"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ កីឡាអូឡាំពិកទីក្រុងប៉ារីស ក្នុងបរិបទបញ្ហាពិភពលោកថ្មី

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា​ ស៊ាន ស្រីការ

កីឡាអូឡាំពិក គឺជាព្រឹត្តិការណ៍កីឡាល្បីមួយនៅក្នុងពិភពលោកដែលបង្ហាញពីសាមគ្គីភាព និងការចូលរួមរបស់ប្រទេសទាំងអស់នៅក្នុងពិភពលោកដែលប្រព្រឹត្តក្នុងរយៈពេល៤ឆ្នាំម្តង។ ព្រឹត្តិការណ៍មួយនេះជាព្រឹត្តិការណ៍ដ៏ចំណាស់មួយដែលមានតាំងពីសម័យក្រិកបុរាណមកម្ល៉េះ។ ព្រឹត្តិការណ៍អូឡាំពិកជំនាន់ថ្មីបានចាប់ផ្តើមពីឆ្នាំ១៨៩៦ ដែលប្រារព្ធឡើងនៅទីក្រុងអាតែន ប្រទេសក្រិកដែលគេរាប់ថាជាព្រឹត្តិការណ៍អូឡាំពិកលើកទី១សំរាប់ទំព័រព្រឹត្តិការណ៍ពិភពលោកមួយនេះ។ ចាប់ពីឆ្នាំ១៨៩៦ រហូតមកដល់ពេលបច្ចុប្បន្ននេះកីឡាអូឡាំពិកបានប្រព្រឹត្តចំនួន៣២លើករួចមកហើយ និងឈានដល់លោកទី៣៣នឹងប្រារព្ធនៅក្នុងទីក្រុងប៉ារីសសំរាប់ឆ្នាំ២០២៤នេះ។ នៅក្នុងការប្រារព្ធចំនួន៣២លើកនៃព្រឹត្តិការណ៍កីឡា៤ឆ្នាំម្តង បានហែលឆ្លងកាត់របត់នយោបាយពិភពលោក និងព្រឹត្តិការណ៍ជាច្រើនផងដែរដូចជាបរិបទសង្រ្គាមលោកលើកទាំងពីរ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះប្រារព្ធចំនួន៣លើកគឺ ឆ្នាំ១៩១៦១៩៤០ និងឆ្នាំ១៩៤៤។ ក្នុងបរិបទសង្រ្គាមត្រជាក់វិញ មានជាអាទិ៍ភេវរកម្មក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងម៉ូនិកឆ្នាំ១៩៧២ ការធ្វើពហិការពីសំណាក់ប្រទេសលោកខាងលិចនៅកីឡាអូឡាំពិកទីក្រុងម៉ូស្គូឆ្នាំ១៩៨០និងពីសំណាក់ប្រទេសលោកខាងកើតជាពិសេសសូវៀតនៅឆ្នាំ១៩៨៤ ក្នុងទីក្រុងឡូអែនជឺលេសជាដើម។ ក្នុងបរិបទ២០២៤នេះ បរិបទនយោបាយនិងជម្លោះថ្មីៗបានកើតឡើងដូចជាជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ជម្លោះនៅមជ្ឈឹមបូព៌ារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនរួមទាំងអ៊ីរ៉ង់សុទ្ធតែជារឿងក្តៅគគុកនាពេលបច្ចុប្បន្ន។ ហើយវាក៏អាចជាការប៉ះពាល់និងកង្វល់ដល់សន្តិសុខនៃព្រឹត្តិការណ៍នេះផងដែរសំរាប់បារាំង។ តើបារាំងបានត្រៀមខ្លួននិងការពារសន្តិសុខនៃព្រឹត្តិការណ៍អូឡាំពិកបានកំរិតណា ដើម្បីបញ្ចៀសបញ្ហាអសន្តិសុខក្នុងព្រឹត្តិការណ៍នេះ?

