បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីបានបញ្ចប់ភារកិច្ចរបស់ខ្លួនជាប្រធានអាស៊ានកាលពីឆ្នាំ២០២៣កន្លងទៅ ប្រទេសឡាវត្រូវឈានចូលមកបន្តតំណែងជាប្រធានអាស៊ានបន្តវេនក្នុងឆ្នាំ២០២៤ ដ្បិតនៅក្នុងស្ថានការណ៍តំបន់កំពុងតែក្តៅគគុកយ៉ាងណាក៏ដោយ។ ភាពស្មុគស្មាញនៃចរន្តភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច បានជំរុញឲ្យឡាវដាក់ចេញនូវមូលបទ «ការពង្រឹងការតភ្ជាប់ និងភាពធន់» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម ក៏ដូចជាផ្ដោតទៅលើកិច្ចការផ្ទៃក្នុងឲ្យបានច្រើនជាងមុន។ ដូច្នេះហើយ អត្ថបទនេះនឹងពិនិត្យទៅលើអាទិភាពក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ រួមផ្សំជាមួយគោលដៅអនាគតនានា ដែលទាក់ទងនឹងអាទិភាពទាំងនេះ។
ជាការពិតណាស់ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់ លោក សាលើមសៃ គុំម៉ាស៊ីដ (Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ។ ជាលទ្ធផល រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ រួមទាំងប្រទេសកម្ពុជា បានសម្តែងការគាំទ្រចំពោះអាទិភាពរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ដែលស្ថិតក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់«។
អាទិភាពទី១៖ ការពង្រឹងការតភ្ជាប់
ចំពោះ ការពង្រឹងការតភ្ជាប់ ឡាវសង្កត់ធ្ងន់លើអាទិភាពចំនួន ៤ រួមមាន៖ ១) ការបង្រួមគម្លាតអភិវឌ្ឍន៍រវាងប្រទេស CLMV និង ASEAN-6 តាមរយៈពាណិជ្ជកម្ម និងការវិនិយោគ ២) ការអភិវឌ្ឍប្រកបដោយចីរភាពនៃទេសចរណ៍ធម្មជាតិ ហើយនិងការការពារបរិស្ថាន ៣) ពាណិជ្ជកម្មអេឡិចត្រូនិក និងគម្លាតហិរញ្ញវត្ថុក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម តាមរយៈការធ្វើឌីជីថលនីយកម្ម ៤) ការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈក្នុងចំណោមរដ្ឋសមាជិកអាស៊ាន និងពិភពលោកទាំងមូល។ គួរបញ្ជាក់ថា ប្រទេស CLMV សំដៅដល់ប្រទេសបួនចុងក្រោយដែលបានចូលជាសមាជិកអាស៊ានរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ពោលគឺពួកគេមានកម្រិតសេដ្ឋកិច្ចទាបជាងបិតាស្ថាបនិកអាស៊ាន។ ចំណែក ASEAN+6 សំដៅដល់សមាជិកអាស៊ានទាំងអស់រួមបញ្ចូលជាមួយនឹង អូស្រ្តាលី ណូវែលហ្សេឡង់ ចិន ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង។
អាទិភាពទី២៖ ការពង្រឹងភាពធន់
ដោយឡែក ចំពោះការពង្រឹងភាពធន់ ឡាវដាក់ចេញនូវអាទិភាពចំនួន ៥ បន្ថែម រួមមាន៖ ១) ការបង្កើតផែនការយុទ្ធសាស្រ្តដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ២) ការលើកកម្ពស់មជ្ឈភាពអាស៊ាន ៣) ជំរុញភាពធន់នឹងអាកាសធាតុ ៤) លើកកម្ពស់តួនាទីស្ត្រីនិងកុមារ និង ៥) ការពង្រឹងភាពធន់សុខភាពក្រោយយុគសម័យជំងឺកូវីដ-១៩។
