"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាលោក ប្រធានាធិបតី ចូ បៃដិនលាលែងពីបេក្ខភាពប្រធានាធិបតី

គំនូរច្នៃប្រឌិតដោយ៖ កញ្ញា​ ទ្រី​ សៀវអេង

លោក ចូ បៃដិន គឺជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក ដែលបានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ មុនពេលក្លាយជាប្រធានាធិបតី លោកមានអាជីពនៅក្នុងវិស័យនយោបាយជាយូរណាស់មកហើយ។ លោកបានកើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅ Scranton រដ្ឋ Pennsylvania ហើយបានធំធាត់នៅរដ្ឋ Delaware និងបានចូលរួមក្នុងការបម្រើប្រទេសស្ទើរតែពេញមួយជីវិតរបស់គាត់ទៅហើយ។ លោក បៃដិន បានបម្រើការជាសមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋ ចាប់តាំងពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ២០០៩ ដែលធ្វើឱ្យគាត់ក្លាយជាសមាជិកព្រឹទ្ធសភាដែលកាន់តំណែងយូរបំផុតក្នុងប្រវត្តិសាស្ត្រ។ នៅឆ្នាំ ២០២០ លោក បៃដិន បានឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី ហើយបានយកឈ្នះលោក ដូណាល់ ត្រាំ។ ក្នុងអាណត្តិប្រធានាធិបតីរបស់ លោក ចូ បៃដិនបានផ្តោតលើបញ្ហាសំខាន់ៗមួយចំនួន រួមទាំងការគ្រប់គ្រងជំងឺរាតត្បាត កូវីដ ១៩ ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ។ល។ យ៉ាងណាមិញ នៅក្នុងថ្ងៃទី២២​​ ខែ កក្កដា ឆ្នាំ២០២៤ លោកប្រធានាធិបតី ចូ បៃដិន បានបោះបង់បេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតនាពេលខាងមុខ និងបានគាំទ្រយ៉ាងពេញទំហឹងទៅលើលោកស្រី ខាម៉ាឡា ហារីស ដែលជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិកសម្រាប់ការឈរឈ្មោះជាបេក្ខភាពតំណាងគណបក្សប្រជាធិបតេយ្យ។ នៅក្នុងអត្ថបទយើងនឹងស្វែងយល់បន្ថែមទៀតថា តើការសម្រេចចិត្តបោះបង់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី របស់លោក ចូ បៃដិន បណ្តាលមកពីកត្តាអ្វីខ្លះ?

១. ការធ្លាក់ចុះនៃកត្តាសុខភាព

លោក ចូ បៃដិន មាន​អាយុ ៨១ ឆ្នាំ ​ដែល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិកនាពេលសព្វថ្ងៃ។ ការព្រួយបារម្ភអំពីសុខភាព និងអាយុរបស់គាត់គឺជាកត្តាសំខាន់ក្នុងការវាយតម្លៃលទ្ធភាពជោគជ័យរបស់គាត់សម្រាប់អាណត្តិទីពីរនៃការបោះឆ្នោតសកលនៅក្នុងសហរដ្ឋអាមេរិកនេពេលខាងមុខនេះ។ ជាធម្មតា ភាពចាស់ជរាអាចប៉ះពាល់ដល់សមត្ថភាពរាងកាយ និងការយល់ដឹង ដែលមានសារៈសំខាន់ជាខ្លាំង ជាពិសេសនៅក្នុងតំណែងជាប្រធានាធិបតី ដែលត្រូវទទួលបន្ទុកយ៉ាងធំនៅក្នុងការបម្រើប្រជាជន។ យោងតាមសមាគមចិត្តសាស្រ្តអាមេរិក បានលើកឡើងថាបញ្ហាសុខភាពទាក់ទងនឹងការកើនឡើងនៃអាយុ នាំឱ្យមានការថយចុះនៃការយល់ដឹង ការកើនឡើងនៃភាពភ្លេចភ្លាំង និងការចុះខ្សោយនៃកម្លាំង។ នាពេលថ្មីៗនេះលោក បៃដិន បានជួបនូវឧប្បត្តិហេតុទាក់ទិនទៅនឹងសុខភាព រួមទាំងការដួលជាច្រើនដង និងការរាយការណ៍ពីបញ្ហាក្រពះពោះវៀន។ ជាក់ស្តែងនៅខែតុលា ឆ្នាំ ២០២៣ លោក បៃដិន បានដួលបន្ទាប់ពីថ្លែងសន្ទុរកថាចប់ នៅក្នុងព្រឹត្តិការណ៍ការជួបជុំជាមួយនឹងយោធាមួយ ដែលត្រូវបានរាយការណ៍ជាសាធារណៈ និងនាំឱ្យមានសំណួរអំពីស្ថិរភាពរាងកាយរបស់គាត់។ នៅក្នុងការស្រង់មតិសាធារណរបស់ Gallup ខែកក្កដា ឆ្នាំ២០២៤ បានបង្ហាញថា ៥៩% នៃជនជាតិអាមេរិកមានការព្រួយបារម្ភអំពីអាយុ និងសុខភាពរបស់ បៃដិន និង មានតែ ១៨% តែប៉ុណ្ណោះដែលបានព្រួយបារម្ភអំពីសុខភាពរបស់លោក ដូណាល់ ត្រាំ។

