"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ វិបត្តិចំណាប់ខ្មាំងអាមេរិក ១៩៧៩

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ហេង លីពណ្ណរាយ

រយៈពេល ៤៤៤ ថ្ងៃដែលបុគ្គលិកស្ថានទូតអាមេរិកត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមចលនាប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់នៅក្នុងវិបត្តិចំណាប់ខ្មាំងអាមេរិក ឆ្នាំ ១៩៧៩ ដែលហេតុការណ៍នេះបានបង្កឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្លាយជាសត្រូវនឹងគ្នា និងបានផ្លាស់ប្តូរសម្ព័ន្ធភាពទំនាក់ទំនងរវាងប្រទេសទាំងពីរមកទល់ពេលនេះ ពោលគឺជិត ៤៥ ឆ្នាំទៅហើយ។

មូលហេតុនៅពីក្រោយវិបត្តិចំណាប់ខ្មាំងអាមេរិក ឆ្នាំ ១៩៧៩

នៅឆ្នាំ​ ១៩៥២ ដែលស្ថិតក្នុងអំឡុងពេលភាពតានតឹងនៃសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត បានជះឥទ្ធិពលដល់អ៊ីរ៉ង់ក្រោមរដ្ឋបាលដឹកនាំរបស់នាយករដ្ឋមន្រ្តីដែលទើបជាប់ឆ្នោតថ្មីម្នាក់ ឈ្មោះថា ម៉ូហាម៉ាដ ម៉ូសាដេក (Mohammad Mossadegh)​ ដែលជា​អ្នក​នយោបាយ​ជាតិនិយមមួយរូប។​ ក្រោមរដ្ឋបាលដឹកនាំរបស់លោក ម៉ូហាម៉ាដ ម៉ូសាដេក លោកបានដាក់ចេញនូវគោលនយោបាយជាច្រើន ដែលពិសេសនោះគឺការធ្វើជាតូបនីយកម្មលើវិស័យប្រេង ដោយដកហូតសិទ្ធិធ្វើអាជីវកម្មបូមប្រេងពីក្រុមហ៊ុនបរទេស។ ឆ្លើយតបទៅនឹងការដកហូតនេះ អង់គ្លេសដែលរកចំណូលបានច្រើនពីការធ្វើអាជីវកម្មប្រេងនេះ បានព្យាយាមរកវិធីផ្តួលរលំរបបដឹកនាំរបស់លោក ម៉ូសាដេក និងជំនួសដោយអ្នកផ្សេងវិញ ហើយពេលនោះ សហរដ្ឋអាមេរិកក៏បានចូលរួមផងដែរ។

ជម្លោះរវាងអ៊ីរ៉ង់ និងបណ្តាប្រទេសលោកខាងលិចក៏ចាប់ផ្តើមផ្ទុះឡើង ដោយត្រឹមរយៈពេលមួយឆ្នាំ លោក ម៉ូហាម៉ាដ ម៉ូសាដេក ត្រូវបានគេទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធាមួយ និងបានជំនួសវិញដោយស្តេច ម៉ូហាម៉ាដ រ៉េសា ផាឡាវី (Mohammad Reza Pahlavi) នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៥៣។ ស្តេច ម៉ូហាម៉ាដ រ៉េសា ផាឡាវី គឺជាអ្នកដឹកនាំផ្តាច់ការ រំលោភសិទ្ធិមនុស្ស ប្រព្រឹត្តអំពើពុករលួយ និងអនុវត្តគោលនយោបាយនិយមអាមេរិក នេះបើយោងទៅតាមព័ត៌មានដកស្រង់ចេញពី គេហទំព័រ Britannica។ ក្រោមការដឹកនាំរបស់ស្តេច ផាឡាវី ទ្រង់បានបើកផ្លូវឱ្យអង់គ្លេស និងបណ្តាប្រទេសផ្សេងទៀត បន្តធ្វើអាជីវកម្មប្រេង។ ចលនាប្រឆាំងពីមហាជនចំពោះស្តេច ផាឡាវី ​ក៏បានរីករាលដាលកាន់តែខ្លាំង បើទោះបីជាគេឃើញថា ក្រោមការ​ដឹកនាំរបស់ស្តេចអង្គនេះ អ៊ីរ៉ង់មានសន្ទុះកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចក៏ដោយ។

អំឡុងពេលដែលរងនូវការបះបោរពីមហាជន អាមេរិកនៅតែបន្តផ្តល់ជំនួយថវិកាទៅដល់ស្តេច ផាឡាវី ដើម្បីមេដឹកនាំរូបនេះអាចបន្តរក្សាអំណាចទៅទៀតបាន។​ ជាក់ស្តែងនៅក្នុងថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៧៧ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ជីមី ខាទ័រ (Jimmy Carter) បាននិយាយសរសើរស្តេច ផាឡាវី ក្នុងពិធីជប់លៀងឆ្នាំថ្មី ដោយលើកឡើងថា ​ស្តេច ផាឡាវី គឺជាមនុស្សដ៏គួរឱ្យគោរព និងទទួលបានកី្តស្រលាញ់ពេញ​​ចិត្តពីសំណាក់ជនជាតិអ៊ីរ៉ង់ជាច្រើន ទាំងដែលការពិត គឺផ្ទុយស្រឡះ។ ការណ៍នេះរឹតតែធ្វើឱ្យប្រជាជនអ៊ីរ៉ង់ កាន់តែខឹងសម្បារ និងបង្កើនចលនាប្រឆាំងកាន់តែខ្លាំងឡើង។​

នៅក្នុងចលនាប្រឆាំងនឹងសេ្តចស្ហា ផាឡាវី មានមេដឹកនាំម្នាក់គឺ រូហូឡា ខូម៉ីនី (Ruhollah Khomeini) ជាមេដឹកនាំចលនាមានប្រជាប្រិយភាពមួយរូប ដែលជាពិសេសនោះគឺបន្ទាប់ពីត្រូវបានចាប់ខ្លួនដោយអាជ្ញាធរនិងនិរទេសខ្លួននៅអ៊ីរ៉ាក់និងបារាំង កំណើនអ្នកគាំទ្ររូបលោកបានកើនឡើងនិងមានការគាំទ្រចលនារបស់លោកជាខ្លាំង។

ការផ្ទុះឡើងនៃចលនាបាតុកម្ម

ចលនាបាតុកម្មបានផ្ទុះឡើងនាដើមឆ្នាំ ១៩៧៨ នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយកើតចេញពីសិស្សសាលា​ដែលជាអ្នក​ស្រលាញ់គាំទ្រយ៉ាងពេញទំហឹងរបស់លោក រូហូឡា ខូម៉ីនី ។ ម៉្យាងទៀត យុវជនទាំងនោះគឺកំពុងតែជួបវិបត្តិគ្មានការងារធ្វើផងដែរ។ ចលនាប្រឆាំងនេះគឺកាន់តែរីករាលដាលធំទៅៗ ដោយមានអ្នកចូលរួមកើ​ន​ឡើងលើស ៦លាន នាក់ ហើយបាតុករមួយចំនួនបានស្លាប់ដោយសារកម្លាំងបង្ក្រាបរបស់អាជ្ញាធរក្រោម​ការបញ្ជារបស់ស្តេច ផាឡាវី ដែលបង្កឱ្យកាន់តែដុតកំហឹងរបស់ក្រុមបាតុករទាំងនោះ។ ដោយសារតែកម្លាំងបដិវត្តន៍របស់មហាជន ធ្វើឱ្យស្តេច ផាឡាវី បាននិរទេសខ្លួនទៅកាន់ប្រទេស​អេហ្ស៉ីប​​នៅថ្ងៃទី១៦ ខែ មករា ឆ្នាំ ១៩៧៩ ដោយមិនឃើញវត្តមានវិលត្រឡប់ចូលប្រទេសវិញឡើយ។ នៅពេលនោះ របបរាជានិយមនៅអ៊ីរ៉ង់ក៏ត្រូវបាន​ដួល​រលំ​​ និងជំនួសមកវិញដោយរដ្ឋាភិបាលអ៊ីស្លាម ក្រោមការដឹកនាំរបស់ លោក ខូម៉ីនី។

