"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្រោយការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា ទ្រី សៀវអេង

លោក Ebrahim Raisi កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៦០ ដែលលោកធ្លាប់ជាប្រធានាធិបតីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ចាប់ពីឆ្នាំ២០២១ រហូតដល់ត្រឹមថ្ងៃទី១៩​ ខែឧសភា ឆ្នាំ២០២៤ ដោយលោកបានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ Bell 212។​

១.​ ការស្លាប់

បន្ទាប់ពីចូលរួមក្នុងពិធីសម្ពោធគម្រោងសាងសង់ទំនប់ Qiz Qalasi ឧទ្ធម្ភាគចក្រ Bell 212 ដែលដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi​ ជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសអ៊ីរ៉ង់មួយចំនួន ដូចជាលោក Hosssein Amir-Abdollahian រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ និងថ្នាក់ដឹកនាំដទៃទៀត សរុបចំនួន ៨​ រូប បានជួបឧបទ្ទវហេតុការណ៍នៅទីតាំងខេត្ត Azerbaijian ដែលស្ថិតនៅតំបន់ភ្នំភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់ ដែលមានចម្ងាយប្រហែល ៣០ ម៉ៃល៍  ពីទីតាំងពិធីសម្ពោពគម្រោងសាងសង់ទំនប់ Qiz Qalasi នោះ។ ជាបឋមនេះ ហេតុការណ៍នេះត្រូវបានសន្និដ្ឋានថាជាឧបទ្ទវហេតុដែលបណ្តាលមកពីបញ្ហាអាកាសធាតុនៅតំបន់នោះ ប៉ុន្តែនៅភស្តុតាង និងលទ្ធផលការស្រាវជ្រាវច្បាស់លាស់ណាមួយដែលអាចកំណត់អំពីមូលហេតុនៃហេតុការណ៍ឱ្យបានច្បាស់លាស់នោះទេ។​

២. ការគ្រប់គ្រងជាបណ្តោះអាសន្ន

បច្ចុប្បន្នតំណែងប្រធានាធិបតី ក៏ដូចជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់ ត្រូវបានគ្រប់គ្រងដោយលោក Mohammad Mokhber ដែលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន និងលោក Ali Bagheri Kani ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសបណ្តោះអាសន្ន។ លោក Mohammad Mokhber កើតនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៥៥ ទទួលបានការអនុម័តពី Supreme Leader of Iran ដែលជាសមត្ថកិច្ចកំពូលនៃប្រមុខរដ្ឋរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ឱ្យកាន់តំណែងប្រធានាធិបតីជាបណ្តោះអាសន្ន ស្របទៅតាមរដ្ឋធម្មនុញ្ញ ក្នុងការចាត់ចែងកិច្ចការរបស់ប្រទេស មុនពេលការបោះឆ្នោតប្រធានាធិបតីថ្មីនឹងប្រារព្ធទៅ។ លោក Mohammad Mokhber ក៏ធ្លាប់ជាអនុប្រធានាធិបតីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់មុនពេលមានហេតុការណ៍នៅទី១៩​ ខែឧសភា ឆ្នាំ២០២៤ ដែលបានបណ្តាលឱ្យលោកប្រធានាធិបតី Ebrahim Raisi បានស្លាប់។​

៣. ការបោះឆ្នោតថ្មី

បន្ទាប់ពីស្លាប់របស់លោក Ebrahim Raisi ប្រទេសអ៊ីរ៉ង់នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤​ កន្លងទៅនេះ ប្រទេសអ៊ីរ៉ង់បានប្រកាសជ្រើសរើសបេក្ខជនដែលមានបំណងចង់ឈរឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅចុងខែមិថុនា នេះ។ ស្របទៅតាមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ (Constitution of the Islamic Republic of Iran) បុគ្គលដែលអាចឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ត្រូវមានលក្ខណៈសម្បត្តិ និងបំពេញលក្ខខណ្ឌដូចជា (១) ត្រូវតែជាជនជាតិអ៊ីរ៉ង់ពីកំណើត (២) ជាអ្នកកាន់សាសនា Muslim Shia (៣) គោរព​ និងប្រកាន់ភ្ជាប់នូវច្បាប់របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងប្រព័ន្ធ Wilayat al-Faqih (៤) មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬ/និងមានបទពិសោធន៍ក្នុងកិច្ចការនយោបាយ សង្គម ទំនៀមទម្លាប់ ឬយោធា (៥) មិនធ្លាប់ជាប់ទោសព្រហ្មទណ្ឌ ឬបទល្មើសទាក់ទងនឹងសន្តិសុខ ឬសណ្តាប់ធ្នាប់សង្គម​ (៦) ទទួលបានការយល់ព្រមពី Guardian Council បន្ទាប់ពីការត្រួតពិនិត្យ និងបញ្ជាក់ថាបេក្ខជននោះមានលក្ខណៈសម្បត្តិ និងបំពេញលក្ខខណ្ឌស្របទៅតាមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងIslamic Law។​ Guardian Council គឺជាក្រុមប្រឹក្សា មានសមត្ថកិច្ច និងអំណាចក្នុងការកំណត់ថាតើបេក្ខជនណាខ្លះមានលក្ខណៈសម្បត្តិ និងលក្ខខណ្ឌក្នុងការឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៊ីរ៉ង់ មុននឹងការបោះឆ្នោតប្រព្រឹត្តិទៅ។ ក្រុមប្រឹក្សានេះមានសមាជិកសរុប ១២រូប ក្នុងនោះ ៦រូបជ្រើសតាំងដោយ Supreme Leader និង​ ៦រូបទៀតជ្រើសតាំងដោយអង្គចៅក្រម។​ បន្ទាប់ពីការពិនិត្យ និងវិនិច្ឆ័យដោយ Guardian Council ហើយ បេក្ខជនដែលទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សានេះ នឹងមានសិទ្ធិក្នុងការឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតសកលសម្រាប់ជ្រើសរើសប្រធានាធិបតី។ បេក្ខជនដែលទទួលបានសម្លេងឆ្នោតភាគច្រើន(៥០%+១) នឹងត្រូវជ្រើសតាំងជាប្រធានាធិបតិថ្មីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ។ ក្នុងករណីដែល ពុំមានបេក្ខជនណាមួយទទួលបានសម្លេងឆ្នោតភាគច្រើន​ (៥០%+១)ទេ នោះបេក្ខជនដែលទទួលបានសម្លេងឆ្នោតជាងគេពីររូបនឹងត្រូវបានជ្រើសរើសសម្រាប់ការបោះឆ្នោតម្តងទៀត ដោយអ្នកដែលទទួលបានសម្លេងឆ្នោតច្រើនជាងគេក្នុងការបោះឆ្នោតលើកទី២ នោះនឹងត្រូវជ្រើសតាំងជាប្រធានាធិបតិថ្មីនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។​

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ កញ្ញា ហ៊ឹង កន្និកា
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