"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ ការកើនកម្តៅទំនាក់ទំនងរវាងកាណាដានឹងឥណ្ឌាចំពោះឃាតកម្មលើមេដឹកនាំសាសនាស៊ីក្ខ

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ប៊ុន សុខបញ្ញា

កាណាដានិងឥណ្ឌាសុទ្ធតែជាប្រទេសធំៗនៅក្នុងសាកលលោកនិងជាប្រទេសលទិ្ធប្រជាធិបតេយ្យសំខាន់ៗផងដែរ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ស្រាប់តែប្រទេសទាំងពីរបានជួបនូវវិបត្តិការទូតមួយបានកើតឡើង ព្រោះតែការស្លាប់របស់មេដឹកនាំសាសនាស៊ីក្ខដ៏សំខាន់ម្នាក់នៅក្នុងប្រទេសកាណាដាគឺលោក Hardeep Singh Nijjar​។ ការស្លាប់របស់លោកត្រូវបានអាជ្ញាធរកាណាដាបានបើកការស៊ើបអង្កេតយ៉ាងតឹងរឹង ហើយបានបញ្ជាក់មានការជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលឥណ្ឌាផងដែរ។ នេះហើយគឺជាការចាប់ផ្តើមឲ្យមានភាពតានតឹងក្នុងវិស័យការទូតរបស់ប្រទេសទាំងពីររហូតឈានដល់ការកោះហៅមន្រ្តីទូតទៅសួរនាំនិងបណ្តេញមន្ត្រីការទូតខ្លះចេញពីប្រទេសទាំងពីរធ្វើដាក់គ្នាទៅវិញទៅមកផងដែរ។តើមានមូលហេតុអ្វីទៅទើបធ្វើឲ្យកាណាដាមានការចោទប្រកាន់ឥណ្ឌាលើឃាតកម្មរហូតឈានទៅដល់ការប្រដេញមន្រ្តីទូតចេញពីប្រទេសរៀងៗខ្លួន?

