កាលពីប៉ុន្មានសប្តាហ៍មុន លោក ចាស្ទីន ទ្រូដូរ (Justin Trudeau) នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា បានចោទប្រកាន់ដោយបើកចំហទៅលើរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ជុំវិញការស្លាប់របស់លោក ហាឌីប ស៊ីកនីចារ (Hardeep Singh Nijjar) ដែលជាថ្នាក់ដឹកនាំសាសនាស៊ីកម្នាក់ (Sikh Separatist)។ ការចោទប្រកាន់នេះបានប៉ះពាល់ជាខ្លាំងទៅលើកិត្តិនាមរបស់រដ្ឋាភិបាល ឥណ្ឌា និង កាណាដាផ្ទាល់ ហើយវាក៏បានជះឥទ្ធិពលទៅលើទំនាក់ទំនងប្រទេសទាំងពីរផងដែរ។
តើលោក ហាឌីប ស៊ីក នីចារ គឺជានរណា ហើយមានឥទ្ធិពលយ៉ាងណានៅក្នុងសាសនាស៊ីក? តើមានហេតុការណ៍អ្វីខ្លះកើតឡើងពាក់ព័ន្ធទៅនឹងការស្លាប់របស់គាត់?
លោក ហាឌីប ស៊ីក នីចារ (Hardeep Singh Nijjar) បានកើតក្នុងរដ្ឋ Punjab ភាគខាងជើងនៃប្រទេសឥណ្ឌាក្នុងឆ្នាំ ១៩៧៧ ហើយលោកបានក៏ធ្វើចំណាកស្រុកចេញទៅប្រទេសកាណាដា ក្នុងឆ្នាំ ១៩៩៧ ដើម្បីតែជីវភាព និង កេរ្តិ៍ឈ្មោះរបស់សាសនាស៊ីក នៅឯរដ្ឋ British Columbia ផងដេរ។ មិនយូរប៉ុន្មាន លោកបានទទួលភាពល្បីល្បាញខាងវោហាស័ព្ទ និង ការតស៊ូរបស់លោកចំពោះសាសនាស៊ីក (Sikhism) ក្នុងការបង្កើតរដ្ឋ Khalistan សម្រាប់ជាស្រុកកំណើតដាច់ដោយឡែកសម្រាប់ ជនជាតិភាគតិចសាសនាស៊ីក ដែលមានចំនួន ២% នៃចំនួនប្រជាជនឥណ្ឌាសរុប។ ចលនាក្នុងការបង្កើតរដ្ឋ Khalistan នេះមានឥទ្ធិពលយ៉ាងខ្លាំង រហូតដល់រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានចាត់ទុកលោក នីចារ (Nijjar) ជាភេរវករ និងជាមេក្លាងកងកម្លាំង Khalistan Tiger (KTF) ដែលជាក្រុមសកម្មប្រយុទ្ធហាមឃាត់នៅក្នុងប្រទេសឥណ្ឌាតែម្តង។ មិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះទេ លោក នីចារ ក៏បានសាងកិត្តិនាមនៅតាមបណ្តាប្រទេសផ្សេងៗដូចជា កាណាដា អង់គ្លេស អាមេរិក និង អូស្ត្រាលីផងដែរ។ គួរបញ្ជាក់ថា ក្នុងនោះ ប្រទេសឥណ្ឌា និង ប្រទេសកាណាដា គឺជាបណ្តាប្រទេសទូទាំងសកលលោក ដែលមានចំនួនជនជាតិស៊ីក (Sikh) ច្រើនជាងគេបង្អស់បើធៀបនឹងប្រទេសមហាអំណាចដទៃ ហើយក្រុមស៊ីកនេះមានប្រហែល ១.៧% នៃចំនួនប្រជាជនស៊ីកសរុប ដែលមានដើមកំណើតនៅតំបន់ Punjab នៃប្រទេសឥណ្ឌា ព្រមទាំងមានចំនួនប្រមាណ ២.១% នៃចំនួនប្រជាជនកាណាដាគិតត្រឹមឆ្នាំ២០២១។
