះថោកខ្លាំង ប្រជាជនរងចាំទិញតែទំនិញថោកបំផុត ធ្វើឲ្យតម្រូវការថយចុះនាំឲ្យក្រុមហ៊ុនលែងផលិតដោយសារគ្មានតម្រូវការ។

កត្តាចម្បងនាំឲ្យចិនធា្លក់ក្នុងវិបត្តិបរិផរណា

ការលើកឡើងរបស់​សេដ្ឋវិទូ​ ​​​បរិផរណាជាវិបត្តិវិល​វល់ ហើយមានគ្រោះ​ថ្នាក់ណាស់​សម្រាប់សេដ្ឋកិច្ច។ វាមានភាពស្មុគស្មាញនិងប្រើពេលវេលាច្រើនក្នុងការរិះរកមធ្យាបាយដោះស្រាយ ហើយបើសម្រាប់ចិនគឺដោយសារតែ​តម្រូវ​ការ​ក្នុង​ស្រុក​​ធ្លាក់ចុះ។ ហើយកាលណាតម្រូវការថយចុះ រោងចក្រ សហគ្រាស​ត្រូវ​​​បន្ថយការ​ផលិត ​ត្រូវបន្ថោក​តម្លៃទំនិញ និងកាត់បន្ថយចំនួនបុគ្គលិក។ យោងទៅតាមសារព័ត៌មានវិទ្យុបារាំងអន្ដរជាតិ តាមពិតទៅចិនក៏ធ្លាប់ធ្លាក់ក្នុង​​វិបត្តិ​បរិត្តផរណាកាលពីឆ្នាំ២០០៩ និងកាលពី​ចុង​ឆ្នាំ​២០២០និង​ដើម​ឆ្នាំ​២០២១ ដោយនៅអំឡុងនោះ​តម្លៃ​សាច់ជ្រូកដែលជាសាច់ពេញនិយមចុះថោក​យ៉ាង​ខ្លាំង។ ចំពោះបច្ចុប្បន្ន មូលហេតុដែលធ្វើឲ្យមានបរិផរណានោះ គឺការថយចុះតម្រូវការទិញទំនិញ និងភាពអស់ទំនុកចិត្តរបស់អតិថិជនចំពោះវិស័យអចលនវត្ថុ។ ជាក់ស្ដែងក្រុមហ៊ុន​អចលនទ្រព្យ ​Country Garden ដែល​ធ្លាប់ជួយ​​​អូស​ទាញ​កំណើន​និងរក្សា​​ស្ថិរភាព​សេដ្ឋកិច្ច​ជាតិរបស់ចិន និងឈានមុនគេបានប្រកាសការ​ដួល​រលំ ដោយលង់ក្នុងបំណុលប្រមាណ​១៥០ពាន់​លាន​អឺរ៉ូកាលពី២០២២។  បើក្រឡេកមើលទៅលើសន្ទស្សន៍​តម្លៃ​ផលិតកម្មបន្ត​​ធ្លាក់​ចុះ​ ​កាលពីខែ​កក្កដាតម្លៃផលិតកម្មធ្លាក់ដល់​៤,៤% ជា​គម្រប់​១០​ខែ​ជាប់​គ្នា​ និង​៥,៤%​កាលពី​ខែ​មិថុនា២០២៣ យោងតាម​ការិយាល័យ​ស្ថិតិជាតិ ​។ ជារូបភាពជាក់ស្ដែងមួយទៀត តម្លៃភាគហ៊ុន​ផ្នែកបច្ចេកវិទ្យាទំនើបចិន នៅ​លើទីផ្សារ​ Nasdaq បានរួញខើច ធ្លាក់ចុះចំនួន​ ១,៣៨%នោះក៏ដោយសារ ​សារ​​ការបាត់បង់​តម្លៃ​របស់​​ភាគហ៊ុន Tesla ដែលបានធ្លាក់​ចំនួន​១០%​។​ ម្យ៉ាងទៀត ធនាគារ​អាមេរិក​Goldman Sachsរាយការណ៍ថាការនាំចេញរបស់ចិនមានការធ្លាក់ចុះក្នុង​កំរិត​ទាប​បំផុត​ មិន​ធ្លាប់​ប្រទះ​គឺថយចុះ​ខ្លាំង១៤,៤% ជាប្រវត្តិសាស្ដ្រលើកទី១តាំងពីឆ្នាំ១៩៩៨មក។

ចំពោះវិបត្តិបរិផរណាលើកនេះសេដ្ឋវិទូបានទាយថា វានឹងមានសភាពធ្ងន់ធ្ងរ​ខ្លាំង ព្រមទាំងអូស​បន្លាយ​ពេល​យូរ ដោយសារ​ស្ថានភាពសេដ្ឋកិច្ច​ចិនមិន​ល្អ​ស្ទើរគ្រប់វិស័យ។

តើបរិផរណាប៉ះពាល់ចិននិងមុខមាត់មហាអំណាចនេះយ៉ាងដូចម្ដេច?

