រាប់ចាប់តាំងពីឆ្នាំ ២០២០ ដល់ចុងឆ្នាំ ២០២៣ បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកចំនួន៥ រូប រកចំណូលបានទ្វេដងនៃទ្រព្យសម្បត្តិរបស់ពួកគេ ខណៈដែលមនុស្សប្រហែល ៥ ប៊ីលាននាក់នៅលើពិភពលោកកំពុងជួបប្រទះនឹងភាពក្រីក្រ។ ការលំបាក និងភាពអត់ឃ្លានបានកើតឡើងលើជីវិតប្រចាំថ្ងៃរបស់ពួកគេ។ តាមការប៉ាន់ស្មានរបស់សេដ្ឋវិទូ ប្រសិនបើគេចង់បញ្ចប់ទុរភាពនៃអ្នកក្រីក្រ គេត្រូវចំណាយពេលរហូតដល់ទៅ ២៣០ ឆ្នាំឯណោះ រីឯចំពោះអ្នកមានវិញ គេអាចនឹងក្លាយទៅជាមហាសេដ្ឋីដែលមានទ្រព្យសម្បតិ្តខ្ទង់ទ្រីលានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប្រហែល ១០ ឆ្នាំខាងមុខទៀត។ តើគម្លាតរវាងអ្នកមាន និងអ្នកក្របង្កើតឱ្យមានវិសមភាពក្នុងសង្គមដូចម្តេចខ្លះ? ក្នុងអត្ថបទនេះយើងនឹងសិក្សាពីទិដ្ឋភាពទូទៅនៃវិសមភាពសកល។
យុគសម័យថ្មីនៃអំណាចកំពូលមហាសេដ្ឋី
កាលពីឆ្នាំ ២០២០ ពិភពលោកបានជួបប្រទះនឹងវិបត្តមួយចំនួន ក្នុងនោះរួមមាន ជំងឺរាតត្បាតកូវីដ ១៩ វិបត្តិនៃតម្លៃរស់នៅប្រចាំថ្ងៃកើនឡើង និងគ្រោះធម្មជាតិជាដើម ដែលជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចរបស់ប្រជាជនជាច្រើនក្នុងពិភពលោក ដែលក្នុងខណៈពេលនោះដែរ វាក៏បានបង្កើតឱកាសដល់អ្នកមាន ឬមហាសេដ្ឋីក្នុងការបង្កើនប្រាក់ចំណូលរបស់ពួកគេ។ ក្នុងចំណោមកំពូលមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេបំផុតទាំង ៥ រូប នៅលើពិភពលោកមានដូចជា លោក អេឡុន ម៉ាសក៍ (Elon Musk) ជាម្ចាស់ក្រុមហ៊ុន Tesla និង SpaceX លោក បឺណាដ អាណុល (Bernard Arnault) ជាម្ចាស់ប្រេន LVMH លោក ចេហ្វ ប៉េហ្សូស (Jeff Bezos) ជាម្ចាស់ក្រុមហ៊ុន Amazon លោក ឡារី អេលីសុន (Larry Ellison) ជាម្ចាស់ក្រុមហ៊ុន Oracles និង លោក ម៉ាក ហ្សុកឃឺបឺក (Mark Zuckerberg) ជាជានាយកប្រតិបត្តិ នៃក្រុមហ៊ុនMeta។
តាមរយៈរបាយការណ៍ដែលចេញផ្សាយដោយអង្គការអុកហ្វាម (Oxfam) កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះបានបង្ហាញថា ទ្រព្យសម្បត្តិមហាសេដ្ឋីដែលមានបំផុត បានកើនឡើងទ្វេដងរាប់ពីឆ្នាំ ២០២០ ដែលមានចំនួន ៤០៥ ប៊ីលានដុល្លារ រហូតទៅដល់ ៨៦៩ ប៊ីលានដុល្លារ នៅចុងបញ្ចប់ឆ្នាំ២០២៣ ហើយបើគិតជាភាគរយគឺកើនឡើងចំនួន ១១៤%។ ម្យ៉ាងទៀត នៅក្នុងចំណោមក្រុមហ៊ុនសាជីវកម្មធំបំផុតទាំង ១០ លើពិភពលោក មាន ៧ ក្រុមហ៊ុនសាជីវកម្មដែលមានមហាសេដ្ឋីទ្រព្យសម្បត្តិខ្ទង់លានដុល្លារ និងមហាសេដ្ឋីទ្រព្យសម្បត្តិខ្ទង់ប៊ីលានដុល្លារធ្វើជានាយកប្រតិបត្តិ ឬជាម្ចាស់ភាគហ៊ុនធំ។ ជាក់ស្ដែង លោក ចេហ្វ ប៉េហ្សូស គឺជាបុរសម្នាក់ក្នុងចំណោមមហាសេដ្ឋីដែលមានបំផុត និងជាម្ចាស់ក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុប ១៦៨.៤ ប៊ីលានដុល្លារ គិតចាប់ពីឆ្នាំ ២០២០ រហូតដល់ដើមឆ្នាំ ២០២៤។
គម្លាតរវាងអ្នកមាននិងអ្នកក្របានធ្វើឱ្យមានវិសមភាពនៅលើពិភពលោក រួមទាំងការបែងចែកជាសកលរវាងលោកភាគខាងជើង និងលោកភាគខាងត្បូងឱ្យកាន់តែមានភាពមិនស្មើគ្នា។ គេបានសង្កេតឃើញថា មហាសេដ្ឋីភាគច្រើនប្រមូលផ្តុំគ្នានៅសកលលោកភាគខាងជើងដែលជាប្រទេសនៅតំបន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។ ជាក់ស្ដែង លោកភាគខាងជើង ឬ (Global North) កំពុងកាន់កាប់ ៦៩% នៃទ្រព្យសម្បត្តិសកល។ ទិន្នន័យចុងក្រោយបំផុតដែលចេញផ្សាយដោយ UBS Global Wealth Report ២០២០ និង Forbes បានបង្ហាញថា ចំនួនមហាសេដ្ឋីនៅលើពិភពលោកមានត្រឹមតែ ១% នៃចំនួនប្រជាជនពិភពលោកប៉ុណ្ណោះ ក៏ប៉ុន្តែទ្រព្យសម្បត្តិរបស់ពួកគេមានរហូតដល់ទៅ ៧៤% ដែលស្ថិតនៅលោកភាគខាងជើង។
ពិភពលោកដែលឃោរឃៅរសម្រាប់អ្នកក្រីក្រ និងជាឋានសួគ៌សម្រាប់អ្នកមាន
មនុស្ស ៤,៨ ប៊ីលាននាក់ក្នុងពេលបច្ចុប្បន្នមានស្ថានភាពក្រីក្រជាងកាលដែលពួកគេស្ថិតនៅឆ្នាំ២០១៩។ មហាសេដ្ឋី និងអ្នកមានបំផុត ភាគច្រើនជាសាជីវករដែលមានអំណាចផ្តាច់មុខ ជាអ្នកជំនាញហិរញ្ញវត្ថុ និងជាអ្នកមានឥទ្ធិពលសាធារណៈ។ រីឯ ជនក្រីក្របំផុតវិញ ភាគច្រើនគឺជាស្ត្រី ក្រុមដែលត្រូវបានគេរើសអើង (ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ) និងក្រុមជនពិការជាដើម។
សាជីវកម្មធំៗដែលដឹកនាំ និងគ្រប់គ្រងដោយមហាសេដ្ឋី បានបង្កើនវិសមភាពកាន់តែធ្ងន់ធ្ងរឡើងតាមរយៈការរំលោភសិទ្ធិកម្មករ ការគេចពន្ធ ការជ្រៀតចូលក្នុងវិស័យសាធារណៈ និងជាអ្នករួមចំណែកដល់កត្តាបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំង។ ក្នុងរយៈពេលនៃវិបត្តិសេដ្ឋកិច្ចសកល ក្រុមហ៊ុនជាច្រើនបានកាត់បន្ថយប្រាក់បៀវត្ស៍របស់បុគ្គលិក និងបង្កើនបន្ទុកការងារដល់បុគ្គលិក។ យោងតាមទិន្នន័យរបស់ World Benchmarking Alliance បានបង្ហាញថា ក្នុងក្រុមហ៊ុនធំៗ និងមានឥទ្ធិពលបំផុតនៅទូទាំងពិភពលោកចំនួន ១៦០០ មានតែ ០.