២. ការធ្លាក់ចុះចំនួនអ្នកបោះឆ្នោត និងការគាំទ្រសាធារណៈ

ទិន្នន័យបោះឆ្នោត និងមតិសាធារណៈដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់បេក្ខជនក្នុងការឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតី។ ការធ្លាក់ចុះការនៃការគាំទ្រពីសំណាក់សាធារណជនកំពុងបង្ហាញភាពអវិជ្ជមានដែលអាចជំរុញឱ្យលោក បៃដិន ពិចារណាឡើងវិញនូវបេក្ខភាពរបស់គាត់ ប្រសិនបើទិន្នន័យបង្ហាញពីលទ្ធភាពខ្ពស់នៃការបាត់បង់នូវការគាំទ្រពីសំណាក់សាធារណ:ជន។ នៅក្នុងការស្រង់មតិសាធារណរបស់ Gallup នៅខែកក្កដា ឆ្នាំ២០២៤ ក៏បានបង្ហាញផងដែរថា លោក បៃដិន មានអាយុ ៨១ឆ្នាំ ចាស់ជាងលោក ត្រាំ ដល់ទៅ ៣ ឆ្នាំ ដែលមានអាយុ ៧៨ ឆ្នាំ។ ថ្វីបើពួកគេមានអាយុប្រហាក់ប្រហែលគ្នាក៏ដោយ ក៏ប្រជាជនអាមេរិកជាង ៦៧%ដែលបានចូលរួមធ្វើសម្រង់មតិនេះបានលើកឡើងថាលោក បៃដិន មានវ័យចាស់ពេកក្នុងការធ្វើជាប្រធានាធិបតីដោយ និងតែ ៣៧% ប៉ុណ្ណោះសម្រាប់លោក ដូណាល់ ត្រាំ ។ លទ្ធផលទាំងនេះគឺស្របតាមការស្ទង់មតិរបស់ Gallup លើកមុនដែលបង្ហាញថា ៣១% ប៉ុណ្ណោះនៃប្រជាជនអាមេរិកមានឆន្ទៈបោះឆ្នោតឱ្យបេក្ខជនប្រធានាធិបតីដែលមានអាយុលើសពី ៨០ ឆ្នាំ និង ៦៣% មានឆន្ទៈបោះឆ្នោតឱ្យបេក្ខជនដែលមានអាយុលើសពី ៧០ ឆ្នាំ។ប្រសិនបើទិន្នន័យការបោះឆ្នោតបន្តបង្ហាញលទ្ធផលមិនអំណោយផល នោះហានិភ័យនៃការបាត់បង់សន្លឹកឆ្នោតនឹងមានកាន់តែច្រើនសម្រាប់លោក បៃដិន ហើយការសម្រេចចិត្តចុះចេញពីតំណែង គឺជាជម្រើសយុទ្ធសាស្ត្រល្អបំផុត ដើម្បីជៀសវាងការបរាជ័យដ៏ធំនាពេលបោះឆ្នោតខាងមុខ និងអនុញ្ញាតឱ្យគណបក្សប្រជាធិបតេយ្យមានពេលប្រមូលផ្តុំសម្រាប់ជ្រើសរើសបេក្ខភាពប្រធានាធិបតីថ្មី។ នៅក្នុងការបោះឆ្នោតនៅក្នុងបក្ស គណបក្សសាធារណរដ្ឋផ្តល់នូវការវាយតម្លៃជាវិជ្ជមានចំពោះអ្នកឈរឈ្មោះតំណាងបេក្ខភាពរបស់គណបក្សរបស់ពួកគេខ្ពស់ជាងគណបក្សប្រជាធិបតេយ្យ ដែលមានរហូតទៅដល់ ៩១% នៃសមាជិកបក្សសាធារណរដ្ឋដែលពេញចិត្ត លោក ដូណាល់ ត្រាំ ហើយមានតែ ៨១% នៃសមាជិកបក្សប្រជាធិបតេយ្យប៉ុណ្ណោះដែលបានគាំទ្រលោក ចូ បៃដិន។