១. មូលហេតុនៃការតានតឺងខាងការទូតរវាងប្រទេសទាំងពីរ

ដូចដែលយើងបានដឹងហើយថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៤៧មកម៉្លេះ។ តែឥណ្ឌានិងកាណាដាតែងតែប្រឈមមុខនឹងវិបត្តិការទូតមួយចំនួនដែលទាក់ទងទៅនឹងជនជាតិដែលចង់ផ្តាច់ខ្លួនពីប្រទេសឥណ្ឌាទៅវិញ។ ចំពោះបញ្ហានេះជារឿយ ឥណ្ឌាតែងតែចោទប្រកាន់ទៅខាងកាណាដា​ថាជាជម្រកសុវត្ថិភាពមួយសំរាប់ក្រុមជនជាតិដែលពួកគេចាត់ទុកថាជាភេរវករចង់បំបែកទឹកដីពីខ្លួន ដូចជាពួកខាលីស្តង់(Khalistan)​ជាដើម។ ពួកខាលីស្តង់​គឺជាពួកកាន់សាសនាស៊ីក(Sikhs)​និងជាចលនាចង់បំបែកខ្លួនសំរាប់ជនជាតិដើមរបស់ពួកគេដែលកាន់សាសនានេះក្នុងប្រទេសឥណ្ឌា។ មូលហេតុនេះហើយបានជាប្រទេសដែលប្រជាជនច្រើនលើលោកនេះបានចាត់ទុកពួកខាលីស្តង់នេះជាពួកភេរវករដែលបំផ្លាញសន្តិសុខរបស់ពួកគេ។ គួរឲ្យដឹងបានដែរថានៅក្នុងប្រទេសកាណាដាមានចំនួនជនជាតិភាគតិចកាន់សាសនាស៊ីកទៅដល់ ៨សែននាក់ដែលស្មើនឹង២.១ភាគរយនៃប្រជាជនកាណាដាសរុបក្នុងឆ្នាំ២០២១។ តែចំពោះការចាត់ប្រកាន់អ្នកកាន់សាសនាស៊ីកឬខាលីស្តង់នេះជាពួកភេរវករ ត្រូវបានអាជ្ញាធរកាណាដាបានច្រានចោល ព្រោះតែកាណាដាបានចាត់ទុកគេជាប្រជាពលរដ្ឋធម្មតាក្នុងការគោរពប្រតិបត្តិសាសនានិងចង់ទាមទារសិទ្ធរស់នៅរបស់ពួកគេ ហើយពួកគេក៏ជាប្រទេសប្រជាធិបតេយ្យសេរី និងបើកសិទ្ធិទូលាយក្នុងការគោរពសាសនា ហើយពួកកាន់សាសនាស៊ីកក៏សុទ្ធតែប្រជាជនរបស់ខ្លួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ចំណងការទូតរបស់ប្រទេសទាំងពីរចាប់ផ្តើមតានតឹងខ្លាំងក្រោយពេលមានឃាតកម្មលើលោក Hardeep Singh Nijjar​ ដែលជាមេដឹកនាំសាសនាស៊ីកដ៏ល្បីនៅក្នុងទីក្រុង Vancouver ក្នុងទឹកដីកាណាដា នៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៣។ លោក Nijjar មិនត្រឹមតែជាមេដឹកនាំសាសនាស៊ីកនោះទេ លោកក៏ជាពលរដ្ឋកាណាដាមួយរូបផងដែរ។ ក្រោយពីការស្លាប់របស់លោកហើយ អាជ្ញាធរកាណាដាក៏ចាប់ផ្តើមការស៊ើបអង្កេតឡើងពីការបាញ់សម្លាប់លោកនៅក្រៅវិហារនៃសាសនាស៊ីក។ ជាលទ្ធផល ក្រោយការស៊ើបរបស់អាជ្ញាធរបានបញ្ជាក់ថាអំពើឃាតកម្មនេះមានជាប់ពាក់ព័ន្ធពីក្រោយទៅនឹងឥណ្ខាដែលពួកគេបានចាត់ទុកលោក Nijjar ជាភេរវករសំរាប់ប្រទេសខ្លួនផងដែរ។ ប៉ុន្តែឥណ្ឌាបានច្រានចោលនៅការចាត់ប្រកាន់ទាំងស្រុងថាខ្លួនមិនបានពាក់ព័ន្ធអ្វីឡើយជាមួយអំពើឃាតកម្មមួយនេះ ហើយបានលើកឡើងថាខ្លួនជាប្រទេសដែលគោរពនូវនីតិរដ្ឋនិងអះអាងថាការចោទដោយកាណាដាគឺគ្មានមូលដ្ឋានត្រឹមត្រូវនោះទេ។