៤% ប៉ុណ្ណោះដែលបានប្តេជ្ញាចិត្តជាសាធារណៈ ក្នុងការផ្តល់ប្រាក់ឈ្នួលសមរម្យដល់បុគ្គលិករបស់ខ្លួន។ យ៉ាងណាក៏ដោយ ប្រាក់ឈ្នួលប្រចាំខែរបស់កម្មករភាគច្រើនមិនអាចគ្រប់គ្រាន់នឹងការចំណាយប្រចាំថ្ងៃ ទៅលើទំនិញដែលតម្លៃកើនឡើងឥតឈប់ឈរនោះទេ។
យោងតាមស្ថិតិរបស់អង្គការពលកម្មអន្តរជាតិ (ILO) កម្មករចំនួន ៧៩១ លាននាក់បាត់បង់ប្រាក់ឈ្នួលចំនួន ១ ខែក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ បើគិតសរុបជាប្រាក់ប្រហែលជា ១,៥ ទ្រីលានដុល្លារសហរដ្ឋអាមេរិក។ លើសពីនេះ គេរកឃើញថាស្ត្រីទទួលការប្រឈមច្រើនជាងបុរស ដោយមិនទទួលបានការគាំពារនោះទេ ជាពិសេសនៅក្នុងវិស័យការងារ ស្ត្រីរកចំណូលបានត្រឹមតែ ៥១ សេនក្នុងមួយថ្ងៃប៉ុណ្ណោះ ខណៈពេលដែលបុរសអាចរកបាន ១ ដុល្លារក្នុងមួយថ្ងៃ។ ក្រៅពីនេះជនជាតិស្បែកខ្មៅក៏ទទួលបានប្រាក់ឈ្នួលពុំសមាមាត្រទៅនឹងជនជាតិស្បែកសផងដែរ។ ម្ចាស់ក្រុមហ៊ុន និងក្រុមសាជីវកម្មធំៗបានបង្កើតអំណាចកាន់កាប់ផ្តាច់មុខ គ្រប់គ្រងទីផ្សារ កំណត់លក្ខខណ្ឌនៃការប្តូរប្រាក់ គាបសង្កត់ទៅលើកម្មករដោយពុំអនុវត្តឱ្យបានពេញលេញស្របតាមច្បាប់ការងារនោះឡើយ។
ម្យ៉ាងវិញទៀត អត្រាពន្ធទៅលើសាជីវកម្មធំៗក៏មានការធ្លាក់ចុះ ឬត្រូវបង់ពន្ធទាបបំផុតជាដើម។ តាមរយៈអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ក្នុងបណ្តាប្រទេសនានា អត្រាពន្ធជាមធ្យមសម្រាប់ប្រាក់ចំណូលបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ១៩៨០ ពី ៦១% ទៅ ៤២% ហើយប្រទេសមួយចំនួនដូចជាប្រេស៊ីល មិនបានយកពន្ធចំពោះក្រុមហ៊ុនសាជីវកម្មនោះទេ។ ផ្ទុយទៅវិញ ម្ចាស់ក្រុមហ៊ុន និងរដ្ឋាភិបាលបានបង្វែរការពឹងផ្អែកកាន់តែខ្លាំងឡើង លើការតម្លើងពន្ធទំនិញ និងសេវាកម្ម ដែលហាក់ដូចជាមិនសមាមាត្រគ្នាសោះចំពោះគ្រួសារដែលមានប្រាក់ចំណូលទាប។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន និងអំណាចសាជីវកម្មបានជ្រៀតចូលក្នុងវិស័យសេវាសាធារណៈ បង្កើតសាលារៀនឯកជនក្នុងវិស័យអប់រំ ក្រុមហ៊ុនទឹកឯកជន