សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(Democratic People’s Republic of Korea or DPRK) ឬ ហៅម្យ៉ាងទៀតថាកូរ៉េខាងជើង(North Korea) ជារដ្ឋផ្តាច់ការមួយដែលស្ថិតនៅភាគខាងជើងនៃឧបទ្វីបកូរ៉េ ដែលបានបំបែកខ្លួនចេញពី កូរ៉េខាងត្បូង ហើយប្រកាសខ្លួនជារដ្ឋឯករាជ្យនៅឆ្នាំ១៩៤៨។ ប្រទេសនេះ មានទីក្រុងឈ្មោះ ព្យុងយ៉ាង(Pyongyang)ហើយមានមេដឹកនាំដំបូងគេ គឺលោក គីម អ៊ីលសុង ហើយបច្ចុប្បន្នគឺជា លោកគីម ជុងអ៊ុន។ នៅក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់អំពីពីមូលហេតុនៃការបង្កើតកូរ៉េខាងជើង ព្រមទាំងស្ថានភាពក្នុងប្រទេសនេះផងដែរ។
តើកូរ៉េខាងជើងជានរណា?
តាំងពីសម័យបុរេប្រវត្តិសាស្ត្រប្រជាជនកូរ៉េត្រូវបានបង្រួបបង្រួមដំបូងដោយរាជវង្សស៊ីឡា(SILA)នៅឆ្នាំ៦៦៨នៃគ្រឹស្តករាជ ហើយបានពង្រីកមហិច្ឆតា និងទឹកដីរហូតមកឆ្នាំ១៩១០ របបរាជានិយមត្រូវបានបញ្ចប់ដោយការដាក់អាណានិគមរបស់ជប៉ុនមកលើប្រទេសកូរ៉េ។ បន្ទាប់ពីការបរាជ័យរបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៥ សហភាពសូវៀត និងសហរដ្ឋអាមេរិកនៅតែចង់រក្សាឥទ្ធិពលរបស់ខ្លួននៅកូរ៉េ។ ហេតុដូច្នេះហើយ បាននៅថ្ងៃទី ១០ ខែសីហា ឆ្នាំ១៩៤៥ មន្ត្រីយោធាវ័យក្មេងរបស់សហរដ្ឋអាមេរិកពីរនាក់បានគូសខ្សែបន្ទាត់កំណត់តំបន់កាន់កាប់របស់សហរដ្ឋអាមេរិក និងសូវៀតនៅខ្សែស្របទី៣៨ ដោយសហរដ្ឋអាមេរិកកាន់កាប់តំបន់នៅខាងត្បូង រីឯសហភាពសូវៀតកាន់កាប់នៅផ្នែកខាងជើងនៃខ្សែស្រប។ ការបែងចែកនេះគ្រាន់តែបណ្តោះអាសន្នតែប៉ុណ្ណោះ ប៉ុន្តែដោយសារឥទ្ធិពលនៃសង្គ្រាមត្រជាក់បណ្តាលឱ្យការមូលមតិគ្នារវាងភាគីនីមួយក្នុងការជ្រើសរើសមេដឹកនាំសម្រាប់ឧបទ្វីបកូរ៉េទាំងមូលត្រូវបានបរាជ័យ ហើយសហរដ្ឋអាមេរិក និងសហភាពសូវៀតក៏បានដំឡើងមេដឹកនាំនៅតំបន់ដែលខ្លួនគ្រប់គ្រងរៀងៗខ្លួន។ សហរដ្ឋអាមេរិកបានប្រគល់ការគ្រប់គ្រងពាក់កណ្តាលភាគខាងត្បូងនៃឧបទ្វីបទៅឱ្យ លោក រី ស៊ឹងម៉ាន់ (Syngman Rhee) ខណៈ ដែលសហភាពសូវៀតបានប្រគល់អំណាចឱ្យ គីម អ៊ីលស៊ុង(Kim Il-sung )លើភាគខាងជើង។
