ទីណាមានសង្រ្គាម ទីនោះមានការបង្ហូរឈាម ទីណាមានសង្រ្គាម ទីនោះមានភាពសោកសៅនិងសេចក្ដីវិនាសអន្ដរាយ។ បើយើងមិនបញ្ឈប់សង្រ្គាមទេ សង្រ្គាមនឹងបញ្ចប់យើង។ ប្រជាជននៅលើពិភពលោករមែងចង់បាន សេចក្ដីសុខ សន្ដិភាព និងរួមរស់នៅជាមួយគ្នាដោយសេចក្ដីស្រឡាញ់ គ្មានការរើសអើង ស្អប់ខ្ពើម។ ចុះតើហេតុអ្វីបានជាសង្រ្គាមតែងតែកើតមាននៅលើសកលលោកយើង? តើវាជាជម្រើស ឬបំណងក្នុងការបង្តើតសង្រ្គាម? ថ្មីៗនេះនៅតំបន់មជ្ឍឹមបូព៌ាមានសង្រ្គាមកើតឡើងរវាងក្រុមភេរវកម្មហាម៉ាស(ចលនាអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស) និងអ៊ីស្រាអែល ដែលរឿងនេះបណ្ដាលឲ្យមហាជនទូទាំងពិភពលោកចាប់អារម្មណ៍ព្រមទាំងធ្វើការវិនិច្ឆ័យចំពោះសកម្មភាពភាគីទាំងពីរ គឺរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស។ យ៉ាងណាក៏ដោយគេមិនទាន់ឃើញដំណោះស្រាយបញ្ចប់សង្រ្គាមនេះទេរហូតទល់ពេលនេះ ភាគីទាំងពីរនៅតែបន្ដបាញ់មីស៊ីលទៅវិញទៅមក និងចាប់ពលរដ្ឋស្លូតត្រង់ជាចំណាប់ខ្មាំងដែលភាគច្រើនជាស្ដ្រី និងកុមារ។ យើងបានដឹងហើយថា ភាគីដែលចាប់ផ្ដើមសង្រ្គាមមុន គឺភាគីហាម៉ាស ហើយត្រូវបានអ៊ីស្រាអែលវាយបកវិញយ៉ាងខ្លាំងក្លាដែលធ្វើឲ្យតំបន់កាហ្សាខ្ទេចខ្ទីជាពិសេស ផ្ទះសំបែងប្រជាជន មន្ទីពេទ្យ និងតំបន់ជ្រកកោនរបស់ជនភៀសខ្លួន។ តើអ៊ីស្រាអែលកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅប៉ាឡេស្ទីនឬយ៉ាងណា? តែមុននឹងឈានចូលដល់ការឆ្លើយតបនឹងសំណួរ លោកអ្នកគួរបានដឹងពីព័ត៌មានខ្លះៗជាមុនសិន៖
តើក្រុមហាម៉ាសជានរណា?
ក្រុមហាម៉ាសនេះ គឺជាចលនាប្រឆាំងអ៊ីស្រាអែលដ៏ធំមួយកាន់កាប់តំបន់កាហ្សា ដែលមានប្រជាជនរស់នៅជាង ២លាននាក់។ ក្រុមនេះគ្រប់គ្រងកាហ្សា តាំងពីឆ្នាំ២០០៧ តាមរយៈជ័យជំនះលើការបោះឆ្នោតប្រជែងជាមួយក្រុម Fatah ហើយក្រុម Fatah កំពុងកាន់កាប់ទឹកដីត្រើយខាងលិច (West Bank)សព្វថ្ងៃ។ ក្រុមហាម៉ាសមានសមាជិក៤០០០០នាក់ ហើយប្រតិបត្តិគោលការណ៍ ៣យ៉ាងតឹងរឹងដូចជា សាសនា ការជួយសង្រ្គោះ និងប្រយុទ្ធប្រឆាំងអ៊ីស្រាអែល។ ចំណាំ៖ ក្រុមសកម្មប្រយុទ្ធហាម៉ាស ត្រូវបានចាត់ទុកជាក្រុមភេរវករដោយបណ្ដាប្រទេសធំៗលើសកលលោកមានដូចជាៈ អាម៉េរិក សហភាពអឺរ៉ុប កាណាដា អេហ្ស៊ីប ជប៉ុន និង អ៊ីស្រាអែល។ យ៉ាងណាមិញ យោងតាមការកត់សម្គាល់កន្លងមក ក្រុមហាម៉ាស តែងតែវាយប្រហារលើប្រជាជនអ៊ីស្រាអែល ព្រមទាំងចាប់ខ្លួន និងសម្លាប់ទាហានអ៊ីស្រាអែលឥតញញើតដៃ។ ក្រុមនេះមានមហិច្ឆតាណាស់ ហើយមិនបានទទួលស្គាល់អ៊ីស្រាអែលជារដ្ឋឯករាជ្យឡើយ។ ពួកគេថែមទាំងលើកឡើងថានឹង បណ្តេញជនជាតិជ្វីហ្វចេញពីតំបន់អ៊ីស្រាអែលឱ្យអស់ថែមទៀត។ ក្រុមប្រដាប់អាវុធមួយនេះ មានការគាំទ្រពីសំណាក់ ស៊ីរី ក្រុមឥស្លាមជីហាត អ៊ីរ៉ង់ និងក្រុមប្រដាប់អាវុធ Hezbollah នៅលីបង់ ដែលធ្វើឲ្យវាឈរជើងដល់សព្វថ្ងៃពិសេសទទួលបានជំនួយជាទឹកប្រាក់ និងអាវុធជាច្រើនពីប្រទេសទាំងនេះ។ អំឡុងពេលកាន់អំណាចដំបូងប្រជាជនគាំទ្រក្រុមនេះណាស់ តែបន្ដបន្ទាប់ប្រជាប្រិយភាពធ្លាក់ចុះព្រោះប្រជាជននៅក្នុងតំបន់កាហ្សាលំបាកទៅៗ ក្រីក្រខ្លាំងដោយរកលុយក្នុងមួយថ្ងៃតិចជា២ដុល្លារ នេះក៏ដោយសារតែក្រុមនេះប៉ះទង្គិចជាមួយអ៊ីស្រាអែលជាច្រើនលើក ព្រមទាំងត្រូវបានរដ្ឋាភិបាលអ៊ីស្រាអែល និងអាហ្ស៊ីបការរាំងខ្ទប់។
រូងក្រោមដីក្នុងតំបន់ហ្កាហ្សា
តំបន់ហ្កាហ្សាបង្កប់ផ្លូវក្រោមដី ឬរូងក្រោមដីច្រើនជាន់ និងខ្វាត់ខ្វែងរាប់សិបគីឡូម៉ែត ជីកដោយពួកហាម៉ាស វាត្រូវបានហៅថា មេត្រូហ្កាហ្សា។ ផ្លូវក្រោមដីត្រូវបានពួកហាម៉ាសសាងសង់ក្នុងឆ្នាំ២០០៧ស្របពេលអ៊ីស្រាអែលបិទខ្ទប់ច្រកចេញចូលលើដីក្នុងតំបន់ហ្កាហ្សាទាំងមូល។ ផ្លូវក្រោមដីប្រើក្នុងគោលបំណង ដឹកជញ្ជូនផលិតផលពីប្រទេសអេហ្ស៊ីបចូលហ្កាហ្សា មានដូចជា៖ ស្បៀងអាហារក្នុងការផ្គត់ផ្គង់ពលរដ្ឋប៉ាឡេស្ទីន។ មិនតែប៉ុណ្ណោះ ក្រុមហាម៉ាសប្រើ ផ្លូវនេះនាំចូលគ្រឿងសព្វាវុធ និងសារធាតុផ្ទុះ ប្រើជាមូលដ្ឋានទ័ព កន្លែងផលិតអាវុធ និងជាកន្លែងស្តុកអាវុធទៀតផង។ មានការលើកឡើងតាមរយៈសារព័ត៌មាន AFP ថារូងនេះជីកសំដៅទៅអេហ្ស៊ីប និងជីកសំដៅទៅខ្សែព្រំដែនជាមួយអ៊ីស្រាអែល។ រដ្ឋាភិបាលអ៊ីស្រាអែលចិញ្ចឹមចិត្តមកជាយូរលើការកម្ទេច រូងក្រោមដីនេះចោល។ ជាក់ស្ដែងឆ្នាំ ២០២១ អ៊ីស្រាអែលបានប្រកាសវាយប្រហារផ្លូវអាកាសកម្ទេចបានផ្លូវក្រោមដីនៅហ្កាហ្សាជាង ១០០គីឡូម៉ែត្រ តែក្រុមហាម៉ាសតបថាគឺវាស្មើនឹង ៥%ប៉ុណ្ណោះ។ បញ្ហានេះបានបង្កើតជាចម្ងល់ដល់មហាជនទូទាំងពិភពលោក ព្រោះគេមិនដឹងទេថាតើហ្កាហ្សាមានផ្លូវក្រោម ប៉ុន្មាន ហើយមានជម្រៅប៉ុន្មាន វែងប៉ុននិងតភ្ជាប់ពីណាទៅណាខ្លះ? ពោលគឺមានតែពួកហាម៉ាសខ្លួនឯងដែលបានដឹងច្បាស់ដូចថ្ងៃ ផ្លូវរោងក្រោមដីនេះអាចជាកន្លែងសុវត្ថិភាពរបស់ក្រុមហាម៉ាស តែវាក៏អាចនាំមកនូវគ្រោះថាប្រសិនបើអ៊ីស្រាអែលរកឃើញ។ ឆ្លើយតបនឹងសង្រ្គាម២០២៣នេះ អ៊ីស្រាអែលនឹង កម្ទេចផ្លូវក្រោមដីរបស់ក្រុមហាម៉ាសឲ្យខានតែបានព្រោះជាបំណងជាយូរមកហើយរបស់អ៊ីស្រាអែល។
ចំនួនប្រជាជនរងគ្រោះដោយសារសង្រ្គាម អ៊ីស្រាអែល-ហ្កាហ្សា
សូមបង្ហាញនូវទិន្នន័យចំនួនប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែលរងគ្រោះ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធភាគីទាំងសងខាងគិតត្រឹមថ្ងៃ២៤ តុលា ២០២៣នេះ
ប៉ាឡេស្ទីន
យោងទៅតាមសារព័ត៌មាន Aljazeera ដែលរាយការណ៍ដោយ ក្រសួងសុខាភិបាលប៉ាឡេស្ទីន សមាគមន៌កាកបាទក្រហម ប៉ាឡេស្ទីន និង សេវា វេជ្ជសាស្ត្រ អ៊ីស្រាអែល ៖
តំបន់ហ្គាហ្សា មានប្រជាជនស្លាប់ហោចណាស់៥ ៧៩១នាក់ដែលក្នុងនោះភាគច្រើនជាស្ដ្រី ១២៩២ និងកុមារ ២ ៣៦០ នាក់ ចំណែកអ្នករងរបួសគឺច្រើនជាង១៦២៩៧នាក់។
តំបន់ West Bank មានប្រជាជនស្លាប់ហោចណាស់៩៦ នាក់ និងរងរបួសយ៉ាងហោចណាស់ ១៨២៨នាក់។
ការខូចខាតហេដ្ឋារចនាសម្ព័ន្ធមានដូចជាៈ
ទីលំនៅ ១៧៧ ៧៨១ ត្រូវបានខូចខាត និង ១៦ ៤៤១ បំផ្លាញទាំងស្រុង។
សាលារៀន ២០៧ កន្លែងបំផ្លាញទាំងស្រុង។
មន្ទីពេទ្យ ៣៤ កន្លែងបំផ្លាញទាំងស្រុង។
កន្លែងផ្គត់ផ្គង់ទឹងស្អាត ១១ កន្លែងត្រូវបានកម្ទេច។
ចំពោះភាគីអ៊ីស្រាអែលមានប្រជាជនស្លាប់ហោចណាស់ ១ ៤០៥នាក់ និងប្រជាជរងរបួសខ្ទង់ ៥ ៤៣១នាក់។
និន្នន័យនៃចំនួនប្រជាជនរងគ្រោះរបស់ភាគឺទាំងពីរគឺមានចំនួនខុសគ្នាខ្លាំងណាស់ដែលអាចឲ្យយើងវិភាគបានថាប្រជាជនប៉ាឡេស្ទីនរងគ្រោះច្រើនជាងអ៊ីស្រាអែលឆ្ងាយ ណាមួយអ៊ីស្រាអែលមានកងទ័ពពូកែ និងអាវុធទំនើបជាច្រើន។
ការបាញ់ផ្លោងតទល់គ្នា និងបទឧក្រិដ្ឋសង្រ្គាម ឬបទល្មើសព្រហ្មទណ្ឌសង្រ្គាម
