"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ តើបេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ីមួយរូបណានឹងអាចកាន់តំណែងបន្ទាប់ពីការបោះឆ្នោតនាឆ្នាំ ២០២៤ ខាងមុខនេះ?

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង ធាន

នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២៤​ នាពេលខាងមុខនេះ ប្រទេសឥណ្ឌូណេស៊ីនឹងរៀបចំការបោះឆ្នោតមួយថ្ងៃដ៏ធំបំផុតប្រចាំប្រទេស ដើម្បីជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី រួមជាមួយនឹងតំណាងជិត ២០០០០ នាក់ទៅកាន់សភាជាតិ ខេត្ត និងស្រុកពីក្រុមបេក្ខជនមួយភាគបួនលាននាក់។ នាពេលបោះឆ្នោតខាងមុខនេះនឹងមានបេក្ខជនបីរូបដែលកំពុងប្រជែងគ្នា ដើម្បីបន្តតំណែងប្រធានាធិបតីដែលកំពុងកាន់អំណាចដោយលោក  Jokowi Widodo ហើយលោកក៏នឹងបញ្ចប់អាណត្តិទីពីរ និងចុងក្រោយរបស់លោកនៅខែតុលា ឆ្នាំ២០២៤ ហើយក៏ជាពេលប្រធានាធិបតីថ្មីនឹងចូលមកកាន់តំណែង។ ការបោះឆ្នោតនាពេលខាងមុខនេះទៀតសោតក៏បានក្លាយជាប្រធានបទក្នុងការវែកញែកថាបេក្ខជនប្រធានាធិបតីមួយរូបណាដែលនឹងចូលមកកាន់តំណែងជាប្រធានាធិបតីនាខែតុលា ឆ្នាំ ២០២៤ នាពេលខាងមុខនេះ។

ភាពជោគជ័យរបស់លោក Jokowi Widodo ក្នុងនាមជាប្រធានាធិបតីឥណ្ឌូនេស៊ីបច្ចុប្បន្ន

ចំណែកលោក Jokowi នឹងបញ្ចប់អាណត្តិរបស់ខ្លួននាពេលខាងមុខនេះដោយបានដឹកនាំប្រទេសឥណ្ឌូននេស៊ីជាប្រទេសដែលមានភាពរីកចម្រើនគ្រប់វិស័យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយលោកក៏បានបន្សល់ទុកនូវស្នាដៃមួយចំនួនដោយថ្មីៗនេះ លោកបានសម្រេចជោគជ័យក្នុងនាមជាម្ចាស់ផ្ទះអាស៊ានឆ្នាំ ២០២៣​ ក៏ដូចជាការរៀបចំប្រជុំ G20 កាលពីឆ្នាំ ២០២២ ផងដែរ។ ជាមួយគ្នានេះដែរ ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតទីប្រាំក្នុងចំណោមប្រទេសទាំង ៣០ របស់ពិភពលោកចាប់តាំងពីគាត់បានកាន់តំណែងជាប្រធានាធិបតីកាលពីឆ្នាំ២០១៤។ ចំណែក GDP បានកើនឡើងប្រមាណ ៤៣% ចាប់តាំងពីពេលនោះមក។ លោក Jokowi ក៏ទទួលបានការវិនិយោគពីបរទេសគាំទ្រគម្រោងផ្សេងៗក្នុងប្រទេស ហេតុនេះការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងដល់ ៤៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើង ៤៤% ធៀបនឹងឆ្នាំមុន។

ស្ថានការណ៍បច្ចុប្បន្នរវាងបេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ីទាំងបីរូប

បេក្ខជនទាំងបីរូបដែលកំពុងឈរឈ្មោះរួមមាន លោក Prabowo Subianto ជាអតីតឧត្តមសេនីយ៍ដែលមានតួនាទីជារដ្ឋមន្ត្រីការពារជាតិដែលលោកនឹងប្រែក្លាយអ្នកនយោបាយ ហើយកំពុងនឹងឈរឈ្មោះប្រកួតប្រជែងនឹងលោក Ganjar Pranowo ដែលជាអតីតអភិបាលខេត្តមួយក្នុងចំណោមខេត្តដែលមានប្រជាជនច្រើនបំផុតក្នុងប្រទេសឥណ្ឌូនេស៊ី និងលោក Anies Baswedan ដែលពីមុនជាអភិបាលក្រុងហ្សាកាតា។

យោងតាមការស្ទង់មតិរបស់ Indikator Politik ចុងក្រោយបំផុតដែលបានចេញផ្សាយថ្មីៗនេះ លោក Prabowo កំពុងនឹងនាំមុខជាមួយនឹងប្រហែល ៣៦% បន្ទាប់មកលោក Ganjar នៅ ៣១% និង Anies នៅ ២០% ។ ហេតុនេះ គេសង្កេតឃើញថា បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto រក្សាការនាំមុខលើគូប្រជែងទាំងពីររបស់គាត់ ខណៈដែលយុទ្ធនាការសម្រាប់ការបោះឆ្នោតក្នុងខែកុម្ភៈរបស់ប្រទេសនេះចាប់ផ្តើមកើនឡើង និងកាន់តែមានសន្ទុះ នេះបើយោងតាមការស្ទង់មតិសាធារណៈថ្មីចំនួនពីរផ្សេងទៀត។