ក្រោយពីលោក រី ស៊ឹងម៉ាន់ បានប្រកាសបង្កើតឧបទ្វីបខាងត្បូងជា សាធារណរដ្ឋកូរ៉េ (Republic of Korea) មក ក្នុងថ្ងៃទី៨ ខែកញ្ញាឆ្នាំ១៩៤៨ លោក គីម អ៊ីលស៊ុង ក៏បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនៅទីក្រុងព្យុងយ៉ាងដោយទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង សុទ្ធទាមទារលើការគ្រប់គ្រងទឹកដី និងប្រជាជនកូរ៉េទាំងអស់។
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០លោក គីម អ៊ីលស៊ុង បានព្យាយាមបង្រួបបង្រួមកូរ៉េទាំងពីរ តាមរយៈកម្លាំងយោធា ប៉ុន្តែត្រូវបានបរាជ័យដោយកូរ៉េខាងត្បូងមានជំនួយពីសហរដ្ឋអាមេរិកក្នុងការទម្លាក់គ្រាប់បែកនៅកូរ៉េខាងជើង។ ជាលទ្ធផលនៃសង្គ្រាមរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានធ្វើឱ្យបាត់បង់ប្រជាជនកូរ៉េខាងជើងចំនួន១០% និងបំផ្លេចបំផ្លាញទីក្រុងក្លាយទៅជាគំនរបាក់បែក។
នៅទីបំផុត ភាគីទាំងពីរបានចុះហត្ថលេខាលើបទឈប់បាញ់ក្នុងឆ្នាំ ១៩៥៣ ។ តំបន់គ្មានយោធា(Demilitarized Zone)ត្រូវបានបង្កើតឡើងជាខណ្ឌចែកនៃប្រទេសទាំងពីរ ហើយគ្រួសារប្រជាជនកូរ៉េរាប់លាននាក់ត្រូវបានបំបែកចេញពីគ្នាទៅម្ខាងៗនៃព្រំដែន។
សង្គម នយោបាយ និងសេដ្ឋកិច្ច
ចាប់ពីមានសង្គ្រាមរវាងកូរ៉េខាងជើង និងខាងត្បូង ហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាតអស់ជាច្រើន។ កូរ៉េខាងជើងបានទទួលយកគំរូសេដ្ឋកិច្ចដែលមានការពឹងផ្អែកលើខ្លួនឯងដោយផ្តោតទៅលើការអភិវឌ្ឍឧស្សាហកម្មធុនធ្ងន់ និងការវិនិយោគ ក្នុងវិស័យដែក ស៊ីម៉ងត៍ និងឧបករណ៍ម៉ាស៊ីន។ ប៉ុន្តែមកទល់ឆ្នាំ១៩៧០ សេដ្ឋកិច្ចកូរ៉េខាងជើងមានការធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការពឹងផ្អែកទាំងស្រុងទៅលើប្រទេសជាដៃគូ គឺសហភាពសូវៀត និងការបាត់បង់ដៃគូពាណិជ្ជកម្មប្រទេសនៅប្លុកបូព៌ាព្រោះតែការបែកបាក់របបកុម្មុយនីស្តនៅអ៊ឺរ៉ុប និងការដួលរលំនៃសហភាពសូវៀតនៅឆ្នាំ១៩៩១ ស្របពេលដែលមានគ្រោះធម្មជាតិដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត ធ្វើឱ្យដំណើរការផលិតកសិកម្មមានបញ្ហាជីវភាពប្រជាជននៅគាំងទ្រឹង។ នៅឆ្នាំ១៩៩៤លោក គីម អ៊ីលសុងបានទទួលមរណភាព ហើយអ្នកបន្តតំណែងគឺជាកូនប្រុសរបស់លោក គឺ គីម ជុងអ៊ីល។ លោក គីម ជុងអ៊ីល បានបង្កើតគោលនយោបាយ “យោធាដំបូង” ដែលផ្តល់អាទិភាពដល់កងទ័ពក្នុងការគ្រប់គ្រងរដ្ឋ និងបែងចែកធនធាន ប៉ុន្តែការធ្វើបែបនេះមិនបានធ្វើឱ្យសេដ្ឋកិច្ចកាន់តែប្រសើរនោះទេ ផ្ទុយទៅវិញបែរជាធ្វើឱ្យវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើងរហូតដល់ពាក់កណ្តាលទស្សវត្សរ៍ឆ្នាំ១៩៩០ដែលបង្កការអត់ឃ្លានដល់ប្រជាជន។ ប្រជាជនកូរ៉េនៅពេលនោះព្យាយាមលក់អ្វីដែលគេមានទៅក្នុងទីផ្សារតូចៗ និងផ្សារខុសច្បាប់ដែលរីកសាយភាយទូទាំងប្រទេស។ នៅឆ្នាំ១៩៩៨ ប្រទេសនេះមានអត្រាកំណើនប្រចាំឆ្នាំជាមធ្យម-៤.១% សេដ្ឋកិច្ចរបស់កូរ៉េខាងជើងបានឈានចូលដល់ដំណាក់កាលដ៏អាក្រក់បំផុតមួយ ។ ហេតុនេះហើយ កូរ៉េខាងជើងបានបង្វែរមកទទួលជំនួយពីមនុស្សធម៌ពីប្រទេសផ្សេងៗដូចជាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាដើមរហូតត។ ទោះបីជាធ្លាក់នៅក្នុងស្ថានភាពដុនដាបយ៉ាងណាក៏ដោយក៏ប្រទេសកូរ៉េខាងជើងនៅរក្សាភាពអំណត់របស់ខ្លួននៅក្នុងការស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ ចាប់ពីឆ្នាំ២០០២មកការរឹតបន្តឹងមួយចំនួនត្រូវបានកាត់បន្ធយ ដើម្បីអនុញ្ញាតឱ្យមានទីផ្សារពាក់កណ្តាលឯកជន និងបានចាប់ផ្តើមកំណែទម្រង់សេដ្ឋកិច្ចជាបន្តបន្ទាប់ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១៦. ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់អង្គការសហប្រជាជាតិ។ បើនិយាយពី GDP សម្រាប់មនុស្សម្នាក់ កូរ៉េខាងជើងមាន GDP សម្រាប់មនុស្សម្នាក់ ៦៣៩ ដុល្លារ។ កសិកម្មមានចំនួន ២១.២% នៃផលិតផលក្នុងស្រុកសរុប ឧស្សាហកម្មមាន ៤៤.៧% និងសេវាកម្មមានចំនួន ៣៤.១% ។ សព្វថ្ងៃនេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កូរ៉េខាងជើង។ កូរ៉េខាងជើងពឹងផ្អែកលើចិនសម្រាប់ជំនួយទាំងសេដ្ឋកិច្ច និងការទូត។ ការនាំចេញសំខាន់ៗរបស់ប្រទេសគឺផលិតផលលោហធាតុ អគ្គិសនី ឧបករណ៍សូត្រ និងម្សៅដំឡូង ។
ចាប់តាំងពីការប្រកាសខ្លួនជាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េលោក គីម អ៊ីលស៊ុង បានកែប្រែសង្គមកូរ៉េខាងជើងឡើងវិញ តាមរយៈមនោគមវិជ្ជាដ៏ខ្លាំងក្លាដែលត្រូវបានហៅថា ជូឆឺ(Juche)ក្នុងការលើកកម្ពស់ស្វ័យភាពរបស់ប្រទេសតាមរយៈការគ្រប់គ្រងដោយមេដឹកនាំតែមួយ ថែរក្សាយោធាដ៏រឹងមាំ និងសេដ្ឋកិច្ចរឹងមាំ។ អំណាចមេដឹកនាំត្រូវបានធ្វើឡើងតាមរយៈវង្សត្រកូល ដែលឪពុកត្រូវផ្ទេរទៅកាន់កូន នៅក្នុងប្រព័ន្ធមួយដែលគេឱ្យឈ្មោះថា