ចំពោះការរំលោភលើច្បាប់សង្រ្គាម ត្រូវចាត់បញ្ចូលជាបទឧក្រិដ្ឋសង្រ្គាម ដែលមានចែងនៅក្នុងមាត្រា ៨ នៃលក្ខន្តិកៈក្រុងរ៉ូម ស្តីពីការបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ច្បាប់សង្រ្គាម គឺត្រូវយកមកអនុវត្តទាំងក្នុងករណីមានសង្រ្គាម និងក្នុងករណីមានជម្លោះប្រដាប់អាវុធអន្តរជាតិ។ ពិសេសជាងនេះទៅទៀត “ច្បាប់សង្រ្គាម” គឺមានចែងនៅក្នុងអនុសញ្ញាក្រុងឡាអេ (១នៅឆ្នាំ១៨៩៩ និង១ទៀតនៅឆ្នាំ១៩០៧) និងអនុសញ្ញាក្រុងហ្សឺណែវចំនួន៤ (ឆ្នាំ១៩៤៩)។ យើងសូមលើកយកសម្មភាពដែលមានចែងក្នុងលក្ខន្តិកៈក្រុងរ៉ូម ១៩៩៨ ដែលតុលាការព្រហ្មទណ្ឌអន្ដរជាតិ ចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាមជាអាទិ៍មានដូចជា៖
ការវាយប្រហារ ការបាញ់ផ្លោង ឬការទម្លាក់គ្រាប់បែកទៅលើក្រុង ភូមិ ទីប្រជុំជន ទីលំនៅ ឬអគារ ដែលគ្មានការការពារ និងដែលមិនមែនជាចំណុចស៊ីបរបស់កងទ័ព (មាត្រា ៨ កថាខណ្ឌទី៥)។
ការប្រើថ្នាំពុល ឬអាវុធដែលមានជាតិពុល (មាត្រា ៨ កថាខណ្ឌទី៧)។
ការប្រើឧស្ម័នពុល ឬសារធាតុប្រហាក់ប្រហែលផ្សេងទៀត (មាត្រា ៨ កថាខណ្ឌទី៨)។
ការប្រើប្រាស់ប្រភេទអាវុធដែលត្រូវហាមឃាត់ដោយច្បាប់អន្តរជាតិ (មាត្រា ៨ កថាខណ្ឌទី១០) ដូចជា គ្រាប់បែកចង្កោមជាដើម ដែលត្រូវហាមឃាត់ដោយអនុសញ្ញា ស្តីពីគ្រាប់បែកចង្កោម ចូលជាធរមាន កាលពីឆ្នាំ២០០៨។
យើងមកពិចារណាទង្វើរបស់អ៊ីស្រាអែលក្នុងសង្រ្គាមនេះ ដោយអ៊ីស្រាអែលលើកឡើងថាបានទម្លាក់គ្រាប់បែកចំនួន ៦០ ០០០គ្រាប់លើតំបន់ ហ្គាហ្សាស្ទ្រីប។ ចាប់ តាំង ពីការវាយប្រហារថ្ងៃទី៧ ខែ តុលា មកហើយចំនួននេះគឺវា ស្ទើរតែស្មើរនឹងចំនួនគ្រាប់បែកដែល សហរដ្ឋអាមេរិក បានប្រើនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលមួយឆ្នាំ ។ តើនរណាជាអ្នកទទួលគ្រាប់ទាំង៦០ ០០០គ្រាប់នេះ? ប្រាដកណាស់គឺប្រជាជនប៉ាឡេស្ទីន ទោះជាអ៊ីស្រាអែលអំពាវនាវឲ្យពលរដ្ឋចាកចេញពីកាហ្សាក៏ដោយតែសំណួរសួរថា តើត្រឹមតែពេលខ្លីពលរដ្ឋទាំងអស់នោះអាចចាកចេញទាន់ពេលទេ ព្រោះពួកគេមានចំនួនច្រើនកកកុញ ហើយអ្នកខ្លះរងរបួសដោយមីស៊ីល(ជាស្ដ្រីដែលមានកូនតូចៗ ) ពួកគេគ្មានសូម្បីកម្លាំងបំលាស់ទីព្រោះ(គ្មានអាហារទទួលទាន និងទឹកស្អាត)ដោយសារអ៊ីស្រាអែលកាត់ផ្ដាច់អស់ហើយ។