១.ជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីនធ្វើឱ្យនឹកឃើញភេវរកម្មក្នុងកីឡាអូឡាំពិក១៩៧២

          នាពេលបច្ចុប្បន្ននេះ ជម្លោះរវាងអ៊ីស្រាអែលនិងពួកហាម៉ាសប៉ាឡេស្ទីនបានធ្វើឱ្យមានការបំផ្លិចបំផ្លាញទាំងជីវិតមនុស្ស និងហេដ្ឋានរចនាសម័្ពន្ធក្នុងប្រទេសទាំងពីរផងដែរ។ សង្រ្គាមនេះគឺជាកង្វល់បញ្ហាពិភពលោក និងជាសង្រ្គាមដ៏រុំារ៉ៃមួយរវាងជាតិសាសន៍ទាំងពីរនេះ។បើនិយាយពីជម្លោះរវាងប្រទេសទាំងពីរ គេក៏បាននឹកឃើញដល់បញ្ហាសោកនាដកម្មដ៏ធំមួយ​ដល់ព្រឹត្តិការណ៍អូឡាំពិកដែរ គឺនៅក្នុងព្រឹត្តិការណ៍អូឡាំពិកលើកទី២០នៅទីក្រុងម៉ូនិកឆ្នាំ១៩៧២។ សោកនាដកម្មដែលធ្វើឱ្យពិភពលោកមានការនឹកស្មានមិនដល់នោះគឺ ជាអំពើភេរវកម្មរបស់ក្រុមខែកញ្ញាពណ៌ខ្មៅ(Black September) របស់ពួកប៉ាឡេស្ទីនចូលចាប់ជំរិតក្រុមគ្រូបង្វឹកនិងអត្តពលិកអ៊ីស្រាអែលនៅក្នុងភូមិកីឡាអូឡាំពិក។ ការចូលចាប់ជំរិតនេះគឺបានកើតឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧២ នាពេលព្រលឹមកងកុម៉្មង់ដូររបស់ប៉ាឡេស្ទីនក្រុមខែកញ្ញាពណ៌ខ្មៅ(Black September) បានបន្លំខ្លួនដោយស្លៀកពាក់ជាកីឡាករចូលទៅក្នុងភូមិអូឡាំពិក។ នៅពេលដែលចូលបានដោយជោគជ័យ ហើយក្រុមនោះក៏បានធ្វើប្រតិបត្តិការដោយចាប់ជំរិតលើក្រុមកីឡាករនិងគ្រូបង្វឹកអ៊ីស្រាអែលចំនួន១១នាក់ និងបានសម្លាប់ចំណាប់ខ្មាំង២នាក់ដោយសារពួកគេបានតដៃនិងចង់រត់គេចពីពួកនេះ។ នៅពេលកើតហេតុភ្លាមៗ ប៉ូលីសអាឡឺម៉ង់បានឡោមព័ទ្ធនិងធ្វើប្រតិបត្តិការផែនការដើម្បីរំដោះចំណាប់ខ្មាំងអ៊ីស្រាអែល