ចំណែកលោក Jokowi វិញបានទទួលស្គាល់ថាគាត់នឹងចូលជាផ្នែកមួយក្នុងការបោះឆ្នោតប្រធានាធិបតីដោយលោកបានតាំងខ្លួនគាត់ជាស្តេចនៅក្នុងការប្រកួតប្រជែងនេះ។ ទោះបីជាគាត់មិនបានបង្ហាញយ៉ាងច្បាស់ពីចំណូលចិត្តបេក្ខជនរបស់គាត់ក៏ដោយ គាត់ក៏បានផ្តល់តម្រុយទាក់ទងនឹងអ្នកដែលគាត់អាចនឹងគាំទ្រ។ ការចង្អុលបង្ហាញទាំងអស់បង្ហាញថាការគាំទ្ររបស់គាត់គឺងាកទៅរកលោក Prabowo Subianto ដែលក៏កំពុងនឹងទទួលបានសម្លេងនៃការគាំទ្រគួរឱ្យកត់សម្គាល់ពីប្រជាជនឥណ្ឌូនេស៊ី។ ជាមួយគ្នានេះផងដែរ យុទ្ធនាការផ្សព្វផ្សាយរបស់លោក Prabowo បានប្រកាសពីវត្តមានរបស់លោក Gibran Rakabuming Raka ដែលជាកូនប្រុសច្បងរបស់ប្រធានាធិបតី Jokowi Widodo នឹងធ្វើជាអនុប្រធានាធិបតីរបស់លោក Prabowo ផងដែរ។

ការបង្ហាញពីការគាំទ្ររបស់លោក Jokowi ទៅកាន់លោក Prabowo អាចនឹងមានឥទ្ធិពលទៅលើការគាំទ្រពីប្រជាជនឥណ្ឌូនេស៊ីទៅកាន់បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ី។ នេះក៏ដោយសារតែទោះជាលោក Jokowi ជិតបញ្ចប់នូវអាណត្តិរបស់ខ្លួនក៏ដោយ លោកនៅតែទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ពីប្រជាជនឥណ្ឌូនេស៊ី ដែលការស្ទង់មតិមួយចំនួនបង្ហាញថាប្រជាពលរដ្ឋប្រមាណ ៨០% នៅតែគាំទ្រគាត់ដោយនេះសុទ្ធសឹងតែបានមកពីស្នាដៃដែលលោក Jokowi ​បានបន្សល់នូវភាពរីកចម្រើនសម្រាប់ប្រទេសឥណ្ឌូនេស៊ី។

យ៉ាងណាមិញ បើក្រឡកមើលពីមួយផ្នែកទៀត គេក៏សង្កេតឃើញពីអ្នករិះគន់ដែលពួកគេបានដាក់ការសង្ស័យលើភាពត្រឹមត្រូវនៃការបោះឆ្នោតឆ្នាំ ២០២៤ ចំពេលដែលពួកគេមើលឃើញថាជាការប៉ុនប៉ងរបស់ប្រធានាធិបតី Jokowi ដើម្បីរក្សាឥទ្ធិពលបន្ទាប់ពីចាកចេញពីតំណែងរបស់លោក។ ការរិះគន់នេះកើតមានឡើងក៏ដោយសារតែការផ្ដល់សិទ្ធិទៅកាន់កូនប្រុសរបស់លោក Jokowi ចូលរួមជាមួយលោក Prabowo។​

ជារួមមក ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីនាឆ្នាំ ២០២៤​ ខាងមុខនេះ គេសង្កេតឃើញពីភាពប្រកួតប្រជែងរវាងបេក្ខជនប្រធានាធិបតីទាំងបីរូបរវាងលោក Prabowo​, លោក Ganjar និងលោក Anies ជាពិសេសក៏ដោយ​សារពីវត្តមានរបស់កូនប្រុសលោក Jokowi លោក Gibran Rakabuming Raka ក្នុងនាមជាអនុប្រធានាធិបតីរបស់លោក Prabowo។ ទោះជាយ៉ាងនេះក្ដី យើងមិនអាចសន្មតទាំងស្រុងថាលោក Prabowo​ នឹងមានក្ដីសង្ឃឹមអាចយកតំណែងជាប្រធានាធិបតីនោះឡើយដោយសារតែបើយោងទៅតាមការស្ទង់មតិ សម្លេងនៃការគាំទ្ររវាងបេក្ខជនទាំងបីរូបមានសភាពប្រហែលៗ ហើយបេក្ខជនទាំងបីរូបក៏នៅសល់ពេលក្នុងការធ្វើការឃោសនាទម្រាំដល់ថ្ងៃបោះឆ្នោតនាឆ្នាំ ២០២៤ ខាងមុខនេះទៀតសោត។​

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា អ៊ុង ខេមរាបូណ៌មីច័ន្ទ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