ចំពោះរឿងនេះផងដែរ រដ្ឋាភិបាលឥណ្ឌា បានគេចេញដីកាចាប់ខ្លួនទៅលើលោកនីចារ នៅក្រោមច្បាប់ភេរវកម្មរបស់ប្រទេសឥណ្ឌាសម្រាប់ករណីជាច្រើនដែលរដ្ឋាភិបាលឥណ្ឌាបានចោទប្រកាន់ថាជាទង្វើ របស់លោកនីចារ រួមទាំងការទម្លាក់គ្រាប់បែកក្នុងរោងកុនឆ្នាំ ២០០៧ នៅរដ្ឋ Punjab ដែលបានសម្លាប់មនុស្ស ៦ នាក់ និងរបួស ៤០ នាក់ និងការធ្វើឃាតអ្នកនយោបាយឥណ្ឌា Sikh Rulda Singh ឆ្នាំ ២០០៩ ផងដែរ។ ចំពោះប្រទេសកាណាដាវិញ លោក នីចារ គឺត្រូវបានគេស្គាល់ថាជាបុគ្គលដែលធ្វើអ្វីៗដោយសន្តិវិធីសម្រាប់ឯករាជ្យភាពរបស់សាសនាស៊ីកនៅរដ្ឋ British Columbia និងជាបុរសម្នាក់ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសហគមន៍របស់គាត់ទាំងមូល។
តែជាអកុសល លោក នីចារត្រូវបាន សម្លាប់ដោយខ្មាន់កាំភ្លើងពីរនាក់ ស្លៀកសម្លៀកខ្មៅ ជាមួយនឹងក្រណាត់រុំក្បាល នៅខាងក្រៅប្រាសាទសាសនាស៊ីក នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅឯជាយក្រុង Vancouver នៃទឹកដីប្រទេសកាណាដា។
ការស្លាប់របស់លោកបានចោទជាបញ្ហាជាខ្លាំងទៅដល់ប្រទេសទាំងពីរ ក៏ដូចជាប្រទេសសមមិត្តនានាផងដែរ ព្រោះថាលោក នីចារ គឺជាបុគ្គលដែលមានឈ្មោះបោះសំឡេងទាំងផ្នែកសាសនា និង នយោបាយនៅតាមបណ្តាប្រទេសទាំងនេះ ហើយក៏បានក្លាយជាប្រធានបទក្នុងកិច្ចពិភាក្សានានាជាច្រើនលើកច្រើនសាររួចមកហើយ។ គេប៉ាន់ស្មានថា ការស្លាប់របស់សកម្មជនមួយរូបនេះ អាចជាការគំរាមកំហែងដល់សុវត្ថិភាពសកម្មជនសាសនាស៊ីកទាំងមូល ពិសេសនៅឥណ្ឌា និង កាណាដា។ មិនតែប៉ុណ្ណោះ លោក Anthony Blinken រដ្ឋលេខាធិការសហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសទាំងពីររួមសាមគ្គីគ្នាជាធ្នុងមួយក្នុងការស៊ើបអង្កេតអំពីបញ្ហាខាងលើនេះ។
សរុបមក បើទោះបីជាមានការស៊ើបអង្កេត និង ការចោទប្រកាន់គ្នាទៅវិញទៅមកមែនពិត តែមូលហេតុនៃការស្លាប់របស់លោក ហាឌីប ស៊ីក នីចារ នៅតែមានភាពស្រពេចស្រពិលនៅឡើយ ហើយវានៅតែជាបញ្ហាចោទសម្រាប់ប្រទេសទាំងសងខាង ជុំវិញផ្នែកសន្តិសុខ និង កិច្ចសហប្រតិបត្តិការនានា។ រដ្ឋាភិបាលឥណ្ឌា កាណាដា និង អ្នកកាន់សាសនាស៊ីកទាំងមូល នៅតែបន្តជីករកឬសគល់ឃាដកម្មនេះ ដើម្បីកុំឱ្យមានឥទ្ធិពល និង ការប៉ះពាល់ទៅមុខទៀតសម្រាប់ទំនាក់ទាំនងរវាងភាគីទាំងអស់។