ហើយក៏បានធ្វើការចរចាជាមួយពួកភេរវករអស់ជាច្រើនម៉ោងនិងលក្ខខណ្ឌទាមទាររបស់ពួកគេ ជាពិសេសទាមទារឱ្យអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន២៣០នាក់ដែលអ៊ីស្រាអែលបានចាប់ខ្លួនដាក់ពន្ធនាគារ។ បន្ទាប់ពីចរចាអស់ជាច្រើនម៉ោងមក រដ្ឋាភិបាលអាឡឺម៉ង់ខាងលិចបានសម្រេចបញ្ចូននូវឧទ្ធម្ភាគចក្រដឹកក្រុមភេរវករចេញពីភូមិអូឡាំពិកទៅកាន់ព្រលានយន្តហោះក្បែរទីក្រុងម៉ូនិក។​ ប៉ូលីសអាឡឺម៉ង់ក៏បានសម្រេចបើកការប្រយុទ្ធភ្លាមៗតែម្តងដើម្បីរំដោះចំណាប់ខ្មាំងនៅព្រលានយន្តហោះនោះផ្ទាល់តែម្តង។ ការវាយប្រហារបានធ្វើឱ្យប៉ូលីសអាឡឺម៉ង់ស្លាប់ម្នាក់ ចំណាប់ខ្មាំងទាំងអស់ និងក្រុមភេរវករចំនួន៥នាក់។ ព្រឹត្តិការណ៍ខាងលើនេះ បានធ្វើឱ្យអាឡឺម៉ង់បាក់មុខខ្លាំងមែនទែនចំពោះការរៀបចំព្រឹត្តិការណ៍អូឡាំពិកខាងលើនេះបន្ទាប់ពីចង់ស្តារមុខមាត់ខ្លួនពីអូឡាំពិក១៩៣៦ដែលលោកហ៊ីត្លែររៀបចំនិងមានការរឹតបន្តឹងខ្លាំងរហូតដល់ទាហានគ្រប់កន្លែង។ មួយវិញទៀត សំរាប់ការឆ្លើយតបរបស់អ៊ីស្រាអែលក៏បានធ្វើការឆ្លើយតបទៅពួកប៉ាឡេស្ទីនវិញដោយប្រតិបត្តិការ Wrath of God ដែលជាយុទ្ធនាការធ្វើឃាតដោយសម្ងាត់លើបុគ្គលសំខាន់ៗរបស់ប៉ាឡេស្ទីន ដើម្បីជាការសងសឹកផងដែរ។ ព្រឹត្តិការណ៍ខាងលើនេះក៏ជាមេរៀនមួយសំរាប់ប្រទេសបារាំងក្នុងពង្រឹងសន្តិសុខសំរាប់អូឡាំពិកឆ្នាំ២០២៤នេះ ដែលស្ថិតក្នុងបរិបទជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនខ្លាំងដូចគ្នានេះឬក៏បរិបទនយោបាយសង្គ្រាមរវាងប្រទេសផ្សេងទៀតដែលមិនទាន់រលត់ ដើម្បីជៀសវាងកើតឡើងមានអំពើភេវរកម្មចាប់ជំរិតនិងការគំរាមកំហែងលើកីឡាករដូចទៅនឹងឆ្នាំ១៩៧២។