៣. ជាផែនការឬ យុទ្ធសាស្ត្រនយោបាយ

ការចុះចេញពីតំណែងរបស់លោក ចូ បៃដិន អាចត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រនយោបាយដើម្បីទាក់ទាញសន្លឹកឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ។  ការធ្វើផែនការផ្តល់តំណែងដល់អ្នកបន្តវេនប្រកបដោយប្រសិទ្ធភាព និងពេលវេលាយុទ្ធសាស្ត្រគឺមានសារៈសំខាន់ណាស់សម្រាប់ការធានានូវភាពស្អិតរមួតរបស់គណបក្ស និងការបង្កើនឱកាសនៃការឈ្នះឆ្នោត។ ប្រសិនបើលោក ចូ បៃដិន ជឿជាក់ថាការចុះចេញពីតំណែង និងអនុញ្ញាតឱ្យបេក្ខជនថ្មីចូលកាន់តំណែងនឹងផ្តល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រដល់គណបក្ស នោះលោកអាចនឹងជ្រើសរើសដកខ្លួនដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរកាន់តែរលូន។ យោងទៅតាមកការវិភាគដោយ FiveThirtyEight នៅពាក់កណ្តាលឆ្នាំ ២០២៤ បានគូសបញ្ជាក់ថា ការរៀបចំផែនការស្នងតំណែង អាចជួយសមាជិកនៅក្នុងបក្សជៀសវាងជម្លោះផ្ទៃក្នុង និងពង្រឹងការគាំទ្រកាន់តែខ្លាំង។ ប្រសិនបើលោក បៃដិន ទទួលស្គាល់ថាការដកខ្លួនរបស់គាត់អាចផ្តល់ឱកាសឱ្យគណបក្សប្រជាធិបតេយ្យប្រមូលផ្តុំឡើងវិញ និងបង្ហាញការរួបរួម នោះគាត់អាចនឹងសម្រេចចិត្តថា ការចុះចេញពីតំណែងរបស់គាត់ជាផលប្រយោជន៍ល្អបំផុតរបស់គណបក្សប្រជាធិបតេយ្យ។ ជាឧទាហរណ៍ នៅក្នុងឆ្នាំ ២០០៨ លោក បារ៉ាក់ អូបាម៉ា ដែលជាបេក្ខភាពវ័យក្មេង និងមានមន្តស្នេហ៍ បានបង្រួបបង្រួមក្រុមអ្នកបោះឆ្នោតចម្រុះដោយជោគជ័យ និងធ្វើឱ្យមានការគាំទ្រទៅលើគណបក្សប្រជាធិបតេយ្យឡើងវិញ។ ការផ្លាស់ប្តូរអ្នកដឹកនាំជំនាន់ក្រោយនេះបានបង្ហាញពីសារៈសំខាន់ក្នុងការធានាបាននូវជ័យជម្នះប្រឆាំងនឹងបេក្ខជនមកពីគណបក្សសាធារណរដ្ឋគឺលោក ចន ម៉ាក់ខេន នៅអំឡុងពេលនោះ ។ ប្រសិនបើលោក​ បៃដិន ត្រូវបានគេយល់ថាជាអ្នកតំណាងនៃអ្នកដឹកនាំជំនាន់ចាស់ ការចុះចេញពីតំណែងអាចអនុញ្ញាតឱ្យគណបក្សនេះបង្ហាញមុខមាត់ថ្មីទៅកាន់អ្នកបោះឆ្នោត ដែលអាចមានប្រសិទ្ធភាពជាងក្នុងការដោះស្រាយបញ្ហាសម័យថ្មី និងការលើកកម្ពស់ការចូលរួម បោះឆ្នោតពីសំណាក់យុវជនជំនាន់ក្រោយ។

 

 

 

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
អត្ថបទដោយ៖ លោក​ ម៉ន​ ពិសិដ្ឋ
spot_img
spot_img

អត្ថបទពេញនិយម

អត្ថបទទាក់ទង

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