បង្កើតសេវាថែទាំសុខភាពឯកជនដែលមានតម្លៃពន្ធថ្លៃធ្វើឱ្យមានវិសមភាពទទួលបានសេវាកម្មចំពោះអ្នកប្រើប្រាស់។ ចំពោះអ្នកមានវិញ អាចទទួលបានសេវាកម្មស្តង់ដាល្អប្រសើរ ខណៈដែលពលរដ្ឋធម្មតាពុំបានទទួលសេវាល្អ ហើយអ្នកក្រពុំមានលទ្ធភាពក្នុងការបង់ថ្លៃសេវា។ ក្រៅពីនេះក៏មានការទទួលបានមិនស្មើគ្នាទៅតាមការរើសអើងយេនឌ័រ ពណ៌សម្បុរ និងជាតិសាសន៍ផងដែរ។
ការស្រាវជ្រាវរបស់អង្គការអុកហ្វាម បានបង្ហាញថា ក្រុមដាលីត (Dalits) ដែលចង់សំដៅទៅលើអ្នកដែលមានវណ្ណៈទាប និងក្រីក្របំផុតនៅប្រទេសឥណ្ឌា កំពុងទទួលការរើសអើងក្នុងការទទួលបានសេវាសាធារណៈ។ ការធ្វើភាវូបនីយកម្ម ការបង្កើនគុណភាព និងការធ្វើឱ្យបាត់បង់ដល់គុណភាពសេវាសាធារណៈ បានបើកឱកាសឱ្យមានអំពើពុករលួយ និងផលប្រយោជន៍ឯកជនច្រើនជាងប្រយោជន៍សាធារណៈ។
ក្រៅពីការកេងប្រវ័ញ្ចនៅក្នុងវិស័យសាធារណៈ វិសមភាពដែលសាជីវកម្មបានបង្កើត គឺជាបម្រែបម្រួលអាកាសធាតុ។ អ្នកមាន និងមហាសេដ្ឋីភាគច្រើន វិនិយោគទុនរកស៊ីទៅលើការបញ្ចេញឥន្ធនៈហ្វូស៊ីល និងឧស្ម័នផ្ទះកញ្ចក់តាមរយៈរោងចក្រ ដែលបង្កផលប៉ះពាល់ធំដល់បរិស្ថាន។ ការប្រែប្រួលអាកាសធាតុបានជះផលជាអវិជ្ជមាន ជាពិសេសអ្នកដែលងាយរងគ្រោះគឺជាប្រជាជនដែលក្រីក្របំផុតដែលពួកគេគ្មានលទ្ថភាពការពារសុខភាព ឬជម្រកសុវត្ថិភាពដូចជាអ្នកមានឡើយ។
នៅឆ្នាំ២០២៣ សេដ្ឋវិទូឈានមុខគេក្នុងពិភពលោក គឺលោក ចេយ៉ាទី ហ្គោស (Jayati Ghosh) លោក ថូម៉ាស ភីកេទី (Thomas Piketty) រួមទាំងអតីតបុគ្គលិកអង្គការសហប្រជាជាតិ និងធនាគារអន្តរជាតិបានអំពាវនាវឱ្យមានការកាត់បន្ថយវិសមភាពនេះ។ ពួកគេបានលើកឡើងថា វិធីសាស្ត្រចំនួន ៣ ដើម្បីធ្វើឱ្យមានសមភាព និងកាត់បន្ថយអំណាចសាជីវកម្មគឺ រដ្ឋាភិបាលមានតួនាទីសំខាន់ក្នុងការពង្រឹងអំណាចរដ្ឋ និងកាត់បន្ថយអំណាចផ្តាច់មុខសាជីវកម្ម ហើយពង្រាយទៅជាអាជីវកម្មខ្នាតតូចវិញ។
ជារួម អំណាចផ្តាច់មុខនៃសាជីវកម្ម បានបង្កើតឱ្យមានលំហនៃវិសមភាពដ៏ធំមួយរវាងអ្នកមាន និងអ្នកក្រ ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោក ចូហ្សេប ស្ទីកលីត (Joseph Stiglitz) សេដ្ឋវិទូនជាតិកូឡុំបៀរ បានលើកឡើងថា គ្រប់ជាតិសាសន៍ត្រូវមានគោលដៅក្នុងការកាត់បន្ថយវិសមភាព ប្រសិនបើប្រាក់ចំណូលនៃប្រជាជន ៤០% ដូចគ្នានឹង ១% នៃ មហាសេដ្ឋីកំពូលនោះ បញ្ហាវិសមភាពនឹងត្រូវបានដោះស្រាយ។