២.ការត្រៀមខ្លួននិងពង្រឹងសន្តិសុខរបស់បារាំងសំរាប់ព្រឹត្តិការណ៍ពិភពលោកនេះ

          នៅសល់រយៈពេលប្រមាណជាង២ខែទៀត ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅលើកទី៣៣នឹងចាប់ផ្តើមនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ព្រឹត្តិការណ៍នេះនឹងធ្វើពិធីបើកនៅថ្ងៃទី២៦ ខែកក្កដា រហូតដល់ពិធីបិទនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងបរិបទថ្មីដែលពិភពលោកកំពុងជួបប្រទះនឹងសង្រ្គាមជាច្រើនដូចជារុស្ស៊ីនិងអ៊ុយក្រែន ជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីនរួមទាំងអ៊ីរ៉ង់ នឹងធ្វើឱ្យក្លាយជាកង្វល់សំរាប់បញ្ហាសន្តិសុខនៅព្រឹត្តិការណ៍នេះ។មួយវិញទៀត អ្វីដែលបារាំងនឹងត្រូវប្រឈមមុខជាមួយបញ្ហាសន្តិសុខនោះគឺគំរាមកំហែងដោយភេរវកម្ម ដែលតម្រូវឱ្យបារាំងត្រូវពង្រឹងខ្លួននិងធ្វើសមយុទ្ធហ្វឹកហាត់ជាច្រើនដូចជាការដាក់ដ្រូនការពារនិងប្រឆាំងភេរវកម្មជាដើម ដើម្បីការពារសុខសុវត្ថិភាពសំរាប់កម្មវិធីទាំងមូល។ ក្នុងព្រឹត្តិការណ៍ខាងលើនេះ ទាំងបារាំងនិងគណៈកម្មាធិការអូឡាំពិកបានប្តេជ្ញាក្នុងការថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ព្រឹត្តិការណ៍នេះឱ្យបានល្អ និងដាក់ពង្រាយទាហានអបជាមួយប៉ូលីសច្រើនជាងព្រឹត្តិការណ៍អូឡាំពិកផ្សេងៗទៀតពីមុនមកផងដែរ។ បារាំងក៏នឹងប្រារព្ធការបើកកម្មវិធីព្រឹត្តិការណ៍នេះនៅលើដងទន្លេសែនផងដែរ ប៉ុន្តែក៏មានជម្រើសមួយផ្សេងទៀត សំរាប់ការបើកខាងលើនៅក្នុងពហុកីឡដ្ឋានជាតិបារាំងប្រសិនបើមានការគំរាមកំហែងនិងការបារម្ភពីអំពើភេរវកម្ម។ ទោះជាយ៉ាងណា អាជ្ញាធរបារាំងនៅតែចង់រៀបចំពិធីបើកដូចការដែលគ្រោងទុកនៅលើដងទន្លេសែន និងកាត់បន្ថយចំនួនមនុស្សចូលទស្សនាវិញ។ ជាមួយគ្នានេះផងដែរ ដើម្បីសុវត្ថិភាពទាំងមូលអាជ្ញាធរនឹងធ្វើការបិទផ្លូវចរាចរណ៍ទាំងស្រុងនៅក្នុងកម្មវិធី និងកំណត់មុខសញ្ញារបស់អ្នកចូលរួមតាមការបង្ហាញ QR កូដចេញចូល និងអត្តសញ្ញាណប័ណ្ណរបស់ខ្លួនផងដែរ។

សរុបមក ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ នឹងក្លាយជាព្រឹត្តិការណ៍កីឡាមួយដែលគួរឱ្យចាប់អារម្មណ៍ដែលស្ថិតនៅក្នុងបរិបទនយោបាយជម្លោះថ្មីៗរបស់ពិភពលោកនិងការគំរាមពីអំពើភេរវកម្ម។ ជម្លោះនៅមជ្ឈឹមបូព៌ារវាងអ៊ីស្រាអែលនិងហាម៉ាសប៉ាឡេស្ទីន បានធ្វើឱ្យពិភពលោកនឹកឃើញដល់កីឡាអូឡាំពិកឆ្នាំ១៩៧២ នៅអាឡឺម៉ង់ខាងកើតចំពោះការចាប់ខ្លួនក្រុមកីឡាករមកពីអ៊ីស្រាអែលធ្វើជាចំណាប់ខ្មាំងពីសំណាក់ពួកខែកញ្ញាពណ៌ខ្មៅ(Black September) ប៉ាឡេស្ទីនដែលធ្វើឱ្យមានសោកដនាកម្មក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។ នេះក៏ជាមេរៀនមួយសំរាប់បារាំងក្នុងការប្រុងប្រយ័ត្នក្នុងព្រឹត្តិការណ៏នេះ ព្រោះជម្លោះបច្ចុប្បន្នមិនមែនមានតែអ៊ីស្រាអែលនិងប៉ាឡេស្ទីនតែមួយទេ។ មួយវិញទៀត ការគំរាមកំហែងពីសំណាក់អំពើភេរវកម្មក៏នឹងក្លាយជាវប្រធានបទក្តៅមួយសំរាប់បារាំងក្នុងព្រឹត្តិការណ៍នេះផងដែរ។ ប៉ុន្តែបារាំងក៏បានត្រៀមខ្លួននិងធ្វើសមយុទ្ធជាច្រើនសំរាប់ការពារសន្តិសុខ និងត្រៀមសម្ភារៈសំរាប់ការពារសន្តិសុខច្រើនផងដែរដូចជាដ្រូនប្រឆាំងអំពើភេរវកម្មជាដើម។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក វ័ន្ត គីមគ័ង
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