មុននេះលោកអ្នកបានដឹងពីកត្តាដែលធ្វើឲ្យមានបរិផរណានៅប្រទេសចិនរួចហើយ បន្ដមកទៀតយើងនឹងបង្ហាញពីផលប៉ះពាល់របស់វា។ ដោយទំនិញថយចុះតម្លៃ រោងចក្រនានាបានកាត់បន្ថយការផលិតនិងបន្ថយបុគ្គលិក គិតត្រឹតខែមិថុនាយុវជនគ្មានការងារធ្វើដែលមានអាយុចន្លោះពី១៦ឆ្នាំទៅ២៤ឆ្នាំមានរហូតដល់២១%ជាចំនួនច្រើនមិនធ្លាប់មាន នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។ និស្សិតបញ្ចប់ការសិក្សាចំនួន ១១,៥៨លាននាក់នឹងពិបាករកការងារធ្វើនាពេលខាងមុន។ បន្ថែមពីលើនេះភាពតានតឹងផ្នែក ភូមិសាស្ដ្រនយោបាយជាមួយអាមេរិក និងការប្រកួតជែងសេដ្ឋកិច្ចពីបណ្ដាប្រទេសដទៃនោះគឺធ្វើឲ្យចិនពិបាកក្នុងការលក់ផលិតផលរបស់ខ្លួន ក្រុមហ៊ុនធំៗប្រកាសក្ស័យធននិងលិចលង់ជ្រៅក្នុងបំណុលពិសេសក្រុមហ៊ុនអចលនទ្រព្យធំៗដែលទម្ពក់ថ្កក់ចំនួនផលិតផលក្នុងស្រុកទំលាក់ចុះមិនធ្លាប់មាន។ ឯវិនិយោគិនបរទេសដោយមើលមិនឃើញ អំពីការងើបវិញរបស់សេដ្ឋកិច្ចចិនធ្វើឲ្យគេរអាក្នុងការបោះទុនវិនិយោគណាស់ ជាពិសេសពួកគេផ្ទាល់ប្រុងប្រយ័ត្ន និង​មិនទុកចិត្ត​​លើ​ទីផ្សារចិននោះទេ។ នេះជាភាពអាម៉ាស់ណាស់របស់ចិន ដោយសារប្រទេសនានាលែងទុកចិត្ត ហើយធ្លាប់តែជាមហាអំណាចសេដ្ឋកិច្ចទី២បែរជាមកត្រូវរាំងស្ទះការបញ្ចេញទំនិញទៅវិញ។

តើចិនគួរដោះស្រាយវិបត្តិដ៏សម្បើមនេះដោយរបៀបណា?

មានការបញ្ចេញមតិច្រើនគួរសមដែរ ចំពោះបញ្ហានេះជាក់ស្ដែងអ្នក​វិភាគ​នៅធនាគារ​ជប៉ុន សំណូម​ចិន​បញ្ចុះ​តម្លៃប្រាក់យ័ន​ដែល​តាម​បច្ចេកទេស​នឹង​ធ្វើ​ឱ្យ​តម្លៃ​ទំនិញ​ចិន​មានភាព​ប្រកួត​ប្រជែង​ខ្លាំង​នៅ​បរទេស ដើម្បី​ជំរុញ​វិស័យ​នាំ​ចេញ។ ចំពោះរដ្ឋាភិបាលចិនវិញក៏កំពុងរិះរកវិធីសាស្ដ្រយ៉ាងប្រញ៉ាប់ប្រញ៉ាល់ស្ដារសេដ្ឋកិច្ចផងដែរថ្មីៗនេះ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងជួយស្រោចស្រង់វិស័យអចលនទ្រព្យ ព្រោះអចលនទ្រព្យ​ជា​វិស័យ​គន្លឹះ​នៃ​សេដ្ឋកិច្ចជាតិ។ រដ្ឋាភិបាលបានដាក់​ចេញ​នូវ​វិធានការ​ចំនួន ១៦ចំណុច ​រួម​មាន ការ​ពន្យារ​ពេល​សង​បំណុល​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ណា​ដែល​មិន​អាច​សងបំណុល​គេ​ទាន់​ពេល ការ​លើកទឹកចិត្ត​ឲ្យ​ធនាគារ​ផ្តល់​ប្រាក់កម្ចី​បន្ថែម ឬ​ធានា​ពី​ការ​ផ្តល់​សាច់ប្រាក់​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ដើម្បី​ឲ្យ​ពួក​គេ​បញ្ចប់​ការ​សាងសង់​ដែល​បាន​ផ្អាក​នៅ​ពាក់​កណ្តាល​ទី។ ពិសេសមួយទៀតចិនបានខិតខំព្យាយាមធ្វើដំណើរទស្សនកិច្ចទៅបណ្ដាប្រទេសនានា ដើម្បីរិតចំណងមិត្តភាពរួមទាំងសេដ្ឋកិច្ច។ ចក្ខុវិស័យចំពោះសេដ្ឋកិច្ច គឺថានឹងមានការងើបឡើងវិញឆាប់ៗនេះព្រោះដោយសារការដំណោះស្រាយរបស់រដ្ឋាភិបាលទាក់ទិននឹងការលើកទឹកចិត្តក្រុមហ៊ុន រោងចក្រ សហគ្រាស មួយវិញទៀតឃើញថាមិនថាអាស៊ីឬអឺរ៉ុបទំនិញចិនគឺក្លាយជាទំនិញឈានមុនដោយសារតម្លៃសមរម្យដែលជួយដល់សេដ្ឋកិច្ចគ្រួសារអ្នកទិញបានយ៉ាងច្រើន។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា​ ហី ចាន់នី
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