"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីថង់ប្រាជ្ញា៖ គោលនយោបាយថ្មី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសសិង្ហបុរី លោក ឡរ៉េន វង្ស

គំនូរច្នៃប្រឌិតដោយ៖ លោក ផេង ធាន

ប្រទេសសិង្ហបុរីបានផ្លាស់ប្ដូរមេដឹកនាំថ្មីជាលើកដំបូង បន្ទាប់ពីស្ថិតនៅក្រោមការដឹកនាំរបស់លោក លី សៀនឡុង អស់រយៈពេល ២០ ឆ្នាំ។ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ លោក ឡរ៉េន វង្ស (Lawrence Wong) បានចូលខ្លួនធ្វើសច្ចាប្រណិធានក្លាយខ្លួនជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសសិង្ហបុរីជាផ្លូវការ។​ ក្នុងនោះ លោកបានបង្ហាញពីឆន្ទៈក្នុងការដឹកនាំប្រទេសជាតិរបស់លោក ក្រោមគោលនយោបាយ និងការដឹកនាំបែបជំនាន់ថ្មីដែលគេស្គាល់ថាជា «មេដឹកនាំជំនាន់ទី៤» ឬ “4G Leaders”។​ តើតាមរយៈគោលនយោបាយ​ និងការដឹកនាំថ្មីរបស់លោក ឡរ៉េន វង្ស នឹងអាចតម្រង់ទិសនៃប្រទេសសិង្ហបុរីយ៉ាងដូចម្ដេចខ្លះនាពេលអនាគត? ក្នុងអត្ថបទនេះ យើងនឹងស្វែងយល់សង្ខេបពីគោលការណ៍នយោបាយក្នុងការដឹកនាំប្រទេសរបស់លោក ឡរ៉េន វង្ស ដែលលោកបានលើកឡើងនៅក្នុងពិធីសច្ចាប្រណិធានជានាយករដ្ឋមន្ត្រីកន្លងទៅ រួចយើងនឹងស្វែងយល់បន្ថែមអំពីគោលជំហររបស់លោកក្នុងស្ថានការណ៍ដ៏តានតឹងនៃភូមិសាស្រ្តនយោបាយនាពេលបច្ចុប្បន្ន។

គោលនយោបាយថ្មីក្រោមការដឹកនាំរបស់មេដឹកនាំជំនាន់ទី៤ (4G Leaders)

លោក ឡរ៉េន វង្ស នឹងធ្វើការដឹកនាំប្រទេសតាមបែបបទទម្រង់ថ្មី និងកសាងសង្គមមួយដែលប្រជាជនសិង្ហបុរីគ្រប់រូបគឺជាបុគ្គលសំខាន់​ ហើយសិង្ហបុរីគឺជាប្រទេសមួយដែលសំខាន់សម្រាប់ប្រជាជនសិង្ហបុរីគ្រប់រូប នេះបើយោងទៅតាមការលើកឡើងរបស់លោកនៅក្នុងពិធីសច្ចាប្រណិធានកន្លងទៅ។ ទន្ទឹមនេះ លោក ឡរ៉េន វង្ស បានបង្ហាញពីភាពប្ដេជ្ញាចិត្ត ​និងឆន្ទៈរបស់លោក​ក្នុងការដោះស្រាយបញ្ហាសង្គមនៅក្នុងប្រទេសសិង្ហបុរីជាចម្បងដែលរួមមាន ចំណាយនៃការរស់នៅមានការកើនឡើង ភាពខ្វះខាតនូវឱកាសការងារសម្រាប់យុវជន និងក្រុមគ្រួសារជាដើម។