ការរើឡើងវិញនូវស្នាមរបួសចាស់

បន្ទាប់ពីទទួលបានជ័យជម្នះនៃបដិវត្តន៍អ៊ីរ៉ង់ ភាពជាសត្រូវជាមួយសហរដ្ឋអាមេរិករបស់អ្នកគាំទ្រ​របបចាស់ក៏បានរើ​ឡើងវិញ ហើយ​មន្ត្រីនៅស្ថានទូតអាមេរិកក៏បានរងការវាយប្រហារជាច្រើនលើកផងដែរពីសំណាក់ក្រុម​បាតុករ​គាំទ្រ​​បដិវត្តន៍។​​ បើទោះបីជាមានភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់ក៏ពិតមែន តែប្រធានាធិបតីអាមេរិក លោក ជីមី ខាទ័រ បានបន្ត​ព្យាយាមរក្សាទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ថ្មី ក៏ប៉ុន្តែការដែលលោកផ្តល់សិទ្ធិជ្រកកោនដល់​ស្តេច ​ផាឡាវី ​​​ដើម្បី​ទទួលការព្យាបាលជំងឺមហារីកនៅអំឡុងខែតុលា ឆ្នាំ១៩៧៩ គឺជាការសម្រេចចិត្តដ៏ខុសមួយ។

នៅថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ១៩៧៩ ក្រុមសិស្សនិស្សិតដែលជាអ្នកស្មោះស្ម័គ្រនឹងមេដឹកនាំលោក ខូម៉ីនី ប្រមាណជា ៣ ពាន់ នាក់បាននាំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំទីក្រុងតេហេរ៉ង់ បន្ទាប់មកពួកគេក៏នាំគ្នា​សម្រុក​ចូលទៅក្នុង​ស្ថានទូត ហើយចាប់ខ្លួនមន្ត្រីនិងបុគ្គលិកស្ថានទូតអាមេរិកចំនួន ៦៣ នាក់ធ្វើជាចំណាប់ខ្មាំង ហើយមានតែអ្នកការទូត​អាមេរិកចំនួន​ ៦ នាក់ប៉ុណ្ណោះដែលបានរួចខ្លួនដោយបានសុំលាក់ខ្លួន​នៅគេហដ្ឋានរបស់អ្នកការទូត​កាណាដា​ លោក ចន ហ៊្សែរដោន (John Sheardown)។ នាពេលនោះផងដែរ នាយករដ្ឋមន្ត្រីកាណាដាលោក ចូ ខ្លាក (Joe Clark) បានជួយអ្នកការទូតអាមេរិកទាំង ៦​ នាក់ឱ្យបានចាកចេញពីប្រទេសអ៊ីរ៉ង់ ដោយការចេញនូវលិខិតឆ្លងដែនកាណាដាទៅឱ្យពួកគេ។ បន្ទាប់មកក្រុម​និស្សិត​​អ៊ីរ៉ង់នោះបានចាប់ខ្លួនបុគ្គលិកស្ថានទូតអាមេរិកចំនួន ៣ នាក់ទៀតមកធ្វើជាចំណាប់ខ្មាំងដែលចំនួនសរុបឡើងដល់ ៦៦ នាក់។

ដំណើរស្វែងរកដំណោះស្រាយ

ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់គឺនៅតែមិនអាចរកឃើញពន្លឺនៃដំណោះស្រាយឃើញ ដោយក្រុម​អ្នក​ចាប់ចំណាប់ខ្មាំងនៅថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ១៩៧៩ ​បានផ្ញើសារតាមការផ្សាយរបស់ស្ថានីយ៍ព័ត៌មានតេហេរ៉ង់​ដែលមានខ្លឹមសារ ហាមឃាត់ក្រុមប្រឹក្សារបស់ចលនាបដិវត្តន៍ និងមន្ត្រីផ្សេងទៀត ចូលរួមចរចាជាមួយអ្នក​តំណាង​​របស់សហរដ្ឋ​អាមេរិក និងបានចេញជាសារថា សហរដ្ឋអាមេរិកត្រូវតែប្រគល់ស្តេច ផាឡាវី មកឱ្យអ៊ីរ៉ង់វិញ និង​បញ្ឈប់​​ការធ្វើចារកម្មទៅលើចលនារបស់ពួកគេ ទើបពួកគេអាចបើកផ្លូវសម្រាប់ការចរចារបាន។ ភាពចម្រូងចម្រាស​នៃការចរចា និងការដោះស្រាយបញ្ហានេះនៅតែបន្តបើទោះបីជាសហរដ្ឋអាមេរិក ព្យាយាមស្វែងរកដំណោះស្រាយដោយសន្តិវិធីកី្ត។