ប្រព័ន្ធស៊ូរ្យុង(Suryong System or Leader System)។ រដ្ឋធ្វើការគ្រប់គ្រងលើទ្រព្យសម្បត្តិឯកជន និងអង្គការទាំងអស់ រាប់ចាប់ពីសម្លៀកបំពាក់នៅលើខ្លួនរហូតដល់អាជីវកម្ម គ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ និងរឹតបន្តឹងការធ្វើដំណើរអន្តរជាតិ។ ការកែប្រែសង្គមឱ្យក្លាយជាប្រទេសស្វ័យភាពបានបង្កើតឱ្យមានសុងប៊ុន(Songbun) ដែលជាគម្លាតវិសមភាពដ៏ធំមួយនៅក្នុងសង្គមកូរ៉េខាងជើង។ ក្រោមប្រព័ន្ធនេះ ប្រជាជនទាំងមូលត្រូវបែងចែកឋានៈសង្គមផ្សេងៗគ្នា ទៅតាមការយល់ឃើញរបស់បុគ្គលមានអំណាច ឬ បុគ្គលដែលមានភក្ដីភាពចំពោះរបបសង្គមនិយម ។ នៅក្នុងប្រព័ន្ធសុងប៊ុន មនុស្សម្នាក់មនុស្សម្នាក់ដែលមានថា្នក់សុងប៊ុនទាបត្រូវបានគេកំណត់ឱ្យធ្វើ ឬ ទទួលបានអ្វីមួយទៅតាមការចាត់តាំងរបស់មនុស្សម្នាក់ទៀត សូម្បីតែការជ្រើសរើសមុខរបរ ការជ្រើសរើសសាលារៀន ឬសូម្បីតែលំនៅស្ថានដោយមិនមានសិទ្ធិក្នុងការជ្រើសរើសដោយខ្លួនឯងដែរ។ របបនេះបានបណ្តេញប្រជាជនប្រហែលមួយភាគបួននៃប្រជាជននៃទីក្រុងព្យុងយ៉ាងឱ្យទៅកាន់ខេត្តជនបទ ដោយសារតែសុងប៊ុនរបស់ពួកគេទាប។ ម្យ៉ាងវិញទៀតរបបនេះបានបំបិទមាត់អ្នកណាដែលប្រឆាំងនឹងប្រព័ន្ធដោយការផ្ដន្ទាទោសដាក់ពន្ធនាគារ ឬ ប្រហារជីវិត។ សូម្បីតែ នៅពេលដែលមនុស្សម្នាក់ត្រូវបានចាប់ខ្លួន គ្រួសាររបស់ពួកគេរហូតដល់បីជំនាន់ក៏ត្រូវបញ្ជូនទៅជំរុំពន្ធនាគារដូចគ្នាដែរ។ ដោយសារតែប្រព័ន្ធគ្រប់គ្រងបែបសុងប៊ុននេះ ធ្វើឱ្យមនុស្សជាច្រើនបានលួចភៀសខ្លួនទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូង ប៉ុន្តែភាគច្រើនត្រូវបានប្រទេសចិនបញ្ជូនត្រឡប់មកវិញ ឬត្រូវចាប់បាននិងធ្វើការដាក់ទោស។
ជារួម ការធ្វើនយោបាយការបែងចែកថ្នាក់មនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ធ្វើឱ្យប្រជាជនកូរ៉េខាងជើងភាគច្រើនទទួលរងនូវការគាបសង្កត់ ការបំបិទសិទ្ធិសេរីភាព រួមទាំងការដាក់ទណ្ឌកម្មផ្សេងៗ រួមផ្សំនិងឥទ្ធិពលសង្គ្រាម និងអស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច ដែលធ្វើឱ្យប្រទេសធ្លាក់ក្នុងស្ថានភាពលំបាក ជាពិសេសការផ្តាច់ខ្លួនរបស់ប្រទេសកូរ៉េខាងជើងក្នុងអំឡុងពេលជំងឺកូវីដ១៩ កាន់តែធ្វើឱ្យប្រជាជនកូរ៉េខាងជើងស្ថិតនៅក្នុងស្ថានភាពឯកោ។