ចក្ខុវិស័យនាពេលអនាគត
លើសពីនេះទៅទៀត មូលបទនេះនឹងជំរុញឲ្យមានការសង្កត់ធ្ងន់លើសារៈសំខាន់នៃចក្ខុវិស័យអាស៊ានស្ដីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ានក្នុងទំនាក់ទំនងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយក៏បានលើកទឹកចិត្តឱ្យដៃគូខាងក្រៅអាស៊ានចូលរួមផងដែរ។ ជាក់ស្តែង ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានពិភាក្សាអំពីមាគ៌ាទៅមុខ ដើម្បីជំរុញបន្ថែមនូវការកសាងសហគមន៍អាស៊ានបន្ថែមទៀត និងកោតសរសើរចំពោះវឌ្ឍនភាពដ៏ល្អក្នុងការសម្រេចបាននាពេលបច្ចុប្បន្ន។ ដោយឡែក ចំពោះចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ រដ្ឋមន្ត្រីការបរទេសទាំងអស់ នឹងផ្ដោតសំខាន់ទៅលើការប្រើប្រាស់វិធីសាស្រ្តប្រកបដោយបរិយាបន្ន និងគ្រប់ជ្រុងជ្រោយ ជាមួយបណ្ដាភាគីពាក់ព័ន្ធ ក្នុងការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តនានា។
ម្យ៉ាង លោកឧបនាយករដ្ឋមន្ត្រីឡាវក៏បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ប្រទេសឡាវក៏នឹងចូលរួមជាមួយបណ្តាប្រទេសជាសមាជិកក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ដោយឈរលើសសរស្តម្ភទាំងបីរបស់សហគមន៍អាស៊ាន ដោយខិតខំបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងតំបន់អាស៊ាន ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការរក្សាតួនាទីស្នូលរបស់ខ្លួននៅក្នុងស្ថាបត្យកម្មក្នុងតំបន់ និងការពង្រឹងទំនាក់ទំនងជាមួយដៃគូជាដើម។ ការកាន់តំណែងជាប្រធានអាស៊ានរបស់ឡាវ នឹងមិនត្រឹមតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសឡាវក្នុងការលើកកម្ពស់មុខមាត់ប្រទេស និងទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេសឱ្យបានច្រើននោះទេ តែវាជាស្នូលនៃការអភិវឌ្ឍតំបន់ទាំងមូល។
សរុបសេចក្តីមក ភាពជាប្រធានអាស៊ានរបស់ឡាវ ទំនងជានឹងនាំមកនូវការរីកចម្រើននៃការឆ្លើយតបទៅនឹងបញ្ហានានា ដោយហេតុថា ឡាវបានផ្តោតលើគោលនយោបាយដែលមិនសូវមានភាពចម្រូងចម្រាស និងផ្ដោតទៅលើកិច្ចការផ្ទៃក្នុងច្រើនជាង។ លោក សាលើមសាយ កុំម៉ាសិទ្ធិ ជឿជាក់ថា ដោយមានការឯកភាព និងការគាំទ្រពីប្រទេសជាសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅផ្សេងទៀត ការធ្វើជាប្រធានអាស៊ានរបស់ប្រទេសឡាវ នឹងទទួលបានជោគជ័យ ហើយតំបន់អាស៊ានទាំងមូលនឹងជំនះរាល់បញ្ហាប្រឈម។ តែទោះជាយ៉ាងណា គោលបំណងដើម្បីសម្រេចបាននូវអាទិភាពទាំង ៩ ក្នុងរយៈពេលមួយឆ្នាំ គឺពិតជាមហិច្ឆតាដ៏ធំធេង របស់ឡាវ។ ដូច្នេះហើយ ឡាវ ក៏ដូចជាសមាជិកអាស៊ានទាំងអស់ នឹងត្រូវរួបរួមគ្នា ក្នុងការសម្រេចបាននូវការរីកចម្រើននៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។