ជាក់ស្តែង បន្ទាប់ពីទទួលបានសារពីប្រទេសអ៊ីរ៉ង់ហើយ នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកបានរៀបចំការប្រជុំជាបន្ទាន់នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយ​គ្មាន​វត្តមានរបស់អ៊ីរ៉ង់ និងបានអនុម័តនូវសេចកី្តសម្រេចលេខ ៤៥៧ ដោយបានអំពាវនាវដល់ក្រុមបាតុករ ឱ្យដោះលែង​ចំណាប់ខ្មាំងដែលជាបុគ្គលិកស្ថានទូតទាំងអស់ និងត្រូវការពារសុវត្ថិភាពរបស់ពួកគេ។ ក្នុងសេចកី្តសម្រេចនោះផង​ដែរ ក៏បានអំពាវនាវដល់រដ្ឋាភិបាលអាមេរិក និងអ៊ីរ៉ង់ ចូលតុចរចា និងដោះស្រាយបញ្ហាដោយសន្តិវិធី ​និង​​បានសំណូមពរដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) ដើរតួជាអ្នកសម្របសម្រួល ដើម្បី​អនុវត្ត​សេចកី្តសម្រេចនោះឱ្យបានលឿន។

ក៏ប៉ុន្តែ ក្រៅពីការស្វែងរកដំណោះស្រាយតាមនីតិវិធីរដ្ឋបាល លោក​ប្រធានាធិបតីអាមេរិក ជីមី ខាទ័រ ក៏បានប្រើប្រាស់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយបង្កកទ្រព្យសម្បត្តិរបស់​រដ្ឋាភិបាល​​អ៊ីរ៉ង់ ដែលមាននៅក្នុងសហរដ្ឋអាមេរិកចំនួនសរុបលើស ១៣ ប៊ីលានដុល្លា​អាមេរិក បញ្ឈប់ការនាំចូលប្រេងពីអ៊ីរ៉ង់ និងបញ្ឈប់ការលក់អាវុធទៅអ៊ីរ៉ង់វិញដូចគ្នា។ រីឯភាគីអ៊ីរ៉ង់វិញ ក្រុមចលនាប្រឆាំងនោះនៅតែរក្សាជំហរមិនព្រមចូលរួមកិច្ចចរចារ និង​នៅតែបន្តទាមទារស្តេច ផាឡាវី មកវិញ​ដើម្បី​កាត់ទោស និងតម្រូវឱ្យសហរដ្ឋអាមេរិក ធ្វើការសុំទោសខ្លួនដែលបានឈ្លានពាន និងជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់អ៊ីរ៉ង់ ក៏ដូច​ជា​ការដែលចូលរួមផ្តួលរម្លំរបបដឹកនាំរបស់លោក ម៉ូហាម៉ាដ ម៉ូសាដេក។

រហូតដល់ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ​១៩៨០ លោក ជីមី ខាទ័រ បានបង្គាប់ឱ្យបង្កើតក្រុមប្រតិបត្តិកា​រ​សង្គ្រោះ​ចំណាប់ខ្មាំងមួយឈ្មោះថា Operation Eagle Claw ដើម្បីអនុវត្តបេសកម្មសង្គ្រោះចំណាប់ខ្មាំងទាំងនោះ ក៏ប៉ុន្តែលទ្ធផលគឺមិនដូចការ​រំពឹងទុកនោះឡើយ ដោយបានបរាជ័យ ហើយបានបង្កគ្រោះថ្នាក់ដល់ក្រុមជួយសង្គ្រោះចំនួន ៨ នាក់ បាត់​បង់​ជីវិត​ក្រោយឧបទ្ទវហេតុធ្លាក់យន្តហោះក្នុងពេលទៅបំពេញបេសកម្មនេះ ដែលតម្រូវឱ្យមានការបញ្ឈប់ប្រតិបត្តិ​ការភ្លាមៗ​។