ត្រឡប់មកវិញ យើងនិយាយដោយសម្អាងច្បាប់លក្ខន្តិកៈក្រុងរ៉ូម ១៩៩៨ អ៊ីស្រាអែលគឺកំពុងប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម ច្បាស់ណាស់ព្រោះអ៊ីស្រាអែលវាយប្រហារ បាញ់ផ្លោង ឬទម្លាក់គ្រាប់បែកទៅលើក្រុង ភូមិ ទីប្រជុំជន ទីលំនៅ ឬអគារ ដែលគ្មានការការពារ និងដែលមិនមែនជាចំណុចរបស់កងទ័ព(មាត្រា ៨ កថាខណ្ឌទី៥)។ តែចំពោះការមើលឃើញរបស់ពិភពលោកមិនដូច្នេះទេ ពិសេសលោកប្រធានាធិបតី ចូ បៃដិនហាក់បង្ហាញថាអាមេរិកគ្រាំទ្រអ៊ីស្រាអែលទាំងស្រុងដោយលោកបាននិយាយថា “អ៊ីស្រាអែលមានសិទ្ធិក្នុងការពារប្រទេសនិងប្រជាជន”។ សំនួរសួរបន្ដថា បើគ្រាន់តែការពារខ្លួនហេតុអ្វីចាំបាច់ផ្ដាច់ទឹកភ្លឿង បិទច្រកចេញចូលស្បៀង និងវាយប្រហារទៅលើមន្ទីពេទ្យ សាលារៀន ដែលបណ្ដាលឲ្យកុមារនិងស្ដ្រីរងគ្រោះ របួស ហើយថែមទាំងគ្មានសូម្បីថ្នាំព្យាបាលធ្វើអ្វី?ព្រោះអ៊ីស្រាអែលមានគំនុំត្រឹមតែជាមួយក្រុមហាម៉ាសប៉ុណ្ណោះ ហើយអ៊ីស្រាអែលមិនមែនមិនដឹងពីរឿងទាំងនេះទេ។ ជីវិតពលរដ្ឋប៉ាឡេស្ទីនក៏មានតម្លៃដូចពលរដ្ឋអ៊ីស្រាអែលដែរ ពួកគេក៏ចង់រស់ ចង់បានសន្ដិភាព និងចង់ជួបជុំគ្រួសារដូចពលរដ្ឋអ៊ីស្រាអែលដែរ។យ៉ាងណាមិញ ប្រទេសជាច្រើនដូចជានៅអ៊ីរ៉ុបមាន អាល្លឺម៉ង់ បារាំង អង់គ្លេសបង្ហាញជំហរថ្កោលទោសក្រុមហាម៉ាស និងគាំទ្រអ៊ីស្រាល។ តាមពិតទៅក្នុងសង្រ្គាមគ្មានភាគីណាដែលត្រឹមត្រូវទេ ព្រោះភាគីទាំងពីរសុទ្ធតែផ្ដាច់ជីវិតមនុស្សស្លូតត្រង់នឹងបានធ្វើឲ្យពិភពលោកអសន្ដិសុខ។ ប្រទេសនានាមិនត្រូវថ្កោលទោសត្រឹមតែក្រុមហាម៉ាសទេ តែត្រូវគិតពីសកម្មភាពរដ្ឋាភិបាលអ៊ីស្រាអែលផងដែរទោះជាក្រុមហាម៉ាសចាប់ផ្ដើមសង្រ្គាមមុនក៏ដោយ។ ជាចុងក្រោយយើងមើលឃើញថាសង្រ្គាមនេះពិបាកក្នុងការបញ្ចប់ព្រោះទាំងអ៊ីស្រាអែល និងក្រុមហាម៉ាសសុទ្ធតែមានប្រទេសធំៗលើពិភពលោកគាំទ្រ ហើយក្រុមហាម៉ាសស្អប់ពួកអ៊ីស្រាអែលខ្លាំងណាស់ប៉ុន្មានថ្ងៃនេះអ៊ីរ៉ង់ក៏បានព្រមានពីការផ្ទុះសង្រ្គាមក្នុងតំបន់ បើសិនអ៊ីស្រាអែលបើកការវាយលុកជើងគោកចូលហ្កាហ្សានោះ ។