២. វិបត្តិការទូតរវាងប្រទេសទាំងពីរ

គួរឲ្យកត់សម្គាល់ផងដែរ លោកនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូរ​ បានចូលរួមការប្រជុំG-20នៅក្នុងប្រទេសឥណ្ឌានៅខែកញ្ញាឆ្នាំ២០២៣។ គេសង្កេតឃើញថាខុសពីសព្វរាល់ដង ក្នុងនាមជាប្រទេសធំមួយ កាណាដាគួរតែមានជំនួបដាច់ឡែកជាមួយម្ចាស់ផ្ទះនៃកិច្ចប្រជុំដូចជាឥណ្ឌាដើម្បីបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការទូតបន្ថែម ប៉ុន្តែលើកនេះ គឺបានត្រឹមជួបក្នុងកិច្ចប្រជុំនិងការទទួលបដិសណ្ឋាកិច្ចរបស់ឥណ្ឌាក្នុងនាមជាម្ចាស់ផ្ទះប៉ុណ្ណោះ ហើយជំនួបរវាងប្រទេសទាំងពីរដាច់ដោយឡែកមិនបានកើតឡើងឡើយព្រោះលោកនាយករដ្ឋមន្រ្តី ណារិនត្រា មូឌី មានកង្វល់ចំពោះហេតុការណ៍ដែលកើតឡើងលើមេដឹកនាំសាសនាស៊ីកដែលកើតឡើងក្នុងប្រទេសកាណាដា ត្រូវបានលោក ចាស្ទីន ទ្រូដូរលើកឡើងក្នុងការពិភាក្សាការងារប្រទេសទាំងពីរដែលអាចនាំអាចមានភាពតានតឹងនិងប៉ះពាល់លើកិច្ចពិភាក្សាពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ នៅថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តីកាណាដាបានថ្លែងទៅកាន់សភាថា”ការចូលរួមឃុបឃិត​​ពីសំណាក់រដ្ឋាភិបាល​ប្រទេសមួយ នៅក្នុងអំពើឃាតកម្ម​សម្លាប់ជនជាតិ​កាណាដា នៅ​លើ​ទឹកដី​កាណាដា​ដោយផ្ទាល់បែបនេះ​ វាគឺជារឿង​បំពាន​​ដ៏​ធ្ងន់ធ្ងរ ដែ​ល​ប៉ះពាល់​មកលើ​អធិបតេយ្យភាពរបស់កាណាដា” ដែលចង់សំដៅលើឥណ្ឌានេះឯង។ ពេលដែលបានដឹងការលើកឡើងនេះ ហើយក្រសួងការបរទេសឥណ្ឌាបានចេញមុខបដិសេធទាំងស្រុងភ្លាមៗតែម្តង។ ភាពតានតឹងរបស់ប្រទេសទាំងពីរនេះបានឈានដល់ការបណ្តេញចេញអ្នកការទូតចេញពីប្រទេសរៀងៗខ្លួនផងដែរ។ ក្នុងនោះ កាណាដាបានបណ្តេញអ្នកការទូតជាន់ខ្ពស់ឥណ្ឌាដែលជាប្រធានប្រតិបត្តិការស៊ើបការសម្ងាត់បរទេសរបស់ប្រទេសនេះ។ចំណែកប្រទេសឥណ្ឌាបានបណ្តេញនិងកំណត់ពេលវេលាសំរាប់មន្រ្តីការទូតកាណាដាត្រឹមថ្ងៃ១០ តុលានិងព្រមទាំងព្រមានពលរដ្ឋខ្លួនដែលរស់នៅក្នុងប្រទេសកាណាដាថាគួរប្រុងប្រយ័ត្នបំផុតដោយសារតែមានការកើនឡើងនៃសកម្មភាពប្រឆាំងនឹងឥណ្ឌានិងចោទមន្រ្តីការទូតកាណាដាថាបានជ្រៀតជ្រែងក្នុងបញ្ហាផ្ទៃក្នុងនិងចូលរួមចលនាប្រឆាំងនឹងឥណ្ឌាទៀតផង។ ទោះជាមានការចោទប្រកាន់គ្នាទៅវិញទៅមកក៏ដោយ គិតត្រឹមពេលនេះខាងអាជ្ញាធរកាណាដានៅមិនទាន់រកឃើញភស្តុតាងដែលទាក់ទងនឹងឥណ្ឌាសំរាប់ឃាតកម្មនេះនៅឡើយទេ តែទោះជាយ៉ាងណាកាណាដាក៏បានស្នើឲ្យភាគីឥណ្ឌាចូលរួមក្នុងការស៊ើបអង្កេតផងដែរដើម្បីរំងាប់ភាពតានតឹងនៅនឹងមុខរវាងប្រទេសទាំងពីរ។

សរុបមក បញ្ហាការទូតរបស់ប្រទេសទាំងពីរកើតឡើងដោយសារការស្លាប់មេដឹកនាំសាសនាស៊ីកដែលមានសញ្ជាតិកាណាដាតែជាសត្រូវរបស់ឥណ្ឌាដែលចាត់ទុកជាភេរវករបំបែកទឹកដីខ្លួន។ ការស្លាប់នេះត្រូវបានកាណាដាចោទប្រកាន់ដោយផ្ទាល់ទៅនឹងឥណ្ឌាតែម្តងរហូតដល់ថ្នាក់បង្កភាពតានតឹងបណេ្តញមន្រ្តីការទូតមួយចំនួនចេញពីប្រទេសទាំងពីរ។ ការចោទប្រកាន់នេះគឺចេតនាកាណាដាចង់ការពារសិទ្ធិសេរីភាពប្រជាជនខ្លួនដែលរស់នៅក្នុងទឹកដីខ្លួន ចំណែកឯឥណ្ឌាចេញមកការពារខ្លួនថាជាប្រទេសនីតិរដ្ឋប្រកាន់ច្បាប់ជាធំមិនបានប្រព្រឹត្តិអ្វីខុសឆ្គងឡើយ។​ រឿងចោទប្រកាន់គ្នានេះក៏បានធ្វើឲ្យមានការគំរាមគំហែងខ្លាំងចំពោះពាណិជ្ជកម្មប្រទេសទាំងពីរផងដែរ ប្រសិនជាពួកគេមិនព្រមកាត់បន្ថយភាពតានតឹងមួយនេះ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក វ័ន្ត គីមគ័ង
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