លោក ឡរ៉េន វង្ស ក៏បាននិយាយលើកឡើងថា លោករួមទាំងក្រុមរដ្ឋមន្ត្រីរបស់លោកនឹងរួបរួមគ្នាបង្កើតសង្គមមួយដែលប្រកបទៅដោយសមភាព ផលិតភាពខ្ពស់ និងភាពច្នៃប្រឌិតជឿនលឿនឱ្យកាន់តែបានច្រើនជាងមុន ដើម្បីឈានទៅដល់ការសម្រេចបាននូវតុល្យភាពល្អប្រសើររវាងការងារ និងជីវិតរស់នៅប្រចាំថ្ងៃដ៏ប្រពៃសម្រាប់ប្រជាជនគ្រប់រូប។ ក្នុងន័យនេះផងដែរ លោក ឡរ៉េន វង្ស បានលើកទឹកចិត្តទៅដល់ប្រជាជនសិង្ហបុរីគ្រប់រូបឱ្យចូលរួមក្នុងការដោះស្រាយបញ្ហាសង្គម ដោយមិនមានការបែងចែក ឬរើសអើង សាសនា ពូជសាសន៍ ឬភាសាណាមួយ ដើម្បីឆ្ពោះទៅរកអនាគតដែលធានាដោយសមធម៌ យុត្តិធម៌ និងសន្តិសុខក្នុងសង្គមជាតិ។ គួរបញ្ជាក់ផងដែរថា ប្រទេសសិង្ហបុរីគឺជាប្រទេសមួយដែលត្រូវបានគេស្គាល់ថាជាប្រទេសនាំមុខគេក្នុងវិស័យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំតំបន់ផងដែរ ​ហើយអ្នកជំនាញជាច្រើនបានរំពឹងគិតថា នាយករដ្ឋមន្ត្រីថ្មី លោក ឡរ៉េន វង្ស នឹងបន្តកសាងសេដ្ឋកិច្ចមួយដែលរស់រវើកសម្រាប់ប្រទេសជាតិ និងបង្កើតឱកាសការងារល្អៗជាច្រើនបន្ថែមទៀតសម្រាប់ប្រជាជនទាំងអស់គ្នា។

គោលជំហរក្នុងស្ថានការណ៍ដ៏តានតឹងនៃភូមិសាស្រ្តនយោបាយ

នៅក្នុងពិភពលោកមួយដែលពោរពេញទៅដោយការប្រកួតប្រជែង និងជម្លោះសង្គ្រាម ប្រទេសសិង្ហបុរីតែងតែប្រកាន់ខ្ជាប់នូវគោលជំហរនៃគោលនយោបាយការបរទេសអព្យាក្រឹតរបស់ខ្លួន។ លោក ឡរ៉េន វង្ស បានលើកឡើងថា លោកនឹងបន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសជាដៃគូសហការរបស់លោក មិនថាជាប្រទេសជិតឆ្ងាយក្ដី ដែលការធ្វើបែបនេះនឹងមិនត្រឹមតែអាចទាញយកផលប្រយោជន៍ជាតិសម្រាប់ប្រទេសសិង្ហបុរីប៉ុណ្ណោះទេ តែក៏អាចជាឈ្នាន់ជំរុញតម្រង់ទិសសម្រាប់ប្រយោជន៍ប្រទេសដទៃទៀត និងពិភពលោកទាំងមូលផងដែរ។ លើសពីនេះ ប្រទេសសិង្ហបុរីតែងតែផ្ដល់តម្លៃទៅលើការឈរនៅភាពជាកណ្ដាល ឬភាពមិនលម្អៀងរបស់អាស៊ាន (ASEAN) និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញកិច្ចសហប្រត្តិបត្តិការ និងការធ្វើសមាហរណកម្មក្នុងតំបន់ ដែលមានការចូលរួមពីសហរដ្ឋអាមេរិក និងចិនផងដែរ។ ការប្រកាន់គោលជំហរបែបនេះ មិនត្រឹមតែធ្វើឱ្យមានស្ថិរភាពទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងតំបន់ប៉ុណ្ណោះទេ តែក៏អាចរក្សាបាននូវគោលជំហរ និងលើកតម្កើងកិត្យានុភាពរបស់ប្រទេសសិង្ហបុរីនៅលើឆាកអន្តរជាតិផងដែរ។

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា អាន វណ្ណាលីន​
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