ភាពបរាជ័យនៃបេសកកម្មសង្គ្រោះ ​បូកផ្សំនឹងការដែលមិនអាចដោះស្រាយបញ្ហាបាន បានជះឥទ្ធិពលទៅដល់​ប្រជា​ប្រិយ​ភាព​របស់លោក​ ជីមី ខាទ័រ និងបានធ្វើឱ្យលោកបាត់បង់ឱកាសបន្តជា​ប្រធានាធិបតី​នៅអាណត្តិក្រោយ ឯបេក្ខភាពនាយករដ្ឋមន្ត្រីអាមេរិកថ្មីគឺបានទៅលើរដ្ឋាភិបាលថ្មីដឹកនាំដោយប្រធានាធិបតីអាមេរិកលោក រ៉ូណាល់ រីហ្កេន Ronal Reagan។ យ៉ាងណាមិញ ទោះបីជាលោកបានចាញ់ការបោះឆ្នោត និងបាត់បង់ឱកាសបន្តដឹកនាំ ក៏លោក ជីមី ខាទ័រ នៅតែបន្តចរចារជាមួយនឹងក្រុមចាប់ចំណាប់​ខ្មាំងនៅអ៊ីរ៉ង់ រហូតដល់ថ្ងៃធ្វើការចុង​ក្រោយរបស់លោក។

ពន្លឺនៃដំណោះស្រាយរំដោះចំណាប់ខ្មាំង

រដ្ឋាភិបាលអ៊ីរ៉ង់បានទទួលការចោទប្រកាន់ពីសហគមន៍អន្តរជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខអ.ស.ប និងតុលាការ​អន្តរជាតិក្រុងឡាអេ និងត្រូវទទួលខុសត្រូវចំពោះហេតុការណ៍នេះ ដោយសារតែជាការរំលោភលើអភ័យ​ឯកសិទ្ធិនៃ​ស្ថាន​ទូត និងមន្ត្រីទូតបរទេស ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ ជា​ពិសេសគឺ​អនុសញ្ញា​ទីក្រុង​វីយ៉ែន (១៩៦១) ស្តីពីទំនាក់ទំនងការទូត ឬ Vienna Convention on Diplomatic Relations បើទោះបី​សកម្មភាពចាប់ចំណាប់ខ្មាំងបុគ្គលិកស្ថានទូតអាមេរិកនេះមិនមែនធ្វើឡើងដោយកងកម្លាំងរដ្ឋាភិបាលក៏ដោយ ក៏រដ្ឋាភិបាលក្រុងតេហេរ៉ង់ត្រូវតែមានទំនួលខុសត្រូវ។​

នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ១៩៨១ លោក ជីមី ខាទ័រ និងរដ្ឋបាលរបស់លោក បានសម្រេចជាផ្លូវ​ការ​នូវការចរចាជាមួយនឹងមេដឹកនាំអ៊ីរ៉ង់នៅក្នុងទីក្រុងអាល់ហ្សេ ប្រទេសអាល់ហ្សេរី (ALGIERS ACCORDS) ដែលនៅក្នុងសេចក្តីប្រកាសនៃកិច្ចព្រមព្រៀងអាល់ហ្សេ របស់រដ្ឋាភិបាលអាល់ហ្សេរី មានគោលការណ៍ទូទៅចំនួន ៤ ចំណុចដូចតទៅ៖

ចំណុចទី ១ ការមិនធ្វើអន្តរាគមន៍ក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់

ចំណុចទី ២ និងទី ៣ ការប្រគល់ទ្រព្យសកម្មរបស់អ៊ីរ៉ង់ និងការទូទាត់សំណងនៃបណ្តឹងទាមទារសំណងរបស់សហរដ្ឋអាមេរិក

ចំណុចទី ៤ ការប្រគល់ទ្រព្យសម្បតិ្តរបស់គ្រួសារអតីតស្តេច ផាឡាវី ដែលអាមេរិកបានបង្កក

លក្ខខណ្ឌនៅក្នុងសេចកី្តប្រកាសនេះ គឺរដ្ឋាភិបាលតេហេរ៉ង់ផ្ទាល់ជាអ្នកដាក់ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអាមេរិក។ ​ក្រោយទទួលបានការព្រមព្រៀងពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង​នៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ១៩៨១ ដែលមានរយៈពេលសរុប ៤៤៤ ថ្ងៃរាប់ចាប់ពីថ្ងៃដែលពួកគេបានជាប់ឃុំ។ ចាប់ពីមានវិបត្តិ​ចំណាប់​ខ្មាំ​ងនេះ ទំនាក់ទំនងការទូតរវាងអាមេរិក និងអ៊ីរ៉ង់ត្រូវបានកាត់ផ្តាច់ទាំងស្រុង រហូតមកដល់បច្ចុប្បន្ន​នេះ​ វត្តមានស្ថានទូតនៅក្នុងប្រទេសទាំងពីរនៅមិនទាន់បានបង្កើតឡើងវិញនៅឡើយទេ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ម៉េង លីហ័រ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